ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 10/12 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 10/12 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 09/12 12h00 GMT
អាស៊ី

លោក​ដូណាល់-ត្រាំ​រំពឹង​នឹង​មាន​ជំនួបកំពូលលើកទី ​៣ ជាមួយ​លោក គីម ជុងអ៊ុន

media  
លោកដូណាល់ ត្រាំ និង​ភរិយា ទទួល​ប្រធានាធិបតី​កូរ៉េខាងត្បូង​នៅ​សេតវិមាន ថ្ងៃចន្ទ ទី ១១​មេសា ២០១៩ ©REUTERS/Carlos

លោក​ប្រធានាធិបតីអាមេរិក ​ ដូណាល់ ត្រាំ នៅថ្ងៃព្រហស្បតិ៍ ទី១១ មេសា ម្សិលមិញ បានជួបប្រាស្រ័យ​​ជាមួយ​សមភាគី​កូរ៉េខាងត្បូង លោក​ប្រធានាធិបតី មូន ចៃអ៊ីន នៅសេតវិមានប្រធានាធិបតី។ ទោះបី ជា​ជំនួបកំពូល​កន្លងមក ត្រូវ​ទទួល​បរាជ័យ​ក្តី ​លោកដូណាល់-ត្រាំ ក៏នៅតែថ្លែងបញ្ជាក់​ថា “លោក​ត្រៀមខ្លួន ដើម្បី ជួប​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ ជា​​លើកទី​៣  និង​បន្តក្តីសង្ឃឹម​ឲ្យ​មាន​កិច្ចព្រមព្រៀង​មួយ ​ស្តី​ពី​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ នៅ​ឧបទ្វីបកូរ៉េ។

 

ជំនួបកំពូល​លើកទីមួយរវាង​​​លោក​ដូណាល់ត្រាំ​ និង ប្រមុខដឹកនាំកូរ៉េខាងជើង លោក ​គីម ជុងអ៊ុន​ ជា​ជំនួបកំពូល​ប្រវត្តិសាស្ត្រ ​តែពុំបាន​សម្រេចអ្វី​ ក្រៅតែពី​​សេចក្តីថ្លែងការណ៍ ​ជាគោលការណ៍​មួយ​ប៉ុណ្ណោះ។

រីឯ​ជំនួបកំពូល​លើកទី២ នៅ​ប្រទេស​វៀតណាម​វិញ​ ត្រូវ​​ទទួល​​បរាជ័យ រីឯ កិច្ចចរចា​ស្តីពី​ការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ ​តាំងពីពេល​នោះ​មក ក៏ត្រូវជាប់គាំង។ គឺ​នៅក្នុង​បរិបទ បាន ជា ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោកមូន ចៃអ៊ីន​ធ្វើដំណើរ​ទៅ​ជួប​ប្រាស្រ័យ​ជាមួយ​ប្រធានាធិបតីអាមេរិក ​នៅ​សេតវិមាន នាថ្ងៃព្រហស្បតិ៍ ទី១១ មេសា​ម្សិលមិញ។ គោលដៅនៃជំនួបនេះ គឺ​ ដើម្បីប៉ុនប៉ង ​ផ្តល់សន្ទុះ​​ឡើងវិញ​ ដល់ កិច្ចចរចា រវាង​ប្រមុខដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង។

លោក ដូណាល់ ត្រាំ វិញ នៅតែមាន​ក្តីរំពឹង ជានិច្ច​ និង​គូស​បញ្ជាក់​​ថា “លោក ​មាន​ទំនាក់ទំនង​ដ៏ល្អប្រសើរ​ជាមួយ​ថ្នាក់ដឹកនាំ​កូរ៉េខាងជើង”។ នៅពេល​ដែលគេ​សួរលោក​ថា​ “តើ លោក បាន ​ត្រៀមដើម្បីទៅ​ជួប​ជាមួយ​​លោក គីម ជុងអ៊ុន ​ជាថ្មីដែរ​ឬទេ ? លោក ត្រាំ បាន​​​ឆ្លើយថា “ ​អាច​ធ្វើទៅបាន ​ក៏ ​អាស្រ័យខ្លាំង​​​ទៅ​លើថ្នាក់ដឹកនាំ​កូរ៉េខាងជើង​ដែរ។

ទន្ទឹមនេះ លោក​ ដូណាល់ ត្រាំ នៅ​តែ​បដិសេធ ​ពុំព្រម​ដកចោល ទណ្ឌកម្ម ប្រឆាំង​នឹង​កូរ៉េខាងជើងទេ ​ ដោយ​លោក​បានរំលឹក​ថា “អាមេរិក អាចនឹង​ពង្រឹង ការដាក់​ទណ្ឌកម្ម​លើ​កូរ៉េខាងជើង​ ឲ្យ កាន់តែ​ខ្លាំងថែមទៀត”។​

ប្រឈមនឹង​ភាពទាល់ច្រក នៅក្នុង​កិច្ចចរចា ជាមួយកូរ៉េខាងជើង ប្រធានាធិបតីអាមេរិក បានបង្ខំចិត្ត​ទទួលស្គាល់​ដែរ​ថា ” អភិក្រម​នៃ កិច្ចចរចា​ អាចនឹងត្រូវ​ស៊ីពេល ដ៏​យូរ។

តាម​លោកប្រធានាធិបតី អាមេរិក មាន​កិច្ចព្រមព្រៀង​តូចៗ​ដែល​ភាគី​ចរចា​អាច​យល់ព្រមព្រៀង​ចុះហត្ថលេខា​បាន។ មាន​ចំណុច​មិន​សំខាន់​មួយចំនួនដែល​គេ​អាច​រំលង​ចោលបាន។ ប៉ុន្តែ កិច្ចព្រមព្រៀង​បច្ចុប្បន្ន ដែល​អាមេរិក​កំពុង​ចរចា​ជាមួយ​កូរ៉េខាងជើង នៅពេលនេះ គឺ លុបបំបាត់​ចោល​អាវុធ​នុយក្លេអ៊ែរ។

ឆ្លើយ​នឹង​សំណួរ​ថា “តើ​នឹង​មាន​ជំនួបកំពូល​លើកទី៣ ជាមួយលោក គីម ជុងអ៊ុន? លោកត្រាំ បាន​ឆ្លើយប្រាប់​យ៉ាងខ្លី ថា ​អាច នឹងមាន”។

គួរបញ្ជាក់ថា ជំនួបប្រាស្រ័យ​រវាង​ប្រធានាធិបតីអាមេរិក និង​កូរ៉េខាងត្បូង នាម្សិលមិញ នេះ ត្រូវបាន​ប្រព្រឹត្ត​ទៅ ជួនចំ ពេល​ដែលទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង បាន​ចេញសេចក្តី​ថ្លែងការណ៍​មួយដែលមាន​​លក្ខណៈ​ជា​ការវាយលុក។ ទីភ្នាក់ងារ​ព័ត៌មាន ​របស់​ទីក្រុងព្យុងយ៉ាង​បាន​ អះអាងថា” ប្រមុខ​ដឹកនាំ​កូរ៉េខាងជើង បានប្តេជ្ញាចិត្ត​រួចស្រេចហើយ​ នៅក្នុងការប្រឆាំងតទល់ ​​ឲ្យ ទាល់តែ ឈ្នះ លើ អ្នកណា ដែល​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​​មកលើកូរ៉េខាងជើង៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ