អានតួអត្ថបទ

អ៊ីរ៉ង់​និង​ប៉ាគីស្ថាន​ប្រកាស​បង្កើត "កម្លាំង​ប្រតិកម្ម​រហ័ស" ការពារ​ព្រំដែន រួមគ្នា

លោក អ៊ីនរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន កំពុង​បំពេញ​ទស្សនកិច្ច​ពីរ​ថ្ងៃ​​ និង​ជា​លើក​ដំបូងគិត​ចាប់​តាំង​ពីបាន​ឡើង​កាន់​តំណែងមក​​ នៅ​ប្រទេស​អ៊ីរ៉ង់​ជិតខាង។ ក្រោយ​ពី​បាន​ទទួល​ជួប​ពិភាក្សា​ជាមួយលោកនាយករដ្ឋមន្ត្រី​ នៅ​ថ្ងៃ​ចន្ទ​នេះ ​ ​ប្រធានាធិបតី​អ៊ីរ៉ង់បាន​ប្រកាស​បង្កើត​ កម្លាំងប្រតិកម្ម​រហ័ស​រួម​ ទទួល​បន្ទុក​ការ​ពារ​ព្រំដែន​ដែល​ខណ្ឌ​ចែកប្រទេស​ទាំង​ពីរ។

ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ Hassan Rouhani ជួប​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan នៅ​ក្រុង​តេហរ៉ង់ ​ថ្ងៃទី ២២មេសា ២០១៩
ប្រធានាធិបតី​អ៊ីរ៉ង់ លោក​ Hassan Rouhani ជួប​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន Imran Khan នៅ​ក្រុង​តេហរ៉ង់ ​ថ្ងៃទី ២២មេសា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រោយ​ពី​ជំនួប​ពិភាក្សា​រវាង​​ប្រធានាធិបតី​អ៊ីរ៉ង់ និង​នាយករដ្ឋមន្ត្រី​ប៉ាគីស្ថាន នៅ​ទីក្រុង​តេអេរ៉ង់​ ស្តី​អំពី “ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម និង​ការពារ​ព្រំដែន” ប្រមុខ​ដឹកនាំ​ទាំង​ពីរ បាន​ប្រកាស​នៅ​ក្នុង​សន្និសីទ​កាសែតរួម ថា​នឹង​បង្កើត​ “កងកម្លាំង​ប្រតិកម្មរហ័ស​រួម​គ្នា”​ ​ទទួល​បន្ទុក​ការពារ​ព្រំដែន។ អគ្គមេបញ្ជា​យោធា​អ៊ីរ៉ង់ និង​ប៉ាគីស្ថាន កំពុង​ចាប់​ផ្តើម​​ពិភាក្សា​ ​រក​វិធី​សហការ​ការ​ពារ​សន្តិសុខ​ព្រំ​ដែន​។ នេះ​បើ​តាម​ប្រសាសន៍​បញ្ជាក់​របស់​លោក រ៉ូហានី ប្រធានាធិបតី​អ៊ីរ៉ង់​ទៅ​កាន់​អ្នក​សារព័ត៌មាន ដោយ​បង្ហាញ​ក្តី​សង្ឃឹម​ថា ការ​បង្កើត​កង​កម្លាំង​រួម នឹង​រួម​ចំណែក​នាំ​​ទំនុក​ចិត្ត​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក។

ប៉ុន្តែព័ត៌មាន​លម្អិត​ទាក់ទង​នឹង​សកម្មភាព​របស់​កង​កម្លាំង​ប្រតិកម្ម​រហ័ស​ មិន​ទាន់​ត្រូវ​បាន​បង្ហើប​ឱ្យ​ដឹង​ទេ នាពេល​នេះ។

សូម​បញ្ជាក់​ថា លោកនាយក​រដ្ឋមន្ត្រី​ប៉ាគីស្ថាន បាន​អញ្ជើញ​មក​ដល់​អ៊ីរ៉ង់​តាំង​ពី​ថ្ងៃ​អាទិត្យ ដើម្បី​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​ រយៈ​ពេល​ពីរ​ថ្ងៃ ក្នុង​បរិបទ​នៃ​ភាព​តាន​តឹង​នយោបាយ​ការទូត​នឹង​គ្នា​យ៉ាង​ខ្លាំង ដោយ​ហេតុ​ភេរវកម្ម។ មាន​ព្រំប្រទល់​រួម​គ្នា​ប្រវែង ៩០០​គីឡូម៉ែត្រ ​ ​ប៉ាគីស្ថាន​ដែល​មាន​ប្រជាជន​ភាគ​ច្រើន​កាន់​និកាយ​ស៊ុននីត និងអ៊ីរ៉ង់​នីកាយ​ឈីអ៊ីត តែង​ចោទ​ប្រកាន់​គ្នា​ទៅ​វិញ​ទៅ​មក​ថា​បាន​ផ្តល់​ទី​ស្នាក់​ដល់​ពួក​ភេរវជន ដែល​មក​បង្ក​ភេរវកម្ម​លើក​ទឹក​ដី​ខ្លួន។

កាលពី​បី​ថ្ងៃ​មុន​ អ្នក​ដំណើរ​ក្នុង​រថយន្ត​ក្រុង​ បើក​ក្នុង​ខេត្ត​ Baloutchistan របស់​ប៉ាគីស្ថាន​ ១៤​នាក់ ត្រូវ​ក្រុមប្រដាប់​អាវុធចង់​ផ្តាច់​ទឹក​ដី​ បាញ់​​សម្លាប់។ ក្រុមនេះ​ធ្វើ​ដំណើរ​មក​ពី​អ៊ីរ៉ង់ និង​បាន​ហាត់​ហ្វឹកហ្វឺន​ ព្រម​ទាំង​មាន​មូលដ្ឋាន​ស្តុក​សម្ភារៈ​នៅក្នុង​ទឹក​ដី​អ៊ីរ៉ង់​ទៀត​។ នេះ​បើ​តាម​ការ​អះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ប៉ាគីស្ថាន ដោយ​បញ្ជាក់​ថា​មាន​ភស្តុតាង​គ្រប់គ្រាន់។

ហើយ​កាលពី​ខែ​មករា​ អ៊ីរ៉ង់​បាន​ចោទ​​ប៉ាគីស្ថាន​និង​អារ៉ាប៊ីសាអូឌីត​​ជា​សម្ព័ន្ធមិត្ត​ថា​អ្នក​គាំទ្រ​ក្រុម​ជីហាត​ដែល​បាន​មក​ធ្វើ​ភេរវកម្ម​អត្តឃាត​ប្រឆាំង​ក្បួន​ឆ្មាំ​បដិវត្តអ៊ីរ៉ង់ បង្ក​ឱ្យ​ស្លាប់​ទាហាន​អ៊ីរ៉ង់​២៧​នាក់។ ការ​វាយប្រហារ​បាន​ធ្វើ​ឡើង​នៅ​តំបន់​ ក្នុង​ទឹក​ដី​អ៊ីរ៉ង់ ជាប់​ព្រំដែន​ជា​មួយ​ប៉ាគីស្ថាន។

ក្រៅ​អំពី​បញ្ហាសន្តិសុខ និង​ភេរវកម្ម​​ ទស្សនកិច្ច​របស់​លោក អ៊ីមរ៉ាន់ ខាន់ ក៏​មាន​កម្មវត្ថុ​ចង់​ស្វែង​រក​លទ្ធភាព​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​និង​សហប្រតិបត្តិការ​សេដ្ឋកិច្ច។ តែ​លោក​នាយក​រដ្ឋមន្ត្រី​សុំ​មិន​សន្យា​អ្វី​ជា​សាធារណៈ​ជា​មួយ​អ៊ីរ៉ង់​ក្នុង​វិស័យ​ថាមពល​ឡើយ ដើម្បី​កុំ​ឱ្យ​ប៉ះទង្គិច​ជា​យថាហេតុ​ណា​មួយ​នឹង​ទណ្ឌកម្ម​​អាមេរិក​លើ​អ៊ីរ៉ង់។ អាមេរិក​ដែល​ទើប​សម្រេច​ចិត្ត​ខ្ទប់​ការ​​នាំ​ចេញ​ថាមពល​ប្រេង​​អ៊ីរ៉ង់​ទាំង​ស្រុង​ នៅ​ថ្ងៃចន្ទ​នេះ​ដែរ ដោយ​មិនបន្ត​ភាព​អនុគ្រោះ​ឱ្យ​ប្រទេស​៨ (ចិន កូរ៉េខាង​ត្បូង​ ក្រិក​ ឥណ្ឌា អ៊ីតាលី​ ជប៉ុន តែវ៉ាន់ និង​តួកគី)​ អាច​ទិញ​ប្រេង​ពី​អ៊ីរ៉ង់​បាន​ទៀត​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ