អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហេតុអ្វី​​បាន​ជា​លោកត្រាំ​មិន​ខឹង​នឹង​​ព្យុងយ៉ាង​ដែល​បាញ់​សាកល្បង​​អាវុធ​?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីបំផុត​ទៅ គេ​បាន​ដឹង​ហើយ​ពី​ប្រភេទ​អាវុធ ដែល​កូរ៉េខាងជើង​បានបាញ់​ចូល​ទៅ​ក្នុង​ទឹកសមុទ្រ កាលពី​ថ្ងៃ​សៅរ៍​ម្សិលមិញ។ គឺ​កូរ៉េខាងជើង​ផ្ទាល់ តាមរយៈ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ដែល​បាន​អះអាង នៅ​ថ្ងៃ​អាទិត្យ​នេះ ថា ខ្លួន​បាន​បាញ់​សាកល្បង សមត្ថភាព កាណុង​គ្រាប់រ៉ុកកែត ចម្ងាយឆ្ងាយ កាលពី​ថ្ងៃ​សៅរ៍។ ដោយ​បាញ់​សាកល្បង គ្រាប់រ៉ុកកែត កូរ៉េខាងជើង មិន​រំលោភ ពាក្យសន្យា ជាមួយ​អាមេរិកនោះទេ ប៉ុន្តែ សម្រាប់​អ្នកតាមដាន​នយោបាយ កូរ៉េខាងជើង​ទំនង​ជា​ចង់​ដាក់​សម្ពាធ​លើ​លោកដូណាល់ ត្រាំ ក្នុង​ការចរចា​នុយក្លេអ៊ែរ នៅ​បីខែ​ក្រោយ បរាជ័យ នៃ​ជំនួបកំពូល​លើក​ទី២ រវាង​មេដឹកនាំ​កូរ៉េខាងជើង និង​អាមេរិក នៅទីក្រុង ហាណូយ។

សមយុទ្ធ​កូរ៉េខាងជើង​បាញ់​សាកល្បង​តេស្ត​សមត្ថភាព​កាណុង​រ៉ុកកែត នៅថ្ងៃសៅរ៍ ទី ៤​ឧសភា ២០១៩
សមយុទ្ធ​កូរ៉េខាងជើង​បាញ់​សាកល្បង​តេស្ត​សមត្ថភាព​កាណុង​រ៉ុកកែត នៅថ្ងៃសៅរ៍ ទី ៤​ឧសភា ២០១៩ ©Reuters via (KCNA)
ផ្សាយពាណិជ្ជកម្ម

កូរ៉េខាងជើង ​បាន​ចេញមុខ​ប្រកាស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា ខ្លួន​បាន​បាញ់​សាកល្បង​គ្រាប់​រ៉ុកកែត ហើយ​សព្វាវុធ យុទ្ធសាស្រ្ត តាម​ការបញ្ជារ កាលពី​ថ្ងៃសៅរ៍​ម្សិលមិញ។ ក្រសួង​ការពារ​ជាតិ​កូរ៉េខាងត្បូង នៅ​ថ្ងៃ​សៅរ៍​ម្សិលមិញ បាន ​និយាយ​ថា កូរ៉េខាងជើង បាន​បាញ់​សាកល្បង សព្វាវុធ រយៈ​ចម្ងាយ​ខ្លី ប៉ុន្តែ មិនបាន​បញ្ជាក់ ថា ជា​មីស៊ីល ឬ​ជាប្រភេទ​អាវុធ​អ្វីនោះទេ។

ប៉ុន្តែ នៅថ្ងៃ​នេះ ទីក្រុង​ព្យុងយ៉ាង បាន​ចេញមុខ អះអាង​តាមរយៈ ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ KCNA ថា ខ្លួន គឺ​បានធ្វើ​តេស្ត​សាកល្បង ដោយ​ជោគជ័យ សមត្ថភាព របស់​កាណុង​បាញ់​គ្រាប់រ៉ុកកែត រយៈចម្ងាយឆ្ងាយ ហើយ​សព្វាវុធ យុទ្ធសាស្រ្ត តាមការបញ្ជារ ដូចដែល​បាន​ខាងដើម។

មួយវិញ ទៀត តាមទីភ្នាក់ងារ​ព័ត៌មាន​KCNA របស់​កូរ៉េខាងជើង មេដឹកនាំ​កូរ៉េខាងជើង លោក​គីម ជុងអ៊ុន​ជាអ្នកបញ្ជា ដឹកនាំ សមយុទ្ធ បាញ់​សាកល្បង គ្រាប់រ៉ុកកែត កាលពី​ថ្ងៃ​ម្សិលមិញ។ រូបថត ជាច្រើន​សន្លឹក របស់​KCNA បាន​បង្ហាញ រូបលោក លោក​គីម ជុងអ៊ុន ក្នុង​ទឹកមុខ​មាំ កាន់​កែវយឹត កំពុង​តាមដាន​មើល​សមយុទ្ធ​ទៀតផង។

កូរ៉េខាងជើង បាន​ប្រើ​ពាក្យ​រ៉ុកកែត គឺ ថ្នម​ពាក្យ​សំដី មិន​ប្រើ​ពាក្យ​មីស៊ីល​នោះទេ។ គេ​អាច​នៅ​កាត់យល់បាន​ថា ការបាញ់​សាកល្បង​នៅ​ថ្ងៃ​ម្សិលមិញ របស់​កូរ៉េខាងជើង គ្មាន​លក្ខណៈ​ញុះញង់ ធ្វើ​ឲ្យ​អាមេរិកខឹង​ឆេះដុំ រហូត​ត្រលប់​ទៅ​គំរាម​បាញ់​បំផ្លាញ​កូរ៉េខាងជើង ដូចលើកមុនដែរ។

នៅក្នុង​សារ​Twitter របស់​លោកដូណាល់ ត្រាំ ដែល​សរសេរ​ប្រតិកម្ម​ទៅនឹង​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង គេ​ក៏​អាច​កាត់​យល់​បាន​ដែរថា លោកដូណាល់ ត្រាំ មិន​បាន​ខឹង​ចោទប្រកាន់ កូរ៉េខាងជើង ថា បាន​រំលោភ​ការសន្យាដែរ។ ប្រធានាធិបតី​អាមេរិក​នៅ​បាន​បង្ហាញ​ជំនឿទុកចិត្ត របស់លោក លើ​ឆន្ទៈ​របស់​មេដឹកនាំ​កូរ៉េខាងជើង ដែល លោក​នៅតែ​ជឿថា កំពុង​បង្កើត​សក្តានុពល​សេដ្ឋកិច្ច​ឲ្យ​កូរ៉េខាងជើង។

មួយវិញទៀត លោក​ដូណាល់ ត្រាំ​និយាយថា លោក​មិនជឿ​ថា លោកគីម ជុងអ៊ុន នឹង​ធ្វើអ្វី ដែល​នឹង​ទៅ​បំផ្លាញ​វា ហើយ​និង​ទៅ​បំផ្លាញ​ការសន្យា​ជាមួយ​លោក​ដែរ។ នៅក្នុង​សារTwitter នៅថ្ងៃ​សៅរ៍ លោកដូណាល់ ត្រាំ បាន​និយាយ​ថា នឹង​មាន​កិច្ចព្រមព្រៀងមួយ។ ប៉ុន្តែ លោកមិន​បាន​បញ្ជាក់​ថា នៅ​ពេលណា​នោះទេ។

ថ្មីៗនេះ លោកគីម ជុងអ៊ុន​បាន​ថ្លែង​ស្វាគម​ឲ្យ​មាន​ជំនួប​លើកទី៣ ជាមួយ​ប្រធានាធិបតី​អាមេរិក ប៉ុន្តែ អាមេរិក​ត្រូវ​តែ ផ្លាស់ប្តូរ​យុទ្ធសាស្រ្ត​ចរចា បច្ចុប្បន្ន​នេះចេញ បើសិន​មិន​ចង់​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ដូច​នៅទីក្រុង​ហាណូយ។ សូមបញ្ជាក់ថា កូរ៉េខាងជើង បាន​ទាមទារ​ឲ្យ​មាន​ការដកទណ្ឌកម្ម​សេដ្ឋកិច្ច ជាមុន ប៉ុន្តែ អាមេរិក​វិញ អះអាងថា ទណ្ឌកម្ម​សេដ្ឋកិច្ច​នឹង​ត្រូវ​លុបចោលទៅវិញ ក្នុង​ករណី​ណា កូរ៉េខាងជើង​បង្ហាញ​សកម្មភាព​ជាក់ស្តែង ដើម្បី​បំផ្លាញ​ចោលទាំងស្រុង អាវុធនុយក្លេអ៊ែរ។

ចាប់តាំង​ពី​ការចរចា​ជាមួយ​លោកដូណាល់ ត្រាំ នៅ​ទីក្រុង​ហាណូយ ជួប​បរាជ័យ ភាគី​កូរ៉េខាងជើង​មិន​សប្បាយចិត្ត​នោះទេ ជាពិសេស នៅពេល​ឃើញ​អាមេរិក​គ្មាន​ផ្លាស់ប្តូរ​ជំហរ ឬ​ធ្វើតាម​ការចង់បាន​របស់​កូរ៉េខាងជើងនោះ។

ចាប់តាំង​ពី​ការជួប​ចរចា​បរាជ័យ នៅ​ហាណូយ នេះ​ជា​លើក​ទី ២ ដែល​កូរ៉េខាងជើង បាញ់​សាកល្បង​សព្វាវុធ។ គេ​វាយតម្លៃថា មេដឹកនាំ កូរ៉េខាងជើង ងាក​មក​ត្រលប់​ធ្វើ​តេស្ត សាកល្បង​សមត្ថភាព​អាវុធ​របស់ខ្លួន ឡើងវិញ ដោយសារ​តែ​ហេតុផល ក្នុង​ស្រុក ផង និង​ដោយសារតែ​ជំហរ​រឹងទទឹង​របស់​អាមេរិក នៅក្នុង​ការចរចា​នុយក្លេអ៊ែរ​ផង។

ដោយ​បើកជំនួបកំពូល​ជាប្រវត្តិសាស្រ្ត ជាមួយ ប្រធានាធិបតី អាមេរិក លោក​គីម ជុងអ៊ុន ធ្លាប់​បាន​សង្ឃឹម​ថា​នឹង​ជួយ​ឲ្យ​កូរ៉េខាងជើង រួចផុត​ពីទណ្ឌកម្ម​សេដ្ឋកិច្ច។ ការចរចា​គ្មានផល​អ្វី ទាំងពីរ​លើក បាន​ធ្វើ​ឲ្យ​លោកប្រឈម​នឹង​ការដាក់​សម្ពាធ​មួយកម្រិត នៅក្នុង​ស្រុក។

នៅក្នុង​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​KCNA មេដឹកនាំ​កូរ៉េខាងជើង​បានអំពាវនាវ​ឲ្យ​ប្រជាជន​ការពារ​អធិបតេយ្យភាព​នយោបាយ ហើយ​និង​ពឹងផ្អែក​សេដ្ឋកិច្ចដោយ​ខ្លួនឯង។ លោក​នៅបាន​ ប្រាប់​កងទ័ព​នៅថ្ងៃ​ម្សិលមិញថា សន្តិភាព​អាច​កើតឡើង ហើយ​សន្តិសុខ​នឹង​អាច​ត្រូវ​គេធានាបាន បើសិន​កងទ័ព មាន​សមត្ថភាពជាក់ច្បាស់ ក្នុង ការប្រយុទ្ធ។

យ៉ាងណាក៏ដោយ ការបាញ់សាកល្បង នៅថ្ងៃ​ម្សិលមិញ បើទោះបី​ជា​មិន​ទៅ​ញុះញង់​ឲ្យ​អាមេរិក​ដកខ្លួន​ចេញពីការចរចា ប៉ុន្តែ វា​ជា​កាយវិការ​ដាក់​សម្ពាធ​លើ​អាមេរិក។ កូរ៉េខាងជើង ចង់​បង្ហាញ​ថា ខ្លួន​នៅតែ​មានផ្លូវយោធា សម្រាប់ដើរ បើសិន ភាគី​អាមេរិក មិនព្រម ធ្វើអ្វីសោះ ជាពិសេស បើសិន​អាមេរិក​នៅតែ​រឹងទទឹង មិនព្រម​ដកទណ្ឌកម្ម​សេដ្ឋកិច្ច ដែល​ក្រុងព្យុងយ៉ាង​តែងតែ​ទាមទារ​ដោយ​ទទូច​ពី​អាមេរិក ដើម្បី​ជា​ថ្នូរ​នឹង​ការ​ផ្អាក​សកម្មភាព​នុយក្លេអ៊ែរ​និង​មីស៊ីល​របស់​ខ្លួន។ ការដាក់សម្ពាធ​លើកនេះ​របស់​កូរ៉េខាងជើង​នឹង​អាច​គំរាមកំហែង​​នយោបាយ​ការបរទេស​របស់​លោកដូណាល់ ត្រាំ។ លោកដូណាល់ ត្រាំ ដែល​ធ្លាប់​បង្ហាញ​ពី​សុទិដ្ឋិនិយម និង​ជោគជ័យ​នយោបាយ​ការទូត​កន្លងមក​របស់​លោក ដើម្បី​ដោះស្រាយ​បញ្ហា​អាវុធ នុយក្លេអ៊ែរ​របស់​​កូរ៉េខាងជើង។

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ