ឥណ្ឌារៀបចំការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើសរដ្ឋាភិបាល អាណត្តិថ្មី
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:០១
ប្រទេសឥណ្ឌា នៅថ្ងៃព្រហស្បតិ៍ទី ១១មេសា ចាប់ផ្តើម ការបោះឆ្នោតសភាអ្នកតំណាងរាស្រ្ត ដោយមានការចូលរួមពីអ្នកបោះឆ្នោត ប្រមាណ ៩០០លាននាក់ នៅទូទាំងប្រទេស។ ការបោះឆ្នោតសភា ពីថ្ងៃទី ១១ខែមេសានេះ រហូតដល់ថ្ងៃទី ១៩ខែឧសភា នឹងត្រូវចែកចេញ ជា ៧ដំណាក់កាល។ នៅក្នុង ការបោះឆ្នោតដែលមានការចូលរួមឈរឈ្មោះរបស់បេក្ខជន ជាង ៨ពាន់នាក់ មកពីគណបក្សនយោបាយ ចំនួន ១៨៤១។ ប៉ុន្តែ ក្នុងចំណោមនោះ មានតែគណបក្សពីរប៉ុណ្ណោះដែលលេចធ្លោជាងគេ គឺ គណបក្សជាតិនិយម ហិណ្ឌូBJPរបស់លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ហើយនិងគណបក្សសមាជដែលជាបក្សប្រឆាំង របស់លោក Rahul Gandhi។
ការបោះឆ្នោតសភាឥណ្ឌា ដែលធំជាងគេ នៅក្នុងពិភពលោក ចាប់បើកធ្វើពីថ្ងៃនេះ រហូតដល់ថ្ងៃទី ១៩ឧសភា ពោលគឺ៦សប្តាហ៍ មុននឹងបូកសរុបលទ្ធផលឆ្នោត ជាផ្លូវការ នៅថ្ងៃទី ២៣ឧសភា។ នៅក្នុងការបោះឆ្នោត ដែលនឹងមានការចូលរួម ពីប្រជាជនឥណ្ឌា ជាង៩០០លាននាក់ មានគណបក្សសំខាន់ធំពីរ ដែលប្រជែងគ្នា គឺគណបក្សកាន់អំណាច របស់លោកនាយករដ្ឋមន្រ្តីណារិនដ្រា ម៉ូឌី ហើយនិងគណបក្សសមាជដែលជាគណបក្សប្រឆាំងរបស់លោករ៉ាអ៊ូល ហ្កាន់ឌី។ ការស្ទាបស្ទង់មតិ នៅមុនការបោះឆ្នោត វិញ បានបង្ហាញថា លោកណារិនដ្រា ម៉ូឌី នៅតែមានកូដប្រជាប្រិយភាពខ្ពស់។
នៅឥណ្ឌា ការបោះឆ្នោតសភាបានចាប់ផ្តើមធ្វើពីថ្ងៃព្រហស្បតិ៍ ទី ១១មេសា នៅក្រោមការរឹតបន្តឹងសន្តិសុខជាតិខ្ពស់។ ការបោះឆ្នោតឆ្នាំនេះ ផ្តោតសំខាន់ទៅលើបញ្ហានយោបាយ និងសេដ្ឋកិច្ច។ នៅពេលគណបក្សជាង១ពាន់ចូលរួម ប្រជែងអាសនៈនៅសភា ដែលមានចំនួន ៥៤៣អាសនៈ មានតែគណបក្សធំពីរប៉ុណ្ណោះ ដែលនាំមុខគេ គឺ គណបក្សកាន់អំណាច BPJ របស់លោក នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី និងគណបក្សសមាជដែលដឹកនាំដោយលោករ៉ាអ៊ូល ហ្កាន់ឌី។ លោកណារិនដ្រា ម៉ូឌី កាន់សាសនាហិណ្ឌូ ជាបេក្ខជននាយករដ្ឋមន្រ្តី មកពីគណបក្សជាតិនិយម ចំណែកលោករ៉ាអ៊ូល ហ្កាន់ឌី ប្រធានគណបក្សសមាជជាអ្នកនយោបាយសង្គមនិយម និងគ្មានសាសនាណាមួយ ផ្តាច់មុខនោះទេ។
លោកម៉ូឌី ផ្តោតលើបញ្ហាជាតិនិយម និងជំហរដាច់ខាតជាមួយ ប្រទេសសត្រូវដូចជាប៉ាគីស្ថាន
នៅក្នុងអាណត្តិដឹកនាំ៥ឆ្នាំ លោកណារិនដ្រា ម៉ូឌី ដែលជាអ្នកជាតិនិយម បានពង្រឹង ចាក់គ្រឹះ សាសនាហិណ្ឌូនិយម នៅទូទាំងប្រទេសឥណ្ឌា។ ក្រោមការដឹកនាំរបស់លោកណារិនដ្រា ម៉ូឌី សង្គមឥណ្ឌាជួបកាន់តែច្រើន សកម្មភាព រើសអើង ធ្វើបាប ទៅលើអ្នកកាន់សាសនាអ៊ីស្លាម ក្នុងពេលមនោគមវិជ្ជាដែលចាត់ទុក ប្រជាជនហិណ្ឌូ ជាជាតិសាសន៍ខ្ពង់ខ្ពង់ជាងគេ នៅឥណ្ឌា ត្រូវបានផ្សព្វផ្សាយ យ៉ាងផុសផុល។
នៅក្នុងការបោះឆ្នោតលើកនេះ លោកណារិនដ្រា ម៉ូឌី អាចយកចំណុចខ្លាំងពីររបស់លោក មកទាក់ទាញម្ចាស់ឆ្នោត ឥណ្ឌា នោះ គឺនយោបាយ ជាតិនិយម ហើយនិងសន្តិសុខ។ លោកម៉ូឌីមកពីក្រុមជាតិនិយម សង្ឃឹមទាក់ទាញសំឡេងឆ្នោតពីក្រុមប្រជាជនហិណ្ឌូ ដែលមានចំនួនភាគច្រើននៅប្រទេសឥណ្ឌា។ នៅរដ្ឋភាគខាងជើងឥណ្ឌាដែលសំបូររស់នៅដោយប្រជាជនហិណ្ឌូ លោកបានសន្យាសង់វត្តឲ្យ នៅលើទីតាំងវិហារអ៊ីស្លាម ដែលត្រូវបានក្រុមជាតិនិយម ហិណ្ឌូ វាយបំផ្លាញ ក្នុងអំឡុងកុប្បកម្ម ឆ្នាំ ១៩៩២។
ក្នុងរឿងសន្តិសុខជាតិវិញ លោកម៉ូឌី បានដំឡើងសំឡេងយោធា និងប្រកាន់ជំហរដាច់ខាត ជាមួយប៉ាគីស្ថាន ដែលឥណ្ឌាចាត់ទុកជាគូសត្រូវ គំរាមកំហែងសន្តិសុខឥណ្ឌារហូតមក។
បញ្ហាសេដ្ឋកិច្ចអាចជាឧបសគ្គរបស់លោកណារិនដ្រា ម៉ូឌី
រឿងជាតិនិយម និងរឿងដំឡើងសំឡេង ដាក់ប៉ាគីស្ថាន គឺប្រាកដណាស់ ទាក់ទាញទឹកចិត្តរបស់ប្រជាជនឥណ្ឌា ប៉ុន្តែ វានៅតែមិនទាន់គ្រប់គ្រាន់នោះទេ។ គេវាយតម្លៃថា លទ្ធផលសេដ្ឋកិច្ចដ៏តិចតួច របស់រដ្ឋាភិបាល លោក ម៉ូឌី នឹងអាចជាឧបសគ្គ រារាំង មិនឲ្យលោកម៉ូឌី ឈ្នះឆ្នោតសាជាថ្មី។
នៅក្នុងរយៈពេល ២ឆ្នាំដំបូង នៃអាណត្តិរដ្ឋាភិបាលរបស់លោក ណារិនដ្រា ម៉ូឌី ឥណ្ឌាបានស្គាល់កំណើនសេដ្ឋកិច្ចខ្លាំង។ លោកម៉ូឌីបានធ្វើកំណែទម្រង់សេដ្ឋកិច្ច ជាច្រើន ដូចជា សម្រួលការចុះបញ្ជីពន្ធ និងបង្កើតបរិយាកាសល្អសម្រាប់វិនិយោគ។ ប៉ុន្តែ នៅបីឆ្នាំចុងក្រោយនេះ សេដ្ឋកិច្ចឥណ្ឌាហាក់បន្ថយសន្ទុះមកវិញ និងមិនគ្រប់គ្រាន់ សម្រាប់ បង្កើតការងារធ្វើដល់យុវជនឥណ្ឌា ដែលកើនឡើង ១លាននាក់ នៅរៀងរាល់ឆ្នាំ។
មួយវិញ ទៀត បន្ថែមពីលើបញ្ហាអត់ការងារធ្វើ នៅមានកំហឹងរបស់អ្នកស្រែឥណ្ឌាទៀត ដែលសម្លាប់ខ្លួនកាន់តែច្រើន ដោយសារតែការជាប់បំណុល។ ដោយពិតទៅ លោកម៉ូឌី មិនបានធ្វើនយោបាយ តាមការសន្យា របស់លោកជាមួយ ប្រជាជនឥណ្ឌានៅតាមទីជនបទនោះទេ។ ឥណ្ឌានៅតែខ្វះហេដ្ឋារចនាសម្ព័ន្ធ ក្នុងពេលដែលប្រជាកសិករ រងគ្រោះដោយសារអាកាសធាតុប្រែប្រួល ខ្វះខាតទឹក។ កសិករឥណ្ឌាត្អូញត្អែរផងដែរ ពីតម្លៃផលិតផលកសិកម្ម ធ្លាក់ចុះ ក្នុងពេលដែលតម្លៃជី គ្រាប់ពូជ វិញ កាន់តែឡើងថ្លៃ។
គណបក្សសមាជនឹងអាចដណ្តើមអំណាចពីគណបក្សជាតិនិយម របស់លោកណារិនដ្រា ម៉ូឌីវិញដែរឬទេ?
លោករ៉ាអ៊ូល ហ្កាន់ឌី ប្រធានគណបក្សសមាជ ធ្លាប់ចាញ់ លោកណារិនដ្រាម៉ូឌី យ៉ាងអាម៉ាស់មុខ នៅក្នុងការបោះឆ្នោតសភា កាលពី៥ឆ្នាំមុន។ ប៉ុន្តែ លោករ៉ាអ៊ូល ពីមុន គឺខុសពីលោករ៉ាអូល សព្វថ្ងៃនេះ។ ខុសពីមុន ដែលត្រូវគេរិះគន់ថា ទន់ជ្រាយ លោក រ៉ាអ៊ូល ហ្កាន់ឌី បានពង្រឹង លក្ខណៈបុគ្គលរបស់លោក និងបានជួយឲ្យគណបក្សសមាជដណ្តើមសំលេងគ្រប់គ្រងនៅរដ្ឋភាគខាងជើង ឥណ្ឌា ដែលធ្លាប់ស្ថិតនៅក្រោមឥទ្ធិពលរបស់គណបក្សជាតិនិយមហិណ្ឌូ របស់លោកណារិនដ្រា ម៉ូឌី។ គឺជ័យជំនះនៅក្នុងការបោះឆ្នោត នៅថ្នាក់តំបន់នេះហើយ ដែលធ្វើឲ្យគេវាយតម្លៃថា គណបក្សសមាជ នឹងអាចដណ្តើមជ័យជំនះ ពីគណបក្សកាន់អំណាចរបស់លោកណារិនដ្រា ម៉ូឌីមកវិញ។
គេវាយតម្លៃថា បើសិន គណបក្សរបស់លោកនាយករដ្ឋមន្រ្តីម៉ូឌី មិនបានទទួលសំឡេងភាគច្រើន នៅក្នុងការបោះឆ្នោតលើកនេះ នោះគណបក្សសមាជ របស់លោករ៉ាអ៊ូល ហ្កាន់ឌី ហើយនិងគណបក្សតូចៗដទៃទៀត ដែលប្រឆាំងស្អប់នយោបាយដឹកនាំរបស់លោកនាយករដ្ឋមន្រ្តីម៉ូឌី នឹងអាចរួបរួមសំឡេងគ្នាច្រើន គ្រប់គ្រាន់ ដើម្បី បង្កើតរដ្ឋាភិបាល ថ្មី។
សំណួរសួរថា តើគណបក្សសមាជនឹងអាចត្រលប់មកកាន់អំណាចនៅឥណ្ឌាសាជាថ្មីដែរឬទេ? រឿងនេះ គឺអាស្រ័យទៅលើប្រជាជនឥណ្ឌាថា តើពួកគេ ត្រូវផ្លាស់ប្តូរយកមេដឹកនាំថ្មី ដែលគ្មានការបែងចែកក្រុមសាសនា និងមាននិន្នាការសង្គមនិយម ដូចជាគណបក្សសមាជរបស់លោកហ្កាន់ឌី ឬក៏ត្រូវសុខចិត្តឲ្យក្រុមហិណ្ឌូជាតិនិយមរប់សលោកណារិនដ្រាម៉ូឌី បន្តដឹកនាំប្រទេស តទៅទៀត។ កាលពី៥ឆ្នាំមុន ប្រជាជនឥណ្ឌា ធ្លាប់បានផ្លាស់ប្តូរថ្នាក់ដឹកនាំ ដោយបានបោះឆ្នោត ទម្លាក់រដ្ឋាភិបាលរបស់គណបក្សសមាជ ដែលគេចោទថា ពុករលួយ មិនជួយប្រជាជនតាមទីជនបទ។ កាលណោះ ប្រជាជនឥណ្ឌា ងាកមកបោះឆ្នោត ជ្រើសរើសគណបក្សជាតិនិយមរបស់លោកម៉ូឌី។
លើកនេះ ទោះជាគណបក្សកាន់អំណាចរបស់លោកណារិនដ្រា ម៉ូឌី នៅតែមិនទាន់ឆ្លើយតប តាមគ្រប់តម្រូវការរបស់ខ្លួន ប៉ុន្តែ ប្រជាជនឥណ្ឌា ទំនងជានៅតែមានទំនុកចិត្ត ចង់ផ្តល់ឱកាសដល់អ្នកនយោបាយដែលមានប្រភពមកពីទីជនបទ ដូចជាលោកណារិនដ្រា ម៉ូឌី ជាជាង លោករ៉ាអ៊ូល ដែលស្ថិតនៅក្នុងវណ្ណៈអភិជន មិនសូវដឹងច្បាស់ពីសុខទុក្ខរបស់ប្រជាជនតាមទីជនបទ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ