អានតួអត្ថបទ

សកម្មជន​ថៃ​ជាប់ចោទ​ពីបទ​ប្រមាថ​របប​រាជានិយម បីនាក់​បាត់ខ្លួន

សកម្មជន​ថៃ ដែល​ជាប់​ចោទ​ពី​បទ​ជេរ​ប្រមាថ​របប​រាជា​និយម​ បាន​បាត់​ខ្លួន តាំង​ពី​មួយ​សប្តាហ៍​មក។ នេះ​បើ​តាម​​​អង្គការ​ក្រៅ​រដ្ឋាភិបាលជា​ច្រើន ដែល​បាន​សម្តែង​កង្វល់​យ៉ាង​ខ្លាំង​ ចំពោះ​ហេតុការណ៍​បាត់​ដំណឹង​យ៉ាង​ចម្លែក​យ៉ាង​ដូច្នេះ ព្រោះ​កាលពី​ចុង​ឆ្នាំ​២០១៨ មាន​ករណី​សកម្មជន​ផ្តាច់​ខ្លួនថៃ​ពីរ​រូប​បាន​បាត់​ខ្លួន​ និង​ស្លាប់​អណ្តែត​ទឹក​ក្នុង​ទន្លេមេគង្គ។

ប្រមាថ​ព្រះ​មហាក្សត្រ​និង​ក្រុមគ្រួសារ​រាជរង្ស​ថៃ អាច​មានទោស​ពី​៣​នៅ​១៥​ឆ្នាំ
ប្រមាថ​ព្រះ​មហាក្សត្រ​និង​ក្រុមគ្រួសារ​រាជរង្ស​ថៃ អាច​មានទោស​ពី​៣​នៅ​១៥​ឆ្នាំ Handout / Thai Royal Household Bureau / AFP
ផ្សាយពាណិជ្ជកម្ម

សកម្មជន​ទាំងបី​នេះ​មាន​ឈ្មោះ​ថា ជូជីព ជីវ៉ាស៊ុត (Chucheep Chivasut) សៀម ធីរ៉ាវុត (Siam Theerawut) និង​ គ្រីតសាណា ថាបថៃ (Kritsana Thapthai) ទំនង​ជា​ត្រូវ​បានចាប់​ខ្លួន​ កាលពី​ដើម​ឆ្នាំ​២០១៩ នៅពេ​ល​រត់​គេចខ្លួន​​ ពី​ប្រទេស​ឡាវ ដើម្បី​ចូល​ទៅ​សំងំ​ជ្រកកោន​ក្នុង​​ប្រទេស​វៀតណាម ​ដោយ​ខុស​ច្បាប់​។ នេះ​បើ​តាម​ ​អង្គការ​ការពារ​សិទ្ធិមនុស្ស (Human Right Watch) ដោយការ​បញ្ជាក់​ទៀត​ថា រដ្ឋាភិបាល​វៀតណាម​ទំនង​ជា​បាន​ប្រគល់​សកម្មជន​បី​រូប​មក​ឱ្យ​អាជ្ញាធរ​ថៃ នៅក្នុង​សប្តាហ៍នេះ ប៉ុន្តែ​តាំង​ពី​ពេល​នោះ​មក គេបាត់​ដាន​និង​ដំណឹងពួក​គេ​ឈឹង។

មេដឹកនាំថៃ លំដាប់​ទីពីរ​ក្នុង​ជួរ​រដ្ឋាភិបាល លោក ប្រាវីត វង់ស៊ុវ៉ាន់ (Prawit Wongsuwan)បាន​បដិសេធ​ដំណឹង​ដែល​ថា​សកម្មជនទាំង​បី​ត្រូវ​ជាប់​ឃុំ​ឃាំង​នៅ​ក្នុង​ពន្ធនាគារ​ថៃ។ ​ចំណែក​មេ​​ប៉ូលិស​វិញ បាន​គូស​បញ្ជាក់​ថា គ្មាន​ទទួល​ព័ត៌មាន​អ្វី​​ទាំង​អស់។​

សូម​បញ្ជាក់​ថា​សកម្មជន​ទាំង​បីនាក់​នេះ ត្រូវ​ជាប់​ចោទ​ពី​បទ​ប្រមាថ​របប​រាជា​ ដោយ​បាន​រៀប​ចំផ្សាយ​​​ក្នុង​វិទ្យុ​អ៊ីនធ័រនែត​ នូវ​កម្មវិធី​​ប្រឆាំង​នឹង​របបរាជានិយម និង​ញុះញង់​ឱ្យ​មាន​បាតុកម្ម​ប្រឆាំង​នឹង​របប​នេះ។ ការ​ប្រមាថ​របប​រាជានិយម ដោយ​រាប់​ទាំង​និយម (​ជេរ ឬ​ប្រមាថ​ព្រះ​មហាក្សត្រ និង​ក្រុមគ្រួសារ​រាជវង្សផង អាច​នឹង​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធនាគារ​ពី​បី​ទៅ​១៥​ឆ្នាំ។

ប៉ុន្តែ​ក្តី​ព្រួយ​បារម្ភ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល កាន់​តែ​រីក​ធំធាត់​ខ្លាំង​ជាពិសេស​ទៅ​ទៀត នៅ​ពេល​លែង​ទទួល​ដំណឹង​ពី​សកម្មជន​ទាំង​បី ដោយ​ហេតុ​តែ​កាលពី​ចុង​ឆ្នាំ​២០១៨ គេ​ឃើញ​ ​សកម្មជន​ថៃ​ពីរ​នាក់ដែល​រត់​ភៀស​ខ្លួន​ទៅ​ប្រទេស​ឡាវ ក្រោយ​រដ្ឋប្រហារ​ឆ្នាំ ២០១៤​មក ក្លាយ​ជា​សាកសពអណ្តែត​ទឹក​ទន្លេមេគង្គ​​​ រុំ​ជិត​ដោយ​ស៊ីម៉ង់។ ហើយ​សកម្មជន​ម្នាក់​ទៀត​បន្ត​បាត់​ខ្លួន​នៅ​ឡើយ។

តាំង​ពី​របប​សឹក​ឡើង​កាន់​អំណាច​ នៅ​ឆ្នាំ ២០១៤​មក បញ្ញវន្ត​ និង​សកម្មជន​ប្រជាធិបតេយ្យ​ជា​ច្រើន​រូប​បាន​រត់​ភៀស​ខ្លួន​ទៅ​សំងំ​នៅ​ប្រទេ​សជិត​ខាង នៅ​អឺរ៉ុប ឬ​សហរដ្ឋ​អាមេរិក។ ប៉ុន្តែ​រដ្ឋាភិបាល​សឹក​ថៃ​ ដៃ​វែង អាច​​បង្ក្រាប​ និងឆ្លង​ព្រំដែន​តាម​ចាប់​ជន​ទាំង​នោះ​បាន​ទៀត។ នេះ​បើ​តាម​ការ​អះអាង​របស់​អង្គការ​ការពារ​សិទ្ធិមនុស្ស Human Right Watch។ អង្គការ​ក្រៅ​រដ្ឋាភិបាល ព្រមទាំង​អង្គការ​Amnesty International បាន​ស្នើ​សុំ​សេចក្តី​បំភ្លឺ​ពី​រដ្ឋាភិបាល​ថៃ​ផង។

ការ​ចាប់​ខ្លួន​សកម្មជន​ប្រជាធិបតេយ្យ​ ក្រោម​លេស​ប្រមាថ​រាជានិយម​ បាន​កើត​ឡើង​ជា​ញឹកញាប់ ប៉ុន្តែ​តាំង​ពី​ឆ្នាំ​២០១៧​មក គេ​ពុំ​ឃើញ​មាន​ករណី​​ចាប់​ខ្លួន​ថ្មី​ ក្រោមហេតុផល​នេះ​ទៀត​ទេ។ ហើយ​ម្សិលមិញ​ជា​ករណី​ដ៏​កម្រ សកម្មជន​ប្រឆាំង​នឹង​របប​សឹក​ម្នាក់ ទើប​ត្រូ​វបាន​ព្រះ​មហាក្សត្រ​លើក​លែង​ទោស​ បន្ទាប់​ពីបាន​ជាប់​ពន្ធនាគារ​អស់​​រយៈ​ពេលជា​​ពីរ​ឆ្នាំ​ ពី​បទ​ប្រមាថ​ស្តេច៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ