អានតួអត្ថបទ
ចិន-អាមេរិក

សហរដ្ឋអាមេរិក៖​ក្រុមហ៊ុន Google ប្រកាសបិទបញ្ចប់​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei

នៅ​សហរដ្ឋអាមេរិក ក្រុមហ៊ុន Google បាន​ប្រកាស​ឲ្យ​ដឹង​នា​ថ្ងៃ​អាទិត្យ ទី១៩ ឧសភា​ពី​គម្រោង​ព្យួរ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei។ ផ្ទាំងស៊ីប​របស់​ក្រុមហ៊ុន Google ផ្តោត​សំខាន់​លើ​ប្រព័ន្ធ Android ដែល​កំពុង​បំពាក់​នៅ​ក្នុង Smartphone ភាគ​ច្រើន​លើ​លោក ក្នុង​នោះ​ក៏​មាន Huawei មួយ​ដែរ។ វិធានការ​របស់ Google ចំពោះ Huawei គឺ​បិទទ្វារ​មិន​ឲ្យ​អតិថិជន​របស់ Huawei បន្ត​ប្រើ​កម្មវិធី Google ដូច​យ៉ាង Gmail Google Maps និង​ការ​បន្ទាន់​សម័យ​លើ​ប្រព័ន្ធ Android។ ការ​សម្រេច​របស់​ក្រុមហ៊ុន Google ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ​បាន​ចេញ​ក្រឹត្យ​មួយ​ហាម​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិកាំង​មិន​ឲ្យ​បន្ត​ធ្វើ​ជំនួញ​ជាមួយ​ក្រុមហ៊ុន​ទូរគមនាគមន៍​បរទេស​ដែល​បង្ក​ហានិភ័យ​ដល់​សន្តិសុខជាតិ។

​ក្រុមហ៊ុន Google ប្រកាសបិទបញ្ចប់​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei
​ក្រុមហ៊ុន Google ប្រកាសបិទបញ្ចប់​​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន Huawei ALAIN JOCARD, CHRISTOF STACHE / AFP
ផ្សាយពាណិជ្ជកម្ម

គេ​នៅ​ទាន់​ដឹង​ថា តើ​ចំណាត់ការ​របស់​ក្រុមហ៊ុន Google ចំពោះ​ក្រុមហ៊ុន Huawei នឹង​មាន​កម្រិត​ត្រឹម​ណា​ទេ។ តែ​នៅ​ក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ឲ្យ AFP ក្រុមហ៊ុន Google បាន​ធានា​ថា សេវា Google Play និង Google Play Protect នឹង​បន្ត​ដំណើរការ​ធម្មតា​នៅ​លើ​ឧបករណ៍​ម៉ាក Huawei ដែល​មាន​ស្រាប់។ តែ​ប្រភព​មួយ​ស្និទ្ធិ​នឹង​សំណុំរឿង​នេះ​បាន​បញ្ជាក់​ថា Google អាច​នឹង​បន្ត​ផ្តល់​សេវា​ឲ្យ​អ្នក​ប្រើប្រាស់​ទូរស័ព្ទដៃ ឬ Tablette ម៉ាក Huawei ផ្សេង​ទៀត​តែ Version open source ប៉ុណ្ណោះ មាន​ន័យ​ថា ជា​កម្មវិធី​ដែល​មិនមែន​ផលិត​ដោយ Google ឬ​ជា​កម្មសិទ្ធិ​របស់ Google ដូច​ជា Gmail ឬ Google Maps។

ចំណែក​ប្រភព​មួយ​ទៀត​ស្និទ្ធិ​នឹង​សំណុំរឿង​ដូច​គ្នា​នេះ​បាន​លើក​ឡើង​ថា​នៅ​ក្នុង​ជំហាន​ដំបូង កម្មវីធី​ទាំង​អស់​នេះ​នឹង​ត្រូវ​បន្ត​ដំណើរការ។ តែ​មិន​ច្បាស់​ថា​ទៅ​ថ្ងៃ​អនាគត ក្រុមហ៊ុន Huawei នឹង​បន្ត​បំពាក់​ប្រព័ន្ធ Android នៅ​ក្នុង​ទូរស័ព្ទដៃ ឬ Tablette របស់​ខ្លួន ងាក​ទៅ​បំពាក់​ប្រព័ន្ធ​ផ្សេង ឬ​មួយ​ក៏​ស្រាវជ្រាវ​ប្រព័ន្ធ​ផ្តាច់មុខ​របស់​ខ្លួន​ឬ​យ៉ាង​ណា​ទេ។ ខណៈ​នេះ ក្រុមហ៊ុន Huawei មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អ្វី​លើ​វិធានការ​របស់​ក្រុមហ៊ុន Google ពេល​នេះ​ទេ។ នៅ​ថ្ងៃ​សៅរ៍ ទី១៨ ឧសភា ស្ថាបនិក និង​ជា​ប្រធាន​ក្រុមហ៊ុន Huawei លោក Ren Zhengfei បាន​ធានា​ជា​ថ្មី​ថា ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​ខុស​ច្បាប់ និង​ថា ក្រឹត្យ​របស់​លោក​ត្រាំ​អាច​នឹង​មាន​ផលវិបាក​តិចតួច​ចំពោះ Huawei។

តែ​គេ​មិន​ត្រូវ​ភ្លេច​និយាយ​ទេ​ថា ក្រុមហ៊ុន​ចិន​មួយ​នេះ​បាន​ទិញ​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​ច្រើន​ណាស់​ពី​បរទេស។ ក្នុង​មួយ​ឆ្នាំៗ Huawei បាន​ចំណាយ ៦៧ ០០០លានដុល្លារ​ដើម្បី​ទិញ​គ្រឿង​អេឡិចត្រូនិក និង​គ្រឿងបន្លាស់​ពី​បរទេស ក្នុង​នោះ ចំណាយ​ទិញ​ពី​ក្រុមហ៊ុន​អាមេរិកាំង​ចំនួន ១១ ០០០លានដុល្លារ នេះ​បើ​យោង​តាម​កាសែត​ប្រចាំ​ថ្ងៃ​ជប៉ុន​ឈ្មោះ Nikkei។ អ្វី​ដែល​រដ្ឋបាល​អាមេរិក​បារម្ភ គឺ​ខ្លាច​ក្រុមហ៊ុន Huawei ដែល​មាន​វត្តមាន​នៅ​ក្នុង ១៧០ប្រទេស​លើ​លោក និង​មាន​បុគ្គលិក​ជិត ១៩០ ០០០នាក់​ជា​មេរោគ​របស់​រដ្ឋាភិបាល​ចិន ឬ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា ជា​ចារកិច្ច​របស់​ក្រុង​ប៉េកាំង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ