អានតួអត្ថបទ

ភេរវកម្មស្រីលង្កា ៖ កងទ័ពបញ្ចេញកម្លាំងបន្ថែម ជួយប៉ូលិសប្រឈម​នឹង​ការ​គំហែង​ថ្មី

ស្នូរ​ផ្ទុះ​បាន​លាន់​ឮ​ជា​ថ្មី​ទៀត នៅ​ព្រឹក​ថ្ងៃ ព្រហស្បតិ៍​នេះ នៅ​ភាគ​ខាង​កើត​នៃ​រដ្ឋ​ធានី​កូឡុំបូ ប៉ុន្តែ​ជា​សំណាង​ល្អ ហេតុការណ៍នេះ មិន​បាន​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់​ឬ​រង​របួស​ទេ​។ នេះ​បើ​តាម​ប្រភព​ប៉ូលិស​ស្រីលង្កា។ ប៉ុន្តែ​ស្នូរ​ផ្ទុះ​តូច ធំ ខ្លាំង​ឬ​ខ្សោយ​សុទ្ធ​ជា​ប្រភព​នៃ​ភាពតក់ស្លុត​ទាំង​អស់ សម្រាប់​ប្រជាពលរដ្ឋ​ស្រីលង្កា ដែល​ទើប​រងគ្រោះ​ភេរវកម្ម​មួយ​ខ្សែ​ធំ និង​ដែល​ទើប​បញ្ចេញ​កង​កម្លាំ​យោធា​មក​បន្ថែម​ទៀត ដើម្បី​ជួយ​ភ្នាក់ងារ​ប៉ូលិស​ក្នុង​ការ​រក្សា​សន្តិសុខ​និង​ធ្វើ​ប្រតិបត្តិការ​តាម​កម្ចាត់​ជន​ជាប់សង្ស័យ។

ទាហាន​ស្រីលង្កា កំពុង​រក្សា​សុវត្ថិភាព​តំបន់​រងភេរវកម្ម នៅ​ទីក្រុង​កូឡុំបូ
ទាហាន​ស្រីលង្កា កំពុង​រក្សា​សុវត្ថិភាព​តំបន់​រងភេរវកម្ម នៅ​ទីក្រុង​កូឡុំបូ Jewel SAMAD / AFP
ផ្សាយពាណិជ្ជកម្ម

ស្ថានភាព​ទូទៅ នៅតែ​​តាន​តឹង នៅ​ស្រីលង្កា។ ការគំរាម​កំហែង​ភេរវកម្ម​ថ្មី មិន​បា​ន​ស្រក​ចុះ​សោះ។ បើ​តាម​អ្នក​នាំ​ពាក្យ​ប៉ូលិស​ គ្មាន​ទេ​ជន​រងគ្រោះ​​នៅក្នុង​ការ​បំផ្ទុះ​ក្បែរ​តុលាការ​ ពូហ្កោដា ដែល​ស្ថិត​នៅ​ចម្ងាយ​តែ​៤០​គីឡូម៉ែត្រ​ពី​រដ្ឋធានី​​កូឡុំបូ កាលពី​ព្រឹក​មិញ។ ហើយ​បើ​តា​ម​ការ​អង្កេត​បឋម នេះ​មិនមែន​ជា​ការ​បំផ្ទុះ​ជំនាញ​ទេ។ នៅ​ធនាគារ​ជាតិ នា​ទីក្រុង​កូឡុំបូ ក៏​មានការ​ទាញ​សញ្ញា​អាសន្ន​សន្តិសុខ​មួយ​ដែរ​។​ ចំណែក​ផ្លូវ​នាំ​ឆ្ពោះ​ទៅ​អាកាសយានដ្ឋាន​ ក៏​ត្រូវ​ប្រកាស​បិទ ដោយ​ឃើញ​មាន​រថយន្ត​សង្ស័យ​ចត​ក្បែរនោះ។ នោះ​បើ​តាម​ប៉ូលិស​ប្រចាំ​ព្រលាន​យន្តហោះ។ ​

​បួន​ថ្ងៃក្រោយ​ភេរវកម្ម​ ប្រឆាំង​នឹង​វិហារ​កាតូលិក និង​សណ្ឋាគារ​ប្រណិតៗ ដែល​បាន​សម្លាប់​ជីវិត​អស់​ច្រើន​ជាង​គេ​បំផុត​មិន​ធ្លាប់​មាន​គិត​ចាប់​តាំង​ពី​មហា​ភេរវកម្ម​ថ្ងៃទី ១១​កញ្ញា​២០០១​មក ស្រីលង្កា​បន្ត​ស្ថិត​ក្នុង​ស្ថានភាព​រន្ធត់​និង​តក់ស្លុត​។ ស្នូរ​ផ្ទុះ​ និង​ភាព​សង្ស័យ​ទោះ​តិច​តួច​ក្តី ​អាច​ប្រភព​នៃ​ភាព​ស្លន់​ស្លោ​និ​ងអាសន្ន​ទាំងអស់។

ប្រឈម​នឹង​​ស្ថានភាព​បែប​នេះ អាជ្ញាធរ​ស្រីលង្កា បាន​សម្រេចណែនាំ​ឱ្យ​វិហារ​តាកូលិក បន្ត​បិទ​ទ្វារ​ រហូត​ដល់​ស្ថានភាពសន្តិសុខ​​បាន​ប្រសើរ​ឡើង។ ការ​ប្រារព្ធ​ពិធី​ផ្សេង​ និង​ការ​សូត្រ​ធម៌ ជា​សាធារណៈ​ ត្រូវ​ផ្អាក រហូត​ដល់​មានបទ​បញ្ជា​ថ្មី​។ ពិធី​បុណ្យ​បញ្ចុះ​សព​ជនរងគ្រោះ​ភេរវកម្ម ត្រូវ​ធ្វើ​ឡើងជា​​លក្ខណៈ​ឯកជន។

ចំណែក​ការ​ប្រមាញ់​ជនជាប់​សង្ស័យ កំពុង​បន្ត​ធ្វើ​យ៉ាង​សកម្ម និង​ក្នុង​ទ្រង់ទ្រាយ​ធំ ដោយ​មាន​កម្លាំង​ជំនួ​យ​ពី​យោធា​តែម្តង។ ក្រុមយោធា​ជើងគោក បាន​បញ្ចេញ​ និង​ដំឡើង​កម្លាំងកងទ័ព​មក​ចូល​រួម​ក្នុង​ប្រតិបត្តិក​​នេះ​ ក្នុង​បរិមាណ​​​ពី​១៣០០ ទៅ​៦៣០០​នាក់។​ ចំណែក​កងទ័ព​ជើង​ទឹក បាន​បញ្ចេញ​កម្លាំង​២ពាន់​នាក់។ នៅ​យប់​ថ្ងៃពុធ​ឆ្លង​ចូល​មក​ថ្ងៃ​ព្រហស្បតិ៍​នេះ អាជ្ញាធរ​ស្រីលង្កា ចាប់​បាន​ជនសង្ស័យ​ចំនួន​១៦​នាក់ថ្មី​​បន្ថែម​លើ​ការ​ចាប់ខ្លួន​​​ចាប់​តាំង​ពី​ថ្ងៃ​អាទិត្យ​មក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ