អានតួអត្ថបទ

បារាំង រំលឹកប៉េកាំងពីសិទ្ធិធ្វើចរាចរណ៍ក្នុងសមុទ្ទ

គេ​ធ្លាប់​តែ​ឮ​ញយ​ដង ចិន​ខឹង​អាមេរិក​ដែល​រំលោភ​ចូល​ដែន​ទឹក ឬ​ដែន​អាកាស​​របស់​ខ្លួន ! នៅ​ថ្ងៃ​នេះ ចិន​បានធ្វើ​សេចក្តី​តវ៉ា ជាមួយ​បារាំង​ម្តង។ សម្រាប់​ប៉េកាំង​ ​វត្តមាន​នៃ​នាវា​ចម្បាំង​បារាំង​ក្នុងច្រក​សមុទ្ទ​តៃវ៉ាន់ គឺ​ជា​រំលោភ​បូរណភាព​ដែន​​ទឹក​ចិន ហេតុ​ដូច្នេះហើយ​បាន​ប៉េកាំង ធ្វើ​ការ​តវ៉ា ប្រឆាំង។ ប៉ុន្តែ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បារាំង​បាន​​រំលឹក​តប​ទៅ​ប៉េកាំង​វិញ ឱ្យ​គោរព​ច្បាប់ និង​សេរីភាព​នៃ​ការ​​ចរាចរណ៍​ផ្លូវ​ទឹក​។

នាវា​ចម្បាំង​បារាំង Vendemiaire (F734)ពេល​ទៅ​ចុះចត​នៅ​កំពង់ផែ​ក្រុង​ម៉ានីល ថ្ងៃទី ១២ មីនាឆ្នាំ​២០១៨
នាវា​ចម្បាំង​បារាំង Vendemiaire (F734)ពេល​ទៅ​ចុះចត​នៅ​កំពង់ផែ​ក្រុង​ម៉ានីល ថ្ងៃទី ១២ មីនាឆ្នាំ​២០១៨ REUTERS/Romeo Ranoco
ផ្សាយពាណិជ្ជកម្ម

អ្នក​នាំ​ពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន បាន​បញ្ជាក់​ព័ត៌មាន​យ៉ាង​ច្បាស់​លាស់​ថា ឆ្មាំ​​យោធា​ នៃ​កម្លាំង​យោធា​ជើង​ទឹក​ចិន​បាន​ប្រទះ​ឃើញ​នាវា​ចម្បាំង​បារាំង កាលពី​ថ្ងៃ​ទី ៧ មេសា បើកចូល​ក្នុង​ដែន​ទឹក​ចិន ដោយ​គ្មាន​ការ​អនុញ្ញាត និង​បាន​បញ្ជូន​នាវា​ចម្បាំង​របស់​ខ្លួន​ទៅ​បណ្តេញ​នាវា​បារាំង​ឱ្យ​ចាក​ចេញ​ទៅ​វិញ។ សម្រាប់​ចិន កោះតៃវ៉ាន់ និង ​ច្រក​សមុទ្ទ​តៃវ៉ាន់ ជា​ចំណែក​មួយ​នៃ​ទឹកដី​ចិន។ ហេតុ​ដូច្នេះហើយ​បាន​ជា​ចិន​ ធ្វើ​ការ​តវ៉ា ជា​ផ្លូវការ​ ទៅ​កាន់​អាជ្ញាធរ​បារាំង។

ជា​ចម្លើយ​តប បារាំង បានរំលឹក​​អំពី​ជំហរ​​​គោរព​សេរីភាព​នៃ​ការ​ធ្វើ​ចរាចរណ៍ របស់​ខ្លួន ដូច​មាន​​​ចែង​ក្នុង​ច្បាប់​ផ្លូវ​ទឹក​អន្តរជាតិ និង​បាន​ព្រលយ​ឱ្យ​ដឹង​ទៀត​ថា នាវា​ចម្បាំង​បារាំង តែង​តែ​ឆ្លង​កាត់​ច្រក​តៃវ៉ាន់ ជា​រៀង​រាល់​មួយ​ឆ្នាំ​ម្តង ដោយ​គ្មាន​ការ​ប៉ះទង្គិច ឬ​ប្រតិកម្ម​អ្វីសោះ​ពី​មុន​មក។ ​ប៉ារីស និង​ប៉េកាំង កំពុង​ទាក់ទង​គ្នា​អំពី​បញ្ហា​នេះ​ហើយ។ នេះបើ​តាម​ប្រភព​ស្និទ្ធ​នឹងរដ្ឋមន្ត្រី​​ក្រសួងការពារ​ជាតិ​បារាំង បានបញ្ជាក់​ទៀត​ថា រដ្ឋមន្ត្រីការបរទេស​បារាំង ដែល​កំពុង​ស្ថិត​នៅ​ក្នុង​ក្រុង​ប៉េកាំង បាន​​ជួប​ពិភាក្សា​ជាមួយ​នឹង​សមភាគី​ចិន​រួច​ហើយ។

សូម​បញ្ជាក់​ថា នៅ​ក្នុង​សេចក្តី​តវ៉ា ចិន មិន​បាន​បញ្ជាក់​ទេ​ថា​តើជា​​នាវា​យោធា​បារាំង បាន​ឆ្លង​ចូល​ដែន​ទឹក​ចិន​ក្នុង​កំរិត​ណា ត្រង់​ចំណុច និង​មាន​ឈ្មោះ​អ្វី​​ឡើយ។ ប៉ុន្តែ​គេ​ដឹង​ថា នាវា​ចម្បាំង​បារាំង Vendémiaire ដែល​មាន​បេសកកម្ម​ជាមួយ​នាវា​អាមេរិក​និង​ជប៉ុន ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​ខុស​ច្បាប់​លើ​ផ្ទៃ​សមុទ្ទ​របស់​កូរ៉េខាង​ជើង​ដើម្បី​ពង្រាង​ទណ្ឌកម្ម​របស់​អង្គការ​សហប្រជាជាតិ កំពុង​ស្ថិត​នៅ​ក្នុង​តំបន់នោះ។ ប៉ុន្តែ​មិន​ដូចអាមេរិក ជា​ការ​ដ៏​កម្រ​បំផុត​ដែល​នាវា​យោធា​អឺរ៉ុប ទៅ​បើក​បរ​ឆ្លង​កាត់​ច្រក​សមុទ្ទ​ដែល​ខ័ណ្ឌ​ចែក​តៃវ៉ាន់​និង​ចិន។

នាវា​Vendémiaire ត្រូវ​ចូល​រួម​ក្នុង​ក្បួន​ព្យុះហយាត្រា​ ​ នា​ឱកាស​ខួប​៧០​ឆ្នាំ​នៃកំណើត​យោធា​ជើង​ទឹកចិន កាលពី​ថ្ងៃ​អង្គារ​ តែ​បែរ​ជា​អវត្តមាន​ទៅ​វិញ។ បើ​តាម​ប្រភព​អាមេរិក​ គឺ​ដោយសារ​តែ​ឧប្បត្តិហេតុ​ខាង​លើ​ទើប​ចិន​​លុប​ការ​អញ្ជើញ​ទៅ​វិញ។ តែ​ប៉ារីស​មិន​ផ្តល់​សេចក្តី​បំភ្លឺ​អ្វី​ទាំង​អស់​។

នាវា​ចម្បាំង Vendémiaire បំពាក់​ដោយ​កាណុង​២០​មីល្លីម៉ែត្រ និង​មីស៊ីល​ប្រឆាំងនាវា​ចម្បាំង​ពីរ តែង​ចេញ​ធ្វើ​បេសកកម្ម​ជា​ញឹកញយ​ក្នុង​តំបន់​អាស៊ីបាស៊ីហ្វិក ​ដើម្បី​បាន​ស្គាល់​​តំបន់​ផង និង​ដើម្បី​អភិវឌ្ឍ​កិច្ចសហប្រតិបត្តិកររ​ជាមួយ​ប្រទេស​ក្នុង​តំបន់​ ក្រោមទង់​​សេរីភាព​នៃចរាចរណ៍​ផ្លូវទឹកផង។ បារាំង​​ប្រឹង​ពង្រឹង​វត្តមាន​ ក្នុង​តំបន់​ឥណ្ឌូប៉ាស៊ីហ្វិក ដែល​ជា​តំបន់​សេដ្ឋកិច្ច​ផ្តាច់​មុខ​ទីពីរ នៅ​លើ​ពិភពលោក គ្របដណ្តប់​លើ​ផ្ទៃ​ក្រឡា ៩លាន​ម៉ែត្រ​ការ៉េ និង​ដែល​មាន​ភាព​តាន​តឹង​ខ្លាំង​ បណ្តាលមក​ពី​ការ​រីកសាយភាយ​នុយក្លេអ៊ែរ ការរីក​លូត​លាស់​នៃ​បណ្តាញ​ជីហាត​​នៅ​អាស៊ីអាគ្នេយ៍ ការ​រំលោភ​ច្បាប់​អន្តរជាតិ​នៅ សមុទ្ទ​ចិន​ខាង​ត្បូង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ