អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ស្រីលង្កា រងភេរវកម្ម៨ ផ្ទួន​គ្នា​ ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត

ចុះផ្សាយ​នៅ​ថ្ងៃ៖

មាន​ស្លាប់​យ៉ាង​ហោច​ណាស់ ២០៧​​នាក់ ក្នុង​នោះ​៣៥​នាក់​ជា​ជន​បរទេស ព្រម​ទាំង​អ្នក​រង​របួស​ជា​ច្រើនរយ​​នាក់ទៀត នៅ​ក្នុង​ភេរវកម្ម​បំផ្ទុះ​គ្រាប់​បែក​ ​មួយ​ខ្សែបន្តបន្ទាប់​​គ្នា ប្រឆាំង​នឹង​សណ្ឋាគារ​ដ៏​ប្រណិតៗ និង​វិហារ​កាតូលិក របស់​​ស្រីលង្កា។ ​ភេរវកម្ម​នេះ បាន​កើត​ឡើង​ក្នុង​ខណៈ​ដែល​ពលរដ្ឋ​ស្រីលង្កា កំពុង​ប្រារព្ធ​ពិធី​បុណ្យ​សាសនា​គ្រិស្ត​ដ៏​ធំ​ប្រចាំ​ផង។ នាយករដ្ឋមន្ត្រី​ស្រីលង្កា បាន​ចាត់​ទុក​ភេរវកម្ម​នេះ​ថា​ជា​ការ​វាយប្រហារ​ដ៏​កំសាក។ ប្រតិកម្ម​ថ្កោលទោស​ភេរវកម្ម​ និង​សារ​សម្តែង​សាមគ្គីភាពជា​មួយ​ស្រីលង្កា​ បាន​ធ្លាក់​មក​ជា បន្ត​បន្ទាប់​ ផ្តើម​ដោយ​​បារាំង អង់គ្លេស អាល្លឺម៉ង់ សហរដ្ឋ​អាមេរិក វិហារ​កាតូលិក​នៅ​ក្រុង​ហ្សេរុយសាឡិម សម្តេច​ប៉ាប​ ហ្វ្រង់ស័រ... ប្រមុខ​សាសនា​អ៊ីស្លាម ក៏​បាន​ចេញ​មុខ​បរិហារ​ភេរវកម្ម​នេះ​ដែរ។

វិហារ​ Saint-Antoine នៅ​ក្រុង​កូឡុំបូ ដែល​រង​ភេរវកម្ម ថ្ងៃទី ២១ មេសា ២០១៩
វិហារ​ Saint-Antoine នៅ​ក្រុង​កូឡុំបូ ដែល​រង​ភេរវកម្ម ថ្ងៃទី ២១ មេសា ២០១៩ REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

នៅ​ថ្ងៃ​នេះ ស្រីលង្កា​បាន​រង​ភេវកម្ម​ដ៏​ធ្ងន់​ធ្ងរ ! មាន​​បំផ្ទុះ​ភេរវកម្ម​​ ចំនួន​៦​ នៅ​ពេល​ព្រឹក​ បន្ទាប់​មក​មាន​បន្ទុះ​ទី ៧ រួច​ដល់​រសៀល​បន្តិច ​មាន​ការ​បំផ្ទុះ​មួយ​ទៀត ជា​លើក​ទី​៨។

នៅក្នុង​បំផ្ទុះ​មួយ​ខ្សែ​ដំបូង មាន​វិហារ​កាតូលិក​ពីរ​ សណ្ឋាគារ​ប្រណិត​បី នៅ​កណ្តាល​រដ្ឋ​ធានី​កូឡុំបូ និងវិហារ​កាតូលិក​នៅឆ្នេរ​ខាងកើត​នៃប្រទេស​​​ រង​ការ​វាយប្រហារ។ ​វិហារ​ Saint Anthony ក្នុង​រដ្ឋធានី​កូឡុំបូ និង​វិហារ​Saint Sébastien ក្រុង​ Negombo ភាគ​ខាង​ជើង​រដ្ឋ​ធានី​មាន​អ្នក​រងគ្រោះ​ស្លាប់​ច្រើន​ជាង​គេ ដល់​ទៅ​ជាង ៦៧​នាក់ និង​របួសជាង​១៦០​នាក់។ វិហារកាតូលិក​​ទីបី ស្ថិត​នៅ Batticaloa​ ​ រាប់​ឃើញ​មាន​អ្នកស្លាប់​យ៉ាង​ហោច​២៥​នាក់ អ្នក​រងរបួស​ដល់​ទៅ​ជាង​បីរយ​នាក់។ នេះ​បើ​តាម​តួលេខ​បឋម​ផ្តល់​ដោយ​ប៉ូលិស។

សណ្ឋាគារដ៏ប្រណិត​ៗ​បី​ប្រចាំ​ក្រុង​កូឡុំបូ ដូចជាសណ្ឋាគារ​ Cinnamon Grand -Sangri La និង Kingburi បានរងគ្រោះ​ក្នុង​ការ​បំផ្ទុះ​ភេរវកម្ម​មួយ​ខ្សែដំបូង​ នា​ពេល​ព្រឹក។ សណ្ឋាគារ​ Cinnamon Grand ស្ថិត​កៀក​គេហដ្ឋាន​របស់​នាយក​​រដ្ឋមន្ត្រី។

បំផ្ទុះ​ទី​៧ កើត​ឡើង​នៅក្នុង​សណ្ឋាគារ​មួយ​ទៀត នៅ​ Delhiwala ក្បែរ​សួន​សត្វ​ជាតិ មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ទីក្រុងកូឡុំបូ​ដែរ។ ចំណែក​បំផ្ទុះ​ទី​៨ បង្ក​ឡើង​ដោយ​អត្តឃាត​ជន​ ប្រឆាំង​នឹង​អាគារ​មួយ នៅ​ Orugodawatta ជាយក្រុង​កូឡុំបូ ស្លាប់​ប៉ូលិស​បី​នាក់។

ប្រឈម​នឹង​ស្ថានភាព​បែបនេះ អាជ្ញាធរ​ស្រីលង្កា បាន​សម្រេច​ដាក់​បម្រាម​គោចរ ចាប់​ពី​ម៉ោង​៦​ល្ងាច​ម៉ោងទៅ ដោយ​គ្មាន​ពេល​កំណត់ និង​សម្រេច​​បិទ​ខ្ទប់​ប្រព័ន្ធ​សង្គម ជា​បណ្តោះ​អាសន្ន​ ដើម្បី​កុំ​ឱ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត។ សាលារៀន ត្រូវ​បិទរហូត​ដល់​ថ្ងៃ​អង្គារ។ ប្រជាពលរដ្ឋ​ ត្រូវ​បាន​ណែនាំ​ឱ្យ​រក្សា​ភាព​ស្ងប់​ស្ងាត់ សំងំ​នៅ​ក្នុង​ផ្ទះ ចៀសវាង​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​បើ​គ្មាន​ការ​ចាំ​បាច់​។

តំរ៉ុយ​អ៊ីស្លាម​ជ្រុលនិយម NTJ

ប្រភេទ​នៃ​ការ​បំផ្ទុះ​ក្នុង​ភេរវកម្ម​មួយ​ខ្សែ​ដំបូង​នៅ​ព្រឹក ​មិន​ទាន់​កំណត់​បាន​ថា​តើ​ជាការ​បំផ្ទុះ​គ្រាប់​បែក​ ឬ​ការ​បំផ្ទុះ​អត្តឃាតទេ។ តែ​​បើ​តាម​សាក្សីបឋម មាន​ពីរ​ករណី​ជា​ភេរវកម្ម​អត្តឃាត។ ពុំ​ទាន់​មាន​ក្រុម​បក្ស​ណា​ចេញ​មុខ​ទទួ​ល​ខុស​ត្រូវ​ទង្វើ​ភេរវកម្ម​ ដែល​នាយក​រដ្ឋមន្ត្រី​ស្រីលង្កា ចាត់​ទុក​ជា​សកម្មភាព​ដ៏​កំសាក និង​ដែល​សហគមន៍​អន្តរជាតិ​ទាំង​មូល​នាំ​គ្នា​ថ្កោលទោស​ទេ។

ប៉ុន្តែ​ស្រីលង្កា ទំនង​ជាមាន​តំរ៉ុយ​ខ្លះ។ បើ​តាម​មេប៉ូលិស​ជាតិ​ លោក Pujuth Jayasundara បាន​ពញ្ជាក់​អាសន្ន​ តាំង​ពី​ជាង​១០​ថ្ងៃ​មុន​ ថា​មាន​ចលនា​អ៊ីស្លាម​ជ្រុលនិយម NTJ (National Thowheeth Jama’ath)​ មាន​គម្រោង​រៀបចំ​ធ្វើ​ភេរវកម្ម​អត្តឃាត​ប្រឆាំង​នឹង​វិហារ​កាតូលិក​សំខាន់​របស់​ប្រទេស​ និង​គណៈកម្មការ​ជាន់​ខ្ពស់​ឥណ្ឌា។ ចលនា​អ៊ីស្លាម​ជ្រុលនិយម​NTJ ត្រូវ​បានគេចាប់​​ស្គាល់​ កាលពី​ឆ្នាំ​កន្លង​ទៅ​ ដោយ​ក្រុមនេះ​មាន​ពាក់ព័ន្ធ​នឹង​សកម្មភាព​បំផ្លិចបំផ្លាញ​រូបព្រះពុទ្ធបដិមា។

​​សហគមន៍​កាតូលិកស្រីលង្កា

ស្រីលង្កា​ ទើប​បាន​ស្គាល់​សន្តិភាព និង​ភាពស្ងប់​ស្ងាត់ដ៏​ផុយស្រួយ ​ នារយៈ​ពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ ក្រោយ​ពី​​​​បញ្ចប់​សង្គ្រាម​ជាមួយ​ពួក​ឧទ្ទាម​តាមូល។ តាំង​ពី​ឆ្នាំ ១៩៧២​ដល់​ឆ្នាំ​២០០៩ ជម្លោះ​ប្រដាប់​អាវុធ​ក្នុង​ផ្ទៃ​ប្រទេស​បាន​បង្ក​ឱ្យ​មាន​បាត់​បង់​ជីវិត​មនុស្ស​អស់​ប្រមាណ​ពី​៨ម៉ឺន​ទៅ​១​សែន​នាក់។ នៅ​ចន្លោះពេល​នោះ​ស្រីលង្កា​តែ​ជួប​ហេតុការណ៍​​ភេរវកម្ម​អត្តឃាត​ជា​រឿយៗ​ ពី​សំណាក់ក្រុមឧទ្ទាម​ ប្រឆាំង​នឹង​រដ្ឋាភិបាល​កាន់​អំណាច។ ក្រោយ​មក​ទៀត ភេរវកម្ម​អន្តរសហគមន៍​ក៏​បាន​កើត​ម្តងម្កាល ពីសំណាក់ ក្រុម​អ្នក​ជ្រុលនិយម​ពុទ្ធសាសនា ប្រឆាំង​នឹង​សហគមន៍​អ៊ីស្លាម។

ប៉ុន្តែភេរវកម្ម​ថ្ងៃ​នេះ មិន​កំរិត​ត្រឹម​​ជម្លោះ​​​សហគមន៍​ទេ តែ​បាន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សហគមន៍​កាតូលិក​ទូទាំង​ពិភពលោក បើ​យោល​ទៅ​លើ​កាលៈ​ទេសៈ​​នៃ​ភេរវកម្ម​ ធ្វើ​ចំ​​ថ្ងៃ​បុណ្យ​សាសនា​គ្រិស្ត​ដ៏​ធំ- ទីតាំង​នៃ​ការ​វាយប្រហារ​ ​សំដៅ​លើ​វិហារកាតូលិក​ហើយ ​និងលើសណ្ឋាគារដ៏​ប្រណិតៗ ដែល​មាន​ទេសចរណ៍​បរទេស ស្នាក់​នៅច្រើន និង​បើ​តាម​របៀបធ្វើ​ភេរវកម្មអត្តឃាត។

ការ​​វាយប្រហារ​នេះ បាន​ធ្វើ​ក្រុម​ប្រទេស​លោក​ខាង​លិច ប្រទេស​កាតូលិកទូទាំង​ពិភពលោក ​​ប្រារព្ធ​បុណ្យ​សាសនា​គ្រិស្ត​ប្រចាំ​ឆ្នាំ​ដ៏​ធំ​ ទាំង​ទុក្ខ​ក្រៀម​ក្រំបំផុត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ