តុលាការធម្មនុញ្ញថៃ រារាំងប្រមុខដឹកនាំបក្សប្រឆាំងថៃ ដ៏មានប្រជាប្រិយភាពមិនឲ្យចូលសភា
បន្ទាប់ពីអវត្តមានអស់ជាច្រើន ឆ្នាំ ដោយសាររដ្ឋប្រហារយោធា កាលពីឆ្នាំ ២០១៤ សភាថៃថ្មីត្រូវបើកទ្វារប្រជុំជាផ្លូវការ នៅថ្ងៃ សុក្រនេះ ដោយគ្មានវត្តមានរបស់ប្រមុខបក្សប្រឆាំងដ៏មានប្រជាប្រិយភាព។ កាលពីថ្ងៃព្រហស្បតិ៍ ពោលគឺនៅមួយថ្ងៃមុនរដ្ឋសភាបើកសម័យប្រជុំពេញអង្គ តុលាការរដ្ឋធម្មនុញ្ញថៃ បានសម្រេចបើកការស៊ើបអង្កេតលើពាក្យបណ្តឹង ប្រឆាំង លោក ថាណាថន មេដឹកនាំគណបក្សអណាខុតម៉ៃ។
ចុះផ្សាយនៅថ្ងៃ៖
នៅក្នុងសេចក្តីថ្លែងការណ៍ចុះផ្សាយ កាលពីថ្ងៃព្រហស្បតិ៍ តុលាការធម្មនុញ្ញថៃ បានបញ្ជាក់ថា តុលាការសម្រេចទទួលយកពាក្យបណ្តឹង ប្រឆាំងលោកថាណាថន ប្រធានគណបក្សប្រឆាំង អណាខុតម៉ៃ។ ជាលទ្ធផល តំណែងជាសមាជិករដ្ឋសភា របស់លោកថាណាថនក៏នឹងត្រូវព្យួរ រហូតដល់មានការសម្រេចសាលក្រមរបស់តុលាការ។
ការសម្រេចរបស់តុលាការ ធម្មនុញ្ញថៃ មានន័យរារាំង មិនឲ្យប្រមុខគណបក្សដ៏ធំ លំដាប់ទី៣របស់ថៃ បានទៅចូលរួម នៅក្នុងការបើកសម័យប្រជុំលើកទី១របស់រដ្ឋសភាថៃ។ លោកថាណាថននឹងអាក់ខានមិនអាចទៅបោះឆ្នោត ជ្រើសរើសអ្នកនាំពាក្យរបស់សភា ដែលត្រូវរៀបចំនៅថ្ងៃសុក្រនេះ នៅខណៈពេលដែលការបោះឆ្នោតសភា ដើម្បីជ្រើសរើស នាយករដ្ឋមន្រ្តីថៃអាចរៀបចំឡើង នៅសប្តាហ៍ក្រោយ។
តុលាការធម្មនុញ្ញថៃសម្រេចបើកការស៊ើបអង្កេត បន្ទាប់ពីគណៈកម្មការរៀបចំការបោះឆ្នោតថៃ កាលពីចុងខែមេសា បានចោទប្រកាន់លោកថាណាថនថា បានរំលោភច្បាប់បោះឆ្នោត ដោយសារ មានភាគហ៊ុននៅក្នុងក្រុមហ៊ុនផ្សព្វផ្សាយព័ត៌មាន។
ការសម្រេចរបស់តុលាការធម្មនុញ្ញថៃ ជាចំណាត់ការថ្មីមួយទៀត របស់របបសឹក ដើម្បីបំផ្លាញ ប្រមុខដឹកនាំបក្សប្រឆាំងដ៏មានប្រជាប្រិយភាព ដែលបានទទួលសំឡេងគាំទ្រដ៏ច្រើន គួរឲ្យភ្ញាក់ផ្អើល ប្រមាណ ៦លានសំឡេង នៅក្នុងការបោះឆ្នោតសភា កាលពីខែ មីនាកន្លងទៅ។ ក្រៅតែពីរងបទចោទប្រកាន់ ថារំលោភ ច្បាប់បោះឆ្នោត លោកថាណាថន មហាសេដ្ឋីវ័យ ៤០ឆ្នាំរូបនេះ កំពុងរងការចោទប្រកាន់ផ្សេងទៀត ដូចជា រំលោភច្បាប់ឧក្រិដ្ឋកម្មអ៊ីនធ័រនែត ញុះញង់ឲ្យមានការបះបោរជាដើម។ បទចោទប្រកាន់ទី២នេះធ្វើឲ្យលោកថាណាថន អាចប្រឈមនឹងការផ្តន្ទាទោសជាប់ពន្ធនាគារ ៧ឆ្នាំ។
ការសម្រេចយ៉ាងដូច្នេះរបស់តុលាការធម្មនុញ្ញថៃ កំពុងធ្វើឲ្យអនាគតរបស់គណបក្សអណាខុតម៉ៃរបស់លោកថាណាថន ដែលឈ្នះឆ្នោត ទទួលបានអាសនៈ ចំនួន ៨០នៅរដ្ឋសភា ស្ថិតក្នុងភាពមិនច្បាស់លាស់។ គេវាយតម្លៃថា តុលាការធម្មនុញ្ញថៃ ដែលធ្លាប់រំលាយចោល គណបក្សប្រឆាំងនឹងរបបសឹករបស់លោកប្រាយុទ្ធ ចាន់អូចារ ម្តងហើយ កាលពី កុម្ភៈ នឹងអាចសម្រេច ហាមលោក ថាណាថនមិនឲ្យធ្វើនយោបាយ ចាប់ដាក់ពន្ធនាគារ ហើយនិងរំលាយគណបក្សអណាខុតម៉ៃតែម្តង។
ជាថ្មីម្តងទៀត លោកថាណាថន កាលពីថ្ងៃព្រហស្បតិ៍បានអំពាវនាវ ឲ្យប្រជាជនដែលស្នេហាភាពយុត្តិធម៌ រួបរួមគ្នា ងើបឈរ តស៊ូប្រយុទ្ធជាមួយលោក។
នៅចុងខែមេសាកន្លងទៅ នៅចំពោះមុខសកម្មជនគាំទ្រ ដ៏កកកុញនៅ មុខទីស្នាក់ការគណៈកម្មការបោះឆ្នោត លោក ថាណាថន ធ្លាប់បង្ហាញជំនឿចិត្ត និងភាពស្មោះត្រង់ ដោយអះអាងថា ភាគហ៊ុនដែលលោកមានក្នុងក្រុមហ៊ុនឃោសនាព័ត៌មាន ត្រូវបានលក់ចេញ តាំងពីពីរបីសប្តាហ៍មុនលោកដាក់បេក្ខភាពឈរឈ្មោះបោះឆ្នោតម្ល៉េះ។ដូច្នេះ ការចោទប្រកាន់របស់គណៈកម្មការបោះឆ្នោត គឺជាការចោទប្រកាន់ បែបនយោបាយសុទ្ធសាធ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ