ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT
អាស៊ី

ភេរវកម្ម​ស្រីលង្កា៖ ​រដ្ឋាភិបាល​ចោទ​ចលនា​អ៊ីស្លាម​ជ្រុលនិយម​ថា ជា​អ្នក​បង្ក​​ភេរវកម្ម កាល​ពី​ថ្ងៃ​អាទិត្យ​

media  
រូបភាព​វិហារ St Sebastian ដែល​រងការវាយប្រហារ​ភេរវកម្ម អត្តឃាតកាលពី​ថ្ងៃអាទិត្យ​ទី ២១ មេសា ២០១៩ ©REUTERS/Stringer

ស្រីលង្កា​នៅ​ព្រឹកថ្ងៃ​ចន្ទ នៅ​រងរន្ធត់ ដោយសារ​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត​៨​កន្លែង ដែល​បាន​សម្លាប់​មនុស្ស ប្រមាណ ២៩០​នាក់ និង​អ្នករបួស​ជាង៥០០​នាក់។ នៅក្រោយ ភេរវកម្ម​បំផ្ទុះគ្រាប់បែក​សម្លាប់​មនុស្ស​ នៅ​វិហារកាតូលិក និង​សណា្ឋគារ​ប្រណិតៗ នៅ​ទីក្រុង​កូឡុំបូ ប៉ូលិស​ស្រីលង្កា នៅ​ល្ងាច​ថ្ងៃអាទិត្យ​បាន​ចាប់ខ្លួន​ជនសង្ស័យ ២៤នាក់។ នៅថ្ងៃ​ចន្ទ អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បាន​អះអាង​ជាផ្លូវការ​ថា គឺ​ចលនា​អ៊ីស្លាម​ជ្រុលនិយម​ក្នុង​ស្រុក ឈ្មោះ NTJ (National Thowheeth Jama’ath)​ ដែល​ជា​អ្នក​នៅ​ពី​ក្រោយ ភេរវកម្ម​អត្តឃាត កាលពី​ថ្ងៃ​ម្សិលមិញ។

 

រដ្ឋាភិបាល​ស្រីលង្កា​បាន​ចោទប្រកាន់​ចលនា​អ៊ីស្លាម ជាអ្នកប្រព្រឹត្ត​អំពើភេរវកម្ម​សម្លាប់​មនុស្ស នៅទីក្រុង​កូឡុំបូ ប៉ុន្តែ ក្រុម​នេះ នៅ​មិនទាន់​បាន​ចេញមុខ ប្រកាស​ទទួល​ខុសត្រូវ​លើ​ភេរវកម្ម​នៅ​ថ្ងៃ​អាទិត្យ​ទេ។

ចលនា​អ៊ីស្លាម​ជ្រុលនិយម ក្នុង​ស្រុក NTJ ធ្លាប់​ត្រូវ​បាន​មេប៉ូលិស​ជាតិ​ស្រីលង្កា ជូន​ដំណឹង​ទៅ​ថ្នាក់​លើ កាលពី​១០​ថ្ងៃ​មុន ថា​មាន​គម្រោង​រៀបចំ​ធ្វើ​ភេរវកម្ម​ប្រឆាំង វិហារ​កាតូលិក និង​ស្ថានទូត​ឥណ្ឌា នៅទីក្រុង​កូឡុំបូ។ នៅព្រឹកថ្ងៃ​ចន្ទ នាយករដ្ឋមន្រ្តី​ស្រីលង្កា បាន​បញ្ជា​ឲ្យ​មាន​ការស៊ើបអង្កេត​ដើម្បី​ដឹងថា ហេតុអ្វី​បាន​ជា​គេ​មិន​ចាត់វិធានការ​អ្វីសោះ នៅក្រោយ​ការទាញ​សញ្ញា​អាសន្ន​របស់​ប៉ូលិស។ ប្រមុខរដ្ឋាភិបាល​ស្រីលង្កា​បាន​បញ្ជាក់​ដែរ​ថា ទាំងរូបលោក និង​មន្រ្តីរដ្ឋាភិបាល គឺ​គ្មានអ្នកណា​បាន​ទទួល​ដំណឹង​នេះ ​ពីមុនមក​ទេ។

នៅ​ស្រីលង្កា​ ចលនា​អ៊ីស្លាម​ជ្រុលនិយម NTJ ទើប​ត្រូវ​បាន​គេ​ស្គាល់​មុខ កាលពី​ឆ្នាំ​កន្លងទៅ ដោយសារ​តែ​ក្រុមនេះ មាន​ជាប់ពាក់ព័ន្ធ​នឹង​ការវាយបំផ្លាញ រូបព្រះពុទ្ធ​បដិមារ នៅ​ស្រីលង្កា។ នៅ​ថ្ងៃចន្ទ រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ដែល​មាននាទី​ជាអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល បាន​អះអាង ថា គេ​កំពុង​ស៊ើបអង្កេត​តទៅ​ទៀត ដើម្បី​ដឹងថា តើ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ស្រីលង្កា​នេះ មាន​ទំនាក់ទំនង​ជាមួយ​ក្រុមភេរវនិយម​បរទេស ដែរឬទេ។ តាមអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល គេ​ពិបាក​នឹង​ជឿថា ក្រុមអ៊ីស្លាម​ជ្រុលនិយម​ដ៏តូច​មួយ​នេះ អាច​មាន​សមត្ថភាព ធ្វើ​ភេរវកម្ម​ក្នុងទ្រង់ទ្រាយ​ធំ បែបនេះ នៅ​ស្រីលង្កា។

តាម​ប៉ូលិស​​ស្រីលង្កា ភេរវកម្ម​សម្លាប់មនុស្ស​ផ្ទួនៗ​គ្នា នៅ​សណ្ឋាគារ​ប្រណិតៗ ៣កន្លែង និង​នៅ​វិហារ​កាតូលិក បីកន្លែង ផ្សេងទៀត បង្កឡើង ភេរវជន​អត្តឃាត ចំណែក គ្រាប់បែក​ផ្ទុះ នៅ ២​កន្លែង​ផ្សេងទៀត កើតឡើង​នៅពេល​ប៉ូលិស​បើកប្រតិបត្តិការ​ទៅលើ​ទីតាំង​របស់​ជនសង្ស័យ​ធ្វើ​ភេរវកម្ម។

នៅ​ថ្ងៃ​អាទិត្យ ម្សិលមិញ ប៉ូលិស បាន​រកឃើញ​ផងដែរ គ្រាប់បែក​ច្នៃ ដែល​មិនទាន់​ផ្ទុះ នៅ​ក្បែរ​ព្រលាន យន្តហោះ​អន្តរជាតិ កូឡុំបូ។ នៅ​ថ្ងៃចន្ទ​ប៉ូលិស​រកឃើញ​គ្រាប់បែក​ច្នៃ ៨៧ នៅ​ស្ថានីយ៍​រថយន្ត​ក្រុង នៅក្រុង​កូឡុំបូ។ ដើម្បី សុវត្ថិភាព​របស់​ប្រជាជន រដ្ឋាភិបាល​បាន​ប្រកាស​ដាក់​ប្រទេស​ក្នុង​ស្ថានភាព​អាសន្ន ចាប់ពី​ថ្ងៃចន្ទ។

រហូត​ដល់​យប់​ថ្ងៃ​អាទិត្យ អាជ្ញាធរ​ស្រីលង្កា បាន​ចាប់ឃាត់​ខ្លួន​ជនសង្ស័យ ២៤​នាក់ ប៉ុន្តែ មិន​បាន​បញ្ជាក់​ពី អត្តសញ្ញាណ​របស់​ពួកគេ​នោះទេ។ ដើម្បី ជៀសវាង កុំ​ឲ្យ​កើតមាន ជម្លោះ ការប៉ះទង្គិច គ្នា​ដ៏ហិង្សា រវាង​សហគមន៍​សាសនា ដែល​ឧស្សាហ៍​កើត​មាន នៅ​ស្រីលង្កា រដ្ឋាភិបាល​បាន​បិទ​ផ្អាក​បណ្តាញ សង្គម Facebook ជាដើម និង​អំពាវនាវ​ផងដែរ ឲ្យ​ប្រជាជន​ឈប់​ចែកចាយ ពាក្យ​ចចាមអារ៉ាម ទាក់ទង​​នឹងអ្នក​ដែល​អាច​នៅ​ពីក្រោយ ភេរវកម្ម​កាលពី​ថ្ងៃអាទិត្យ។

ភេរវកម្ម​ប្រឆាំង​វិហារកាតូលិក និង​សណ្ឋាគារ​ប្រណិតៗ នៅ​កូឡុំបូ បាន​សម្លាប់​មនុស្ស ២៩០នាក់ ដែលនៅក្នុង​នោះ មាន​ជនបរទេស ៣៧ មកពី​ប្រទេស​ចំនួន ៩ ដូចជា​អង់គ្លេស អាមេរិក ចិន តួកគី ដាណឺម៉ាក ជាដើម។ នៅ​អាទិត្យ ក្រសួងការបរទេស​អាមេរិក​បាន​ចេញ​សេចក្តីថ្លែងការណ៍​ប្រាប់​ប្រជាជន​របស់ខ្លួន នៅ​ស្រីលង្កា ឲ្យ​មាន​ការប្រុងប្រយ័ត្ន ព្រោះថា ក្រុមភេរវនិយម​អាច​នឹង​បន្ត​វាយប្រហារ ទៅលើ​ទីតាំង​របស់​អ្នកទេសចរ ផ្សារ សណ្ឋាគារ ឬ​វិហារ​សាសនា៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ