អានតួអត្ថបទ
ស្រីលង្កា

ស្រីលង្កា៖​អំពើភេរវកម្ម​​អាច​ធ្វើ​ឲ្យ​វិស័យទេសចរណ៍​បាត់​ចំណូល​ចំនួន ១ ៥០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៩

នៅ​ក្នុង​ប្រទេស​ស្រីលង្កា រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​លោក​ម៉ង់ហ្កាឡា សាម៉ារ៉ាវីរ៉ា​បាន​ប្រកាស​នា​ថ្ងៃ​សុក្រ ទី២៦ មេសា​ថា ទេសចរណ៍​ជា​វិស័យ​ដែល​នឹងរង​ផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ពី​អំពើ​ភេរវកម្ម​លើ​វិហារ​គ្រិស្តសាសនា និង​សណ្ឋាគារ​ទំនើបៗ​មួយ​ចំនួន​ក្នុង​ទីក្រុង​កូឡុំបូ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២១ មេសា។ លោក​សាម៉ារ៉ាវីរ៉ា​បាន​ថ្លែង​យ៉ាង​ដូច​នេះ​នៅ​ក្នុង​សន្និសីទកាសែត​មួយ​ដោយ​លំអិត​បន្ថែម​ថា ចំណូល​បាន​មក​ពី​វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ ២០១៩ អាច​នឹង​ធ្លាក់​ចុះ​ចំនួន ៣០% ដែល​គិត​ជា​សាច់ប្រាក់​មាន​ប្រមាណ ១ ៥០០លានដុល្លារ។

នៅស្រីលង្កា ​អំពើភេរវកម្ម​​អាច​ធ្វើ​ឲ្យ​វិស័យទេសចរណ៍​បាត់​ចំណូល​ចំនួន ១ ៥០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៩
នៅស្រីលង្កា ​អំពើភេរវកម្ម​​អាច​ធ្វើ​ឲ្យ​វិស័យទេសចរណ៍​បាត់​ចំណូល​ចំនួន ១ ៥០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៩ ©REUTERS/Dinuka Liyanawatte
ផ្សាយពាណិជ្ជកម្ម

ជា​ប្រទេស​មាន​ឆ្នេរខ្សាច់ ស និង​សម្បូរ​ធម្មជាតិ​បៃតង ស្រីលង្កា​បាន​ទទួល​ភ្ញៀវទេសចរ​បរទេស​ចំនួន ២ ៣៣០ ០០០នាក់​ជាមួយ​នឹង​ចំណូល​ចំនួន ៤ ៤០០លានដុល្លារ​ក្នុង​ឆ្នាំ ២០១៨ កន្លង​ទៅ។ សម្រាប់​ឆ្នាំ ២០១៩ នេះ រដ្ឋាភិបាល​ទីក្រុង​កូឡុំបូ​សង្ឃឹម​ទទួល​បាន​ភ្ញៀវទេសចរ​បរទេស​ច្រើន​ជាង​នេះ​ជាមួយ​នឹង​ចំណូល​ដល់​ទៅ ៥ ០០០លានដុល្លារ។ ជាក់ស្តែង​នៅ​ត្រីមាសទី១ ឆ្នាំ ២០១៩ ចំនួន​ភ្ញៀវទេសចរ​បាន​កើន ៤,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៨។ តែ​សម្រាប់​ត្រីមាស​បន្តបន្ទាប់​នឹង​ស្គាល់​ការ​ធ្លាក់​ចុះ​ដោយសារ​អំពើភេរវកម្ម​វាយប្រហារ​លើ​វិហារ​គ្រិស្តសាសនា និង​សណ្ឋាគារ​ទំនើបៗ​ក្នុង​ទីក្រុង​កូឡុំបូ​កាល​ពី​ថ្ងៃ​អាទិត្យ ទី២១ មេសា​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ២៥៣នាក់។

តួលេខ​នៃ​ការ​ធ្លាក់​ចំណូល​ក្នុង​វិស័យ​ទេសចរណ៍​សម្រាប់​ឆ្នាំ ២០១៩ ត្រូវ​បាន​ប្រកាស​ដោយ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​លោក​ម៉ង់ហ្កាឡា សាម៉ារ៉ាវីរ៉ា​នៅ​ក្នុង​សន្និសីទកាសែត​មួយ។ តែ​លោក​សាម៉ារ៉ាវីរ៉ា​បាន​អះអាង​ដោយ​សុទិដ្ឋិនិយម​ថា វិស័យ​ទេសចរ​ណ៍នឹង​វិល​ត្រឡប់​មក​រក​ភាព​ប្រក្រតី​ឡើង​វិញ​នៅ ២ឆ្នាំ​ខាង​មុខ។ ការ​ហ៊ាន​អះអាង​យ៉ាង​ដូច​នេះ​ដោយ​លោក​សាម៉ារ៉ាវីរ៉ា​បាន​លើក​យក​ភស្តុតាង​ពី​បណ្តា​ប្រទេស​មួយ​ចំនួន​ដែល​បាន​ទទួល​រង​ភេរវកម្ម​ដូច​ស្រីលង្កា​ពេល​នេះ មាន​ដូច​ជា​បារាំង បែលហ្ស៊ិក អេស្ប៉ាញ ឬ​ប្រទេស​ទុយនីស៊ី។

តែ​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​ស្រីលង្កា​រូប​នេះ​ដដែល​មិន​ភ្លេច​បញ្ជាក់​ទេ​ថា ដើម្បី​អាច​ឲ្យ​វិស័យ​ទេសចរណ៍​ត្រឡប់​មក​រក​ភាព​ធម្មតា​ឡើង​វិញ​បាន គេ​ត្រូវ​ដោះស្រាយ​ជា​ដំបូង​នូវ​បញ្ហា​ភេរវនិយម​ឲ្យ​ដល់​ឫសគល់​របស់​វា ហើយ​គ្រប់​វិធានការ​សន្តិសុខ​ក៏​ត្រូវ​ផ្សព្វផ្សាយ​ឲ្យ​បាន​ត្រឹមត្រូវ ទូលំទូលាយ​ដែរ។ ប្រតិកម្ម​របស់​លោក​ម៉ង់ហ្កាឡា សាម៉ារ៉ាវីរ៉ា​បាន​ធ្លាក់​មក ខណៈ​ពេល​ដែល​មាន​ការ​លើក​ឡើង​ពី​ការ​កើត​មាន​អំពើ​ភេរវកម្ម​ជា​យថាហេតុ​ថ្មី​ទៀត។ អ៊ីចឹង​ហើយ​បាន​ជា​ពេល​នេះ មាន​ប្រទេស​ជា​ច្រើន​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​របស់​ខ្លួន​ផ្អាក​ការ​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ស្រីលង្កា ហើយ​អ្នក​ដែល​កំពុង​មាន​វត្តមាន​ក៏​គួរ​វិល​ត្រឡប់​ចូល​ស្រុក​វិញ ឬ​មួយ​ក៏​ស្ថិត​ឲ្យ​ឆ្ងាយ​ពី​ទីកន្លែង​សាសនា ឬ​កន្លែងជួបជុំ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ