ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ

បោះឆ្នោតឥណ្ឌូណេស៊ី ប្រធានាធិបតី​ផុត​អាណត្តិ​កំពុង​សំឡឹង​ឃើញ​ជោគជ័យ ជាលើក​ទីពីរ
 
លោក​ Joko Widodo និង​បេក្ខជន​អនុប្រធានាធិបតី ក្នុង​ពេល​ឃោសនា​ថ្ងៃទី ៧ មេសា ២០១៩ REUTERS / Willy Kurniawan

ឥណ្ឌូណេស៊ី ប្រទេស​ដែល​មាន​ប្រជាជន​រស់​នៅ​ច្រើន​ជាង​គេ​លំដាប់​ទីបួន​ពិភពលោក និង​ជា​តំណាង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដ៏​រឹង​មាំធំ​​លំដាប់​ទីបី​ពិភពលោក កំពុង​រៀប​ចំ​ការ​បោះឆ្នោត​ប្រធានាធិបតី នៅថ្ងៃពុធ​ទី ១៧​មេសា ២០១៩​នេះ ដោយ​មាន​ពលរដ្ឋ​ចុះ​ឈ្មោះ​បោះឆ្នោត​ជាង ១៩២​លាន​​នាក់។ បេក្ខជនប្រធានាធិបតី​ដែល​ត្រូវ​មក​ចូលរួម​ប្រកួត​ មាន​ពីរ​រូប​ ៖​​លោក​ ហ្សូកូ វីដូដូ (Joko Widodo) ប្រធានាធិបតី​ផុត​អាណត្តិ​ ទល់​នឹង​លោក​ប្រាបូវូ ស៊ូប៊ីយ៉ានតូ(Prabowo Subianto) អតីត​ឧត្តមសេនីយ៍​ក្នុង​របប​ផ្តាច់ការស៊ូហាតូ។ បើ​តាម​ការ​ស្ទង់​មតិ ប្រធានាធិបតី​ផុត​អាណត្តិ​ទំនង​ជា​អាចមាន​​​សំណាង​បាន​ឈ្នះ​គូប្រជែង និង​​បន្ត​ដឹកនាំ​ប្រទេស​អាណត្តិ​ទីពីរ។

ជា​ការ​បោះឆ្នោត​ដ៏​ធំ និង​ស្មុគស្មាញ ​ពុំ​ធ្លាប់​ត្រូវ​ឥណ្ឌូណេស៊ី​រៀប​ចំ​ធ្វើ​ពី​មុន​មក​ទេ​ នៅ​ឥណ្ឌូណេស៊ី។

​ថ្ងៃ​នេះ ពលរដ្ឋ​ជាង​១៩០​លាន​នាក់ ត្រូវ​ចូល​រួម​បោះឆ្នោតជ្រើសរើស​​ប្រធានាធិបតី​ ដែល​មាន​​បេក្ខជន​ពីរ​រូប ប្រកួត​ប្រជែង​គ្នាផង និង​ ត្រូវ​​បោះឆ្នោត​សភា ជ្រើសរើស​តំណាង​រាស្ត្រ​ថ្នាក់ជាតិ និង​ថ្នាក់​មូលដ្ឋាន​ទៀត។ មាន​បេក្ខជន​ដល់​ទៅ​២៤៥០០០​នាក់ ឈរ​ឈ្មោះ​ជា​សមជិកសភា​ និង​អ្នក​តំណាង​មូលដ្ឋាន ឱ្យ​ប្រជាពលរដ្ឋ​បោះឆ្នោត។ ជា​សរុប​ឥណ្ឌូណេស៊ី​បាន​រៀប​ចំ​ការិយាល័យ​បោះឆ្នោត​ចំនួន ជាង​៨០ម៉ឺន​ការិយាល័យ ដាក់​ពង្រាយ​នៅ​ទូទាំង​ប្រទេស​ ដែល​ជា​ប្រជុំ​កោះ​តូច​ធំ​ចំនួន​ដល់​ទៅ​១៧០០០​កោះ លាត​សន្ធឹង​ពី​កើត​ទៅលិច ប្រវែង ៤៨០០​គីឡូម៉ែត្រ។

ខេត្ត​ពូអាស៊ី​ នៅ​ភាគ​ខាងកើតបំផុត​នៃ​ប្រទេស ​បាន​ចាប់​ផ្តើម​បោះឆ្នោត​មុន​គេ នៅ​វេលា​ម៉ោង​៧ព្រឹក​ម៉ោង​ក្នុង​តំបន់ ដែល​ត្រូវ​ជា​ម៉ោង ១០យប់​ថ្ងៃអង្គារ​នៅ​ឡើយ​បើ​គិត​តាម​ម៉ោង​សកល ហើយ​អ្នក​ដែល​ចាប់​បោះឆ្នោត​ក្រោយ​គេ​ នៅ​ម៉ោង​១រសៀល គឺ​នៅ​កោះស៊ូម៉ាត្រាភាគ​ខាង​លិច​បំផុត​នេះ​ប្រទេស។

បេក្ខជន​ប្រធានាធិបតី​ ជាគូប្រជែង​ចាស់

បដា​​ឃោសនាបោះឆ្នោត​​មាន​បិទ​រូប​បេក្ខជន​ប្រធានាធិបតី ដដែល ដូច​ផ្ទាំង​ឃោសនា​កាលពី​ឆ្នាំ២០១៤​ ដែល​កាលណោះ លោក ហ្សូកូ វីដូដូ បាន​ឈ្នះ​ក្នុង​សំឡេង​៥៣%។ នៅ​ថ្ងៃ​នេះ ប្រធានាធិបតីផុត​អាណត្តិ លោក ហ្សូកូ វីដូដូ ហៅ ហ្សូកូវី អាយុ​៥៧​ឆ្នាំ ត្រូវ​ប្រឈមជា​ថ្មី​​នឹង​គូប្រជែងចាស់​​ដដែល​ គឺ​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ។ ខ្លឹមសារ​នៃ​ការ​ប្រកួត​ប្រជែង​នយោបាយ​ក៏​មិន​ប្លែក​ខ្លាំង កាលពីប្រាំ​ឆ្នាំ​មុន​ដែរ។

​ម្ខាង​គឺ​រូប​លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ អាយុ​៦៧​ឆ្នាំ ជា​អតីត​ឧត្តមសេនីយ៍ និង​ជា​កូន​ប្រសារ​របស់​មេដឹកនាំ​ផ្តាច់ការ​ឥណ្ឌូណេស៊ី លោក ស៊ូហាតូ។ នេះ​ជា​លើក​ទី​បី​ហើយ​ដែល​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ​ បាន​មក​ឈរ​ឈ្មោះ ជា​បេក្ខជន​ប្រធានាធិបតី។ លោក​ ប្រាបូវូ ស៊ូប៊ីយ៉ានតូ ​មាន​​និន្នការ​​ជា​អ្នក​អភិរក្ស​ និង​ ជាតិ​និយម​ ការពារ​តែ​ប្រយោជន៍​សេដ្ឋកិច្ច​ជាតិ​ឥណ្ឌូណេស៊ី​ តាម​គំរូ​​លោក​ដូណាល់ត្រាំ​ ដោយ​មិន​ខ្លាច​នឹងធ្វើ​ការ​ឃោសនា​​វាយប្រហារ​ប្រធានាធិបតី​ផុត​អាណត្តិ ដែលព្រមទទួល​លុយ​ចិនមក​សម្រេច​គម្រោងស្ថាបនា​​ជាតិឡើយ។ តែ​លោកប្រាបូវូ ធ្លាប់​មានប្រវត្តិ​មិន​ល្អ​កាល​ធ្វើ​មេទាហាន ដោយ​ជាប់​ចោទ​ពី​បទ​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​សង្គ្រាម​នៅ​ទីម័រ​ខាង​កើត។

ចំណែក​លោក ហ្សូកូវី ជា​តំណាង​ចរន្ត​នយោបាយ​សេរីនិយម​បែប​ថ្មី ស្និទ្ធ​នឹង​ប្រជាពលរដ្ឋ និង​​មាន​និន្នាការ​សាសនា​ ជា​អ្នក​អ៊ីស្លាម​កណ្តាល​និយម។ លោក ហ្សូកូវី រំពឹង​លើ​ស្នាដៃ​ដឹកនាំ​ប្រទេស​ ដែល​លោក​សម្រេច​បាន​នា​រយៈ​ពេល​បួន​ឆ្នាំ​កន្លង​មក​នេះ ក្នុង​ការ​ទាក់ទាញ​សំឡេង​គាំទ្រ។ ​កាត់​បន្ថយ​វិសមភាព​សង្គម គិត​គូ​រ​តំបន់​ជនបទ គម្រោង​សាងសង់ហេដ្ឋារចនា​សម្ព័ន្ធ និង​ការ​សម្ពោធ​បើក​ឱ្យ​ប្រើប្រាស់​ខ្សែ​រថភ្លើង​ក្រោម​ដី កាលពី​ខែ​មីនា កន្លង​ទៅ​សុទ្ធ​សឹង​ជា​ស្នាដៃ​ជាក់​ស្តែង​ដែល​លោក ហ្សូកូវី​បាន​សម្រេច​បាន។ ជាង​នេះទៅ​ទៀត លោក​ផ្តោត​ការ​ឃោសនា​ ដោយ​ដៅ​ទិស​ទាក់ទាញ​សំឡេង​ឆ្នោត​ពី​យុវវ័យ (ទើប​មាន​សិទ្ធិ​បោះឆ្នោត​ជា​លើក​ដំបូង ដែល​តំណាង​ឱ្យ​៣០%​នៃ​ចំនួន​អ្នក​បោះឆ្នោត​សរុប។ យុទ្ធសាស្ត្រ​ជា​ចុងក្រោយ​ គឺ​ការ​ជ្រើសរើស​អនុប្រធានាធិបតី​ ជា​អ្នក​អ៊ីស្លាម​និយម​ ដ៏​អភិរក្ស ឱ្យ​មក​សហការ​ជាមួយ​លោក ដើម្បី​ទាក់ទាញ​ប្រជាពលរដ្ឋ​អ្នក​អ៊ីស្លាម​និយម​។​ ​ឥណ្ឌូណេស៊ី​ជា​ប្រទេស​កាន់​សាសនា​អ៊ីស្លាម​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក​ បរិបទ​ពិភពលោក​បាន​ធ្វើ​ចរន្ត​អ៊ីស្លាមនិយម​ស្ទុះ​ឡើង​ខ្លាំង ដែល​លោក ហ្សូកូវី​ មិន​អាច​មើល​រំលង​បាន​ឡើយ​។

ប្រធានាធិបតី​ផុត​អាណត្តិ​ កំពុង​នាំមុខ

​មួយ​ម៉ោង មុន​ពេល​បិទ​ការិយាល័យ​បោះឆ្នោត វិទ្យាស្ថាន​ស្ថិតិ​ឥណ្ឌូណេស៊ី ចំនួន​បី បាន​ផ្តល់​លទ្ធផល​ប៉ាន់ស្មាន​ដំបូង ​ដូច​គ្នា គឺ​លោក​ ហ្សូកូវី អាច​នឹង​ឈ្នះ​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ក្នុង​កំរិត ៥៥%​ទល់​នឹង​៤៥%។ លទ្ធផល​សម្រេច​ជា​ផ្លូវការ​ នឹង​ត្រូវ​ប្រកាស​នៅ​​ខែ​ឧសភា​។

ប៉ុន្តែ​អ្នក​វិភាគ​នយោបាយ​ឥណ្ឌូណេស៊ី គិត​ថា​ទំនង​ជា​គ្មានការ​ប្រែប្រួល​លទ្ធផល​ អ្វី​ធំ​ដុំ​ទេ និង​សង្ឃឹម​ថា​ក្រោយ​លទ្ធផល​ប្រកាស​ជា​ផ្លូវការ​ ឥណ្ឌូណេស៊ី​នឹង​មាន​ការ​ផ្សះផ្សា​ជាតិឡើង​វិញ​​ភ្លាម​ ដោយ​គ្មានការ​ប្រទាញ​ប្រទង់​។ គណបក្ស​ប្រឆាំង​ របស់​លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ ដែល​ដឹកនាំ​ឃោសនា​នយោបាយ​ដោយ​ឈរ​ទស្សនៈ​ជាតិ​និយមខ្លាំង​​ បាន​ព្រមាន​អំពី​លទ្ធភាព​នៃ​ការ​ប្រឆាំ​ង​នឹង​លទ្ធផល​​ឆ្នោត​ប្រសិន​បើ​មានការ​លួច​បន្លំ និង​សន្យា​ដឹកនាំ​ធ្វើ​បាតុកម្ម​ប្រឆាំង​ផង។ កាលពី​ឆ្នាំ​២០១៤ លោក ប្រាបូវូ ស៊ូប៊ីយ៉ានតូ បាន​ប្តឹង​តវ៉ា​លទ្ធផល​ឆ្នោត ទៅ​តុលាការ មុន​ព្រម​ទទួលស្គាល់​បរាជ័យ៕

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ