ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT
អាស៊ី

អាមេរិក ៖ ប៉េកាំង​ចង់​ពង្រឹង​វត្តមាន​យោធា​នៅ​មហាសមុទ្ទ​អាកទិក

media អាមេរិក​ថា​ចិន​ចង់​ពង្រឹង​វត្តមានយោធា​នៅ​តំបន់​អាកទិក Peter Adams/Getty Images

ការ​ពង្រឹង​សកម្មភាព​និង​វត្តមាន​របស់​ចិន​នៅ​តំបន់​អាកទិកនាពេល​នេះ អាច​ជា​ការ​បើក​ផ្លូវ​ឱ្យ​ប៉េកាំង​ដាក់វត្តមាន​យោធា​ ពង្រឹង​កម្លាំង​ទ័ព និង​ពង្រាយ​នាវាចម្បាំង​មុជ​ទឹក​ ដើម្បី​ទប់​ស្កាត់​ការ​វាយប្រហារ​នុយក្លេអ៊ែរ​ នៅ​ថ្ងៃ​មុខ​។ នេះ​បើ​តាម​របាយការណ៍​​របស់​មន្ទីរ​បញ្ចកោណ​អាមេរិក ចេញ​ផ្សាយ​នៅ​ថ្ងៃព្រហស្បតិ៍​ទី ២​មេសា​ម្សិលមិញ។

ការ​ព្រមាន​ស្តី​អំពី​ការចង់​ពង្រឹង​វត្តមាន​យោធា​ចិន​នៅ​តំបន់​មហាសមុទ្ទ​អាកទិក ជា​សេចក្តី​វិភាគ​ដែល​មាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​ប្រចាំ​ឆ្នាំ​របស់​ក្រសួង​ការពារ​ជាតិ​អាមេរិក ​សម្រាប់​ដាក់​ជូន​សភា​ ឱ្យ​បាន​ដឹង​អំពីកម្លាំង​របស់​យោធា​ចិន។

ចិន​ដែល​កាលពី​ខែ​មិថុនា​ឆ្នាំ​២០១៨ បាន​លើក​ឡើង​អំពី​នយោបាយ​នៅ​តំបន់​អាកទិក ជា​លើក​ដំបូង​នៅ​ក្នុង​សៀវភៅ​​ស​របស់​ខ្លួន។ ចិន​បាន​ពិពណ៌នា​គម្រោង​អភិវឌ្ឍន៍​ផ្លូវ​សមុទ្ទ​​នៅ​តំបន់​ប៉ូល ដែល​អាច​ប្រើប្រាស់​បាន​ ដោយ​ហេតុ​តែ​ការឡើងកំដៅ​អាកាសធាតុនៃ​ភព​ផែនដី សម្រាប់​បង្កើត​ឱ្យ​ក្លាយ​ជា​ទៅ​ជា “​ផ្លូវ​សូត្រ” ប៉ែក​ប៉ូល។

ថ្វី​បើ​​មិន​ស្ថិត​នៅជាប់​តំបន់​មហាសមុទ្ទ​អាកទិក​មែន ប៉ុន្តែ​ចិន​មាន​សកម្មភាព​កាន់​តែ​សកម្មខ្លាំង​ឡើងៗ​ នៅ​តំបន់​ប៉ូល​ខាង​ជើង រហូត​បាន​ក្លាយ​ជា​សមាជិក​អង្កេតការណ៍​នៃ​ក្រុមប្រឹក្សា​អាកទិក​ តាំង​ពី​ឆ្នាំ​២០១៣។ វត្តមាន​ដែល​បាន​ធ្វើ​ឱ្យ​សមាជិក​​ក្រុមប្រឹក្សា​ មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​​ចំពោះ​កម្មវត្ថុ​​យុទ្ធសាស្ត្រ និង​យោធា​របស់​ចិន​ ទៅ​ថ្ងៃ​អនាគត។

​របាយការណ៍​របស់​ក្រសួងការពារជាតិ​អាមេរិកថ្ងៃ​នេះ​បាន​បញ្ជាក់​ថា​ ដាណឺម៉ាក បាន​សម្តែង​ការ​ព្រួយ​បារម្ភ​របស់ខ្លួនហើយ នៅ​ចំពោះ​ការ​ទាញ​យក​ផលប្រយោជន៍​ពី​តំបន់​Groenland របស់​ចិន។ ចិន​បាន​ស្នើ​រៀប​ចំ​ស្ថានីយ៍​ស្រាវជ្រាវ ស្ថានីយ៍​ផ្កាយ​រណប​លើ​ដី ជួលជុល​អាកាសយានដ្ឋាន​ និង​អភិវឌ្ឍ​ការ​រុក​រក​រ៉ែ។

ប៉ុន្តែ​ការ​រុករាន​ ស្រាវជ្រាវ​ស៊ីវិល​ អាច​ជា​ការ​លើក​ទឹក​ចិត្ត​ឱ្យ​មាន​កា​រពង្រឹង​វត្តមាន​យោធា នៅ​តំបន់​មហា​សមុទ្ទ​អាកទិក។ ពង្រឹង​វត្តមាន ​ដាក់​ពង្រាយ​កង​នាវា​មុជទឹក ក្នុង​តំបន់​ ជា​មធ្យោបាយ​​កំញើញ ទល់​នឹង​ការ​វាយប្រហារ​​​​នុយក្លេអ៊ែរ​។ នេះ​បើ​តាម​ការ​គូសបញ្ជាក់​ក្នុង​​របាយការណ៍​ ដោយ​សង្កត់​ធ្ងន់​បន្ថែម​ទៀត​ថា យោធា​ចិន​ បាន​យក​ការ​ធ្វើ​​ទំនើបកម្ម​នាវា​ចម្បាំង​ នាវា​មុជទឹក​ជា​អាទិភាព​ដ៏​ចំបង​​របស់​ខ្លួន។ យោធា​ជើង​ទឹក​ចិន​បាន​ផលិត​នាវា​មុជទឹកបំពាក់ជើង​បង្ហោះ​​នុយក្លេអ៊ែរ ចំនួន​​បួន​គ្រឿង​ នាវា​មុជទឹក​បំពាក់​នុយក្លេអ៊ែរ​សម្រាប់​ប្រយុទ្ធ​ចំនួន​៦​គ្រឿង និង​៥០​គ្រឿង​ជា​នាវា​ចម្បាំង​ធម្មតា។ កំណើន​កម្លាំង​កងទ័ព​ជើង​ទឹក​ បាន​បន្ថយ​ល្បឿន​មែន​ តែ​ចិន​នឹង​ត្រូវ​មាន​នាវាយោធា​ចំនួន​ប្រមាណ​ពី​៦៥ទៅ​៧០​គ្រឿង នៅ​ឆ្នាំ​២០២០។ នេះ​បើ​តាម​ការ​គូស​បញ្ជាក់​របស់​របាយការណ៍​ដដែល៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ