អានតួអត្ថបទ
Huawei

Huawei​នឹង​ប្រើ​ប្រព័ន្ធ​5G នៅក្នុង​ការប្រកួតបាល់ទាត់​អាហ្វ្រិក នៅអេហ្ស៊ីប

អេហ្ស៊ីប​នឹង​ដាក់ឲ្យ​ប្រើប្រាស់​បណ្តាញ​ទូរស័ព្ទ​ ទំនើប ជំនាន់ទី ៥ (5G) របស់​ក្រុមហ៊ុន​ចិន​Huawei នៅក្នុង​ការប្រកួត​បាល់ទាត់​អាហ្វ្រិក ឆ្នាំ ២០១៩ ដែល​ត្រូវ​ប្រព្រឹត្តទៅ ពីថ្ងៃទី ២១​មិថុនា ដល់​ថ្ងៃទី ១៩​កក្កដា​ខាងមុខនេះ។ នេះ​បើតាម​ការអះអាង​របស់​រដ្ឋមន្រ្តី​ទូរសាគមនាគមន៍ និង​ព័ត៌មាន បច្ចេកវិទ្យា អេហ្ស៊ីប នៅក្រោយ​មាន​ជំនួប រវាង​អ្នកតំណាង​ក្រុមហ៊ុន​Huawei ហើយ និង​នាយករដ្ឋមន្រ្តី​អេហ្ស៊ីប កាលពី​ថ្ងៃអាទិត្យ នៅ​ទីក្រុង​គែរ។ 

ប្រព័ន្ធ​5Gរបស់​ក្រុមហ៊ុន​Huawei
ប្រព័ន្ធ​5Gរបស់​ក្រុមហ៊ុន​Huawei ©REUTERS/Dado Ruvic
ផ្សាយពាណិជ្ជកម្ម

ក្រុមហ៊ុន​ចិន Huawei នឹង​ប្រើប្រាស់​ជាលើកទី១ បច្ចេកវិទ្យា​​អ៊ីនធ័រនែត​ចល័ត​ជំនាន់ទី៥ “5G” នៅ​ប្រទេស​អេហ្ស៊ីប នៅក្នុង​ឱកាស​ដែល​ប្រទេស​មួយ​នេះ​ត្រូវ​ធ្វើ​ជា​ម្ចាស់ផ្ទះ ទទួលរៀបចំ​ការប្រកួតបាល់ទាត់​អាហ្វ្រិក នៅ​រដូវក្តៅ​ខាងមុខ។

ការសម្រេចយ៉ាងដូច្នេះ ធ្វើ​ឡើង​នៅក្នុង​ជំនួប នៅទីក្រុង​គែរ រវាង​នាយករដ្ឋមន្រ្តី​អេហ្ស៊ីប និង​អ្នកតំណាង​ក្រុមហ៊ុន​ចិន Huawei នៅ​ថ្ងៃ​អាទិត្យ​ម្សិលមិញ។ តាម​រដ្ឋមន្រ្តី​ក្រសួង​ទូរសាគមនាគមន៍​អេហ្ស៊ីប ដែល​បានចូលរួម នៅក្នុង​ជំនួប​ជាមួយ​ក្រុមហ៊ុន​ Huawei អេហ្ស៊ីប សង្ឃឹម​សហការចាប់ ដៃគូ​ជាមួយ ក្រុមហ៊ុន Huawei​ក្នុង​ផ្នែក​ប្រាជ្ញា​សិប្បនិម្មិត ការផ្ទេរបច្ចេកវិទ្យា ហើយ​និង​ប្រព័ន្ធ​5G។

ក្រុមហ៊ុន Huawei ​ជា​ក្រុមហ៊ុន ដែល​មាន​ជំនាញ​ខាង​បច្ចេកវិទ្យា​ទូរស័ព្ទដៃ​ចល័ត ហើយ​និង​ជា​ក្រុមហ៊ុន​ឈាន​មុខគេ​នៅលើ​ពិភពលោក​ខាង​បច្ចេកវិទ្យា​ដំឡើង​ហេដ្ឋារចនាសម្ព័ន្ធ​ចែកចាយ​បណ្តាញ 5G។ បច្ចេកវិទ្យា​​អ៊ីនធ័រនែត​ចល័ត​ជំនាន់ទី៥ “5G” របស់​ក្រុមហ៊ុន​ Huawei ​មានសារៈសំខាន់ សម្រាប់​សេដ្ឋកិច្ច ជាពិសេស​ក្នុង​ផ្នែក​ថាមពល ដឹកជញ្ជូន ធនាគារ ហើយ​និង​វិស័យ​សុខាភិបាល។

យ៉ាងណាក៏ដោយ ប្រទេស​លោកខាងលិច  ដូចជា​សហរដ្ឋអាមេរិក ហើយ​និង​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​មួយចំនួន​បាន​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​ Huawei  ចូលទៅ​មាន​សិទ្ធិ​ដំឡើង​ហេដ្ឋារចនាសម្ប័ន្ធ ចែកចាយ​បណ្តាញ 5G នៅក្នុង​ទឹកដី​របស់ខ្លួន ដោយសារ​បារម្ភ​ខ្លាចថា Huawei នឹង​អាច​ចូល​ទៅលួចយកការណ៍​សម្ងាត់​ឲ្យ​ក្រសួងការពារជាតិ​ចិន។

តាមការចុះផ្សាយ​របស់​កាសែត​អង់គ្លេស The Times កាលពី​ថ្ងៃ​អាទិត្យ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់ អាមេរិក CIA បាន​បញ្ជាក់ថា ក្រុមហ៊ុន​ចិន Huawei ​បាន​ទទួល​ហិរញ្ញវត្ថុ​ពី​កងទ័ព​ចិន ពី​គណៈកម្មការ​សន្តិសុខជាតិ ហើយ​និង​ពី​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ចិន។

កន្លងមក អាមេរិក​ចោទប្រកាន់​ក្រុមហ៊ុន​​ Huawei ថា ជា​ឧបករណ៍​របស់​រដ្ឋាភិបាល​ចិន ដើម្បី​លួចយកការណ៍​សម្ងាត់​ពី​បរទេស និង​បាន​ដាក់សម្ពាធ​លើ​ប្រទេស​សម្ព័ន្ធ​អឺរ៉ុប ដើម្បី កុំ​ឲ្យ​ប្រើប្រាស់​ប្រព័ន្ធ​5G​របស់​Huawei។

តាម​កាសែត​The Times ដដែល នៅ​ដើម​ឆ្នាំនេះ អាមេរិក​ធ្លាប់​បាន​ព្រមាន​ពី​គ្រោះថ្នាក់​របស់​ក្រុមហ៊ុន​ Huawei ដល់​បណ្តាញ ភ្នែក ៥ Five Eyes ឬ​ប្រទេស​សម្ព័ន្ធ​ស៊ើបការណ៍​សម្ងាត់ ដែល​មាន​ អាមេរិក អង់គ្លេស កាណាដា អូស្រ្តាលី និង​នូវែលហ្សេឡង់ បន្ទាប់​ពី​អង់គ្លេស ដែល​ជា​សមាជិក​មួយរបស់​បណ្តាញ​ភ្នែក ៥ កំពុង​ត្រៀមខ្លួន​ចង់បាន​ប្រព័ន្ធ​5G​របស់​Huawei។

នៅ​ថ្ងៃអាទិត្យ ក្រុមហ៊ុន ​ Huawei តាមរយៈ​អ្នកតំណាង​របស់ខ្លួន បាន​ទាត់ចោលសាជាថ្មី​ការចោទប្រកាន់ និងថា​ក្រុមហ៊ុន​មិន​ធ្វើ​អត្ថាធិប្បាយ​លើ​ការចោទប្រកាន់​ដែល​គ្មាន​មូលដ្ឋាន​គ្រឹះនោះទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ