អានតួអត្ថបទ
ភូមា

អ.ស.ប.៖គេត្រូវផ្តាច់ការគំាំទ្រហិរញ្ញវត្ថុចំពោះក្រុមមេទ័ពភូមា រួចកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍

នៅ​ថ្ងៃ​អង្គារ ទី១៤ ឧសភា ក្រុម​អ្នកស៊ើបអង្កេត​របស់​អង្គការសហប្រជាជាតិ​បាន​ស្នើ​ឲ្យ​កាត់ផ្តាច់​ហិរញ្ញវត្ថុ​លើ​ក្រុម​មេទ័ព​ភូមា និង​អូស ក ពួក​នេះ​ទៅ​កាត់ទោស​ក្នុង​បទឧក្រិដ្ឋកម្មសង្រ្គាម និង​អំពើប្រល័យពូជសាសន៍។ សំណើ​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ក្រុម​អ្នកស៊ើបអង្កេត​ទើប​បញ្ចប់​បេសកកម្ម​រយៈពេល ១០ថ្ងៃ​នៅ​ក្នុង​បណ្តា​ប្រទេស​ជិត​ខាង​ភូមា ពិសេស​ប្រទេស​បង់ក្លាដែស​ដែល​កំពុង​ទទួល​ឲ្យ​ជ្រកកោណ​នូវ​ជនភៀសខ្លួន​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៧៤០ ០០០នាក់។ តាម​ប្រធាន​ក្រុម​អ្នកស៊ើបអង្កេត​លោក​ម៉ាហ្ស៊ូគី ដារូស្ម៊ែន រដ្ឋអំណាច​ភូមា​មិន​បាន​ធ្វើ​អ្វី​សោះ​ដើម្បី​ដោះស្រាយ​វិបត្តិ​មួយ​នេះ ពិសេស​គ្មាន​បាន​ជួយ​សម្រួល​ឲ្យ​មាន​ការ​ធ្វើ​មាតុភូមិនិវត្តន៍​របស់​ពួក​រ៉ូហ៊ីងយ៉ា​ដែល​បាន​រត់ចេញ​ពី​ភូមា​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៧ នោះ​ទេ។

អ.ស.ប.ថា គេត្រូវផ្តាច់ការគំាំទ្រហិរញ្ញវត្ថុចំពោះក្រុមមេទ័ពភូមា រួចកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍
អ.ស.ប.ថា គេត្រូវផ្តាច់ការគំាំទ្រហិរញ្ញវត្ថុចំពោះក្រុមមេទ័ពភូមា រួចកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម និងប្រល័យពូជសាសន៍ Fabrice COFFRINI / AFP
ផ្សាយពាណិជ្ជកម្ម

ការ​អំពាវនាវ​យ៉ាង​ដូច​នេះ​របស់​ក្រុម​អ្នកស៊ើបអង្កេត​ដឹកនាំ​ដោយ​លោក​ម៉ាហ្ស៊ូគី ដារូស្ម៊ែន​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សេចក្តីប្រកាសព័ត៌មាន​មួយ​ដោយ​បញ្ជាក់​ច្បាស់ៗ​ថា វិធានការ​ដ៏​តឹងរឹង​មួយ​នឹង​ត្រូវ​មាន​ចាំ​បាច់​ដោយ​ខាន​មិន​បាន​ដើម្បី​ដោះស្រាយ​ស្ថានភាព​សិទ្ធិមនុស្ស​ដ៏​មហន្តរាយ​នៅ​ក្នុង​ប្រទេស​ភូមា​ដែល​ប្រជាជន​ភាគច្រើន​ជា​កាន់​សាសនាព្រះពុទ្ធ។ ស្ថានភាព​សិទ្ធិមនុស្ស​មហន្តរាយ​ដែល​លោក​ម៉ាហ្ស៊ូគី​ចង់​និយាយ គឺ​ស្ថានភាព​របស់​ជនជាតិ​រ៉ូហ៊ីងយ៉ា អ្នក​កាន់​សាសនា​អ៊ីស្លាម។ តាម​លោក​ម៉ាហ្ស៊ូគី គឺ​ដោយសារ​រដ្ឋអំណាច​ភូមា​មិន​អនុញ្ញាត​ឲ្យ​ក្រុម​ការងារ​របស់​លោក​ចុះ​ទៅ​បំពេញ​បេសកកម្ម​ស៊ើបអង្កេត​នៅ​ភូមា​ទើប​លោក​បាន​បង្វែរ​បេសកកម្ម​ទៅ​កាន់​បណ្តា​ប្រទេស​ក្បែរ​ខាង​ភូមា​វិញ រួម​មាន​ប្រទេស​បង់ក្លាដែស ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូណេស៊ី។

ក្រៅ​ពី​បាន​ជួប​សន្ទនា​ជាមួយ​ពួក​រ៉ូហ៊ីងយ៉ា ក្រុម​អ្នកស៊ើបអង្កេត​ក៏​បាន​ជួប​ក្រុម​អ្នកតំណាង​សហគមន៍​ជនជាតិ​ភាគតិច​ភូមា​នៅ​បរទេស ដូច​យ៉ាង​ពួក​ឈីន កាឈីន ឆាន និង​រ៉ាក់ឃីន​ដែល​បាន​រង​ការ​ធ្វើ​បាប​ពី​រដ្ឋអំណាច​ភូមា​ស្រដៀង​គ្នា​នឹង​ពួក​រ៉ូហ៊ីងយ៉ា។ តាម​លោក​ម៉ាហ្ស៊ូគី ពួក​រ៉ូហ៊ីងយ៉ា​ភាគច្រើន​បាន​លើក​ឡើង​ពី​ការ​រងគ្រោះ​ដោយ​ការ​ចាប់​រំលោភ និង​ការ​សម្លាប់​រង្គាល​ក្រោម​ទ្រង់ទ្រាយ​ធំ​នៅ​ក្នុង​ភូមិ ស្រុក​របស់​ពួក​គេ​ពី​សំណាក់​ទាហាន​ភូមា។ គួរ​រម្លឹក​ថា​នា​ខែ​កញ្ញា ឆ្នាំ ២០១៨ របាយការណ៍​របស់​ក្រុមអ្នកស៊ើបអង្កេត​អង្គការសហប្រជាជាតិ​បាន​បញ្ជាក់​ពី​ការ​មាន​ភស្តុតាង​គ្រប់គ្រាន់​ដែល​អាច​ចាត់​ទុក​ទង្វើ​ទាំង​អស់​នេះ​ជា​អំពើ​ប្រល័យពូជសាសន៍។

សម្រាប់​លោក​ម៉ាហ្ស៊ូគី គេ​គ្មាន​ឃើញ​ភាព​ចម្រើន​ណា​មួយ​ឆ្ពោះ​ទៅ​រក​ដំណោះស្រាយ​ឲ្យ​វិបត្តិ​ជនជាតិ​រ៉ូហ៊ីងយ៉ា​ប្រមាណ​ជា ៧៤០ ០០០នាក់​ដែល​បាន​ភៀសខ្លួន​ចេញ​ពី​ភូមា​ទៅ​ជ្រកកោណ​លើ​ទឹកដី​ប្រទេស​បង់ក្លាដែស​តាំង​ពី​ខែ​សីហា ឆ្នាំ ២០១៧ នោះ​ឡើយ។ ចំណាប់​អារម្មណ៍​ដូច​គ្នា​នេះ​ក៏​មាន​ពី​សមាជិក​ម្នាក់​នៃ​ក្រុម​អ្នកស៊ើបអង្កេត​លោក Christopher Sidoti ដែល​ថា គ្មាន​សញ្ញា​វិជ្ជមាន​ណា​ពី​រដ្ឋាភិបាល​ភូមា​ដើម្បី​ដោះស្រាយ​វិបត្តិ ពិសេស​ជួយ​សម្រួល​ឲ្យ​មាន​ការ​វិលត្រឡប់​របស់​ពួក​រ៉ូហ៊ីងយ៉ា​ចូល​ទៅ​ភូមិ ស្រុក​របស់​ពួក​គេ​វិញ​ទេ។ តាម​លោក Sidoti ស្ថានភាព​របៀប​នេះ​ទាមទារ​ឲ្យ​មាន​កំណើន​សម្ពាធ​បន្ថែម​ទៀត​​ពី​សហគមន៍​អន្តរជាតិ​លើ​ក្រុម​មេទ័ព​ភូមា។

នៅ​ក្នុង​ន័យ​នេះ លោក Sidoti បាន​ស្នើ​ឲ្យ​ពិនិត្យ​មើល​លើ​ទំនាក់ទំនង​នយោបាយ សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​របស់​កងទ័ព​ភូមា​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ត្រូវ​ផ្តាច់​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ