អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ភេរវកម្ម​នៅ​ស្រីលង្កា៖ គំនិត​ចង់​ឈ្នះ​ចាញ់ លើ​គូប្រជែង​នយោបាយ ធ្វើ​ឲ្យ​រដ្ឋាភិបាល​​មើលស្រាល បញ្ហា​សន្តិសុខ​ជាតិ

ចុះផ្សាយ​នៅ​ថ្ងៃ៖

ពីរ​ថ្ងៃ​ក្រោយ​រង​ការវាយប្រហារ​ភេរវកម្ម បំផ្ទុះគ្រាប់បែក​ផ្ទួនៗ គ្នា នៅ​៨​កន្លែង ស្រីលង្កា​នៅ​បន្ត​កាន់ទុក្ខ​ឲ្យ​ជនរងគ្រោះ ជាង​៣០០​នាក់ ដែល​ស្លាប់​នៅក្នុង​ហេតុការណ៍​បំផ្ទុះគ្រាប់បែក​របស់​អត្តឃាតជន កាលពី​ថ្ងៃ​អាទិត្យ។ នៅ​ថ្ងៃ​អង្គារ ក្រុមជីហាត​អង្គការ​រដ្ឋអ៊ីស្លាម បាន​ចេញមុខ​ប្រកាស​ទទួល​ខុសត្រូវ​លើ​ការវាយប្រហារ​សម្លាប់​មនុស្ស​នៅ​វិហារ និង​នៅ​សណ្ឋាគារ​ប្រណិតៗ​នៅ​ទីក្រុង​កូឡុំបូ។ នៅ​ក្រោយ​ការស៊ើប​អង្កេត អាជ្ញាធរ​ស្រីលង្កា​បាន​អះអាង​ថា គឺ​ក្រុមអ៊ីស្លាម​ជ្រុលនិយម ក្នុងស្រុក NTJ​ ដែល​ជាអ្នក​រៀបចំ​ផែនការ​ភេរវកម្ម ដើម្បី​សងសឹក​នឹង​ការបាញ់សម្លាប់​អ្នកកាន់​សាសនា​អ៊ីស្លាម នៅ​ទីក្រុង​ក្រៃឈើច នៅ ប្រទេស​នូវែលសេឡង់ កាលពី​ពាក់កណ្តាល​ខែ​មីនា​កន្លងទៅ។ បើសិន ឈ្មោះរបស់​ជនសង្ស័យ ហើយ​និង​ផែនការ​គំរាម​ធ្វើ​ភេរវកម្ម របស់​ក្រុមអ៊ីស្លាមជ្រុលនិយម ធ្លាប់​ត្រូវ​បាន​ប៉ូលិស​ស្រីលង្កា ដឹង ជាមុន និង​បាន​ធ្វើ​របាយការណ៍​ជូន​ថ្នាក់លើ តាំង​ពី​ជាង​១០​មុន​ម្ល៉េះ ប៉ុន្តែ ហេតុអ្វី​បាន​ជា​រដ្ឋាភិបាល​ស្រីលង្កា មិន​ចាត់វិធានការ​អ្វី និង​បណ្តោយ​ទុក​ឲ្យ​កើតមាន​ភេរវកម្ម យ៉ាងដូច្នេះ?

ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena និង​នាយករដ្ឋមន្រ្តី​ លោក Ranil Wickremesingheប្រែក្លាយ​ពី​សម្ព័ន្ធមិត្ត​មក​ជា​គូប្រជែង អំណាច​
ប្រធានាធិបតី​ស្រីលង្កា Maithripala Sirisena និង​នាយករដ្ឋមន្រ្តី​ លោក Ranil Wickremesingheប្រែក្លាយ​ពី​សម្ព័ន្ធមិត្ត​មក​ជា​គូប្រជែង អំណាច​ ©REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

ស្រីលង្កា​អាច​ជៀស​រួច​ផុត ពី​ការវាយប្រហារ​ភេរវកម្ម​អត្តឃាត បើសិន​រដ្ឋាភិបាល​ចាត់វិធានការ​ភ្លាមៗ នៅក្រោយ​ការជូនដំណឹង​របស់​ប៉ូលិស​ស្រីលង្កា។ ភាពអសកម្ម របស់​រដ្ឋាភិបាល ដើម្បី​ទប់ស្កាត់​អំពើភេរវកម្ម ត្រូវ​បាន​គេចោទ​សួរ កាន់តែ​ច្រើន នៅក្រោយ កាសែត​ក្នុង​ស្រុក​ស្រីលង្កា នៅ​ថ្ងៃ​អង្គារ បាន​ចុះផ្សាយ​ព្រោងព្រាត​ពី​កំណត់ហេតុ​របស់​ប៉ូលិស​ស្រីលង្កា ដែល​នៅក្នុង​នោះ គេ​បាន​លើកឡើង​ពី​ការគំរាមកំហែង​ធ្វើ​ភេរវកម្ម របស់​ក្រុមអ៊ីស្លាមជ្រុលនិយម NTJ។

កំណត់​ហេតុ​របស់​ប៉ូលិស​ស្រីលង្កា នៅ​ថ្ងៃ​ទី ៤​មេសា បាន​សរសេរ​ថា ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​បរទេស (ឥណ្ឌា និង​អាមេរិក)​បាន​ជូនដំណឹង ប្រាប់​ចារកិច្ច​ស្រីលង្កា​ពី​លទ្ធភាព​កើតមាន​ភេរវកម្ម​អត្តឃាត ប្រឆាំង​ព្រះវិហារ កន្លែងទេសចរណ៍។ ៥​ថ្ងៃ​ក្រោយ ក្រសួង​ការពារ​ជាតិ​បាន​បញ្ជូន​ដំណឹង​នេះ ទៅ​មេប៉ូលិស​ស្រីលង្កា ដោយ​ភ្ជាប់​ទៅ​ជាមួយ ឯកសារ​មានឈ្មោះ ជនសង្ស័យ និង​ឈ្មោះ​ក្រុមដែល​រៀបគម្រោង​ធ្វើ​ភេរវកម្ម គឺ​ក្រុមអ៊ីស្លាមជ្រុលនិយម NTJ។ តាម​អ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក Rajitha Senaratne នៅក្នុង​កំណត់​ហេតុមួយទៀត ចុះ​នៅថ្ងៃទី ១១​មេសា មេប៉ូលិស​ស្រីលង្កា បាន​ផ្សព្វផ្សាយ​ដំណឹង នៅក្នុង​ចំណោម មន្រ្តីសន្តិសុខ និង​ក្រសួង​មួយចំនួន​របស់​រដ្ឋាភិបាល។ នៅ​ប៉ុន្មាន​ម៉ោង​មុន ភេរវករ​ចូលទៅ​ចុចបំផ្ទុះគ្រាប់បែក​អត្តឃាត ភ្នាក់ងារ​ចារកម្ម​ឥណ្ឌា នៅ​បាន​ទាញសញ្ញា​អាសន្ន ប្រាប់​ភាគី​ស្រីលង្កា ពី​លទ្ធភាព កើតមាន​ភេរវកម្ម សម្លាប់​មនុស្ស​នៅ​ស្រីលង្កា។

សម្រាប់ មន្រ្តី​សេដ្ឋកិច្ច​ស្រីលង្កា ស្រីលង្កា​ដែល​មានធ្វើ​សង្រ្គាម យកឈ្នះ លើ​ក្រុមឧទ្ទាម​តាមូល ដើម្បី​បិទបញ្ចប់​សង្រ្គាម ស៊ីវិល ដ៏វែង​ជាងគេ (២៥​ឆ្នាំ) នៅក្នុង​ពិភពលោក មាន​សមត្ថភាព​ទប់ស្កាត់​កុំ​ឲ្យ​កើតមាន​ការវាយប្រហារ​ភេរវកម្ម។ បញ្ហាចោទ មិនមែន​នៅត្រង់​សមត្ថភាព​ទេ ប៉ុន្តែ ស្ថិតនៅ​ត្រង់ ភាពអសកម្ម មិន​ដំណើរការ របស់​ថ្នាក់ដឹកនាំ​ស្រីលង្កា។

នៅ​ថ្ងៃ​អាទិត្យ នៅក្រោយ​ដំណឹងចុះផ្សាយ​ថា ប៉ូលិស​ស្រីលង្កា​បាន​ដឹង​ពី​គម្រោង​ធ្វើភេរវកម្ម តាំង​ពី​ជាង​១០​ថ្ងៃ​មុនម្ល៉េះនោះ នាយករដ្ឋមន្រ្តី ស្រីលង្កា លោក Ranil Wickremesinghe​បាន​និយាយ​ថា លោក​មិន​បាន​ទទួល​ដំណឹង​នេះពីមុន​មកទេ។  តាមអ្នកនាំពាក្យ​របស់​រដ្ឋាភិបាល លោក​នាយករដ្ឋមន្រ្តី Ranil Wickremesinghe ត្រូវបាន​គេ​ទុកដាក់​ចោល មួយកន្លែង ឲ្យ​ទទួល​រាល់ដំណឹង​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិ។

ការខ្វះចន្លោះ មិនអាច​ទៅ​ទប់ស្កាត់ ការវាយប្រហារ​ភេរវកម្មលើកនេះ គឺ​ជា​ផលវិបាក​នៃ វិបត្តិ​នយោបាយ ការបែកបាក់​គ្នា ជា​ក្រុម រវាង​លោក​ប្រធានាធិបតី Maithripala Sirisena ហើយ​និង​លោក​នាយករដ្ឋមន្រ្តី Wickremesinghe ដែល​ផ្ទុះឡើង​តាំង​ពី​ចុងឆ្នាំ មុន។

សូមបញ្ជាក់ថា នៅ​ខែ​ធ្នូ​កន្លងទៅ ទៅតាម​ការបញ្ជា​របស់​តុលាការ កំពូល លោក​ប្រធានាធិបតី​ស្រីលង្កា ដែល​បាន​សម្រេច​អត្តនោម័ត ដកតំណែង​នាយករដ្ឋមន្រ្តី ត្រូវ​បង្ខំចិត្ត តែងតាំង លោក​ Wickremesinghe ឲ្យ​ធ្វើ​ជានាយករដ្ឋមន្រ្តី​ឡើងវិញ។ ប៉ុន្តែ នៅ​ពេលនោះ លោកប្រធានាធិបតី Sirisena បាន​សម្រេច ដកយក ស្ថាប័ន​ប៉ូលិស និង​ក្រសួងសន្តិសុខ​ជាតិ មកកាន់កាប់​ក្នុង​ដៃ​របស់លោកវិញ។ មានន័យថា ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ដែល​មានតាំង​ប៉ូលិស និង​ភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​ស្ថិតនៅ​ក្រោមអំណាច​របស់​ប្រធានាធិបតី ប៉ុន្តែ មិនមែន​នាយករដ្ឋមន្រ្តី​នោះទេ។

សម្រាប់​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​ដែល​ស្និទ្ធ​នឹង​លោកនាយករដ្ឋមន្រ្តី ស្រីលង្កា អ្វី​ដែល​កើតឡើង​នៅ​ស្រីលង្កា គឺ​ជារឿង គួរឲ្យ​អាម៉ាស់។ នៅ​ថ្ងៃ អាទិត្យ ដោយសារ​អវត្តមាន​របស់​ប្រធានាធិបតី នាយករដ្ឋមន្រ្តី​ស្រីលង្កា បាន​កោះប្រជុំ​បន្ទាន់ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ ប៉ុន្តែ គ្មាន​សមាជិក​ណាម្នាក់​បង្ហាញ​មុខ​នោះទេ។ ស្រីលង្កា​ជាប្រទេស​តែមួយ ក្នុង​លោក ដែល នៅក្រោយ​ប្រទេស​រងការវាយប្រហារ​ភេរវកម្មហើយ ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​មិនព្រម​​ទៅ​ចូលរួម ក្នុង​ការកោះប្រជុំ​បន្ទាន់​របស់​នាយករដ្ឋមន្រ្តី។

នៅពេល​ត្រលប់​ចូល​ប្រទេស កាលពី​ថ្ងៃ​ចន្ទ លោកប្រធានាធិបតី​ Sirisena​បាន​បញ្ជា​ឲ្យ​បង្កើត​គណៈកម្មការ​ពិសេសមួយ ​ក្រោម​ការដឹកនាំ​របស់​ចៅក្រម​តុលាការ​កំពូល ដើម្បី​ស៊ើបអង្កេត​ទៅលើភាពថ្លោះធ្លោយ របស់​ប៉ូលិសលើកនេះ។ តើ​លោក​ប្រធានាធិបតី Sirisena​កំពុង ដើរ​ជាន់កែង​ខ្លួនឯង​ឬយ៉ាងណា? ដើម្បី សងសឹក និង​ដើម្បី ហេតុផល​នយោបាយ លោក​បាន​ទាញយក​អំណាច​ប៉ូលិស មកក្តោបក្តាប់ក្នុង​ដៃ បិទ​មិន​ឲ្យ​នាយករដ្ឋមន្រ្តី ដែល​ជា​គូប្រជែង បាន​ដឹង​រឿងអ្វី​ទាក់ទង​នឹង​បញ្ហា​សន្តិសុខ​ជាតិទេ។ សូម្បី​តែ​គម្រោង​ធ្វើ​ភេរវកម្ម​របស់​ក្រុមអ៊ីស្លាម​ជ្រុលនិយម ក៏​លោក​បិទ​មិន​ឲ្យ​នាយករដ្ឋមន្រ្តី​របស់​លោក​ដឹង​ដែរ។

នៅពេល​ដែល​កំណត់ហេតុ​របស់​ប៉ូលិស​បញ្ជាក់ថា គេ​បាន​ជូនដំណឹង​រួចហើយ ពី​គម្រោង​ធ្វើ​ភេរវកម្ម​ទៅ​មន្រ្តី​ជាន់ខ្ពស់​ដែល​ស្ថិតនៅ​ក្រោម​អំណាច​របស់​លោក​ប្រធានាធិបតី​យ៉ាងដូច្នេះ លោក​ប្រធានាធិបតី ស្រីលង្កា ពិបាក​នឹង​និយាយ​ដោះសារ​ថា លោក​មិន​បានដឹង​រឿងអ្វី​ណាស់។ បើសិន​លោកដឹង ប៉ុន្តែ ហេតុអ្វី​បាន​លោកមិន​ចាត់​វិធានការ អ្វីសោះ ដើម្បី ទប់ស្កាត់​កុំ​ឲ្យ​មាន​ភេរវកម្ម​បង្ហូរឈាម សម្លាប់​មនុស្ស យ៉ាងដូច្នេះ។

ចង់ ឬ​មិន​ចង់ ការបែកបាក់ គ្នា រវាង​អ្នកនយោបាយ ដែល​ឲ្យ​តម្លៃ​ខ្ពស់​លើ​ផលប្រយោជន៍​ផ្ទាល់ខ្លួន ច្រើនជាង ប្រយោជន៍​សន្តិសុខ​ជាតិ បាន​ធ្វើ​ឲ្យ​មនុស្ស​បាត់បង់​ជីវិត​ច្រើនណាស់។ ហើយ​នៅទីបំផុត គឺ អតីតប្រធានាធិបតី ផ្តាច់ការ Rajapakse​ដែល​ធ្លាប់​ព្រមាន​ពី​ការគំរាមកំហែង​ភេរវកម្ម ហើយ​និង​អសមត្ថភាព​របស់​រដ្ឋាភិបាល ដែល​នឹង​ទទួល​ប្រយោជន៍​ខ្លាំង ជាពិសេស នៅពេល​ស្រីលង្ការ​ត្រូវត្រៀមខ្លួន ​រៀបចំ​ការបោះឆ្នោត នៅ​ឆ្នាំនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ