អានតួអត្ថបទ
ហ្វីលីពីន

ហ្វីលីពីន៖ទោសប្រហារជីវិត និងកំណែទម្រង់ច្បាប់រដ្ឋធម្មនុញ្ញជាប្រធានបទស្នូលនៃការបោះឆ្នោតពាក់កណ្តាលអាណត្តិ

នៅ​ថ្ងៃ​ចន្ទ ទី១៣ ឧសភា​នេះ ប្រទេស​ហ្វីលីពីន​រៀបចំ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ។ ប្រធានាធិបតី​លោក​ឌុយទែរតេ​ដែល​បាន​ជាប់​ឆ្នោត​ក្នុង​ឆ្នាំ ២០១៦ ត្រូវ​បាន​គេ​មើល​ឃើញ​ថា អាច​នឹង​ទទួល​បាន​អំណាច​កាន់​តែ​ខ្លាំង​ថែម​ទៀត​ជាមួយ​នឹង​គម្រោង​កំណែទម្រង់​ច្បាប់​រដ្ឋធម្មនុញ្ញ និង​ការ​ដាក់​ឲ្យ​មាន​ឡើង​វិញ​នូវ​ទោស​ប្រហារ​ជីវិត​ដែល​លោក​បាន​សន្យា។ គួរ​រម្លឹក​ថា លោក​ឌុយទែរតេ​ដែល​គ្រប់​គ្នា​ស្គាល់​ជា​ប្រធានាធិបតី​មាត់ដាច​បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​​ពី​បស្ចិមលោក​ទាក់ទង​នឹង​នយោបាយ​ប្រយុទ្ធប្រឆាំង​នឹង​ការ​ជួញដូរ​គ្រឿងញៀន។ តែ​នៅ​ក្នុង​ស្រុក​វិញ នយោបាយ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​លោក​ឌុយទែរតេ​ទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាជន​ហ្វីលីពីន​ទូទៅ។

ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ
ប្រធានាធិបតីហ្វីលីពីនលោកឌុយទែរតេ Noel CELIS / AFP
ផ្សាយពាណិជ្ជកម្ម

លទ្ធផល​ស្ទង់មតិ​បាន​ឲ្យ​ដឹង​ថា ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ពេល​នេះ​មិន​ត្រឹម​អនុញ្ញាត​ឲ្យ​គណបក្ស​របស់​លោក​ឌុយទែរតេ​បន្ត​រក្សា​សម្លេង​ភាគច្រើន​នៅ​ក្នុង​សភា​ប៉ុណ្ណោះ​ទេ តែ​អាច​នឹង​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា​ទៀត​ផង។ បើ​លទ្ធផល​ផ្លូវការ​នឹង​បញ្ជាក់​ដូច​លទ្ធផល​ស្ទង់មតិ​មែន នោះ​វា​មិន​ខុស​អ្វី​ពី​ជិះ​សេះ​លែង​ដៃ​ទេ ព្រោះ​លោក​ឌុយទែរតេ​អាច​នឹង​សម្រេច​លើ​ផែនការ​ដែល​លោក​បាន​សន្យា ទី១ ធ្វើ​កំណែទម្រង់​លើ​ច្បាប់រដ្ឋធម្មនុញ្ញ និង​ទី២ បង្កើត​ឲ្យ​មាន​ទោស​ប្រហារ​ជីវិត​ឡើង​វិញ។ ទោស​ប្រហារ​ជីវិត​ដែល​គេ​ចង់​និយាយ គឺ​ផ្តោត​សំខាន់​លើ​បទឧក្រិដ្ឋ​ទាក់ទង​នឹង​ការ​ជួញដូរ​គ្រឿងញៀន។ ទន្ទឹម​គ្នា​នេះ លោក​ឌុយទែរតេ​ក៏​គ្រោង​ទម្លាក់​ទោសព្រហ្មទណ្ឌ​ពី​អាយុ ១៥ឆ្នាំ​មក​នៅ ១២ឆ្នាំ។

ចំណែក​កំណែទម្រង់​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​អាច​នឹង​បើក​ផ្លូវ​ឲ្យ​លោក​ឌុយទែរតេ​អាច​ឈរ​ឈ្មោះ​ប្រធានាធិបតី​អាណត្តិ​ថ្មី បន្ទាប់​ពី​អាណត្តិ​របស់​លោក​ត្រូវ​ចប់​ក្នុង​ឆ្នាំ ២០២២។ គួរ​បញ្ជាក់​ថា​នៅ​ហ្វីលីពីន ប្រធានាធិបតី​កាន់​តំណែង​បាន​តែ​មួយ​អាណត្តិ​រយៈពេល ៦ឆ្នាំ។ កំណត់សម្គាល់​មួយ​ទៀត គ្រប់​កំណែទម្រង់​លើ​ច្បាប់រដ្ឋធម្មនុញ្ញ​ត្រូវ​តែ​មាន​ការ​បោះឆ្នោត​យល់ព្រម​ពី​សភា និង​ព្រឹទ្ធសភា ព្រម​ទាំង​ពី​ប្រជាជន​តាម​រយៈ​ការ​បោះឆ្នោត​ប្រជាមតិ។ តាំង​ពី​ឆ្នាំ ២០១៦ មក​ដល់​ពេល​នេះ គ្រប់​កំណែទម្រង់​របស់​លោក​ឌុយទែរតេ​តែង​ទទួល​បាន​ការ​យល់ព្រម​នៅ​សភា​ដែល​គណបក្ស​លោក​មាន​សម្លេង​ភាគ​ច្រើន តែ​ត្រូវ​បាន​ជាប់​គាំង​នៅ​ត្រឹម​ព្រឹទ្ធសភា។

ក្រៅ​ពី​សង្ឃឹម​ទទួល​បាន​សម្លេង​ភាគច្រើន​នៅ​ព្រឹទ្ធសភា ការ​បោះឆ្នោត​ពាក់កណ្តាលអាណត្តិ​ពេល​នេះ​ក៏​អាច​អនុញ្ញាត​ឲ្យ​កូនស្រី​របស់​លោក Ferdinand Marcos ដែល​ជា​អតីត​មេដឹកនាំ​ផ្តាច់ការ​ទទួល​បាន​អសនៈ​នៅ​ព្រឹទ្ធសភា​។ ទន្ទឹម​គ្នា​នេះ អតីត​មេប៉ូលិស​ដែល​ជា​អ្នក​ទទួល​បន្ទុក​អនុវត្ត​ច្បាប់​ប្រឆាំង​គ្រឿងញៀន​ក្នុង​ឆ្នាំ ២០១៦ របស់​លោក​ឌុយទែរតេ​ក៏​អាច​នឹង​ជាប់ឆ្នោត​ជា​សមាជិក​ព្រឹទ្ធសភា​នា​ការ​បោះឆ្នោត​ពាក់កណ្តាល​អាណត្តិ​ពេល​នេះ​ដែរ។ និយាយ​ពី​ទោសប្រហារ​ជីវិត​វិញ ហ្វីលីពីន​បាន​លុបចោល​ក្នុង​ឆ្នាំ ១៩៨៧ មុន​នឹង​ដាក់​ឲ្យ​មាន​ឡើង​វិញ​នៅ ៦ឆ្នាំ​ក្រោយ​មក ពោល​ក្នុង​ឆ្នាំ ១៩៩៣។ បន្ទាប់​មក ទោស​មួយ​នេះ​ក៏​ត្រូវ​បាន​លុប​ចោល​ជា​ថ្មី​ក្នុង​ឆ្នាំ ២០០៦ បន្ទាប់​ពី​មាន​យុទ្ធនាការ​តវ៉ា​យ៉ាង​យូរ​របស់​វិហារ​កាតូលិក។ នៅ​ហ្វីលីពីន ពលរដ្ឋ​ចំនួន ៨០% ជា​អ្នក​កាន់​គ្រិស្តសាសនា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ