អានតួអត្ថបទ

លោកដូណាល់ ត្រាំ នឹង​ទៅ​កូរ៉េខាងត្បូង​នៅខែ​ក្រោយ​ដើម្បី​ជជែក​ពី​កូរ៉េខាងជើង

បើ​តាម​សេចក្តី​ប្រកាស​របស់​សេតវិមាន លោកប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ នឹង​អញ្ជើញ​ទៅ​ប្រទេសកូរ៉េខាង​ត្បូង នៅចុង​ខែ​មិថុនា​ខាង​មុខ។ លោក ត្រាំ នឹង​ជួប​សន្ទនា​ជាមួយ​លោកប្រធានាធិបតី​​ ម៉ូន ចែអ៊ីន និង​ពិភាក្សា​អំពី​សំណុំ​រឿង​នុយក្លេអ៊ែរ​កូរ៉េ​ខាង​ជើង ដែល​កំពុង​ជាប់​គាំង​ស្តូក​នាពេល​នេះ។

ប្រធានាធិបតី​កូរ៉េខាងត្បូង និង​អាមេរិក​ក្នុង​ជំនួបនៅ​សេតវិមាន ថ្ងៃទី ១១ មេសា ២០១៩
ប្រធានាធិបតី​កូរ៉េខាងត្បូង និង​អាមេរិក​ក្នុង​ជំនួបនៅ​សេតវិមាន ថ្ងៃទី ១១ មេសា ២០១៩ REUTERS/Carlos Barria
ផ្សាយពាណិជ្ជកម្ម

​ក្របខ័ណ្ឌ​​នៃ​​​ដំណើរ​អញ្ជើញ​ទៅ​ចូល​រួម​ជំនួប​កំពូល​ហ្សេ​២០​នៅ​ក្នុង​ប្រទេស​ជប៉ុន ពី​ថ្ងៃទី ២៨-២៩​មិថុនា លោក​ត្រាំ​នឹង​ឆៀង​ចូល​​បំពេញ​ទស្សនកិច្ច​នៅ​កូរ៉េខាង​ត្បូង តែ​ម្តង។ ប្រមុខ​ដឹកនាំ​ប្រទេស​ទាំង​ពីរ នឹង​បន្ត​កិច្ច​សហការ​គ្នា​យ៉ាង​ស្អិត​ល្មួត​ ដើម្បី​សម្រេច​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​ របស់​សាធារណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េខាង​ជើង ឱ្យ​បាន​ទាំង​ស្រុង​និង​អាច​ផ្ទៀង​ផ្ទាត់បាន​យ៉ាង​គ្រប់សព្វ។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​សេតវិមាន។

​ជាប់​ឆ្នោត​ជា​ប្រធានាធិបតីកាលពី​ពីរ​ឆ្នាំ​មុន ក្នុង​ពេល​ឧបទ្វីបកូរ៉េ​កំពុង​ស្គាល់​ភាព​តាន​តឹង​នុយក្លេអ៊ែរ​ខ្លាំង ​លោក​មូនចែអ៊ីន​ ប្រកាន់​ជំហរ​ចរចា​ជាមួយ​កូរ៉េខាង​ជើង និង​បាន​សម្រេច​នាំ​ភាព​ធូរ​ស្បើយ​​ជា​ប្រវត្តិសាស្ត្រ​ ឱ្យ​ឧបទ្វីប​កូរ៉េ និង​ជំនួប​ពីរលើក​រវាង​លោក ដូណាល់ ត្រាំ និង​លោក​ គីម​ ជុងអ៊ុន​ទៀត។

ប៉ុន្តែ​ជាមួយ​​អាមេរិក​ ទោះ​ជា​​សម្ព័ន្ធមិត្ត​ដ៏​ជិត​ស្និទ្ធ​នឹង​គ្នា​យ៉ាង​ណា​​ក្តី ក៏​ជូនកាល​ សេអូល​និ​ងវ៉ាស៊ីនតោន​​​​ មាន​ទស្សនៈវិស័យ​ផ្ទុយ​គ្នា​ស្រឡះ​ជុំ​វិញ​បញ្ហា​កូរ៉េខាង​ជើង។ ជំនួប​ជា​លើក​ទីពីរ គិត​តាំង​ពី​បរាជ័យ​នៃ​ជំនួប​គីម-ត្រាំ​នៅ​ហាណូយ​មក បាន​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​អំពី​គំនិត​ខ្វែង​គ្នា​ជា​ថ្មី។ នៅ​ក្នុង​សេចក្តីថ្លែងការណ៍ ​វិមាន​ប្រធានាធិបតី​កូរ៉េខាង​ត្បូងបាន​ពន្យល់​ថា​ប្រមុខ​ដឹកនាំទាំងពីរ​នឹង​ពិភាក្សា​អំពី​រៀប​ចំ​ឱ្យ​មាន​របប​សន្តិភាព​ជា​អង្វែង​​តាម​រយៈ​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង​ពី​ឧបទ្វីប មិន​មែន​និយាយ​តែ​ពី​បញ្ហា​កូរ៉េខាង​ជើង​តែមួយ​ទេ។

ក្នុង​ជំនួប​លើក​ទី​មួយ​ ប្រធានាធិបតី​ ដូណាល់ ត្រាំ​ និង​ ម៉ូនចែអ៊ីន បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម ដោយ​ប្រើពាក្យ​ថា “រំសាយ​នុយក្លេអ៊ែរ​ពី​ឧបទ្វីប​កូរ៉េ”។ ប្រយោគ​ដែល​មាន​ន័យ​ទូលំទូលាយ​ អាច​បក​ស្រាយ​បាន​យ៉ាង​ច្រើន​។ ដំណើរការ​ការ​ទូតរវាង​​អាមេរិក​និង​កូរ៉េខាង​ជើង​ ត្រូវ​ជាប់​គាំង​នា​រយៈ​ពេល​ចុងក្រោយ​នេះ គឺ​ដោយ​យល់​ប្រយោគ​ខាង​លើ​ផ្សេង​គ្នា។

ដំណឹង​ស្តី​អំពី​ជំនួប​រវាង​មេដឹកនាំ​ទាំង​ពីរ អាមេរិក​និង​កូរ៉េខាង​ត្បូងនេះ​ធ្លាក់​មក​ជួន​ចំពេល​ដែល​ព្យុងយ៉ាង​ទើប​បាន​បាញ់​សាកល្បង​មីស៊ីលរយៈ​ខ្លី​​ ពី​រ​ដង​ក្នុង​រយៈ​ពេល​មិន​ដល់​មួយ​អាទិត្យ​ផង។​ ក្រៅ​អំពី​សំណុំ​រឿង​កូរ៉េខាងជើង ជំនួប​រវាង​លោក​ត្រាំ​និង​លោក​ម៉ូន ក៏​ជា​ឱកាស​ពិភាក្សា​ពង្រឹង​សម្ព័ន្ធភាព​អាមេរិក​កូរ៉េខាង​ត្បូង និង​មិត្ត​​ភាព​រវាង​ប្រជាជាតិ​ទាំង​ពីរ។ នេះ​បើ​តាម​ការ​បន្ថែម​របស់​សេតវិមាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ