ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 26/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 26/05 12h00 GMT
អាស៊ី

ចិន​បង្កើន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ដោយ​បាន​​បើក​សម្ពោធ​ស្ពាន​ថ្មី​មួយ​នៅ​តាម​ព្រំដែន

media  
ចិន​បង្កើន​ទំនាក់ទំនង​ជាមួយ​កូរ៉េខាងជើង​ដោយ​បាន​​បើក​សម្ពោធ​ស្ពាន​ថ្មី​មួយ​នៅ​តាម​ព្រំដែន AFP

នៅ​ថ្ងៃ​ពុធ ទី១០ មេសា ចិន​បាន​បើក​សម្ពោធ​ស្ពាន​មួយ​ឆ្លង​កាត់​ទន្លេ​យ៉ាលូ​នៅ​តាម​ព្រំដែន​ជាមួយ​កូរ៉េខាងជើង។ ស្ពាន​ថ្មី​មួយ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ចិន​មាន​បំណង​បន្ត និង​ចង់​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ជាមួយ​កូរ៉េខាងជើង​ដោយ​មិន​ខ្វល់​ពី​ទណ្ឌកម្ម​អន្តរជាតិ​លើ​របប​ក្រុង​ព្យុងយ៉ាង។ គួរ​រម្លឹក​ថា កូរ៉េខាងជើង​កំពុង​បន្ត​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល។ ហើយ​ទណ្ឌកម្ម​នោះ​បាន​កម្រិត​របប​ព្យុងយ៉ាង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេង។

ចិន​បាន​ចំណាយ​លុយ​ជាង ៤១លានដុល្លារ​ដើម្បី​សង់​ស្ពាន​ថ្មី​មួយ​នៅ​តាម​ព្រំដែន​ដែល​ត​ភ្ជាប់​រវាង​ស្រុក​ជីអាន​របស់​ចិន និង​ស្រុក​មែនប៉ូ​របស់​កូរ៉េខាងជើង។ ចៅហ្វាយ​ស្រុក​ជីអាន​បាន​ប្រាប់​ឲ្យ​ដឹង​ដោយ​ក្តី​សង្ឃឹម​ថា​ក្នុង​មួយ​ឆ្នាំ ស្ពាន​ថ្មី​មួយ​នេះ​នឹង​អាច​មាន​អ្នកដំណើរ​ឆ្លង​កាត់​ចំនួន ២០០ ០០០នាក់ និង​អាច​មាន​ការ​ដឹកជញ្ជូន​ទំនិញ​បាន ៥០០ ០០០តោន។ អ្នក​ដំណើរ​ដែល​ចៅហ្វាយ​ស្រុក​ជីអាន​ចង់​ផ្តោត​សំខាន់ គឺ​អ្នកទេសចរ​ចិន ព្រោះ​នៅ​ក្នុង​ថ្ងៃ​បើក​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ដំបូង គេ​ឃើញ​មាន​អ្នកទេសចរ​ចិន​មួយ​ក្រុម​ដើរ​ឆ្លង​កាត់​លើ​ស្ពាន​នោះ។

អ្វី​ជា​ការ​កត់សម្គាល់ ស្ពាន​ថ្មី​នោះ​បាន​ផ្តល់​ប្រយោជន៍​ច្រើន​ឲ្យ​ចិន​ជាង​កូរ៉េខាងជើង ពិសេស​ក្នុង​វិស័យ​ពាណិជ្ជកម្ម។ គួរ​ជម្រាប​ថា កូរ៉េខាងជើង​កំពុង​បន្ត​ជាប់​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​ដោយសារ​បញ្ហា​នុយក្លេអ៊ែរ និង​គ្រាប់មីស៊ីល ហើយ​ទណ្ឌកម្ម​នោះ​បាន​កម្រិត​របប​ព្យុងយ៉ាង​ក្នុង​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​ផ្សេង។ មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​កំពុង​បន្ត​ទាមទារ​ឲ្យ​មាន​ការ​លើក​ទណ្ឌកម្ម​សេដ្ឋកិច្ច​នេះ​ចេញ​វិញ ហើយ​កម្មវត្ថុ​ដដែល​នេះ​ក៏​ត្រូវ​បាន​លោក​គីម​យក​ធ្វើ​ជា​លក្ខខណ្ឌ​នៅ​ក្នុង​ជំនួបកំពូល​មិន​បាន​ជោគជ័យ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​ដែរ។

ចិន​ដែល​ជា​សម្ព័ន្ធមិត្ត​ចាក់ទឹក​មិន​លេច​របស់​កូរ៉េខាងជើង​ធ្លាប់​បាន​ធានា​ពី​ការ​គោរព​តាម​ទណ្ឌកម្ម​នោះ តែ​ការ​ពិត​ជាក់ស្តែង ពាណិជ្ជកម្ម​ក្រៅប្រទេស​របស់​កូរ៉េខាងជើង​ភាគច្រើន​ត្រូវ​បាន​ស្រូប​យក​ដោយ​ចិន។ ផ្អែក​តាម​តួលេខ​ផ្តល់​ដោយ​ទីស្នាក់ការ​គយ​ចិន វិស័យ​នាំ​ចេញ​របស់​កូរ៉េខាងជើង​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​ដល់​ទៅ​ជាង ៩០% គិត​តាំង​ពី​ឆ្នាំ ២០១៦ ហើយ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ ទឹកប្រាក់​នាំ​ចេញ​ពី​កូរ៉េខាងជើង​ទៅ​ចិន​មាន​តែ​ជាង ២១០លានដុល្លារ​ប៉ុណ្ណោះ។ តែ​ក្រុម​អ្នកជំនាញ​មិន​ជឿ​លើ​តួលេខ​ទាំង​នេះ​ទេ។

យ៉ាង​ណា​ក៏​ដោយ ស្ពាន​ថ្មី​នៅ​តាម​ព្រំដែន​ដែល​ត​ភ្ជាប់​រវាង​ស្រុក​ជីអាន​របស់​ចិន និង​ស្រុក​មែនប៉ូ​របស់​កូរ៉េខាងជើង​មួយ​នេះ​ជា​សក្ខីកម្ម​ដែល​បញ្ជាក់​ថា ចិន​កំពុង​បន្ត និង​ចង់​បង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច​កាន់​តែ​ខ្លាំង​ជាមួយ​កូរ៉េខាងជើង​ដោយ​មិន​ខ្វល់​ពី​ទណ្ឌកម្ម​សេដ្ឋកិច្ច​អន្តរជាតិ​លើ​របប​ក្រុង​ព្យុងយ៉ាង​ឡើយ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ