ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 16/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 16/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/09 12h00 GMT
អាស៊ី

បន្ទាប់​ពី​បេសកកម្ម​ទៅ​កាន់​ឋានព្រះចន្ទ ចិន​បន្ត​មហិច្ឆតា​អវកាស​ទៅ​កាន់​អាចម៍ផ្កាយ​ទៀត

media  
បន្ទាប់​ពី​បេសកកម្ម​ទៅ​កាន់​ឋានព្រះចន្ទ ចិន​បន្ត​មហិច្ឆតា​អវកាស​ទៅ​កាន់​អាចម៍ផ្កាយ​ទៀត Wikimedia Commons

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី១៨ មេសា ទីភ្នាក់ងារ​អវកាស​ចិន​បាន​ប្រកាស​ឲ្យ​ដឹង​ពី​គម្រោង​បញ្ជូន​យានអវកាស​ឆ្ពោះ​ទៅ​កាន់​អាចម៍ផ្កាយ។ លោក​លីវ ស៊ឺជុង នាយក​មជ្ឈមណ្ឌល​រុករក និង​វិស្វកម្ម​អវកាស​ចិន​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នកកាសែត​ថា យានអវកាស​នឹង​នាំ​ដី​អាចម៍ផ្កាយ​មក​កាន់​ផែនដី​ដើម្បី​ធ្វើ​ការ​សិក្សា វិភាគ។ តែ​លោក​លាវ ស៊ឺជុង​មិន​បញ្ជាក់​ថា តើ​ពេល​ណា​ទើប​បេសកកម្ម​បញ្ជូន​យានអវកាស​ទៅ​កាន់​អាចម៍ផ្កាយ​នឹង​ត្រូវ​ចាប់​ផ្តើម​នោះ​ទេ។ គួរ​រម្លឹក​ថា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បេសកកម្ម​ដូច​គ្នា​នេះ​ធ្លាប់​បាន​ធ្វើ​ឡើង​ដោយ​សហភាពអឺរ៉ុប សហរដ្ឋអាមេរិក និង​ប្រទេស​ជប៉ុន។

បេសកកម្ម​ទៅ​កាន់​អាចម៍ផ្កាយ​ត្រូវ​មាន​រយៈពេល ១០ឆ្នាំ ហើយ​អាចម៍ផ្កាយ​ដែល​ចិន​ចង់​ទៅ​នោះ​មាន​ឈ្មោះ​ថា ២០១៦ H០៣ មាន​វិជ្ជមាឌ​ប្រវែង ៤១ម៉ែត្រ និង​ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា ៥ ២០០ ០០០គីឡូម៉ែត្រ​ពី​ភពផែនដី។ នៅ​ចំពោះ​មុខ​ក្រុម​អ្នកកាសែត នាយក​មជ្ឈមណ្ឌល​រុករក និង​វិស្វកម្ម​អវកាស​ចិន​លោក​លីវ ស៊ឺជុង​មិន​បាន​បញ្ជាក់​ពី​កាលវិភាគ​នៃ​ការ​បញ្ជូន​យានអវកាស​ទៅ​កាន់​អាចម៍ផ្កាយ​នោះ​ទេ តែ​គ្រាន់​បញ្ជាក់​ថា យានអាវកាស​នោះ​នឹង​ត្រូវ​នាំ​ដី​អាចម៍ផ្កាយ​មក​កាន់​ផែនដី​វិញ​ដើម្បី​ធ្វើ​សិក្សា វិភាគ​ស្វែង​យល់​ពី​ប្រព័ន្ធ​ព្រះអាទិត្យ​របស់​យើង។ លោក​លីវ ស៊ឺជុង​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​វិលត្រឡប់​ចុះ​មក​ផែនដី​វិញ យានអវកាស​នោះ​នឹង​ត្រូវ​បំបែក​ខ្លួន​ជា​ពីរ​ដោយ​ម៉ូឌុល​មួយ​នាំ​ដី​អាចម៍ផ្កាយ​មក​កាន់​ផែនដី ហើយ​ម៉ូឌុល​មួយ​ទៀត​ត្រូវ​ធ្វើ​ដំណើរ​ទៅ​កាន់​ផ្កាយដុះកន្ទុយ​មួយ​ឈ្មោះ ១៣៣P ដែល​មាន​ចម្ងាយ​ជាង ៣០០លានគីឡូម៉ែត្រ​ពី​ភពផែនដី។

នាយក​មជ្ឈមណ្ឌល​រុករក និង​វិស្វកម្ម​អវកាស​ចិន​រូប​នេះ​ដដែល​បាន​អំពាវនាវ​ដល់​ពួក​អ្នកប្រាជ្ញ​ក្នុង​លោក​ឲ្យ​ចូលរួម​ចែក​រំលែក​បទពិសោធន៍​របស់​ពួក​គេ​នៅ​ក្នុង​បេសកកម្ម​មួយ​នេះ។ គួរ​រម្លឹក​ថា មហិច្ឆតា​របស់​ចិន​ចង់​ទៅ​កាន់​អាចម៍ផ្កាយ​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ជប៉ុន​សម្រេច​បាន​ជោគជ័យ​នា​ខែ​កុម្ភៈ​កន្លង​ទៅ​ក្នុង​ការ​បញ្ជូន​យានអវកាស Hayabusa២ ទៅ​កាន់​អាចម៍ផ្កាយ​មួយ​ឈ្មោះ Ryugu ដែល​មាន​ចម្ងាយ ៣៤០លានគីឡូម៉ែត្រ​ពី​ភពផែនដី។ បន្ទាប់​មក​ក្នុង​ខែ​តុលា Hayabusa២ បាន​ទម្លាក់​លើ Ryugu នូវ​យានយន្ត​តូច​មួយ​ឈ្មោះ Mascot ដែល​ផលិត​រួម​គ្នា​ដោយ​អាល្លឺម៉ង់ និង​បារាំង។

Mascot ត្រូវ​បាន​គេ​ចាត់​ទុក​ដូច​ជា​ប្អូនប្រុស​របស់​យានយន្ត Philae ដែល​យានអាវកាស​អឺរ៉ុប Rosetta បាន​បញ្ជូន​ក្នុង​ឆ្នាំ ២០១៤ ទៅ​កាន់​ផ្កាយដុះកន្ទុយ Tchouri ដែល​មាន​ចម្ងាយ​ជាង ៥០០លានគីឡូម៉ែត្រ​ពី​ភពផែនដី។ បន្ទាប់​ពី​ជប៉ុន និង​សហភាពអឺរ៉ុប ក្រុមហ៊ុន​ណាហ្សា​អាមេរិក​បាន​បញ្ជូន​នា​ដើម​ខែ​មករា ឆ្នាំ ២០១៩ នេះ​នូវ​យានអាវកាស New Horizons ទៅ​ក្បែរ​អាចម៍ផ្កាយ​ឈ្មោះ Ultima Thule ដែល​មាន​ចម្ងាយ​ពី​ភពផែនដី​ដល់​ទៅ ៦ ២០០លានគីឡូម៉ែត្រ។ កាល​ពី​ដំណាច់​ខែ​ធ្នូ ឆ្នាំ ២០១៨ ក្រុមហ៊ុន​ណាហ្សា​ដដែល​បាន​បញ្ជូន​យានអាវកាស​មួយ​ទៀត​ឈ្មោះ Osiris-Rex ទៅ​ដាក់​ក្នុង​គន្លង​តារាវិថី​ជុំវិញ​អាចម៍ផ្កាយ​ឈ្មោះ Bennu ដែល​មាន​ចម្ងាយ​តែ​ប្រមាណ ១១០លានគីឡូម៉ែត្រ​ពី​ភពផែនដី។

គេ​ត្រូវ​រង់ចាំ​មើល​ថា តើ​ចិន​នឹង​ទទួល​បាន​ជោគជ័យ​ឬ​អត់នៅ​ក្នុង​បេសកកម្ម​ទៅ​កាន់​អាចម៍ផ្កាយ​ឈ្មោះ ២០១៦ H០៣។ គួរ​រម្លឹក​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ ចិន​ចំណាយ​ច្រើន​ជាង​រុស្ស៊ី និង​ជប៉ុន​សម្រាប់​កម្មវិធី​អវកាស​ស៊ីវិល​ជាមួយ​នឹង​ថវិកា​ចំនួន ៨ ៤០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៧ ពោល​ស្ថិត​លំដាប់ទី២ ក្នុង​លោក​បន្ទាប់​ពី​អាមេរិក៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ