អានតួអត្ថបទ
ចិន

ទីក្រុង​ប៉េកាំង​បង្ហាញ​ជាលើកទី១ នាវាមុជទឹក​របស់ខ្លួន ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ

នៅក្រោម​អធិបតីភាព​របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង ប្រទេស​ចិន នៅថ្ងៃ​អង្គារ​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​កំណើត​កងទ័ព​ជាតិ​ចិន។ ខួប​លើកទី​៧០ ដែល​នឹង​ត្រូវ​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ព្រហស្បតិ៍ ត្រូវ​កត់សំគាល់ ដោយ​ព្យុហយាត្រា​ដ៏សំបើម​របស់​កងទ័ព​ជើងទឹក​ចិន។ ប្រទេស​ចិន​បាន​អញ្ជើញ ប្រទេស​ចំនួន ១៣​ឲ្យ​ចូលរួម​នៅក្នុង​ក្បួន​ព្យុហយាត្រា កងទ័ព​ជើងទឹកចិន ដែល​នៅក្នុង​នោះ ចិន​នឹង​បង្ហាញ នាវា​ចម្បាំង ៣២គ្រឿង ហើយនិង​នាវាមុជទឹក ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​ចិន​ទើបផលិត​បាន​ជា​លើកទី១។ 

នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ជិត​កំពង់ផែ​ក្រុងQingdaoចូលរួម​ក្នុង​ព្យុហយាត្រា​ ដែល​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​កងទ័ពជើង​ទឹក នៅថ្ងៃ​អង្គារ​ទី ២៣​មេសា ២០១៩
នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ​នៅ​ជិត​កំពង់ផែ​ក្រុងQingdaoចូលរួម​ក្នុង​ព្យុហយាត្រា​ ដែល​ប្រារព្ធ​ខួប​៧០​ឆ្នាំ​នៃ​ការបង្កើត​កងទ័ពជើង​ទឹក នៅថ្ងៃ​អង្គារ​ទី ២៣​មេសា ២០១៩ ©REUTERS/Jason Lee
ផ្សាយពាណិជ្ជកម្ម

កងទ័ព​ជើងទឹក​ចិន បាន​ទទួល​ប្រយោជន៍​ច្រើន ពី​នយោបាយ​ធ្វើ​ទំនើបកម្ម​កងទ័ព ជាតិ របស់​លោក​ប្រធានាធិបតី ស៊ី ជីនពីង។ ប្រមុខរដ្ឋ​ចិន​បាន​អភិវឌ្ឍន៍ ផលិត​គ្រឿងដែក គ្រប់បែប​យ៉ាង តាំង​ពី​នាវាចម្បាំង រហូត​ដល់​នាវា​ដឹក​យន្តហោះ ដើម្បី​ពង្រឹង​អំណាច និងការពារ​ប្រយោជន៍​របស់​ចិន នៅក្នុង​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង ក៏ដូចជា​កោះតៃវ៉ាន់។

ថ្លែង​នៅមុខ មេបញ្ជាការ​កងទ័ព​​មក​ពី​​ប្រទេស​ចំនួន ១៣ ដែល​ត្រូវ​អញ្ជើញ ឲ្យ​ចូលរួម​ក្នុង​ព្យុហយាត្រា នៅថ្ងៃ​អង្គារ នៅ​កំពង់ផែ Quingdao លោក​ប្រធានាធិបតី ចិន ស៊ី ជីនពីង​បាន​អះអាងថា ប្រជាជន​ចិន​ស្រលាញ់ និង​ចង់​បាន​សន្តិភាព​យូរអង្វែង។ “ប្រជាជន​ចិន​នឹង​បន្តដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍ ដោយ​សន្តិភាព។ ដើម្បី​ការពារ​សណ្តាប់ធ្នាប់​ផ្លូវទឹក​អន្តរជាតិ ការសហការ ការពិភាក្សា មាន​សារៈសំខាន់​ ជាង​ការគំរាមកំហែង​គ្នា​ទៅវិញ ទៅមក” នេះ​ជា​ប្រសាសន៍​របស់​លោកប្រធានាធិបតី​ចិន ដកស្រង់​សំដី​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ចិន ស៊ីនហួរ។

នៅក្នុង​ពិធីបុណ្យ​ប្រារព្ធ​ខួប​៧០​ឆ្នាំ នៃ​ការបង្កើត​កងទ័ព​ជើងទឹក​ចិន លើក​នេះ ទីក្រុង​ប៉េកាំង បាន​អញ្ជើញ​ប្រទេស​ចំនួន​១៣​ដូចជា ឥណ្ឌា អូស្ត្រាលី វៀតណាម និង​ជប៉ុន​ជាដើម ឲ្យ​ចូលរួម នៅក្នុង​ព្យុហយាត្រា​កងទ័ព​ជើងទឹក ដែល​នៅក្នុង​នោះ ចិន​នឹង​បង្ហាញ នាវាចម្បាំង ជាង​៣០គ្រឿង ហើយ​និង​នាវាផ្ទុកយន្តហោះ​ចម្បាំងLioaning ដែល​ចិន បាន​ទិញ ពី​អ៊ុយក្រែន នៅ​ឆ្នាំ ១៩៨៨ និង​ជួសជុល​ឲ្យ​ថ្មីស្រឡាងឡើងវិញ។ កងទ័ព​ជើងទឹក​ចិន នឹង​មិន​តាំង​បង្ហាញ នាវា​ផ្ទុកយន្តហោះ​ចម្បាំង ដែល​ខ្លួន​បាន​រចនា និង​ផលិត​ថ្មី​ដោយ​ខ្លួន នោះទេ ប៉ុន្តែ គេ​នឹង​ឃើញ​ជា​លើកទី១ នាវាមុជទឹក​ដើរដោយ​ថាមពល​នុយក្លេអ៊ែរ ដែល​ចិន​ទើបផលិតបាន​ដោយខ្លួនឯង។

នៅពេល​អាមេរិក បញ្ជូន​ត្រឹម​អ្នកតំណាង​យោធា​របស់ខ្លួន ប្រចាំ​ស្ថានទូត​នៅ​ទីក្រុង​ប៉េកាំង ឲ្យ​ទៅចូលរួម​ក្នុង​ពិធី​ប្រារព្ធ​ខួប​របស់​កងទ័ព​ជើងទឹកចិន នាវា​ចម្បាំង​ទី​៧ របស់​អាមេរិក បាន​ចូល​ទៅចត​នៅ​កំពង់ផែ​ក្រុង​ហុងកុង តាំង​ពី​ថ្ងៃ សៅរ៍​កន្លងទៅ។ តាមមន្រ្តី​ជើងទឹក​អាមេរិក នាវា​ចម្បាំង​ទី៧ របស់​អាមេរិក នឹង​នៅ​បន្ត​ប្រតិបត្តិការ ក្រោមឈ្មោះ ដើម្បី​សេរីភាព ចរាចរណ៍​ជើងទឹក នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង នោះបើទោះ​ជាមាន​ការប្រឆាំង​ពី​ទីក្រុង​ប៉េកាំង។ សូមបញ្ជាក់ថា ទោះ​មាន​ការប្រឆាំង​តវ៉ា​ពី​ប្រទេស​អាស៊ាន​មួយចំនួន ប៉េកាំង​បាន​សាងសង់​កោះសិប្បនិម្មិត​ជាច្រើន កន្លែង ដើម្បី បញ្ជាក់​កម្មសិទ្ធិ​ផ្តាច់មុខ​នៅលើ​សមុទ្រ​ចិន​ខាងត្បូង ដែល​ជា​ជង្រុកប្រេង ឧស្ម័ន និង​ជាផ្លូវ​សំខាន់​មួយ សម្រាប់​ចរាចរណ៍​ទំនិញ​អន្តរជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ