ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 17/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 17/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 16/07 12h00 GMT
អាស៊ី

របាយការណ៍ ៖ ការទទួលទានសុរាកើនឡើងទូទាំងពិភពលោក ជាពិសេសនៅ​អាស៊ីអាគ្នេយ៍

media ការ​ទទួល​ទាន​សុរា កើន​ឡើង​នៅ​ទូទាំងពិភពលោក Pixabay

​ការ​ទទួល​ទាន​សុរា បាន​ថយចុះ ឬ​ នៅ​នឹង នៅតាម​បណ្តា​​ប្រទេស​អ្នក​មាន និង​មាន​កំរិត ( តិច​ជាង​មួយ​លីត្រ​ ក្នុង​មួយ​ឆ្នាំ) តំបន់​អាហ្វ្រិក​ខាងជើង និង​តំបន់​ដើម​បូព៌ា ប៉ុន្តែ ​នៅ​ក្នុង​ប្រទេស​​កំពុងមាន​​សេដ្ឋកិច្ច​លូតលាស់ ដូច​យ៉ាង​ចិន និង​​ឥណ្ឌា​​វិញ ការ​ទទួល​ទាន​សុរា​បាន​កើន​ឡើង​ គួរ​ឱ្យ​ព្រួយ​បារម្ភ។ បច្ចុប្បន្ន​នេះ មនុស្ស​ជាង​ពាក់​កណ្តាលផែនដី​​មិន​ទទួល​ទាន​សុរា​សោះ តែ​នៅ​ឆ្នាំ​២០៣០ ជាង​ពាក់កណ្តាល​នឹង​ភក្សស្រា យ៉ាង​ហោចណាស់​ក៏​​ម្តងដែរ​ក្នុង​មួយ​ឆ្នាំ។ ​​នេះ​បើ​តាម​ការ​សិក្សា​ថ្មី​ទើប​ចេញ​កាលពី​ថ្ងៃ​អង្គារ​ទី ៧ ឧសភា​ ២០១៩ ម្សិលមិញ។

គិត​ក្នុង​កំរិត​ពិភពលោក និង​ជា​មធ្យម​ មនុស្ស​ធំពេញ​វ័យម្នាក់ៗ ទទួល​ទាន​សុរា (គិត​ជា​ជាតិ​អាល់កុលសុទ្ធ)​ ចំនួន ៦លីត្រ​កន្លះនៅក្នុង​ឆ្នាំ​២០១៧ ទល់​នឹង​៥,៩​លីត្រ កាលពី​ឆ្នាំ​១៩៩០ ហើយ​និន្នាការ​​នេះ​នឹងកើន​ឡើង​ដល់​៧,៦​លីត្រ នៅ​ឆ្នាំ​២០៣០។ នេះ​បើ​តាម​ការ​សិក្សា​ដែល​ផ្អែក​លើ​ទិន្នន័យ​របស់​ប្រទេ​សចំនួន​១៨៩​ នៅ​លើ​ពិភពលោក។ របាយការណ៍​បាន​លម្អិត​ទៀត​ថា បច្ចុប្បន្ន​នេះ គឺប្រជាពលរដ្ឋ​​​អឺរ៉ុប ​ជាប់​ឈ្មោះ​ជា​អ្នក​ទទួល​ទាន​សុរា​ច្រើន​ជាង​គេ ប៉ុន្តែ​ពលរដ្ឋ​តំបន់​នេះ​បាន​បន្ថយ​ការ​ទទួល​សុរា​អស់​​២០% ក្នុង​​​រយៈ​ពេល​២៧​ឆ្នាំ។

ផ្ទុយ​ទៅ​វិញ បរិមាណ​នៃ​ការ​ទទួល​សុរា​បាន​​កើន​ឡើងយ៉ាង​​ខ្លាំង នៅ​តាម​បណ្តា​ប្រទេស​កំពុងមាន​សេដ្ឋកិច្ច​​លូតលាស់ ពិសេស​​ចិន (៧,៤លីត្រ) ឥណ្ឌា (៥,៩លីត្រ) និង​វៀតណាម (៨,៩លីត្រ)។ កំរិត​នៃ​ការ​ទទួល​ទាន​សុរា​ក្នុង​ប្រទេស​ទាំង​បី​នេះ ខ្ពស់​ជាងមធ្យមភាគ​​នៅ​ក្នុង​ប្រទេស​អឺរ៉ុប​មួយ​ចំនួនទៅទៀត។ សម្រាប់​​តំបន់​អាស៊ីអាគ្នេ​យ៍ ការ​ទទួល​ទាន​សុរា​បាន​កើន​ឡើង​ទ្វេ​មួយ​ជា​ពីរ នៅ​រវាង​ពី​ឆ្នាំ ១៩៩០​ដល់​ឆ្នាំ​២០១៧ ពោល​គឺ​ ម្នាក់​ផឹក៤,៧​លីត្រ ជា​មធ្យម​​ក្នុងមួយ​ឆ្នាំ​ និង​មាន​កំណើត៥៤% នៅ​តំបន់​អាស៊ីប៉ាស៊ីហ្វិក​​ ដោយ​រាប់​បញ្ចូល​ចិន ជប៉ុន​និង​អូស្ត្រាលី​ផង។

ទម្លាប់​ទទួល​ទាន​សុរា​របស់​ស្ត្រី​ក៏​ប្រែប្រួល​ដែរ។ ពេល​នេះ​ ជា​មធ្យម​ស្ត្រី​ម្នាក់​ទទួល​ទាន​សុរា​ ២,៧​លីត្រ ក្នុង​មួយ​ឆ្នាំ បើ​ប្រៀប​នឹង​មធ្យមភាគ​បុរស ៩,៨​លីត្រ តែ​គម្លាត​នឹង​រួមកាន់​តែ​​តូចទៅៗ​ នៅ​ឆ្នាំ​​២០៣០។

ការ​បរិភោគ​សុរា​កើន​ឡើង ផលវិបាក​ចំពោះ​សុខភាព​ក៏​នឹងកើន​ឡើង​ ! ហេតុ​ដូច្នេះ​ហើយ​បាន​ជា​របាយការណ៍​​សិក្សា បាន​សង្កត់​ធ្ងន់​អំពី​វិធានការ​ដែល​ប្រទេស​នីមួយៗ​គួរ​ប្រកាន់​យក គឺ​ដំឡើង​ពន្ធ​លើ​ផលិតផល​សុរា ត្រួត​ពិនិត្យ​និង​កំហិត​ការចែកចាយ​លក់ ដាក់បម្រាម​ហាមឃាត់​មិន​ឱ្យ​មានការ​ធ្វើ​ ម៉ាខេទិញ និង​ពាណិជ្ជកម្ម​​ ព្រម​ទាំងហាមដាច់​ខាត​រាល់​គ្រប់​ទម្រង់​នៃ​ការ​ឃោសនា​បញ្ចុះ​តម្លៃ​សុរា​ គ្រឿង​ស្រវឹង។

សុរា​ជា​កត្តា​ហានិភ័យ​បង្ក​ឱ្យ​មាន​ជំងឺ​ជា​ច្រើន​។ ក្នុង​មួយ​ឆ្នាំៗ​ អាល់កុល​សម្លាប់​មនុស្ស​អស់​ជាង​បី​លាន​នាក់ ក្នុង​នោះ​បីភាគ​បួន ជា​បុរស។ នេះ​បើ​តាម​តួលេខ​​របស់​អង្គការ​សុខភាព​ពិភពលោក ដែល​ព្រួយ​បារម្ភ​ថា ​កំណើននៃ​ការ​ទទួល​ទាន​សុរា ច្បាស់​ជា​នឹង​​រំខានដ​ល់​​​ប្រយុទ្ធ​ប្រឆាំង​ផល​អាក្រក់​របស់​​អាល់កុល​ចំពោះ​សុខភាព និង​ធ្វើ​ឱ្យ​អង្គការ​មិន​អាច​សម្រេច​កម្មវត្ថុ​កាត់​បន្ថយការ​ទទួល​ទាន​សុរា​​ ១០%​ នៅ​ឆ្នាំ​២០២៥​បាន​ឡើយ៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ