អានតួអត្ថបទ
តៃវ៉ាន់

តៃវ៉ាន់៖សភាអនុម័តច្បាប់ឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា

តៃវ៉ាន់​បាន​ក្លាយ​ជា​ប្រទេស​អាស៊ី​ដំបូង​គេ​ដែល​បាន​អនុញ្ញាត​ឲ្យ​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​អាច​រៀបការ​ជាមួយ​គ្នា​បាន។ នៅ​ថ្ងៃ​សុក្រ ទី១៧ ឧសភា សភា​តៃវ៉ាន់​បាន​អនុម័យ​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឲ្យ​មាន​អាពាហ៍ពិពាហ៍​រវាង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។ ទន្ទឹម​គ្នា​នេះ ប្តី ប្រពន្ធ​មាន​ភេទដូច​គ្នា​ទាំង​ពីរ​ក៏​អាច​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ចី​អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍​ផង​ដែរ។ អ្វី​ជា​ការ​កត់សម្គាល់ សភា​តៃវ៉ាន់​បាន​អនុម័ត​ច្បាប់​មួយ​នេះ​ចំ​ថ្ងៃ​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ការ​ស្រឡាញ់ភេទដូចគ្នា។

សភាតៃវ៉ាន់អនុម័តច្បាប់ឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា
សភាតៃវ៉ាន់អនុម័តច្បាប់ឲ្យមានអាពាហ៍ពិពាហ៍រវាងអ្នកស្រឡាញ់ភេទដូចគ្នា REUTERS/Tyrone Siu
ផ្សាយពាណិជ្ជកម្ម

ជាមួយ​នឹង​សម្លេង​គាំទ្រ​ភាគច្រើន សភា​តៃវ៉ាន់​បាន​អនុម័ត​លើ​ច្បាប់​មួយ​ដែល​អនុញ្ញាត​ឱ្យ​គូស្នេហ៍​មាន​ភេទ​ដូច​គ្នា​អាច​រៀបការ​បង្កើត​ជា​គ្រួសារ​អចិន្រ្តៃយ៍​ផ្តាច់​មុខ​ជាមួយ​គ្នា​បាន។ បន្ទាប់​មក សភា​តៃវ៉ាន់​ក៏​បាន​បោះឆ្នោត​យល់ព្រម​ឲ្យ​ពួក​គេ​អាច​សុំ​ចុះ​ឈ្មោះ​ក្នុង​បញ្ចី​អត្រានុកូលដ្ឋាន​អាពាហ៍ពិពាហ៍​ផង​ដែរ។ ការ​បោះឆ្នោត​របស់​សភា​លើ​ច្បាប់​មួយ​នេះ​បាន​ធ្វើ​ឡើង ២ឆ្នាំ​ក្រោយ​ពី​តុលាការធម្មនុញ្ញ​បាន​ចេញ​សេចក្តីសម្រេច​មួយ​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៧ ដែល​បញ្ជាក់​ថា ការ​ហាម​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នា​មិន​ឲ្យ​រៀប​អាពាហ៍ពិពាហ៍​ជា​ការ​ប្រឆាំង​នឹង​ច្បាប់​រដ្ឋធម្មនុញ្ញ។ កាល​ណោះ តុលាការធម្មនុញ្ញ​បាន​ទុក​ពេល​រហូត​ដល់​ថ្ងៃទី២៤ ឧសភា ឆ្នាំ ២០១៩ ដើម្បី​ឲ្យ​រដ្ឋាភិបាល​កែ​ច្បាប់។

សម្រាប់​ក្រុម​សមាគម​ការពារ​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា គឺ​ជា​ជោគជ័យ​មួយ​ដែល​មាន​តែ​ការ​សាទរ។ គួរ​រម្លឹក​ថា ក្រុម​អ្នក​អភិរក្សនិយម​ដែល​ជា​គណបក្សប្រឆាំង​បាន​ធ្វើ​សកម្មភាព​គ្រប់​យ៉ាង​ដើម្បី​ប្រឆាំង​នឹង​អាពាហ៍ពិពាហ៍​សម្រាប់​ទាំង​អស់​គ្នា។ ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០១៨ ពួក​គេ​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ​មួយ​ចំនួន​ដែល​សម្លេង​ភាគច្រើន​បាន​យល់​ឃើញ​ថា អាពាហ៍ពិពាហ៍​អាច​ធ្វើ​ឡើង​តែ​រវាង​ភេទ​ពីរ​ខុស​គ្នា​ប៉ុណ្ណោះ ពោល​រវាង​ស្រ្តី និង​បុរស។ តែ​ក្នុង​ថ្ងៃ​សុក្រ ទី១៧ ឧសភា​ដែល​ជា​ទិវា​ពិភពលោក​ប្រឆាំង​នឹង​ការ​ស្រឡាញ់ភេទដូចគ្នា និង​ជិត ១សប្តាហ៍​មុន​នឹង​ថ្ងៃ​ឱសានវាទ​របស់​តុលាការ​ធម្មនុញ្ញ សភា​បាន​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់ ៣ ដើម្បី​ដោះស្រាយ​រឿង​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា។

ទីបំផុត សេចក្តីព្រាងច្បាប់​មួយ​ដែល​គ្រប់​គ្នា​ទន្ទឹង​រងចាំ​មាន​ពាក្យ « អាពាហ៍ពិពាហ៍ » ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ។ « យើង​មាន​សំណាង​សរសេរ​ប្រវត្តិសាស្រ្ត និង​បង្ហាញ​ពិភពលោក​ថា តម្លៃ​នៃ​ភាព​ចម្រើន​ទៅ​មុខ​អាច​ចាក់​ឫស​នៅ​ក្នុង​សង្គម​អាស៊ីខាងកើត » នេះ​ជា​សំណេរ​របស់​ប្រធានាធិបតី​តៃវ៉ាន់​លោកស្រី​សៃ អ៊ីនវេន​នៅ​ក្នុង​បណ្តាញ​សង្គម Twitter មុន​នឹង​ការ​បោះឆ្នោត​របស់​សភា។ គួរ​បញ្ជាក់​ថា​ក្នុង​រយៈពេល ១០ឆ្នាំ​ចុង​ក្រោយ​នេះ តៃវ៉ាន់​បាន​ក្លាយ​ជា​សង្គម​មួយ​ដែល​មាន​គំនិត​ចម្រើន​និយម​ខ្លាំង​នៅ​អាស៊ី​ស្តីពី​សិទ្ធិ​របស់​អ្នក​ស្រឡាញ់​ភេទ​ដូច​គ្នា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ