អានតួអត្ថបទ

ថៃ ៖ ប្រមុខ​បក្ស​ប្រឆាំង​ថ្មី​ដ៏​មានប្រជាប្រិយភាព កំពុងរង​ហានិភ័យ​ជាប់ចោទ​​រំលោភ​​ច្បាប់​​បោះឆ្នោត

ប្រមុខ​ដឹកនាំ​គណបក្ស​ អណាខុតម៉ៃ ដែល​ជា​បក្ស​ប្រឆាំង​ថ្មី ទើប​ឡើង​ប្រជាប្រិយភាព​ខ្ពស់​ខ្លាំង នៅ​ក្នុង​សម័យ​បោះឆ្នោត​សភា​កាលពី​ខែ​មីនា ត្រូវ​បាន​គណៈកម្មការជាតិ​រៀប​ចំ​​បោះឆ្នោត កោះ​ហៅ​ឱ្យ​ចូល​បំភ្លឺ នៅ​ថ្ងៃ​អង្គារ​នេះ។ លោក ថាណាថន រងការ​ចោទ​ប្រកាន់​ពី​បទ​រំលោភ​ច្បាប់​បោះឆ្នោត ដោយ​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ឃោសនា​ព័ត៌មាន​។ បទ​ចោទ​ប្រកាន់​នេះ នឹង​អាច​នាំ​លោក​និង​សមាជិក​បក្ស​ដទៃ​ទៀត គ្មាន​សិទ្ធិ​ជាប់​ឆ្នោត។

លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស​អណាខុតម៉ៃ
លោក Thanathorn Juangroongruangkit ប្រធាន​គណបក្ស​អណាខុតម៉ៃ © Reuters
ផ្សាយពាណិជ្ជកម្ម

ជា​មហាសេដ្ឋី ​វ័យក្មេង​៤០​ឆ្នាំ លោក ថាណាថន ជា​ស្ថាបនិក​គណបក្ស​ អណាខុត​ម៉ៃ ​ ដែល​បាន​ប្រមូល​សំឡេង​គាំទ្រច្រើន គួរ​ជាទីភ្ញាក់ផ្អើល​ ដល់​ជាង​៦​លាន​សំឡេង​ នៅ​ក្នុង​ការ​បោះឆ្នោតសភាកាលពី​ថ្ងៃទី ២៤​មីនា ២០១៩។ បន្ទាប់​មក​ លោក​ ថាណាថន បាន​ចង​សម្ព័ន្ធ​ភាព​ប្រឆាំង​នឹង​របប​សឹក​ជាមួយគណបក្ស​ប្រឆាំង​៦​ផ្សេង​ទៀត និង​បាន​ទាមទារ​សិទ្ធិ​​បង្កើត​រដ្ឋាភិបាលថ្មី​ ក្រោយដឹង​​លទ្ធផល​ជា​ផ្លូវការ​នៅ​ថ្ងៃទី ៩ ឧសភា ខាង​មុខ។

ប៉ុន្តែ​ ក្រោយ​ពី​ជាប់​ចោទ​កាលពីដើម​ខែ​មេសា ពី​បទ​ញុះញង់បំបះបំបោរ នៅ​ថ្ងៃនេះ លោក ថាណាថន ត្រូវ​ចូល​បំភ្លឺ​ចំពោះ​បទ​​ចោទ​ប្រកាន់​ថ្មី​មួយ​ទៀត ពី​សំណាក់​គណៈកម្មការ​បោះឆ្នោត ពីបទ​មាន​ភាគ​ហ៊ុន​ក្នុង​ក្រុមហ៊ុន​ឃោសនា​ព័ត៌មាន ដែល​ជា​ទង្វើរំលោភ​​ច្បាប់បោះឆ្នោត និង​ដែល​លោក​បាន​បដិសេធ​យ៉ាង​ដាច់​ខាត។

បើ​ជា​ទង្វើ​​រំលោភ​ច្បាប់​បោះឆ្នោត នោះ​​ឱ្យ​រូប​លោក ថាណាថន ព្រម​ទាំង​សមាជិក​គណបក្ស​អណាខុតម៉ៃ​ទាំង​អស់ នឹង​គ្មាន​សិទ្ធ​ឈរ​ឈ្មោះ ពោល​គឺ​​ត្រូវ​ចាញ់​ឆ្នោត​ជា​ស្វ័យប្រវត្តិ។ នេះ​បើ​តាម​ពាក្យ​ព្រមាន​របស់​គណៈកម្មការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ដែលស្ថិត​ក្រោម​បង្គ្រាប់​​របប​សឹក ដោយ​អះអាង​ទៀត​ថា គណៈកម្មការ​អាច​នឹង​សម្រេច​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​តុលាការ​តែ​ម្តង​។ ដូច្នេះ​លោក​ ថាណាថន អាច​នឹង​ត្រូវ​ជាប់ទោស​ក្នុង​ពន្ធនាគារ​។ ចំណែក​គណបក្ស​អណាខុត​ម៉ៃ​ដែល​តំណាង​ឱ្យ​ចលនា​​នយោបាយ​ទីបី​នៅ​ក្នុង​ប្រទេស​ ក៏​នឹង​អាច​ត្រូវ​រំលាយ​ចោល ដូច​គណបក្ស​ប្រឆាំងមុន។

នៅ​ចំពោះ​មុខ​សកម្មជន​គាំទ្រ ដ៏​កកកុញ​នៅ មុខ​ទីស្នាក់ការ​គណៈកម្មការ​បោះឆ្នោត លោក ថាណាថន បាន​បង្ហាញ​ទំនុក​ចិត្ត និង​បញ្ជាក់​ថា ភាគហ៊ុន​ដែល​លោក​មាន​ក្នុង​ក្រុមហ៊ុន​ឃោសនា​​ព័ត៌មាន​ ត្រូវ​បាន​លក់​ចេញ​ តាំង​ពី​ពីរបី​សប្តាហ៍​មុន​លោក​ដាក់​បេក្ខភាព​ឈរ​ឈ្មោះ​បោះឆ្នោត​ម្ល៉េះ។​ នេះ​ជា​ការ​ចោទ​ប្រកាន់​​បែប​នយោបាយ​សុទ្ធ​សាធ។

ប្រមុខ​ដឹកនាំ​នយោបាយ​វ័យ​ក្មេង​រូប​នេះ ក៏​ជាប់​អង្កេត មួយ​ទៀត ​ពី​បទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ ដោយ​បាន​ធ្វើ​ការ​រិះគន់​របប​សឹក​ក្នុង​ប្រព័ន្ធ​ហ្វេសប៊ុក កាលពី​ឆ្នាំ​ទៅ។

ជាង​មួយ​ខែ​ក្រោយ​ការ​បោះឆ្នោត​សភា លទ្ធផល​​ផ្លូវការពុំ​ទាន់​​ត្រូវ​​​​បាន​ប្រកាសទៀត ហើយ​​បក្ស​ប្រឆាំង​បរិហារ​ថា​មាន​ការ​លួច​បន្លំ​យ៉ាង​ច្រើន។ បើ​តាម​គិត​ជា​តួលេខ​​ គណបក្ស​កាន់​អំណាច​មាន​សំឡេង​នាំ​មុខ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​ភឿថៃ ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋមន្ត្រី​ថាក់ស៊ីន ប្រមូលចំនួន​​អាសនៈ​សភា​បាន​ច្រើន​ជាង។ នេះ​បើ​តាម​លទ្ធផល​បឋម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ