កូរ៉េខាងជើងបាញ់សាកល្បងមីស៊ីល៖តើលោកដូណាល់ ត្រាំអត់ធ្មត់ដល់ពេលណា?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:២៤
ភាពតានតឹងរវាងអាមេរិក និងកូរ៉េខាងជើងបានកើនឡើងមួយកម្រិតទៀត បន្ទាប់ពីទីក្រុងព្យុងយ៉ាងបាញ់សាកល្បងមីស៊ីលចម្ងាយខ្លី កាលពីថ្ងៃព្រហស្បតិ៍។ ក្នុងរយៈពេលមិនដល់១សប្តាហ៍ផង កូរ៉េខាងជើង បានបាញ់សាកល្បង មីស៊ីល ដល់ទៅ២លើក។ ការបាញ់សាកល្បងនៅថ្ងៃព្រហស្បតិ៍ កើតឡើងនៅចំថ្ងៃដែលតុលាការអាមេរិកបានប្រកាសរឹបអូសយកកប៉ាល់ដឹកធ្យូងថ្ម របស់កូរ៉េខាងជើង ដែលអាមេរិកចោទប្រកាន់ថា បានល្មើសនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។
កូរ៉េខាងជើង នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួនបានបាញ់សាកល្បង អាវុធសម្រាប់ការវាយប្រហាររយៈចម្ងាយឆ្ងាយ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។ បន្ទាប់ពីបានបាញ់សាកល្បង មីស៊ីលបាលីស្ទិករយៈចម្ងាយឆ្ងាយ ដែលកូរ៉េខាងជើង អះអាងថា មានសមត្ថភាព វាយប្រហារទឹកដីអាមេរិក កូរ៉េខាងជើងបានផ្អាកលែងបាញ់សាកល្បង អាវុធ តាំងពីខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉្លេះ ដើម្បីបន្ធូរបន្ថយភាពតានតឹង រហូតធ្វើឲ្យមានជំនួបកំពូលជាមួយអាមេរិក។
នៅក្នុងរយៈពេលមិនដល់១សប្តាហ៍ផង កូរ៉េខាងជើង បានបាញ់សាកល្បង គ្រាប់មីស៊ីលដល់ទៅ២លើក បន្តបន្ទាប់គ្នា។ អ្នកជំនាញជាច្រើនបាននិយាយថា កូរ៉េខាងជើងបង្ហាញសមត្ថភាពសព្វាវុធរបស់ខ្លួន នៅពេលនេះ គឺដើម្បី ដាក់សម្ពាធទៅលើភាគីអាមេរិក នៅក្នុងការចរចាស្តីពីការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ។ សម្រាប់អ្នកជំនាញ ដោយបាញ់សាកល្បងគ្រាប់មីស៊ីលនៅពេលនេះ កូរ៉េខាងជើងមានគោលដៅ និងសារច្បាស់មួយទៅកាន់ភាគីអាមេរិក នោះ គឺបើសិនអាមេរិក នៅតែមិនព្រមធ្វើសម្បទាន មិនព្រម បន្ធូរបន្ថយលក្ខខណ្ឌទាមទារពីកូរ៉េខាងជើង នៅក្នុងការចរចា ទេ កូរ៉េខាងជើង នឹងដើរតាមផ្លូវរបស់កូរ៉េខាងជើង ដែលគ្មានអ្វីក្រៅតែពង្រឹងកម្លាំងយោធា និងសព្វាវុធ។
ប្រធានាធិបតីកូរ៉េខាងត្បូងវិញ បានវាយតម្លៃថា ការណ៍ដែលកូរ៉េខាងជើងត្រលប់ទៅបាញ់សាកល្បងមីស៊ីលនៅពេលនេះ ក៏ព្រោះតែកូរ៉េខាងជើង មិនសប្បាយចិត្ត ខ្លាំង ដោយសារជំនួបកំពូលលើកទី២ជាមួយ លោកដូណាល់ ត្រាំ គ្មានបានចេញលទ្ធផលអ្វីសោះ។ លោកមូន ចៃអ៊ីនបាននិយាយយ៉ាងដូច្នេះ នៅក្នុងបទសម្ភាសន៍ មួយ នៅថ្ងៃនេះ នៅក្នុងឱកាសខួប ២ឆ្នាំនៃការចូលកាន់តំណែង របស់លោក ជាប្រធានាធិបតីកូរ៉េខាងត្បូង។ សម្រាប់ លោកមូន ចៃអ៊ីន កូរ៉េខាងជើងបាញ់សាកល្បងអាវុធនៅពេលនេះ គឺប្រាកដណាស់ចង់ដាក់សម្ពាធ ចង់បែរតម្រង់ការចរចាស្តីពីនុយក្លេអ៊ែរកូរ៉េខាងជើង ឲ្យទៅតាមទិសដៅដែលកូរ៉េខាងជើងចង់បាន។
សូមបញ្ជាក់ថា នៅក្នុងជំនួបកំពូលទី២ ជាមួយ ប្រធានាធិបតីអាមេរិក នៅទីក្រុងហាណូយ មេដឹកនាំកូរ៉េខាងជើងធ្លាប់បានទាមទារឲ្យមានការធានាសន្តិសុខ ហើយនិងការលុបចោលទណ្ឌកម្មសេដ្ឋកិច្ច លើកូរ៉េខាងជើង ប៉ុន្តែ លោកដូណាល់ ត្រាំបានបដិសេធ ក្នុងហេតុផលថា កូរ៉េខាងជើងមិនបានចាត់វិធានការគ្រប់គ្រាន់ ជាក់ស្តែង ដើម្បីឈានទៅបំផ្លាញអាវុធនុយក្លេអ៊ែរ នៅកូរ៉េខាងជើង។
គេសង្កេតឃើញថា ចាប់តាំង ពីបរាជ័យ នៃជំនួបកំពូលលើកទី២ ទំនាក់ទំនងរវាងអាមេរិក និងកូរ៉េខាងជើង បានចាប់ល្អក់កករនឹងគ្នាឡើងវិញ។ អាមេរិកបានប្រកាសផ្អាកទៅវិញ សកម្មភាពរុករកសាកសព ទាហានអាមេរិក ដែលស្លាប់នៅកូរ៉េខាងជើង នៅក្នុងសង្រ្គាមកូរ៉េ។ នៅថ្ងៃម្សិលមិញទៀតសោត បន្ទាប់ពីកូរ៉េខាងជើង បាញ់សាកល្បង អាវុធ តុលាការអាមេរិកបានប្រកាសរឹបអូសជាផ្លូវការកប៉ាល់កូរ៉េខាងជើង ដែលអាមេរិកចោទប្រកាន់ថា បានលួចដឹកនាំចេញធ្យូងថ្មកូរ៉េខាងជើង ទៅលក់នៅ បរទេស ដោយល្មើសនឹងទណ្ឌកម្មសេដ្ឋកិច្ចរបស់អង្គការសហប្រជាជាតិ។ ពីខាងកូរ៉េខាងជើងវិញ នៅមុន ពេលបាញ់សាកល្បង មីស៊ីលដែលទំនងជាមីស៊ីលនាំចូលពីប្រទេសរុស្ស៊ី មេដឹកនាំកូរ៉េខាងជើង លោកគីម ជុងអ៊ុន បានធ្វើដំណើរទៅជួបជាលើកទី១ ប្រធានាធិបតីរុស្ស៊ី ដែលតាមពិតជាគូប្រជែង របស់អាមេរិក។
តើកូរ៉េខាងជើង និងអាមេរិកអាចត្រលប់ទៅចរចាគ្នាវិញដែរឬទេ?
ប្រធានាធិបតីកូរ៉េខាងត្បូង ដែលចូលខ្លួនជាមេអណ្តើក ជំរុញឲ្យមានជំនួបកំពូលជាប្រវត្តិសាស្រ្តរវាងមេដឹកនាំកូរ៉េខាងជើង ជាមួយលោកដូណាល់ ត្រាំ និយាយមិនលាក់ទេថា ការបាញ់សាកល្បងនៅថ្ងៃម្សិលមិញ នឹងធ្វើឲ្យការចរចារឹតតែយ៉ាប់ ស្មុគស្មាញ។
ប្រតិកម្មទៅនឹងការបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឯណោះវិញ បាននិយាយថា លោកនឹងសិក្សារឿងនេះ ដោយម៉ត់ចត់បំផុត។ លោកដូណាល់ ត្រាំដែលធ្លាប់តែអះអាងពីទំនាក់ទំនងល្អ និងការជឿទុកចិត្តទៅលើមេដឹកនាំកូរ៉េខាងជើង បាននិយាយនៅថ្ងៃម្សិលមិញថា លោកកំពុងចោទសួរខ្លួនឯងពីឆន្ទៈចង់ចរចាពិតប្រាកដរបស់ភាគីកូរ៉េខាងជើង។ លោកដូណាល់ត្រាំ និយាយថា នៅពេលនេះ លោកមានអារម្មណ៍ថា កូរ៉េខាងជើងមិនបានត្រៀមខ្លួនពិតប្រាកដ ដើម្បីចរចានោះទេ។
សម្រាប់លោកដូណាល់ ត្រាំ គ្មានអ្នកណាសប្បាយចិត្តពីរឿងបាញ់សាកល្បងមីស៊ីលរបស់កូរ៉េខាងជើង កាលពីថ្ងៃម្សិលមិញ នោះទេ។ ទោះជាលោកត្រាំ និយាយថា អាមេរិកនឹងបន្តទំនាក់ទំនង ជាមួយកូរ៉េខាងជើង ប៉ុន្តែ លោកដូណាល់ ត្រាំ និយាយថា លោកនឹងចាំមើលទៅមុខទៀត សិន។
មេដឹកនាំកូរ៉េខាងជើង ធ្លាប់បានបង្ហាញជំហរចង់ជួបចរចាជាមួយ លោកដូណាល់ ត្រាំ ជាលើកទី៣ ប៉ុន្តែ លោកបានដាក់លក្ខខណ្ឌច្រើន ដូចជាទាមទារឲ្យដកប្រមុខការទូតអាមេរិក មិនឲ្យចូលរួមក្នុងការចរចា ហើយការបាញ់សាកល្បងមីស៊ីលពីរលើកផ្ទួនៗគ្នានៅសប្តាហ៍នេះ ជាវិធានការដាក់សម្ពាធមួយកម្រិតទៀតលើភាគីអាមេរិក។ ប៉ុន្តែ រឿងបើកឲ្យមានជំនួបកំពូលអាមេរិក និងកូរ៉េខាងជើង ជាលើកទី៣ គឺស្ថិតនៅលើការសម្រេចចិត្តរបស់ភាគីអាមេរិក។ អ្វីៗគឺស្ថិតនៅលើលោកដូណាល់ ត្រាំ ផ្ទាល់ ថា តើលោកចង់ត្រលប់ទៅចរចា ដើម្បីបន្ធូរបន្ថយភាពតានតឹង ឬក៏ត្រលប់ទៅដំឡើងសំឡេង គំរាមដាក់កូរ៉េខាងជើងវិញ។
លោកដូណាល់ ត្រាំ ហាក់តមសំដី មិនរិះគន់ខ្លាំងៗ កូរ៉េខាងជើង
ខុសពីលើកមុនៗ លោកដូណាល់ ត្រាំ មានជំហរស្ងប់ស្ងៀម គឺមិនបានខឹងក្រោធ ដូចកាល កូរ៉េខាងជើង បាញ់សាកល្បងមីស៊ីលលើកមុនៗនោះទេ។
ដោយប្រើត្រឹមពាក្យមីស៊ីលរយៈចម្ងាយជិត របស់កូរ៉េខាងជើង លោកដូណាល់ ត្រាំ ចង់បញ្ជាក់ថា មីស៊ីលរបស់កូរ៉េខាងជើងគ្មានគ្រោះថ្នាក់ វាយប្រហារដល់ទឹកដីអាមេរិក ហើយវាក៏មិនមែនជាមីស៊ីលបាលីស្ទិក ដែលជាបម្រាមរបស់អង្គការសហប្រជាជាតិដែរ។
គេវាយតម្លៃថា ដោយមិនដំឡើងសំឡេងធ្ងន់ដាក់កូរ៉េខាងជើង លើកនេះ លោកដូណាល់ ត្រាំ ទំនងជានៅតែមានចិត្តចង់ត្រលប់ទៅចរចា ជាជាង ទៅគំរាម ឈ្លោះជាមួយកូរ៉េខាងជើង ព្រោះថា បើត្រលប់ទៅជាប់តានតឹងជាមួយ កូរ៉េខាងជើងឡើងវិញ នោះគឺ លោកនឹងអាចបាក់មុខជាមិនខាន។ ត្រូវដឹងថា លោកដូណាល់ ត្រាំ រហូតមក គឺបានអួតសរសើរ យកជំនួបកំពូលជាមួយមេដឹកនាំកូរ៉េខាងជើង ថា ជាជោគជ័យនៃនយោបាយការទូតបរទេសរបស់លោក ដែលគ្មានប្រធានាធិបតីអាមេរិកណាបានធ្វើទេ រហូតមក៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ