អានតួអត្ថបទ

ចិន នឹងបង្អួត​កម្លាំង​យោធា​ជើងទឹក ជា​ទ្រង់ទ្រាយ​ធំ

យោធា​ជើង​ទឹក​ចិន ត្រៀម​លក្ខណៈ​នឹង​បង្អួត​បង្ហាញ​ពិភពលោក នូវ​សមិទ្ធផលយោធា​ថ្មីៗ​របស់​ខ្លួន ដូច​ជា​ នាវាមុជទឹក​ដើ​រ​ដោយ​នុយក្លេអ៊ែរ នាវា​ចម្បាំង ... នៅសប្តាហ៍​ក្រោយ ក្នុង​ឱកាស​ប្រារព្ធ​​​ខួប​៧០​ឆ្នាំ​គត់​នៃ ការ​បង្កើត​កងទ័ព​ជើង​ទឹក​ចិន។ ពិធី​ព្យុះហយាត្រា​យោធា នឹង​រៀប​ចំ​ឡើងក្រោម​អធិបតី​របស់​លោក ស៊ី ជិនពីង​ផង។

នាវា​ផ្ទុក​យន្តហោះ​ មួយ​គ្រឿង​ដំបូង​របស់​ចិន
នាវា​ផ្ទុក​យន្តហោះ​ មួយ​គ្រឿង​ដំបូង​របស់​ចិន REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

អគ្គមេបញ្ជាការ​កងទ័ព​ជើង​ទឹក Qui Yanpeng បាន​ធ្វើ​សន្និសីទ​កាសែត​នៅ​ថ្ងៃ​សៅរ៍នេះ​ ​ពី​កំពង់ផែ គីងដៅ ​ថា Liaoning នាវា​ផ្ទុក​យន្តហោះដំបូង​​ ដែល​ចិន​បាន​ទិញ​ពី​អ៊ុយក្រែន​កាលពី​ឆ្នាំ ១៩៩៨ តែ​បំពាក់​សព្វាវុធ​ និង​ធ្វើ​ទំនើបកម្ម​​ដោយ​ចិន ក៏​នឹង​បង្ហាញ​វត្តមាន​ក្នុង​ព្យុះហយាត្រា​យោធា​ជើង​ទឹក​នេះ​ដែរ។

នាវា​ផ្ទុក​យន្តហោះ​ គ្រឿង​ទីពីរ​របស់​ចិន ផលិត​ និង​ប្រើ​បច្ចេកវិទ្យា​​​ចិនសុទ្ធសាធ​ “១០០%Made in China” ដែល​បាន​បណ្តែតខ្លួន​សាកល្បង​បង្អួត​​ជូន​សាធារណជន​កាលពី​ឆ្នាំ​ទៅ និង​ដែលត្រូវ​ចាប់​ដំណើរការ​ឱ្យ​បាន​មុន​ឆ្នាំ​២០២០ មិន​ថា​នឹង​មក​ចូល​រួម​ក្នុង​ខួប​៧០​នៃ​ការ​បង្កើត​យោធា​ជើង​ទឹក​ចិន​នេះទេ។ លោក​​អគ្គមេបញ្ជាការ​ចិន មិន​បាន​បញ្ជាក់ឡើយ ដោយ​គ្រាន់​តែ​អះអាង​ថា ចិន​ចាំ​បាច់​ត្រូវ​មាន​កងកម្លាំង​យោធា​ជើង​ទឹក​ខ្លាំង​រឹង​មាំ ទើប​សក្តិសម។

គិត​ចាប់​ពី​ឆ្នាំ​១៨៤០ មក​ទល់​នឹង​ឆ្នាំ ១៩៤៩​ ចិន​ធ្លាប់រងគ្រោះ​ និង​រង​របួស​ប្រវត្តិសាស្ត្រ​ជា​ទម្ងន់​ ដោយ​​ត្រូវ​បាន​បរទេស​ចូល​ឈ្លានពាន​ដល់​ទៅ ជាង​៤៧០​លើក​ តាម​ច្រក​ផ្លូវ​ទឹក​។ ហេតុដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ​ ចិន​ត្រូវ​ពង្រឹង​កម្លាំង​យោធាជើង​ទឹក​​របស់​ខ្លួន​ និង​បង្កើន​ការ​ប្រតិបត្តិការ​តាម​ឆ្នេរ។ ជា​ការ​ពង្រឹង​កម្លាំង​ដ៏​ខ្លាំងក្លា ក្នុង​បរិបទ​នៃ​ការ​ស្ទុះ​ឡើងខ្លាំង​ផ្នែក​យោធា​ជា​ទូទៅ​ផង និង​ក្នុង​បរិបទ​ភូមិសាស្ត្រ​នយោបាយ​ដ៏​តាន​តឹង​នៅ​ក្នុង​សមុទ្ទ​ចិន​ខាង​ត្បូងផង។ មិន​តែ​ប៉ុណ្ណោះ ចិន​​បាន​បង្កើន​ថវិកា​យោធា ដល់​ទៅ ៧,៥%​ នៅ​ឆ្នាំ​នេះ។ ជា​កំរិត​ទាប​ជាង​កាលពី​ឆ្នាំ​កន្លង​ទៅមែន តែ​ខ្ពស់​ជា​កម្មវត្ថុ​នៃ​កំណើន​ផលិតផល​ក្នុង​ស្រុក។

ជាមួយ​នឹង​ការ​ពង្រឹង​ពង្រីក​កម្លាំង​យោធា​ ជាទូទៅ និង​យោធា​ជើង​ទឹក​ ចិន​បាន​បង្ហាញ​មហិច្ឆតា​ចង់​គ្រប់គ្រង​ស្ទើរ​តែ​ស្រុង​សមុទ្ទ​ចិន​ខាង​ត្បូង ដែល​សម្បូរ​ទៅ​ធនធាន​ធម្មជាតិ​ និង​ជា​ផ្លូវពាណិជ្ជកម្ម​អន្តរជាតិ​ដ៏​សំខាន់។ មហិច្ឆតា​នេះ​បាន​ធ្វើ​ឱ្យ​ចិន​មាន​​ជម្លោះ​ជាមួយ​បណ្តា​ប្រទេស​ជិត​ជា​ច្រើន ដូច​ជា ​ តៃវ៉ាន់​ វៀតណាម ព្រុយណេ ម៉ាឡេស៊ី និង​ហ្វីលីពីន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ