ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/10 12h00 GMT

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត

អង្គការRSF៖ ការស្អប់​រើសអើង​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​កាន់តែ​ច្រើន​ទៅលើ​អ្នកកាសែត
 
អ្នកកាសែត​នៅ​ប្រទេស​កេនយ៉ា​អបអរ​ទិវា​សេរីភាព​សារព័ត៌មាន​នៅ​ឆ្នាំ ២០១៨ ©Suleiman MBATIAH / AFP

ទិវាសេរីភាព​សារព័ត៌មាន​ពិភពលោក ឆ្នាំនេះ ប្រារព្ធធ្វើឡើង​នៅក្នុង​បរិបទ​ដែល​ពិភពលោក​កាន់តែ​គ្រោះថ្នាក់ សម្រាប់​អ្នកសារព័ត៌មាន។ នៅក្នុង​របាយការណ៍​ប្រចាំឆ្នាំ​របស់​ខ្លួន ដែល​ចេញផ្សាយ នៅថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ អង្គការ​អ្នកកាសែត​គ្មានព្រំដែន​បាន​វាយតម្លៃ សិទ្ធិ​សេរីភាព​សារព័ត៌មាន​នៅក្នុង​ពិភពលោក កាន់​តែ​ធ្លាក់ចុះ ព្រោះថា គ្រោះថ្នាក់ ហើយ​និង​កម្រិត​ស្អប់​អ្នកកាសែត​បាន​កើនឡើង​ដល់​កម្រិត​មួយខ្ពស់ មិនធ្លាប់​មាន​ពីមុន​មក។ តើ​អ្វី​ ជា​កត្តា​សំខាន់ ធ្វើ​ឲ្យ​ស្ថានភាព​សេរីភាព​សារព័ត៌មាន​ក្នុង​ពិភពលោក​ធ្លាក់ចុះ?

 

នៅក្នុង​ឱកាស ពិភពលោក ប្រារព្ធ​ទិវា​សេរីភាព​សារព័ត៌មាន នៅថ្ងៃ​ទី ៣​ឧសភា នេះ អង្គការ​អ្នកកាសែត​គ្មានព្រំដែន RSF បាន​ចេញផ្សាយ​របាយការណ៍​សម្រាប់​ឆ្នាំ ២០១៩ ដែល​នៅ​ក្នុង​នោះ អង្គការ​បាន​លើក​និយាយ​ពី សេរីភាព​សារព័ត៌មាន កាន់​តែ​ធ្លាក់ចុះ​អាក្រក់ នៅ​ក្នុង​ពិភពលោក។

ជាទូទៅ អ្នកកាសែត​លែង​បាន​ធ្វើការ​ក្នុង​លក្ខខណ្ឌ​ដ៏ល្អប្រសើរ​ទៀតហើយ។ ​ក្នុង​ពិភពលោក តាំង​ពី​អាហ្វ្រិក អាស៊ី អឺរ៉ុប រហូត​ដល់​ទ្វីប អាមេរិក អ្នកកាសែត​ធ្វើការ​ក្នុង​ភាពភ័យខ្លាច រងការគំរាមកំហែង ដល់​អាយុជីវិត ឬ​ប្រឈម​នឹង​ការចាប់ដាក់ពន្ធនាគារ ដោយសារ​តែ​ការងារ​របស់​ពួកគេ។ ការងារ​ដែល​គោលដៅ​តែ​មួយគត់ គឺ​ផ្តល់​ព័ត៌មាន​មិន​លំអៀង និង​ការពិត។ អ្នកកាសែត​ដែល​ធ្វើការ​ស៊ើបអង្កេត ទៅលើ​អំពើពុករលួយ ការលួច​គេចពន្ធ ការកាប់ព្រៃឈើ ឬ​បទឧក្រិដ្ឋ ជាក្រុម បើមិន​ត្រូវ​ប្រឈម​នឹង​ការចាប់ដាក់​ពន្ធនាគារ ក៏​ត្រូវ​ស្លាប់ បាត់បង់​ជីវិត ឬ​ត្រូវ​គេ​តាមធ្វើបាប មិន​ឲ្យ​រស់នៅ​បាន​សុខស្រួល​នោះទេ។

អ្នកកាសែត យ៉ាងតិច ៩៥​នាក់​ត្រូវ​គេ​សម្លាប់ ចំណែក អ្នកកាសែត ២៥១​នាក់ ត្រូវ​ចាប់ដាក់​ពន្ធនាគារ

តាមរបាយការណ៍​របស់​អង្គការ សហព័ន្ធ​អន្តរជាតិ​នៃ​អ្នកសារព័ត៌មាន នៅ​ឆ្នាំ ២០១៨ មាន​អ្នកកាសែត យ៉ាងតិច ៩៥នាក់ ត្រូវ​បាន​គេ​សម្លាប់ នៅពេល​ពួកគេ​បំពេញ​ការងារ​យកព័ត៌មាន។ ចំនួននេះ​តិចណាស់​បើប្រៀបធៀប​នឹង​ឆ្នាំ ២០០៦ ដែល​មាន​អ្នកកាសែត ដល់​ទៅ ១៥៥​នាក់​បាន​ស្លាប់ ប៉ុន្តែ យ៉ាងណាក៏ដោយ​វា​នៅតែ​កើនឡើង​ច្រើន បើប្រៀបធៀប​នឹង​ឆ្នាំ ២០១៧។ ប្រជាភិថុត ការរើសអើង ស្អប់​អ្នកកាសែត អំពើពុករលួយ ហើយ​និង​បទឧក្រិដ្ឋ គឺ​ជា​កត្តាសំខាន់ រួមផ្សំ ធ្វើឲ្យ​ អ្នកកាសែត​ត្រូវ​គេលួច​សម្លាប់ ក្នុង​ពេល​ប្រកប​ការងារស៊ើបអង្កេត​របស់ពួកគេ។ អង្គការ សហព័ន្ធ​អន្តរជាតិ​នៃ​អ្នកសារព័ត៌មាន បាន​វាយតម្លៃថា អ្នកកាសែត​ដែល​ត្រូវ​គេ​សម្លាប់ ដោយសារ​តែ​ការងារ​រាយការណ៍​ពីសង្គម ឬ​ប្រទេស របស់​ពួកគេ គឺ មាន​ចំនួន​ច្រើន​ជាង​អ្នកកាសែត ដែល​ស្លាប់​នៅក្នុង​សមរភូមិ​សង្រ្គាម​ទៅទៀត។

នៅត្រង់​ចំណុចនេះ ​អង្គការ​អ្នកកាសែត​គ្មានព្រំដែន​កត់សំគាល់​ឃើញ ដូចគ្នា ព្រោះថា នៅ​ឆ្នាំ ២០១៨ គឺ គំនិត​ស្អប់​អ្នកកាសែត រហូត​រាលដាល​ទៅ​ជា​អំពើ​ហិង្សា ដែល​បាន​បង្ក​ឲ្យ​មាន​ភាពភ័យខ្លាច ជាពិសេស សម្រាប់​អ្នកដែល​មានអាជីព ជាអ្នកយកព័ត៌មាន។ បរិយាកាស​ស្អប់ មិនទុកចិត្ត​អ្នកកាសែត ដែល​បង្កើត​ឡើង​ដោយ​ក្រុមអ្នកនយោបាយ និង​មេដឹកនាំ​ប្រទេស​តែម្តង ដែល បានជំរុញ​ឲ្យ​កើតមាន​អំពើ​ហិង្សា ក្នុង​ទ្រង់ទ្រាយធំ និង​ធ្ងន់ធ្ងរ ទៅ​លើ​អ្នកកាសែត។ គេ​បាន​លើក​យក​ករណី​សម្លាប់​ស្រ្តី​អ្នកកាសែត នៅ​ប្រទេស​អង់គ្លេស ដោយសារ​ស្នាដៃ​របស់​ក្រុមជ្រុលនិយម នៅ​អៀរឡង់​ខាងជើង ឬ ការបាញ់សម្លាប់​អ្នកកាសែត អាមេរិកាំង បួននាក់ នៅ​Maryland ប្រទេស​អាមេរិក កាល​ពី​ឆ្នាំមុន។ នៅមុន​ពេល​ចូលទៅ​បាញ់រះ​សម្លាប់​អ្នកកាសែត ​ខ្មាន់កាំភ្លើង​បាន​បង្ហោះ ចែកចាយ សារ​ស្អប់​អ្នកកាសែត ពេញ​បណ្តាញ​សង្គម​តែម្តង។

បរិយាកាស​រើសអើង ស្អប់​អ្នកកាសែត កើនឡើង​នៅ​តំបន់​ដែល​ធ្លាប់​តែ​បរិយាកាស​ល្អ​សម្រាប់​អ្នកកាសែត

សេរីភាព​សារព័ត៌មាន​ធ្លាក់ចុះ នៅក្នុង​តំបន់​ដែលធ្លាប់​តែ​មាន​បរិយាកាស​ល្អ សម្រាប់​អ្នកសារព័ត៌មាន។ នេះ​ជា​កង្វល់​ចំបង​របស់​អង្គការ​តាមដាន​សេរីភាព​សារព័ត៌មាន​ក្នុង​ពិភពលោក។ នៅក្នុង​បញ្ជី​ចំណាត់ថ្នាក់​ស្តីពី​សេរីភាព​សារព័ត៌មាន​របស់​ខ្លួន អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន បាន​ចាត់​ថ្នាក់អាមេរិក​ក្នុង​លេខរៀង​ទី ៤៨ ពោល​គឺ​ធ្លាក់​ចុះ អស់​៣ថ្នាក់ ដោយសារ​តែ​បរិយាកាស ស្អប់ រើសអើង​ទៅលើ​អ្នកកាសែត ដែល​លោកដូណាល់ ត្រាំ​បាន​បង្កើតឡើង​ចាប់តាំង​ពី​ដើមអាណត្តិ​របស់លោក។ តាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន នេះ​ជា​លើកដំបូង ដែល អ្នកកាសែត​អាមេរិក​ប្រឈម​នឹង​ការគំរាមសម្លាប់​ច្រើន​មិនធ្លាប់មាន។ ដោយសារ​តែ​ការគំរាមសម្លាប់ អ្នកកាសែត​អាមេរិក​កាន់តែ​ច្រើន​បាន​ជួល​ក្រុមហ៊ុន​ឯកជន ឲ្យ​ធានាការពារ​សន្តិសុខ​ឲ្យ​ពួកគេ។

ងាក​មកនិយាយ​ពី​អឺរ៉ុបវិញ បើទោះបី​ជា​ប្រទេស​នៅ​អឺរ៉ុប​ខាងជើង​មួយចំនួន ជាប់​ចំណាត់ថ្នាក់​ល្អ ជាងគេ ដូចជា ន័រវែស ជាប់ចំណាត់​លេខ​១ ខាង ​គោរព​សេរីភាព​សារព័ត៌មាន នាំមុខ​ប្រទេស​ហ្វាំងឡង់ ប្រទេស​នៅ​អឺរ៉ុប​ខាងត្បូង ខាងលិច ឬ​ខាងកើត ឯណោះវិញ កំពុង​មាន​បរិយាកាស​មិន​សូវ​ល្អ​ប៉ុន្មានទេ សម្រាប់​អ្នកកាសែត។

នៅ​បារាំង ដោយសារ​តែ​ចលនា​របស់​ក្រុមអាវកាក់លឿង ដែល​មិន​ជឿទុកចិត្ត​លើ​បណ្តាញ​ផ្សព្វផ្សាយ ដែល​ពួកគេ​ចោទថា លំអៀង​ទៅលើ​រដ្ឋាភិបាល ក្រុម​អ្នកកាសែត​អាច​ប្រឈម​គ្រប់ពេលវេលា​នឹង​ការវាយធ្វើបាប។ ពួកគេ​ត្រូវ​ពាក់មួកការពារ​សុវត្ថិភាព និង​ត្រូវ​មាន​អង្គរក្ស​ជួយ​ការពារ នៅពេលចុះទៅ​យកព័ត៌មាន ពីបាតុកម្មហិង្សា របស់​ក្រុមអាវកាក់លឿង។ នៅ​ប្រទេស​ម៉ាល់ អ្នកកាសែត​ត្រូវ​គេ​សម្លាប់ ចំណែក នៅ​ហុងគ្រី គណបក្ស​កាន់អំណាច របស់​លោក​នាយករដ្ឋមន្រ្តី Viktor Orban តែង​បដិសេធ​មិន​និយាយ​ជាមួយ​អ្នកកាសែត ដែល​មិន​ធ្វើការ​ឲ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​គាំទ្រ​ខ្លួន។

អាស៊ី​ប៉ាស៊ីហ្វិក អួរអ័ព្ធ​ដោយ​បរិយាកាស​មិន​ល្អ​សម្រាប់​អ្នកកាសែត

ការឃោសនា​របស់​មេដឹកនាំ​ផ្តាច់ការ ការកំណត់​ដែន​ធ្វើការ មិនហ៊ាន​សរសេរ​រិះគន់ ដោយ​អ្នកកាសែត ខ្លួនឯង ការបំភិតបំភ័យ អំពើហិង្សា​ទៅលើ​រាងកាយ ហើយ​និង​និន្នាការ​សរសេរ​ប្រមាថ​តាម​បណ្តាញ​សង្គម។ តំបន់អាស៊ីប៉ាស៊ីហ្វិក ប្រមូលផ្តុំ​ទៅដោយ​ចំណុច​អវិជ្ជមាន​សម្រាប់​អ្នកកាសែត។ នៅអាហ្វហ្កានីស្ថាន ប៉ាគីស្ថាន និង​ឥណ្ឌា អ្នកកាសែតជា​គោលដៅ​សម្លាប់​របស់​ក្រុម​ភេរវនិយម ក្រុមជ្រុលនិយម ហិណ្ឌូជាដើម។ តាម​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ព័ត៌មាន​ក្លែងក្លាយ គឺ​ជា​បញ្ហា​សំខាន់​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ នៅ​ភូមា បណ្តាញ​សង្គម​ត្រូវ​បាន​គេ​ប្រើ​ដើម្បី ចែកចាយ​សារជាតិនិយម ស្អប់​ជនជាតិ​ភាគតិច​រ៉ូហ៊ីងយ៉ាង។ ដោយសារ​តែបញ្ហា​ជាតិនិយមនេះ អ្នកកាសែត​ភូមា​របស់​ទីភ្នាក់ងារ​Reuters ២​នាក់ ត្រូវ​តុលាការ​ភូមា​ផ្តន្ទាទោស​ឲ្យជាប់ពន្ធនាគារ​៧ឆ្នាំ ដោយសារតែ​ពួកគេ​ស៊ើបអង្កេត​លើ​ករណី​សម្លាប់រង្គាល​ទៅលើ​ជនជាតិ​រ៉ូហ៊ីងយ៉ា។

មួយវិញទៀត បើតាម​ការកត់សំគាល់​របស់​អង្គការ​អ្នកកាសែត​គ្មានព្រំដែន នៅក្រោម​ឥទ្ធិពល​របស់​មហាអំណាច​ចិន ដែល​ជាប់​ចំណាត់​មិនល្អ​សម្រាប់​សេរីភាពសារព័ត៌មាន គឺ​ជាប់​លេខរៀង​ទី ១៧៧ ក្នុង​ចំណោម​ប្រទេស ១៨០ ប្រទេស​សិង្ហបុរី ឬ​កម្ពុជា ជាដើម ដែល​ជាប់ចំណាត់​ថ្នាក់ទី ១៤៣ កំពុង​មាន​បញ្ហា ដែល​អ្នកកាសែត ដាក់​បម្រាមខ្លួនឯង មិន​ហ៊ាន​សរសេរ​ព័ត៌មាន​រិះគន់ ឬ​ព័ត៌មាន​ស៊ើបអង្កេត​ទៅលើ​ករណី​ពុករលួយ ឬ​បទឧក្រិដ្ឋ​ក្នុង​ប្រទេស​របស់​ពួកគេ។

 

 


ទាក់ទង​នឹង​ប្រធានបទ​នេះ

  • កម្ពុជា-សង្គម

    ​SEAPA​៖ កម្ពុជា​ប្រើ​អំណាច​នីតិ​ប្រតិបត្តិ​ ដើម្បី​សង្កត់​សង្កិន​សេរីភាព​បញ្ចេញ​មតិ​

    ស្វែងយល់បន្ថែម

  • កម្ពុជា-សង្គម

    ​សេរីភាព​សារ​ព័ត៌មាន​៖ អង្គការ​អ្នក​សារព័ត៌មាន​គ្មាន​ព្រំ​ដែន ទម្លាក់​ចំណាត់​ថ្នាក់​កម្ពុជា​មួយ​លេខ​

    ស្វែងយល់បន្ថែម

  • RSF៖ ស្ថានភាព​គំរាម​​កំហែង​លើ​អ្នក​កាសែត កាន់តែ​ធ្ងន់ធ្ងរ​ទូទាំង​ពិភពលោក

    ស្វែងយល់បន្ថែម

  • ចិន-RSF

    របាយការណ៍​​RSF៖ ចិន​លូកដៃ​ចូលគ្រប់គ្រង​​បណ្តាញផ្សព្វផ្សាយ​ពិភពលោក

    ស្វែងយល់បន្ថែម

  • ភ្ញៀវប្រចាំថ្ងៃ

    ​លោក មាស សុភ័ណ្ឌ៖ «​សារព័ត៌មាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​ភាព​ឯករាជ្យ​ពេញ​លេញ​»​

    ស្វែងយល់បន្ថែម

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ