អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

Google ផ្តាច់​កិច្ចសហការ​ជាមួយ Huawei បង្ក​នូវ​​ផលវិបាក​អ្វីខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ល្ងាច​មិញ ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​បានប្រកាស​ ​ពន្យារ​ការ​អនុវត្ត​ទណ្ឌកម្ម មួយ​ភាគ ដោយ​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ចិន​​Huawei រក្សា​​បណ្តាញ​និង​ធ្វើ​បច្ចុប្បន្នភាព​កម្មវិធី​​ក្នុង​ទូរស័ព្ទដៃ រហូត​ដល់​ថ្ងៃ​ទី ១៩​សីហា ២០១៩។ ​សេចក្តីសម្រេចនេះ​ធ្វើឡើង​តែមួយ​ថ្ងៃ​ក្រោយ​ពី​ក្រុមហ៊ុន​Google បាន​ប្រកាស​ព្យួរ​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រុមហ៊ុន​Huawei។ ប៉ុន្តែ​ សម្រាប់​ ស្ថាបនិក​​ក្រុមហ៊ុនHuawei អ្វី​ដែល​​អាមេរិកកំពុងធ្វើ គឺ​ជា​ការ​​​មើល​ស្រាល​ក្រុមហ៊ុនHuawei ពេក​ហើយ។

ទូរស័ព្ទ​ Huawei
ទូរស័ព្ទ​ Huawei REUTERS/Marko Djurica/Illustration
ផ្សាយពាណិជ្ជកម្ម

ទណ្ឌកម្ម​លើ​ក្រុមហ៊ុន​Huawei នៅ​តែ​ដដែល ! ​ក្រុមហ៊ុន​ចិន​មិន​អាច​រក​ទិញ​គ្រឿង​បន្សំ និង​គ្រឿង​បំលាស់​អេឡិចត្រូនិក សម្រាប់​ធ្វើ​ផលិតផល​ថ្មី​ ដោយមិនសុំ​ការ​​អនុញ្ញាតជា​មុន​ពី​រដ្ឋបាល​អាមេរិក​(ដែល​នឹង​ឆ្លើយ​បដិសេធ​)បាន​ឡើយ។

ប៉ុន្តែ សម្រាប់​​ពេលនេះ និង​រហូត​ដល់​ថ្ងៃទី ១៩ សីហា អាមេរិកនឹង​អនុគ្រោះ​ជា​បណ្តោះ​អាសន្ន​ឱ្យ​ក្រុមហ៊ុន​ចិន​Huawei អាច​បន្ត​រក្សា​បណ្តាញ​ដែល​មាន​ស្រាប់​ និង​អាច​​ធ្វើ​បច្ចុប្បន្នភាព​​កម្មវិធី​ក្នុង​ទូរស័ព្ទ​ដៃ​របស់​អ្នក​ប្រើប្រាស់​នៅ​អាមេរិក គឺ​ដើម្បី​ទុក​ពេល​ឱ្យ​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក​ដែល​ធ្វើការ​រក​ស៊ី​ និងប្រើ​សម្ភារៈ​Huawei មាន​ពេល​រក​ដំណោះស្រាយ មក​ជំនួស​។ ម្យ៉ាង​វិញ ទៀត​អាមេរិក​ទំនង​ជា​ចង់​បន្ធូរ​ស្ថានការណ៍​បន្តិច​ ព្រោះ​សេចក្តី​សម្រេច​របស់​ក្រុមហ៊ុន​Google ផ្តាច់​ទំនាក់ទំនង​ជាមួយ​Huawei កាលពី​ថ្ងៃអាទិត្យ បាន​ធ្វើ​ឱ្យអ្នកប្រើប្រាស់​ទូរស័ព្ទ​ជា​ច្រើន​នៅ​លើ​​ពិភពលោក​ទាំង​មូល ព្រួយ​បារម្ភ​ ​ចោទ​សួរ​អំពី​ផលវិបាក​នៃ​ការ​ប្រើ​សេវា​Google ក្នុង​ទូរស័ព្ទ​Huawei។

“អាមេរិក​មើល​ស្រាល​​ក្រុមហ៊ុន​Huawei”

ប៉ុន្តែសេចក្តី​សម្រេចបែប​នេះ ​ពុំ​សូវ​មាន​តម្លៃ​ប៉ុន្មាន​ឡើយ ព្រោះ​ក្រុមហ៊ុន​Huawei​បាន​ចាប់​ផ្តើម​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​Google រួច​ទៅ​ហើយ ដើម្បី​រក​ដំណោះស្រាយ​តប​នឹង​បម្រាម​​​ពាណិជ្ជកម្ម​អាមេរិក។ នេះ​ជា​ប្រតិកម្ម​របស់​ស្ថាបនិក​ក្រុមហ៊ុន​Huawei ​លោក Ren Zhengfei ដោយ​អះអាងថា​ អ្វី​ដែល​អាមេរិក​កំពុងធ្វើ គឺ​ជា​ការ​​មើល​ស្រាលក្រុមហ៊ុនលោក។

ដូច​​ធ្លាប់​បាន​ប្រាប់​ទៅ​អ្នក​កាសែត​ជប៉ុន​កាលពី​ថ្ងៃទី ១៨​ឧសភា​ លោក Ren Zhengfei បាន​ពន្យល់​ថា Huawei​រង​ផល​ប៉ះពាល់​​​តិច​តួច​ណាស់ ! ព្រោះ​ Huawei​​ដឹង​ខ្លួនជាមុន និង​បាន​ត្រៀម​លក្ខណៈ​ប្រឈម​នឹង​បម្រាម​អាមេរិក​តាំង​ពី​នៅ​ល្អ​នឹង​គ្នា​មក​ម្ល៉េះ។

​ផលវិបាក​នៃ​ការ​ផ្តាច់​ទំនាក់ទំនង​Google- Huawei ចំពោះ​អ្នក​ប្រើប្រាស់

​Google បាន​សម្រេចឈប់​ផ្គត់​ផ្គង់​កម្មវិធី ឈប់​ផ្តល់​សម្ភារៈ​បរិក្ខារ​ព័ត៌មាន​វិទ្យា លែង​ផ្តល់​សេវា​បច្ចេកទេស​ឱ្យ​Huawei ដូច្នេះ​អ្នក​ប្រើប្រាស់​ទូរស័ព្ទ​ ​ផលិត​ដោយ​ក្រុមហ៊ុន​Huawei នឹង​លែង​អាច​ធ្វើ​បច្ចុប្បន្នភាព​​កម្មវិធី​របស់​ប្រព័ន្ធ​Android លើកលែង​តែ​ក្រុមហ៊ុនសម្រេច​​ធ្វើ​បច្ចុប្បន្នភាព​ដោយ​ខ្លួនឯង។ មានន័យ​ថា​អ្នក​ប្រើប្រាស់​ប្រឈម​នឹ​ងហានិភ័យ​ខ្ពស់ ​អាច​រងផលវិបាក​ធ្ងន់ធ្ងរ​ខ្លាំង​ ព្រោះ​ទូរស័ព្ទ​ដៃ​របស់​ពួកគេ​ អាច​មាន​ចំណុច​ខ្សោយផ្នែក​ ​សុវត្ថិភាព​ ដោយ​ងាយ​រង​ការ​វាយប្រហារ​ពី​វ៉ាយរឺសៗ​ផ្សេង។ ​ អ្នក​ប្រើប្រាស់​អាច​បន្ត​ប្រើ និង​ធ្វើ​បន្ទាន់​សម័យ​កម្មវិធី​សម្រាប់​ស្មាតហ្វូន​ផ្តល់​ដោយ​Google ដូច​ជា​ Gmail youtube ឬ​Chrome ដែល​អនាគត​ទៅ​នឹង​លែ​ងមាន​ដាក់​​នៅ​ក្នុង​ទូរស័ព្ទដៃ​​Huawei​ជំនាន់​ថ្មី​និង​ក្រោយៗ។

សរុបមក សម្រាប់​អ្នក​ប្រើប្រាស់​នៅចិន ទំនង​ជា​រង​មិន​ត្រូវ​រង​​ឥទ្ធិពល​រំខានពីសេចក្តី​សម្រេច​របស់​Googleទេ​ ព្រោះ​ភាគ​ច្រើន​នៃ​កម្មវិធី​របស់​Google ត្រូវ​បាន​ហាមឃាត់​នៅ​ចិន ​ដោយ​ចិន​រួច​ស្រេច​ទៅ​ហើយ។ ប៉ុន្តែ​ Huawei​ ​បាន​ក្លាយ​ជា​ក្រុមហ៊ុន​ទូរគមនាគមន៍​លំដាប់​លេខ​ពីរ​ពិភពលោក បន្ទាប់​ពី​ សាំស៊ុង និង​នាំ​មុខ​ក្រុមហ៊ុន​Apple​ទៅ​ទៀត។ Huawei​ តំណាង​ឱ្យ​១៩%​​នៃ​ទីផ្សារ​ស្មាតហ្វូន​ពិភពលោក។ ក្រុមហ៊ុន​បាន​ស្គាល់​កំណើនលក់​​ជាង​​៥០%​នៅ​ឆ្នាំ​ត្រីមាស​ទី​១ឆ្នាំ​២០១៩​។ ហួរ​វៃ​ជាប់​លំដាប់​លេខ​មួយ​ពិភពលោក​ផ្នែក​បច្ចេកវិទ្យាអ៊ីនធ័រនែត​ជំនាន់​ទី​៥ និង​មានទីផ្សារ​ធំ​ទីពីរ នៅ​អឺរ៉ុប។ គឺ​​អ្នក​ប្រើប្រាស់​នៅ​តំបន់​នេះនិង​អាហ្វ្រិក ដែល​ អាច​រង​ផលប៉ះពាល់​ខ្លាំង។ ចំណែក​អាហ្វ្រិក​ ​ជា​ទ្វីប​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន ដោយមាន​ប្រទេស​ជាង​៤០​បាន​ក្លាយ​ ជា​ដៃគូ​​លំដាប់​លេខមួយ​តាំង​ពី​ឆ្នាំ​១៩៩៨មក

មា​នទីផ្សារ​និង​សក្តានុពល​ខ្លាំង​ ការដាច់ដោច​ជាមួយ​Google អាច​​នឹង​ជំរុញ​ឱ្យ​Huawei​​ ដើរ​តាម​គំរូ​ Apple និង​ស្នើ​ប្រព័ន្ធ​ផលិតកម្ម​ផ្ទាល់​ជា​របស់​ខ្លួន​ផង។ គំនិត​នេះ​មាន​រសាត់​ក្នុង​ខួរ​ក្បាល​អ្នក​ដឹកនាំ​ក្រុមហ៊ុន​យូរ​មក​ហើយ​ដែរ។

 

Google ខ្លួនឯង​ក៏​មាន​ហានិភ័យ​

ចំណែក​ខាង​Google វិញ ផ្តាច់​ខ្លួន​ពី​ចិន នឹង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​Google ខាត​មិន​អាច​ភ្ជាប់​ចូល​យក​ទិន្នន័យ​សំខាន់ របស់​អ្នក​ប្រើប្រាស់​រាប់​លាន​នាក់ ដែល​ជាអ្នកនាំ​ចំណូល​រាល់​ថ្ងៃ​និង​ដែល​ជា​​មូលដ្ឋាន​នៃ​គំរូ​សេដ្ឋកិច្ច ស្រដៀង​នឹង​ហ្វេសប៊ុក។ ប៉ុន្តែ​គឺ​ទំនង​ជា​លទ្ធភាព​នៃ​បង្កើត និង​អភិវឌ្ឍ​ប្រព័ន្ធ​ផលិត​កម្ម​ ផ្ទាល់​ជា​របស់​Huawei​ ដែល​ជា​តំណាង​ហានិភ័យ​ខ្ពស់​បំផុត​សម្រាប់​Google ។ ជាង​នេះ​ទៅ​ បើក្តីស្រមៃ​​Huawei​បាន​សម្រេច​ នោះ​ក្រុមហ៊ុន​​​ចិន​ផ្សេង​ទៀត ​នឹង​អាច​ឈប់​ប្រើ​កម្មវិធី​របស់​អាមេរិក ដើម្បី​ចៀសកុំ​ឱ្យ​ក្លាយ​ជា​ជនរងគ្រោះ​ ឬ​ស្ថិត​ក្រោម​គំនាប​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ