អ៊ីរ៉ង់និងប៉ាគីស្ថានប្រកាសបង្កើត "កម្លាំងប្រតិកម្មរហ័ស" ការពារព្រំដែន រួមគ្នា
លោក អ៊ីនរ៉ាន់ ខាន់ (Imran Khan) នាយករដ្ឋមន្ត្រីប៉ាគីស្ថាន កំពុងបំពេញទស្សនកិច្ចពីរថ្ងៃ និងជាលើកដំបូងគិតចាប់តាំងពីបានឡើងកាន់តំណែងមក នៅប្រទេសអ៊ីរ៉ង់ជិតខាង។ ក្រោយពីបានទទួលជួបពិភាក្សាជាមួយលោកនាយករដ្ឋមន្ត្រី នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអ៊ីរ៉ង់បានប្រកាសបង្កើត កម្លាំងប្រតិកម្មរហ័សរួម ទទួលបន្ទុកការពារព្រំដែនដែលខណ្ឌចែកប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:៣០
ក្រោយពីជំនួបពិភាក្សារវាងប្រធានាធិបតីអ៊ីរ៉ង់ និងនាយករដ្ឋមន្ត្រីប៉ាគីស្ថាន នៅទីក្រុងតេអេរ៉ង់ ស្តីអំពី “ការប្រយុទ្ធប្រឆាំងនឹងអំពើភេរវកម្ម និងការពារព្រំដែន” ប្រមុខដឹកនាំទាំងពីរ បានប្រកាសនៅក្នុងសន្និសីទកាសែតរួម ថានឹងបង្កើត “កងកម្លាំងប្រតិកម្មរហ័សរួមគ្នា” ទទួលបន្ទុកការពារព្រំដែន។ អគ្គមេបញ្ជាយោធាអ៊ីរ៉ង់ និងប៉ាគីស្ថាន កំពុងចាប់ផ្តើមពិភាក្សា រកវិធីសហការការពារសន្តិសុខព្រំដែន។ នេះបើតាមប្រសាសន៍បញ្ជាក់របស់លោក រ៉ូហានី ប្រធានាធិបតីអ៊ីរ៉ង់ទៅកាន់អ្នកសារព័ត៌មាន ដោយបង្ហាញក្តីសង្ឃឹមថា ការបង្កើតកងកម្លាំងរួម នឹងរួមចំណែកនាំទំនុកចិត្តឱ្យគ្នាទៅវិញទៅមក។
ប៉ុន្តែព័ត៌មានលម្អិតទាក់ទងនឹងសកម្មភាពរបស់កងកម្លាំងប្រតិកម្មរហ័ស មិនទាន់ត្រូវបានបង្ហើបឱ្យដឹងទេ នាពេលនេះ។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានអញ្ជើញមកដល់អ៊ីរ៉ង់តាំងពីថ្ងៃអាទិត្យ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ រយៈពេលពីរថ្ងៃ ក្នុងបរិបទនៃភាពតានតឹងនយោបាយការទូតនឹងគ្នាយ៉ាងខ្លាំង ដោយហេតុភេរវកម្ម។ មានព្រំប្រទល់រួមគ្នាប្រវែង ៩០០គីឡូម៉ែត្រ ប៉ាគីស្ថានដែលមានប្រជាជនភាគច្រើនកាន់និកាយស៊ុននីត និងអ៊ីរ៉ង់នីកាយឈីអ៊ីត តែងចោទប្រកាន់គ្នាទៅវិញទៅមកថាបានផ្តល់ទីស្នាក់ដល់ពួកភេរវជន ដែលមកបង្កភេរវកម្មលើកទឹកដីខ្លួន។
កាលពីបីថ្ងៃមុន អ្នកដំណើរក្នុងរថយន្តក្រុង បើកក្នុងខេត្ត Baloutchistan របស់ប៉ាគីស្ថាន ១៤នាក់ ត្រូវក្រុមប្រដាប់អាវុធចង់ផ្តាច់ទឹកដី បាញ់សម្លាប់។ ក្រុមនេះធ្វើដំណើរមកពីអ៊ីរ៉ង់ និងបានហាត់ហ្វឹកហ្វឺន ព្រមទាំងមានមូលដ្ឋានស្តុកសម្ភារៈនៅក្នុងទឹកដីអ៊ីរ៉ង់ទៀត។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការបរទេសប៉ាគីស្ថាន ដោយបញ្ជាក់ថាមានភស្តុតាងគ្រប់គ្រាន់។
ហើយកាលពីខែមករា អ៊ីរ៉ង់បានចោទប៉ាគីស្ថាននិងអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តថាអ្នកគាំទ្រក្រុមជីហាតដែលបានមកធ្វើភេរវកម្មអត្តឃាតប្រឆាំងក្បួនឆ្មាំបដិវត្តអ៊ីរ៉ង់ បង្កឱ្យស្លាប់ទាហានអ៊ីរ៉ង់២៧នាក់។ ការវាយប្រហារបានធ្វើឡើងនៅតំបន់ ក្នុងទឹកដីអ៊ីរ៉ង់ ជាប់ព្រំដែនជាមួយប៉ាគីស្ថាន។
ក្រៅអំពីបញ្ហាសន្តិសុខ និងភេរវកម្ម ទស្សនកិច្ចរបស់លោក អ៊ីមរ៉ាន់ ខាន់ ក៏មានកម្មវត្ថុចង់ស្វែងរកលទ្ធភាពអភិវឌ្ឍន៍ពាណិជ្ជកម្មនិងសហប្រតិបត្តិការសេដ្ឋកិច្ច។ តែលោកនាយករដ្ឋមន្ត្រីសុំមិនសន្យាអ្វីជាសាធារណៈជាមួយអ៊ីរ៉ង់ក្នុងវិស័យថាមពលឡើយ ដើម្បីកុំឱ្យប៉ះទង្គិចជាយថាហេតុណាមួយនឹងទណ្ឌកម្មអាមេរិកលើអ៊ីរ៉ង់។ អាមេរិកដែលទើបសម្រេចចិត្តខ្ទប់ការនាំចេញថាមពលប្រេងអ៊ីរ៉ង់ទាំងស្រុង នៅថ្ងៃចន្ទនេះដែរ ដោយមិនបន្តភាពអនុគ្រោះឱ្យប្រទេស៨ (ចិន កូរ៉េខាងត្បូង ក្រិក ឥណ្ឌា អ៊ីតាលី ជប៉ុន តែវ៉ាន់ និងតួកគី) អាចទិញប្រេងពីអ៊ីរ៉ង់បានទៀតឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ