ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 26/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 25/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 25/05 12h00 GMT
អាស៊ី

នាយករដ្ឋមន្ត្រី​ជប៉ុន​ផ្តើម​ទស្សនកិច្ច​មួយជុំ​ពិភពលោក ដើម្បី​ត្រៀម​បើក​ជំនួបកំពូល​G២០

media  
លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​ផ្តើម​បំពេញ​ទស្សនកិច្ច​មួយ​ជុំ ក្នុង​៦​ប្រទេស រហូត​ដល់​ថ្ងៃទី ២៩​មេសា ២០១៩ © Reuters

លោក ស្ហ៊ីនហ្សូ​ អាបេ នាយករដ្ឋមន្ត្រី​ជប៉ុន ត្រូវ​​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ ក្នុង​៦ប្រទេស​ ​ចាប់ពី​ថ្ងៃទី ២២​មេសា នេះ រហូត​ដល់​ថ្ងៃទី ២៩​មេសា ២០១៩​​។ លោក​នឹង​ត្រូវ​ទទួល​ជួប​ដោយ​ប្រធានាធិបតី​បារាំង អេម៉ាណុយអែល ម៉ាក្រុង​ នៅ​ថ្ងៃ​អង្គារ​។ បន្ទាប់​មក​លោក​អាបេ នឹង​បន្ត​ទៅ​ដំណើរ​ទៅ​សហរដ្ឋ​អាមេរិក កាណាដា អ៊ីតាលី ប៊ែលហ្សិក និង​ស្លូវាគី។

​ដំណើរ​ទស្សនកិច្ច របស់​លោកស្ហ៊ីនហ្សូអាបេ ​​ដែលធ្វើ​ឡើង​ក្នុង​ក្របខ័ណ្ឌ​ត្រៀម​បើក​ជំនួប​កំពូល​ហ្សេ២០ នៅ​ជប៉ុន នៅ​ខែ​មិថុនា​ខាង​មុខ ត្រូវ​ចាប់​ផ្តើម​ពី​ប្រទេស​បារាំង។ លោក អេម៉ាណុអែល ម៉ាក្រុង នឹង​ទទួល​ជួប​លោក​នាយក​រដ្ឋមន្ត្រី​នៅវិមាន​អេលីហ្សេ នៅ​ថ្ងៃអង្គារ បន្ត​ដោយ​ពិធី​ទទួល​ទាន​អាហារ​ថ្ងៃ​ត្រង់​រួម​គ្នាផង។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់របស់​វិមាន​ប្រធានាធិបតី​បារាំង។ ​ប៉ុន្តែ​​​ជំនួបរវាង​មេដឹកនាំ​ទាំង​ពីរ ​​ប្រព្រឹត្ត​ ក្នុង​បរិបទ​​ដ៏​រសើបមួយ​ បង្ក​ឡើង​ដោយ​​​សំណុំ​រឿងលោក កាឡូស ហ្គូន។ ​អតីត​ប្រធានក្រុមហ៊ុន​រថយន្ត​រឺណូ និង​នីសាន់ កំពុង​ជាប់​ឃុំ​នៅ​ជប៉ុន និង​ទើប​ត្រូវ​បាន​តុលាការ​តូក្យូ ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ថ្មី ទីបួន នៅ​ថ្ងៃ​ចន្ទ​នេះ បទ​រំលោភ​ទំនុក​របស់​ក្រុម​ហ៊ុន​នីសាន់។

យ៉ាងណា​ក៏​ដោយ ក៏​បើ​តាម​វិមាន​អេលីហ្សេ ដំណើរ​មក​ដល់​របស់​លោក អាបេ ជា​ឱកាស​ល្អ​ នាំ​​​ជប៉ុន​​ប្រធាន​ហ្សេ​២០ និង​បារាំង​​ជា​ប្រធាន​ហ្សេ​៧ បាន​ចាប់​ដៃ​សហការ​គ្នា​គិត​គូរ​អំពី​អាទិភាព​សំខាន់ៗ​នៃ​ការ​រៀប​ចំ​ជំនួប​កំពូល​ប្រចាំ​ឆ្នាំ ដោយ​ជប៉ុន​ត្រូវ​ទទួល​ធ្វើ​នៅ​ចុង​ខែ​មិថុនា ឯ​បារាំង​នៅ​ចុង​ខែ​សីហា។

ប្រធានាធិបតី​បារាំង ចង់​ពង្រឹង​​ការ​ផ្តោះ​ប្តូរ​ទ្វេ លើ​ចំណុច​បី ៖ កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ប៉ាស៊ីហ្វិក ភាព​ជា​ដៃគូ​ឧស្សាហកម្ម​និង​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​ចុងក្រោយ​គឺ​បន្ត​ការ​ផ្តោះ​ប្តូរ​វប្បធម៌ ដោយ​គ្រោង​បើក​វគ្គ​វប្បធម៌​បារាំង​នៅ​ជប៉ុន បន្ត​ពី​វគ្គ​វប្បធម៌​ជប៉ុន​នៅ​បារាំង ក្នុង​ឆ្នាំ​២០១៨។

ជាមួយ​​អាមេរិក​វិញ ដំណើរ​ទស្សនកិច្ច​នេះ ប្រព្រឹត្ត​ចំពេល​ដែល​តូក្យូ​និង​វ៉ាស៊ីនតោន បាន​ចាប់​ផ្តើម​​ចរចា​ពាណិជ្ជកម្ម​ ស្វែង​រក​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី និង​ក្នុង​ខណៈ​ដែល​​លោក​ដូណាល់ ត្រាំ គំរាម​ចង់​យក​ពន្ធ​នាំ​ចូល​លើ​វិស័យរថយន្ត។ ប៉ុន្តែ​លោក ត្រាំ​​ ក៏​បាន​បង្ហាញ​ឆន្ទៈ​ចង់​ធ្វើ​ដំណើរ​ទៅ​ជប៉ុន​នា​ដើម​ខែ​ក្រោយ​នេះ​ដែរ ដើម្បី​បានក្លាយ​ជា​ប្រធានាធិបតី​បរទេស​ដំបូង ដែល​នឹង​​ជួប​ព្រះ​ចៅ​អធិរាជថ្មី​របស់​ជប៉ុន គឺ​ព្រះ​ចៅ​ ណារូហ៊ីតូ ដែល​ត្រូវ​ឡើង​ស្នង​រាជ​ពី​បិតា នៅ​ថ្ងៃ​ទី​១​ឧសភា​២០១៩៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ