អានតួអត្ថបទ
ឧបទ្វីបកូរ៉េ

ក្នុង​ពិធី​រម្លឹក​ខួប ១ឆ្នាំ​នៃ​ជំនួប​លើកទី១ រវាង​លោកគីម និង​​លោកមូន កូរ៉េខាងជើង​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​កំណើន​សង្រ្គាម

ថ្ងៃ​សៅរ៍ ទី២៧ មេសា​ជា​ខួប​គម្រប់ ១ឆ្នាំ​នៃ​ជំនួបកំពូល​លើកទី១ រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​កាល​ពី​ថ្ងៃទី២៧ មេសា​ឆ្នាំ ២០១៨ ក្នុង​ស្រុក​ជាប់ព្រំដែន​ឈ្មោះ Panmunjom។ ពិធី​រម្លឹក​ខួប​មួយ​នេះ​ត្រូវ​បាន​កូរ៉េខាងត្បូង​រៀបចំ​នៅ​ថ្ងៃ​សៅរ៍ ទី២៧ មេសា​ក្នុង​ស្រុក Panmunjom ដោយ​មាន​មនុស្ស​ចូលរួម​ប្រមាណ​ជា ៥០០នាក់ តែ​គ្មាន​វត្តមាន​លោក​មូន ចៃអ៊ីន​ទេ។ ចំណែក​កូរ៉េខាងជើង​មិន​ត្រឹម​តែ​បដិសេធ​មិន​ចូលរួម​ទេ តែ​ថែម​ទាំង​ព្រមាន​ពី​គ្រោះថ្នាក់​នៃ​កំណើន​សង្រ្គាម​ទៀត​ផង។

ពិធី​រម្លឹក​ខួបមួយ​ឆ្នាំ​នៃ​ជំនួបកំពូល​លើកទី១ រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​កាល​ពី​ថ្ងៃទី២៧ មេសា ២០១៨
ពិធី​រម្លឹក​ខួបមួយ​ឆ្នាំ​នៃ​ជំនួបកំពូល​លើកទី១ រវាង​លោក​គីម ជុងអ៊ុន និង​លោក​មូន ចៃអ៊ីន​កាល​ពី​ថ្ងៃទី២៧ មេសា ២០១៨ Reuters
ផ្សាយពាណិជ្ជកម្ម

ការ​ព្រមាន​នេះ​បាន​ធ្វើ​ឡើង​ដោយ​គណៈកម្មាធិការ​ដើម្បី​ការ​បង្រួបបង្រួម​ប្រទេស​ដោយ​សន្តិវិធី។ នៅ​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ដែល​ផ្សព្វផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA ក្រុង​ព្យងយ៉ាង​បាន​អំពាវនាវ​ក្រុង​សេអ៊ូល​ឲ្យ​ធ្វើ​ការ​សកម្ម​កាន់​តែ​ច្រើន​ដើម្បី​បង្កើន​ទំនាក់ទំនង។ សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បាន​ចោទ​កូរ៉េខាងត្បូង​ពី​បទ​កំពុង​បង្កើត​ឲ្យ​មាន​ស្ថានការណ៍​គ្រោះថ្នាក់​ដែល​អាច​នឹង​ទាញ​ស្ថានការណ៍​ល្អ​សព្វថ្ងៃ​ឲ្យ​វិល​ទៅ​រក​ស្ថានការណ៍​នៅ​ក្នុង​អតីតកាល​វិញ។ នៅ​ក្នុង​ន័យ​នេះ ក្រុង​ព្យុងយ៉ាង​បាន​ទម្លាក់​ការ​ទទួល​ខុស​ត្រូវ​លើ​អាមេរិក​ដែល​បាន​ដាក់​សម្ពាធ​លើ​កូរ៉េខាងត្បូង​ឲ្យ​ដាក់​គំនាប​លើ​កូរ៉េខាងជើង។

គឺ​នៅ​ក្នុង​បរិបទ​តានតឹង​ខ្លាំង​នា​រយៈពេល​ចុង​ក្រោយ​នេះ​ដែល​ក្រុង​ព្យុងយ៉ាង​មិន​បាន​ឆ្លើយ​នឹង​ការ​អញ្ជើញ​របស់​ក្រុង​សេអ៊ូល​ឲ្យ​ចូលរួម​នៅ​ក្នុង​ពិធី​រម្លឹក​ខួប ១ឆ្នាំ​នៃ​ជំនួបកំពូល​លើកទី១ រវាង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន និង​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក​មូន ចៃអ៊ីន​នៅ​ស្រុក​ជាប់ព្រំដែន​ឈ្មោះ Panmunjom នា​ថ្ងៃ​សៅរ៍ ទី២៧ មេសា។ គួរ​រម្លឹក​ថា គឺ​នៅ​តំបន់​គ្មាន​កងទ័ព​ខ័ណ្ឌ​ចែក​កូរ៉េ​ទាំង​ពីរ​ដែល​លោក​គីម ជុង​អ៊ុន និង​លោក​មូន ចៃអ៊ីន​បាន​ជួប​គ្នា​លើក​ដំបូង​កាល​ពី​ថ្ងៃទី២៧ មេសា ឆ្នាំ ២០១៨។ មាន​មនុស្ស​ប្រមាណ​ជា ៥០០នាក់ ក្នុង​នោះ​មាន​អ្នកការទូត និង​ថ្នាក់ដឹកនាំ​ក្នុង​ជួរ​រដ្ឋាភិបាល​កូរ៉េខាងត្បូង​បាន​ចូលរួម​នៅ​ក្នុង​ពិធី​នា​ថ្ងៃ​សៅរ៍ ទី២៧ មេសា។

លោក​មូន ចៃអ៊ីន​មិន​បាន​ទៅ​ចូលរួម​ផ្ទាល់​ទេ តែ​បាន​ថ្លែង​សារ​តាម​វីដូអូ​មួយ​ដោយ​បាន​ចាត់​លទ្ធផល​សម្រេច​កន្លង​មក​ថា​ជា​ផ្លូវ​ថ្មី​មួយ​ដែល​កូរ៉េ​ទាំង​ពីរ​ត្រូវ​បន្ត​ដើរ​រួម​គ្នា។ គួរ​រម្លឹក​ថា​នៅ​ក្រោយ​ជំនួបលើកទី១ រវាង​លោក​គីម និង​លោក​មូន ទំនាក់ទំនង​រវាង​បងប្អូន​បង្កើត​គូសត្រូវ​ទាំង​ពីរ​មាន​ភាព​ធូរស្បើយ​ច្រើន។ ភាព​ធូរស្បើយ​ក៏​មាន​ដែរ​រវាង​កូរ៉េខាងជើង និង​អាមេរិក បន្ទាប់​ពី​មាន​ជំនួប​លើកទី១ ជា​ប្រវត្តិសាស្រ្ត​រវាង​លោក​គីម ជុនអ៊ុន និង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៨ នៅ​សិង្ហបុរី។ តែ​គេ​ត្រូវ​ទទួល​ស្គាល់​ថា ជម្រៅ​នៃ​បញ្ហា​ដែល​ទាក់ទង​នឹង​រឿង​នុយក្លេអ៊ែរ ឬ​គ្រាប់មីស៊ីល​កូរ៉េខាងជើង​នៅ​មិន​ទាន់​បាន​ដោះស្រាយ​នៅ​ឡើយ​ទេ។

តាំង​ពី​បរាជ័យ​នៃ​ជំនួបលើកទី២ រវាង​លោក​គីម និង​លោក​ត្រាំ​ក្នុង​ខែ​កុម្ភៈ​នៅ​វៀតណាម​មក នីតិវិធី​ការទូត​ហាក់​កំពុង​ជាប់គាំង ហើយ​កំពុង​ជំនួស​ដោយ​សង្រ្គាម​ពាក្យសម្តី​វិញ។ ថ្លែង​នៅ​ក្នុង​សភា​ប្រជាជន​នា​ពេល​ថ្មីៗ​នេះ លោក​គីម ជុងអ៊ុន​មិន​ញញើត​នឹង​វាយប្រហារ​លើ​កូរ៉េខាងត្បូង​ដោយ​បញ្ជាក់​ថា កូរ៉េខាងត្បូង​មិន​គួរ​តាំង​ខ្លួន​ជា​អ្នកសម្របសម្រួល ជា​អន្តរការី និង​ជា​អ្នក​អន្តរាគមន៍​រវាង​អាមេរិក និង​កូរ៉េខាងជើង​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ