អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ឥណ្ឌា​រៀបចំ​ការបោះឆ្នោត ៦សប្តាហ៍ ដើម្បី ជ្រើសរើស​រដ្ឋាភិបាល អាណត្តិ​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេសឥណ្ឌា នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី ១១​មេសា ចាប់ផ្តើម ការបោះឆ្នោត​សភា​អ្នកតំណាងរាស្រ្ត ដោយមាន​ការចូលរួម​ពី​អ្នកបោះឆ្នោត ប្រមាណ ៩០០លាននាក់ នៅ​ទូទាំងប្រទេស។ ការបោះឆ្នោត​សភា ពីថ្ងៃទី ១១ខែមេសានេះ រហូតដល់ថ្ងៃទី ១៩ខែ​ឧសភា នឹង​ត្រូវ​ចែកចេញ ជា ៧ដំណាក់កាល។ នៅក្នុង​ ការបោះឆ្នោតដែល​មាន​ការចូលរួម​ឈរឈ្មោះ​របស់​បេក្ខជន ជាង ៨ពាន់នាក់ មក​ពី​គណបក្ស​នយោបាយ ចំនួន ១៨៤១។ ប៉ុន្តែ ក្នុងចំណោមនោះ មានតែ​គណបក្ស​ពីរ​ប៉ុណ្ណោះដែលលេចធ្លោ​ជាងគេ គឺ គណបក្សជាតិនិយម ហិណ្ឌូBJP​របស់​លោកនាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី ហើយ​និងគណបក្សសមាជដែល​ជា​បក្ស​ប្រឆាំង របស់​លោក Rahul Gandhi។ 

អ្នកគាំទ្រ​គណបក្ស​កាន់អំណាច Bharatiya Janata Party (BJP)របស់​លោក​នាយករដ្ឋមន្រ្តី ណារិនដ្រាម៉ូឌី ពាក់មុខ លោក​ម៉ូឌីនៅ​Assam នៅថ្ងៃទី ៣០​មីនា ២០១៩
អ្នកគាំទ្រ​គណបក្ស​កាន់អំណាច Bharatiya Janata Party (BJP)របស់​លោក​នាយករដ្ឋមន្រ្តី ណារិនដ្រាម៉ូឌី ពាក់មុខ លោក​ម៉ូឌីនៅ​Assam នៅថ្ងៃទី ៣០​មីនា ២០១៩ © REUTERS/Anuwar Hazarika
ផ្សាយពាណិជ្ជកម្ម

ការបោះឆ្នោត​សភា​ឥណ្ឌា ដែល​ធំជាងគេ នៅក្នុង​ពិភពលោក ចាប់បើក​ធ្វើ​ពីថ្ងៃ​នេះ រហូត​ដល់​ថ្ងៃទី ១៩​ឧសភា ពោល​គឺ​៦​សប្តាហ៍ មុន​នឹង​បូកសរុប​លទ្ធផល​ឆ្នោត ជាផ្លូវការ នៅ​ថ្ងៃទី ២៣​ឧសភា។ នៅ​ក្នុង​ការបោះឆ្នោត ដែល​នឹង​មាន​ការចូលរួម ពី​ប្រជាជន​ឥណ្ឌា ជាង​៩០០​លាន​នាក់ មាន​គណបក្ស​សំខាន់​ធំ​ពីរ ដែល​ប្រជែង​គ្នា គឺ​គណបក្ស​កាន់អំណាច របស់​លោកនាយករដ្ឋមន្រ្តី​ណារិនដ្រា ម៉ូឌី ហើយ​និង​គណបក្ស​សមាជ​ដែល​ជា​គណបក្ស​ប្រឆាំង​របស់​លោក​រ៉ាអ៊ូល ហ្កាន់ឌី។ ការស្ទាបស្ទង់មតិ នៅ​មុន​ការបោះឆ្នោត វិញ បាន​បង្ហាញថា លោកណារិនដ្រា ម៉ូឌី នៅតែមាន​កូដប្រជាប្រិយភាពខ្ពស់។

នៅ​ឥណ្ឌា ការបោះឆ្នោត​សភា​បានចាប់ផ្តើមធ្វើ​ពី​ថ្ងៃ​ព្រហស្បតិ៍ ទី ១១​មេសា នៅក្រោម​ការរឹតបន្តឹង​សន្តិសុខ​ជាតិ​ខ្ពស់។ ការបោះឆ្នោត​ឆ្នាំនេះ ផ្តោតសំខាន់​ទៅលើ​បញ្ហា​នយោបាយ និង​សេដ្ឋកិច្ច។ នៅពេល​គណបក្ស​ជាង​១ពាន់​ចូលរួម ប្រជែង​អាសនៈ​នៅសភា ដែលមាន​ចំនួន ៥៤៣​អាសនៈ មាន​តែ​គណបក្ស​ធំពីរ​ប៉ុណ្ណោះ ដែល​នាំមុខគេ គឺ គណបក្ស​កាន់អំណាច BPJ របស់​លោក នាយករដ្ឋមន្រ្តី ណារិនដ្រា ម៉ូឌី និង​គណបក្ស​សមាជ​ដែល​ដឹកនាំ​ដោយ​លោក​រ៉ាអ៊ូល ហ្កាន់ឌី។ លោក​ណារិនដ្រា ម៉ូឌី កាន់សាសនា​ហិណ្ឌូ ជាបេក្ខជន​នាយករដ្ឋមន្រ្តី មក​ពីគណបក្ស​ជាតិនិយម ចំណែក​លោក​រ៉ាអ៊ូល ហ្កាន់ឌី ប្រធាន​គណបក្ស​សមាជ​ជា​អ្នកនយោបាយ​សង្គមនិយម និង​គ្មាន​សាសនា​ណាមួយ ផ្តាច់មុខ​នោះទេ។

លោកម៉ូឌី ផ្តោតលើ​បញ្ហា​ជាតិនិយម និង​ជំហរដាច់ខាត​ជាមួយ ប្រទេស​សត្រូវ​ដូចជា​ប៉ាគីស្ថាន

នៅ​ក្នុង​អាណត្តិ​ដឹកនាំ​៥​ឆ្នាំ លោកណារិនដ្រា ម៉ូឌី ដែល​ជា​អ្នក​ជាតិនិយម បាន​ពង្រឹង ចាក់គ្រឹះ សាសនា​ហិណ្ឌូ​និយម នៅ​ទូទាំង​ប្រទេស​ឥណ្ឌា។ ក្រោមការដឹកនាំ​របស់​លោក​ណារិនដ្រា ម៉ូឌី សង្គម​ឥណ្ឌា​ជួប​កាន់តែច្រើន សកម្មភាព រើសអើង ធ្វើបាប ទៅលើ​អ្នកកាន់សាសនា​អ៊ីស្លាម ក្នុង​ពេល​មនោគមវិជ្ជា​ដែល​ចាត់ទុក ប្រជាជន​ហិណ្ឌូ ជា​ជាតិសាសន៍​ខ្ពង់ខ្ពង់​ជាងគេ នៅ​ឥណ្ឌា ត្រូវ​បានផ្សព្វផ្សាយ យ៉ាងផុសផុល។

នៅក្នុង​ការបោះឆ្នោត​លើកនេះ លោក​ណារិនដ្រា ម៉ូឌី អាច​យក​ចំណុច​ខ្លាំង​ពីរ​របស់​លោក មក​ទាក់ទាញ​ម្ចាស់​ឆ្នោត ឥណ្ឌា នោះ គឺ​នយោបាយ ជាតិ​និយម ហើយ​និង​សន្តិសុខ។ លោកម៉ូឌី​មក​ពីក្រុមជាតិនិយម សង្ឃឹម​ទាក់ទាញ​សំឡេង​ឆ្នោត​ពី​ក្រុមប្រជាជន​ហិណ្ឌូ ដែល​មាន​ចំនួន​ភាគច្រើន​នៅប្រទេស​ឥណ្ឌា។ នៅ​រដ្ឋភាគខាងជើង​ឥណ្ឌា​ដែល​សំបូរ​រស់នៅ​ដោយ​ប្រជាជន​ហិណ្ឌូ លោក​បាន​សន្យា​សង់​វត្តឲ្យ​ នៅ​លើ​ទីតាំង​វិហារអ៊ីស្លាម ដែល​ត្រូវ​បាន​ក្រុមជាតិ​និយម ហិណ្ឌូ វាយបំផ្លាញ ក្នុង​អំឡុង​កុប្បកម្ម ឆ្នាំ ១៩៩២។

ក្នុង​រឿង​សន្តិសុខ​ជាតិ​វិញ លោក​ម៉ូឌី បាន​ដំឡើង​សំឡេង​យោធា និង​ប្រកាន់​ជំហរ​ដាច់ខាត ជាមួយប៉ាគីស្ថាន ដែល​ឥណ្ឌា​ចាត់ទុក​ជា​គូសត្រូវ គំរាមកំហែង​សន្តិសុខ​ឥណ្ឌា​រហូតមក។

បញ្ហា​សេដ្ឋកិច្ច​អាច​ជាឧបសគ្គ​របស់​លោកណារិនដ្រា ម៉ូឌី

រឿង​ជាតិ​និយម និង​រឿង​ដំឡើង​សំឡេង ដាក់​ប៉ាគីស្ថាន គឺ​ប្រាកដណាស់ ទាក់ទាញ​ទឹកចិត្ត​របស់​ប្រជាជន​ឥណ្ឌា ប៉ុន្តែ វា​នៅតែ​មិនទាន់​គ្រប់គ្រាន់​នោះទេ។ គេ​វាយតម្លៃថា លទ្ធផល​សេដ្ឋកិច្ច​ដ៏​តិចតួច របស់​រដ្ឋាភិបាល លោក ម៉ូឌី នឹង​អាច​ជា​ឧបសគ្គ រារាំង មិន​ឲ្យ​លោកម៉ូឌី ឈ្នះ​ឆ្នោត​សាជាថ្មី។

នៅក្នុង​រយៈពេល ២ឆ្នាំ​ដំបូង នៃ​អាណត្តិ​រដ្ឋាភិបាល​របស់​លោក ណារិនដ្រា ម៉ូឌី ឥណ្ឌា​បាន​ស្គាល់​កំណើនសេដ្ឋកិច្ច​​ខ្លាំង។ លោក​ម៉ូឌី​បាន​ធ្វើ​កំណែទម្រង់​សេដ្ឋកិច្ច ជាច្រើន ដូចជា សម្រួល​ការចុះបញ្ជីពន្ធ និង​បង្កើត​បរិយាកាស​ល្អ​សម្រាប់​វិនិយោគ។ ប៉ុន្តែ នៅ​បីឆ្នាំ​ចុងក្រោយនេះ សេដ្ឋកិច្ច​ឥណ្ឌា​ហាក់​បន្ថយ​សន្ទុះ​មកវិញ និង​មិន​គ្រប់គ្រាន់ សម្រាប់ បង្កើតការងារ​ធ្វើ​ដល់​យុវជន​ឥណ្ឌា ដែលកើនឡើង ១លាននាក់ នៅរៀងរាល់​ឆ្នាំ។

មួយវិញ ទៀត បន្ថែម​ពី​លើ​បញ្ហា​អត់ការងារ​ធ្វើ នៅមាន​កំហឹង​របស់​អ្នកស្រែឥណ្ឌា​ទៀត ដែល​សម្លាប់ខ្លួន​កាន់តែច្រើន ដោយសារ​តែ​ការជាប់បំណុល។ ដោយពិតទៅ លោក​ម៉ូឌី មិន​បាន​ធ្វើ​នយោបាយ តាម​ការសន្យា របស់​លោក​ជាមួយ ប្រជាជន​ឥណ្ឌា​នៅ​តាមទីជនបទនោះទេ។ ឥណ្ឌា​នៅ​តែ​ខ្វះ​ហេដ្ឋារចនាសម្ព័ន្ធ ក្នុង​ពេល​ដែល​ប្រជាកសិករ រងគ្រោះ​ដោយសារ​អាកាសធាតុ​ប្រែប្រួល ខ្វះខាតទឹក។ កសិករ​ឥណ្ឌា​ត្អូញត្អែរ​ផងដែរ ពី​តម្លៃ​ផលិតផល​កសិកម្ម ធ្លាក់ចុះ ក្នុង​ពេល​ដែល​តម្លៃ​ជី គ្រាប់ពូជ វិញ កាន់តែ​ឡើងថ្លៃ។

គណបក្ស​សមាជ​នឹង​អាច​ដណ្តើម​អំណាច​ពី​គណបក្ស​ជាតិ​និយម របស់​លោក​ណារិនដ្រា ម៉ូឌី​វិញ​ដែរឬទេ?

លោក​រ៉ាអ៊ូល ហ្កាន់ឌី ប្រធាន​គណបក្ស​សមាជ ធ្លាប់​ចាញ់ លោកណារិនដ្រា​ម៉ូឌី យ៉ាងអាម៉ាស់​មុខ នៅក្នុង​ការបោះឆ្នោត​សភា កាលពី​៥ឆ្នាំមុន។ ប៉ុន្តែ លោករ៉ាអ៊ូល ពីមុន គឺ​ខុសពី​លោករ៉ាអូល សព្វថ្ងៃនេះ។ ខុសពីមុន ដែល​ត្រូវ​គេ​រិះគន់ថា ទន់ជ្រាយ លោក រ៉ាអ៊ូល ហ្កាន់ឌី បាន​ពង្រឹង លក្ខណៈបុគ្គល​របស់​លោក និង​បាន​ជួយ​ឲ្យ​គណបក្ស​សមាជ​ដណ្តើម​សំលេងគ្រប់គ្រង​នៅរដ្ឋភាគខាងជើង ឥណ្ឌា ដែល​ធ្លាប់ស្ថិត​នៅក្រោម​ឥទ្ធិពល​របស់គណបក្ស​ជាតិនិយម​ហិណ្ឌូ របស់​លោក​ណារិនដ្រា ម៉ូឌី។ គឺជ័យជំនះ​នៅក្នុង​ការបោះឆ្នោត នៅ​ថ្នាក់តំបន់នេះ​ហើយ ដែល​ធ្វើ​ឲ្យ​គេវាយតម្លៃ​ថា គណបក្ស​សមាជ នឹង​អាចដណ្តើម​ជ័យជំនះ ពីគណបក្ស​កាន់អំណាច​របស់​លោក​ណារិនដ្រា ម៉ូឌី​មកវិញ។

គេវាយតម្លៃថា បើសិន គណបក្ស​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ូឌី មិន​បាន​ទទួល​សំឡេង​ភាគច្រើន នៅក្នុង​ការបោះឆ្នោតលើកនេះ នោះ​គណបក្ស​សមាជ របស់​លោក​រ៉ាអ៊ូល ហ្កាន់ឌី ហើយ​និង​គណបក្ស​តូចៗ​ដទៃទៀត ដែល​ប្រឆាំង​ស្អប់​នយោបាយ​ដឹកនាំ​របស់​លោក​នាយករដ្ឋមន្រ្តី​ម៉ូឌី នឹង​អាច​រួបរួម​សំឡេង​គ្នា​ច្រើន គ្រប់គ្រាន់ ដើម្បី បង្កើត​រដ្ឋាភិបាល ថ្មី។

សំណួរ​សួរថា តើ​គណបក្ស​សមាជ​នឹង​អាច​ត្រលប់​មក​កាន់អំណាច​នៅ​ឥណ្ឌា​សាជាថ្មី​ដែរឬទេ? រឿងនេះ គឺ​អាស្រ័យ​ទៅលើ​ប្រជាជន​ឥណ្ឌាថា តើ​ពួកគេ​ ​ត្រូវ​ផ្លាស់ប្តូរ​យក​មេដឹកនាំ​ថ្មី ដែល​គ្មាន​ការបែងចែក​ក្រុមសាសនា និង​មាន​និន្នាការ​សង្គមនិយម ដូចជា​គណបក្ស​សមាជ​របស់​លោកហ្កាន់ឌី ឬ​ក៏​ត្រូវ​សុខចិត្ត​ឲ្យ​ក្រុមហិណ្ឌូ​ជាតិនិយម​រប់ស​លោក​ណារិនដ្រា​ម៉ូឌី បន្តដឹកនាំ​ប្រទេស តទៅទៀត។ កាលពី​៥​ឆ្នាំមុន ប្រជាជន​ឥណ្ឌា ធ្លាប់​បាន​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ ដោយ​បាន​បោះឆ្នោត ទម្លាក់​រដ្ឋាភិបាល​របស់​គណបក្ស​សមាជ ដែល​គេ​ចោទ​ថា ពុករលួយ មិន​ជួយ​ប្រជាជន​តាមទីជនបទ។ កាលណោះ ប្រជាជន​ឥណ្ឌា ងាក​មក​បោះឆ្នោត ជ្រើសរើស​គណបក្ស​ជាតិនិយម​របស់​លោក​ម៉ូឌី។

លើកនេះ ទោះជា​គណបក្ស​កាន់អំណាច​របស់​លោក​ណារិនដ្រា ម៉ូឌី នៅតែ​មិនទាន់​ឆ្លើយតប តាមគ្រប់​តម្រូវការ​របស់​ខ្លួន ប៉ុន្តែ ប្រជាជន​ឥណ្ឌា ទំនង​ជា​នៅតែ​មាន​ទំនុកចិត្ត ចង់​ផ្តល់​ឱកាស​ដល់​អ្នកនយោបាយ​ដែល​មាន​ប្រភព​មកពី​ទី​ជនបទ ដូចជា​លោកណារិនដ្រា ម៉ូឌី ជាជាង លោក​រ៉ាអ៊ូល ដែល​ស្ថិតនៅ​ក្នុង​វណ្ណៈអភិជន មិន​សូវ​ដឹង​ច្បាស់​ពីសុខទុក្ខ​របស់​ប្រជាជន​តាម​ទីជនបទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ