ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/07 12h00 GMT
អាស៊ី

ភេរវកម្មស្រីលង្កា ៖ អាំងទែរប៉ូល​បញ្ជូន​អ្នកជំនាញ​មួយ​ក្រុម​ធំ ទៅជួយ​អង្កេត

media  
កងកម្លាំង​សន្តិសុខ​ស្រីលង្កា ត្រៀម​ចេញ​ទៅ​កន្លែង​រងភេរវកម្ម REUTERS/Dinuka Liyanawatte

មួយ​ថ្ងៃ​ក្រោយ​ភេរវកម្ម​ សម្លាប់​មនុស្ស​ជាង​២៩០​នាក់ នៅ​ស្រីលង្កា ប៉ូលិស​អាំងទែរប៉ូល បានឆ្លើយ​តប​ជា​វិជ្ជមាន​ ទៅ​នឹង​សំណើ​សុំ​ជំនួយ​របស់​អាជ្ញាធរក្រុង​កូឡុំបូ។ អាំងទែរប៉ូល បាន​សម្រេច​​​ពង្រឹង​កម្លាំង​ និង​ផ្តើម​បញ្ជូន​ក្រុម​អ្នក​អង្កេត​ឱ្យ​ចុះ​ទៅ​កន្លែង​កើត​ហេតុ។ នេះ​បើ​តាម​សេចក្តី​ជូន​ដំណឹង​របស់​អង្គការ​ប៉ូលិស​អន្តរជាតិប្រឆាំង​ឧក្រិដ្ឋកម្ម​ ​​ ឬ​​អាំងទែរប៉ូល។

តាមសំណើ​របស់​អាជ្ញាធរ​ស្រីលង្កា អាំងទែរប៉ូល បាន​បញ្ជូន​ជា​បន្ទាន់ នូវ​ក្រុម​អ្នក​ជំនាញ​ផ្នែក​សិក្សា​កន្លែង​កើត​ហេតុ អ្នក​ជំនាញ​ផ្នែក​ជាតិ​ផ្ទុះ និង​អ្នក​ជំនាញ​ផ្នែក​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវកម្ម​ ព្រម​ទាំង​អ្នក​ឯកទេស​ផ្នែក​វិភាគ​និង​វែក​អត្តសញ្ញាណ​ជនរងគ្រោះ​ក្នុង​គ្រោះ​មហន្តរាយ​ ឱ្យ​ចុះ​ទៅ​ផ្ទាល់​ដល់​កន្លែង​រង​ភេរវកម្ម​នៅ​ស្រីលង្កា។ នេះ​បើ​តាម​ការ​លម្អិត​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​អាំងទែរប៉ូល ដោយ​បញ្ជាក់​ទៀតថា បើ​ចាំ​បាច់ អង្គការ​នឹ​ងបញ្ជូន​ អ្នក​ជំនាញ​ក្នុង​វិស័យ​វេជ្ជសាស្ត្រ និង​អ្នក​ជំនាញ​ខាង​វិភាគ​វីដេអូ រូប​ថតទៀត។

​ក្រៅ​អំពីការ​បញ្ជូន​ក្រុម​ជំនាញ​នេះ ភ្នាក់ងារ​បី​ទៀត​​របស់​អង្គការ​ មាន​ជាអាទិ៍​ទី​បញ្ជាការ​ និង​សហប្រតិបត្តិការ​អាំងទែរប៉ូល នៅ​លីយ៉ុង​ប្រទេស​បារាំង នៅ​សិង្ហបុរី និង​នៅ​ប្រេស៊ីល បាន​ចាប់​ផ្តើម​ការងារ​អង្កេត​របស់​ខ្លួន​ហើយ ដើម្បី​ធ្វើ​យ៉ាង​ណា​អាច​ផ្តោះប្តូរ​ព័ត៌មាន​ឱ្យ​បាន​ឆាប់​រហ័ស​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ក្នុង​កំណត់​អត្តសញ្ញាណ​ជន​រងគ្រោះ​បរទេស ជា​មួយ​ក្រុម​អាំងទែរប៉ូល​របស់​ប្រទេស​នោះ។

ការ​ផ្ទៀង​ផ្ទាត់​អត្តសញ្ញាណ​​ជន​អ្នក​ស្លាប់​បាន​ចាប់​ផ្តើម​ហើយ ដោយ​​ផ្អែក​លើឈ្មោះ​ដែល​មាន​ក្នុង​​ទិន្នន័យ​របស់​អាំងទែរប៉ូល និង​ដោយ​ផ្អែក​លើ​ឯកសារ​ធ្វើ​ដំណើរ​ដែល​គេ​លួច​ឬ​បាត់ ដើម្បី​កំណត់​ដាន​ដែលគួរ​​​អង្កេត​និងដើម្បី​វែក​រក​​បណ្តាញ​អន្តរជាតិ។

សូម​បញ្ជាក់​ថា នៅ​ថ្ងៃចន្ទ​នេះ អ្នក​នាំពាក្យ​រដ្ឋាភិបាល​ស្រីលង្កា បាន​អះអាង​ជា​ផ្លូវការ​ ភេរវកម្ម​មួយ​ខ្សែ​កាលពី​ថ្ងៃ​អាទិត្យ​ជា​ស្នាដៃ​របស់​ពួក​អ៊ីស្លាម​ជ្រុល​និយម​ក្នុង​ស្រុក ឈ្មោះ NTJ (National Thowheeth Jama’ath)​ ប៉ុន្តែ​រដ្ឋាភិបាល​ពុំ​មាន​ភស្តុតាង​ជា​សម្ភារៈ​អ្វី​មក​ជា​សំអាង​អម​ការ​ចោទ​ប្រកាន់​នេះ​ឡើយ។ ​ ​ជន​ចាប់​ខ្លួន​បាន​កាលពី​ថ្ងៃ​អាទិត្យ​ភ្លាមជា​ក្រុមប្រភេទណា​ ក៏​គ្មាន​នរណាដឹង។ មក​ទល់​ពេល​នេះ គេ​នៅ​តែ​ពុំ​ទាន់​ឃើញ​ក្រុម​ណា​ចេញ​មុខមក​​ទទួល​ខុស​ត្រូវ​ទៀត៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ