ស្រីលង្កា រងភេរវកម្ម៨ ផ្ទួនគ្នា ក្នុងថ្ងៃបុណ្យសាសនាគ្រិស្ត
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១១
មានស្លាប់យ៉ាងហោចណាស់ ២០៧នាក់ ក្នុងនោះ៣៥នាក់ជាជនបរទេស ព្រមទាំងអ្នករងរបួសជាច្រើនរយនាក់ទៀត នៅក្នុងភេរវកម្មបំផ្ទុះគ្រាប់បែក មួយខ្សែបន្តបន្ទាប់គ្នា ប្រឆាំងនឹងសណ្ឋាគារដ៏ប្រណិតៗ និងវិហារកាតូលិក របស់ស្រីលង្កា។ ភេរវកម្មនេះ បានកើតឡើងក្នុងខណៈដែលពលរដ្ឋស្រីលង្កា កំពុងប្រារព្ធពិធីបុណ្យសាសនាគ្រិស្តដ៏ធំប្រចាំផង។ នាយករដ្ឋមន្ត្រីស្រីលង្កា បានចាត់ទុកភេរវកម្មនេះថាជាការវាយប្រហារដ៏កំសាក។ ប្រតិកម្មថ្កោលទោសភេរវកម្ម និងសារសម្តែងសាមគ្គីភាពជាមួយស្រីលង្កា បានធ្លាក់មកជា បន្តបន្ទាប់ ផ្តើមដោយបារាំង អង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក វិហារកាតូលិកនៅក្រុងហ្សេរុយសាឡិម សម្តេចប៉ាប ហ្វ្រង់ស័រ... ប្រមុខសាសនាអ៊ីស្លាម ក៏បានចេញមុខបរិហារភេរវកម្មនេះដែរ។
នៅថ្ងៃនេះ ស្រីលង្កាបានរងភេវកម្មដ៏ធ្ងន់ធ្ងរ ! មានបំផ្ទុះភេរវកម្ម ចំនួន៦ នៅពេលព្រឹក បន្ទាប់មកមានបន្ទុះទី ៧ រួចដល់រសៀលបន្តិច មានការបំផ្ទុះមួយទៀត ជាលើកទី៨។
នៅក្នុងបំផ្ទុះមួយខ្សែដំបូង មានវិហារកាតូលិកពីរ សណ្ឋាគារប្រណិតបី នៅកណ្តាលរដ្ឋធានីកូឡុំបូ និងវិហារកាតូលិកនៅឆ្នេរខាងកើតនៃប្រទេស រងការវាយប្រហារ។ វិហារ Saint Anthony ក្នុងរដ្ឋធានីកូឡុំបូ និងវិហារSaint Sébastien ក្រុង Negombo ភាគខាងជើងរដ្ឋធានីមានអ្នករងគ្រោះស្លាប់ច្រើនជាងគេ ដល់ទៅជាង ៦៧នាក់ និងរបួសជាង១៦០នាក់។ វិហារកាតូលិកទីបី ស្ថិតនៅ Batticaloa រាប់ឃើញមានអ្នកស្លាប់យ៉ាងហោច២៥នាក់ អ្នករងរបួសដល់ទៅជាងបីរយនាក់។ នេះបើតាមតួលេខបឋមផ្តល់ដោយប៉ូលិស។
សណ្ឋាគារដ៏ប្រណិតៗបីប្រចាំក្រុងកូឡុំបូ ដូចជាសណ្ឋាគារ Cinnamon Grand -Sangri La និង Kingburi បានរងគ្រោះក្នុងការបំផ្ទុះភេរវកម្មមួយខ្សែដំបូង នាពេលព្រឹក។ សណ្ឋាគារ Cinnamon Grand ស្ថិតកៀកគេហដ្ឋានរបស់នាយករដ្ឋមន្ត្រី។
បំផ្ទុះទី៧ កើតឡើងនៅក្នុងសណ្ឋាគារមួយទៀត នៅ Delhiwala ក្បែរសួនសត្វជាតិ មិនឆ្ងាយប៉ុន្មានពីទីក្រុងកូឡុំបូដែរ។ ចំណែកបំផ្ទុះទី៨ បង្កឡើងដោយអត្តឃាតជន ប្រឆាំងនឹងអាគារមួយ នៅ Orugodawatta ជាយក្រុងកូឡុំបូ ស្លាប់ប៉ូលិសបីនាក់។
ប្រឈមនឹងស្ថានភាពបែបនេះ អាជ្ញាធរស្រីលង្កា បានសម្រេចដាក់បម្រាមគោចរ ចាប់ពីម៉ោង៦ល្ងាចម៉ោងទៅ ដោយគ្មានពេលកំណត់ និងសម្រេចបិទខ្ទប់ប្រព័ន្ធសង្គម ជាបណ្តោះអាសន្ន ដើម្បីកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានមិនពិត។ សាលារៀន ត្រូវបិទរហូតដល់ថ្ងៃអង្គារ។ ប្រជាពលរដ្ឋ ត្រូវបានណែនាំឱ្យរក្សាភាពស្ងប់ស្ងាត់ សំងំនៅក្នុងផ្ទះ ចៀសវាងការធ្វើដំណើរចេញក្រៅបើគ្មានការចាំបាច់។
តំរ៉ុយអ៊ីស្លាមជ្រុលនិយម NTJ
ប្រភេទនៃការបំផ្ទុះក្នុងភេរវកម្មមួយខ្សែដំបូងនៅព្រឹក មិនទាន់កំណត់បានថាតើជាការបំផ្ទុះគ្រាប់បែក ឬការបំផ្ទុះអត្តឃាតទេ។ តែបើតាមសាក្សីបឋម មានពីរករណីជាភេរវកម្មអត្តឃាត។ ពុំទាន់មានក្រុមបក្សណាចេញមុខទទួលខុសត្រូវទង្វើភេរវកម្ម ដែលនាយករដ្ឋមន្ត្រីស្រីលង្កា ចាត់ទុកជាសកម្មភាពដ៏កំសាក និងដែលសហគមន៍អន្តរជាតិទាំងមូលនាំគ្នាថ្កោលទោសទេ។
ប៉ុន្តែស្រីលង្កា ទំនងជាមានតំរ៉ុយខ្លះ។ បើតាមមេប៉ូលិសជាតិ លោក Pujuth Jayasundara បានពញ្ជាក់អាសន្ន តាំងពីជាង១០ថ្ងៃមុន ថាមានចលនាអ៊ីស្លាមជ្រុលនិយម NTJ (National Thowheeth Jama’ath) មានគម្រោងរៀបចំធ្វើភេរវកម្មអត្តឃាតប្រឆាំងនឹងវិហារកាតូលិកសំខាន់របស់ប្រទេស និងគណៈកម្មការជាន់ខ្ពស់ឥណ្ឌា។ ចលនាអ៊ីស្លាមជ្រុលនិយមNTJ ត្រូវបានគេចាប់ស្គាល់ កាលពីឆ្នាំកន្លងទៅ ដោយក្រុមនេះមានពាក់ព័ន្ធនឹងសកម្មភាពបំផ្លិចបំផ្លាញរូបព្រះពុទ្ធបដិមា។
សហគមន៍កាតូលិកស្រីលង្កា
ស្រីលង្កា ទើបបានស្គាល់សន្តិភាព និងភាពស្ងប់ស្ងាត់ដ៏ផុយស្រួយ នារយៈពេល១០ឆ្នាំចុងក្រោយនេះ ក្រោយពីបញ្ចប់សង្គ្រាមជាមួយពួកឧទ្ទាមតាមូល។ តាំងពីឆ្នាំ ១៩៧២ដល់ឆ្នាំ២០០៩ ជម្លោះប្រដាប់អាវុធក្នុងផ្ទៃប្រទេសបានបង្កឱ្យមានបាត់បង់ជីវិតមនុស្សអស់ប្រមាណពី៨ម៉ឺនទៅ១សែននាក់។ នៅចន្លោះពេលនោះស្រីលង្កាតែជួបហេតុការណ៍ភេរវកម្មអត្តឃាតជារឿយៗ ពីសំណាក់ក្រុមឧទ្ទាម ប្រឆាំងនឹងរដ្ឋាភិបាលកាន់អំណាច។ ក្រោយមកទៀត ភេរវកម្មអន្តរសហគមន៍ក៏បានកើតម្តងម្កាល ពីសំណាក់ ក្រុមអ្នកជ្រុលនិយមពុទ្ធសាសនា ប្រឆាំងនឹងសហគមន៍អ៊ីស្លាម។
ប៉ុន្តែភេរវកម្មថ្ងៃនេះ មិនកំរិតត្រឹមជម្លោះសហគមន៍ទេ តែបានធ្វើឱ្យប៉ះពាល់ដល់សហគមន៍កាតូលិកទូទាំងពិភពលោក បើយោលទៅលើកាលៈទេសៈនៃភេរវកម្ម ធ្វើចំថ្ងៃបុណ្យសាសនាគ្រិស្តដ៏ធំ- ទីតាំងនៃការវាយប្រហារ សំដៅលើវិហារកាតូលិកហើយ និងលើសណ្ឋាគារដ៏ប្រណិតៗ ដែលមានទេសចរណ៍បរទេស ស្នាក់នៅច្រើន និងបើតាមរបៀបធ្វើភេរវកម្មអត្តឃាត។
ការវាយប្រហារនេះ បានធ្វើក្រុមប្រទេសលោកខាងលិច ប្រទេសកាតូលិកទូទាំងពិភពលោក ប្រារព្ធបុណ្យសាសនាគ្រិស្តប្រចាំឆ្នាំដ៏ធំ ទាំងទុក្ខក្រៀមក្រំបំផុត៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ