អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

តុល្យការ​សេដ្ឋកិច្ច​មិនសូវល្អ ប៉ុន្តែ លោកណារិនដ្រា ម៉ូឌី​នៅតែ​ឈ្នះឆ្នោត ដឹកនាំ​ឥណ្ឌាមួយអាណត្តិទៀត

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅប្រទេស​ឥណ្ឌា លទ្ធផល​ឆ្នោត នៅថ្ងៃព្រហស្បតិ៍​ទី ២៣ ឧសភា បានបង្ហាញថា គណបក្ស​ហិណ្ឌូនិយម​របស់​លោកណារិនដ្រា ម៉ូឌី បានឈ្នះឆ្នោត ភ្លូកទឹក ភ្លូកដី ដោយ​ទទួលបាន​សំឡេង​ឆ្នោត​ភាគច្រើន នៅ​រដ្ឋសភា ប្រមាណ ២៩៨​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ចំនួន​៥៤២។ ជាមួយ​នឹង​សំឡេងឆ្នោត​ភាគច្រើន​នៅ​រដ្ឋសភា លោក​ណារិនដ្រា ម៉ូឌី នឹង​ងាយ​ឈានទៅ​បង្កើត​រដ្ឋាភិបាល សម្រាប់​អាណត្តិ​ទី២ ៥ឆ្នាំទៀត​បាន​យ៉ាងងាយ។ 

លោកណារិនដ្រា​ម៉ូឌី​បានឈ្នះឆ្នោត​ជាមួយ​សំឡេង​ភាគច្រើន ដើម្បី​ដឹកនាំ​រដ្ឋាភិបាលអាណត្តិទី​២ទៀត នៅថ្ងៃទី ២៣​ឧសភា ២០១៩
លោកណារិនដ្រា​ម៉ូឌី​បានឈ្នះឆ្នោត​ជាមួយ​សំឡេង​ភាគច្រើន ដើម្បី​ដឹកនាំ​រដ្ឋាភិបាលអាណត្តិទី​២ទៀត នៅថ្ងៃទី ២៣​ឧសភា ២០១៩ © REUTERS/Adnan Abidi
ផ្សាយពាណិជ្ជកម្ម

គណបក្សហិណ្ឌូនិយម​របស់​លោកនាយករដ្ឋមន្រ្តី​ឥណ្ឌា​បាន​ឈ្នះឆ្នោត​ដាច់ ដោយ​ទទួល​បាន​សំឡេង​ភាគច្រើន នៅ​រដ្ឋសភា ដល់​ទៅ ២៩៨​អាសនៈ ក្នុង​ចំណោម​អាសនៈ​សរុប ៥៤២។ លទ្ធផល​នេះ​បង្ហាញថា គណបក្ស​របស់​លោកណារិនដ្រា ម៉ូឌី ប្រមូល​សំឡេង​គាំទ្រ​បាន​ច្រើន ជាងមុន ជាង​ការបោះឆ្នោត កាលពី​៥​ឆ្នាំ​មុនទៅទៀត។ ជ័យជំនះ​របស់​លោក​ណារិនដ្រា ម៉ូឌី នៅក្នុង​ការបោះឆ្នោត សភា​ឥណ្ឌា លើកនេះ បង្ហាញ​ថា ពីពេលនេះ​តទៅ គេ​អាច​ឈ្នះឆ្នោត​ធំៗ បើទោះបី​ជា​តុល្យការ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​មិន​សូវ​ល្អ​ក៏ដោយ។

នៅក្នុង​អាណត្តិ​៥​ឆ្នាំ​មកនេះ រដ្ឋាភិបាល​របស់​លោកណារិនដ្រា ម៉ូឌី នៅ​តែ​មិនអាច​ដោះស្រាយ​បញ្ហា​សេដ្ឋកិច្ច ដែល​លោកធ្លាប់​សន្យា​នៅក្នុង​យុទ្ធនាការ​ឃោសនា​អាណត្តិមុន។ អ្នកអត់ការងារ​ធ្វើ ក្នុង​ចំណោម​យុវជន​នៅតែ​មាន​ចំនួនច្រើន បញ្ហា​ហេដ្ឋារចនាសម្ព័ន្ធ ហើយ​និង​ទុក្ខលំបាក​របស់​ប្រជាជន​កសិករ​ឥណ្ឌា​ ដែលកំពុង​ប្រឈម​នឹង​ការខាតបង់ ដោយសារ​កង្វះ​ទីផ្សារ ហើយ​និង​បញ្ហាប្រែប្រួល​អាកាសធាតុ។ ដោយសារ​តែ​តុល្យការ​សេដ្ឋកិច្ច​របស់រដ្ឋាភិបាល​លោកម៉ូឌី មិន​សូវ​ល្អ គណបក្ស​របស់​ណារិនដ្រា ម៉ូឌី​បាន​ប្តូរ​យុទ្ធសាស្រ្ត ដោយ​ងាក​មក​យក​រឿង​បុគ្គល ជីវប្រវត្តិ​តស៊ូរបស់​លោក​ណារិនដ្រា ម៉ូឌី មកធ្វើ​ជា​ប្រធានបទ កម្មវត្ថុ​នៅ​ក្នុង​ការឃោសនាវិញ។

គេ​វាយតម្លៃថា  លោកម៉ូឌី គ្មានកម្មវិធី​នយោបាយ​ច្បាស់លាស់ ប៉ុន្តែ គឺមានតែ​ការឃោសនា​បំប៉ោង បំភិតបំភ័យ​ប្រជាជន ពី​បញ្ហាសន្តិសុខ ការគំរាមកំហែង​របស់​ពួកភេរវជន អ៊ីស្លាមជ្រុលនិយម។

សូមរំលឹកថា នៅ​មុន​ពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ចាប់ផ្តើម នាយករដ្ឋមន្រ្តី​ឥណ្ឌា លោក​ណារិនដ្រា ម៉ូឌី បាន​បញ្ជា​ឲ្យ​យន្តហោះចម្បាំង​ទៅទម្លាក់​គ្រាប់បែក​លើជំរំ​របស់​ក្រុមអ៊ីស្លាមជ្រុលនិយម នៅ​ទឹកដី កាស្មៀ កាន់កាប់​ដោយ​ប៉ាគីស្ថាន បន្ទាប់ពី​ក្រុមនេះ ចេញមុខ​វាយប្រហារ​សម្លាប់​ទាហាន​ឥណ្ឌា​៤០​នាក់។

ដោយ​បញ្ជា​ឲ្យ​កងទ័ព​វាយប្រហារ​សំបុក​របស់​ភេរវជន លោកម៉ូឌី ចង់​បង្ហាញថា លោក​ជាឆ្មាំ ការពារ ធានា​សុវត្ថិភាព សន្តិសុខ ឲ្យ​ប្រជាជន​ឥណ្ឌា ពី​ការវាយប្រហារ​របស់​ភេរវជន​អ៊ីស្លាមជ្រុលនិយម។ នយោបាយ​មួយ​ជំហាន​នេះ ធ្វើ​ឲ្យ​លោកម៉ូឌី បាន​សំឡេង​គាំទ្រ​ច្រើន​ពីប្រជាជន ដែល​ស្អប់ និង​ភ័យខ្លាច​ការវាយប្រហារ​ភេរវកម្ម។

ជ័យជំនះ​របស់​លោក​ណារិនដ្រា​ម៉ូឌី លើកនេះ សបញ្ជាក់ដែរថា ឥណ្ឌា​ប្រទេស​ប្រជាធិបតេយ្យ​ធំជាង​គេ​លើលោក កំពុង​ដើរនៅលើ​ផ្លូវ ដែល​នៅទីនោះ មេដឹកនាំ​កាន់តែ​ច្រើន​ក្នុង​ពិភពលោក​ប្រើ​មធ្យោបាយ​ប្រជាភិថុត ដើម្បី​នៅក្រាញអំណាច តាមរយៈ ការបង្កើត​ព្រឹត្តិការណ៍​រំជួល​អារម្មណ៍ (ជីវប្រវត្តិតស៊ូ​របស់លោកម៉ូឌី) បញ្ហា​សន្តិសុខជាតិ ឬ​បញ្ហា​ជនអន្តោប្រវេសន៍ ដើម្បី​អូសទាញ​ទឹកចិត្ត​ម្ចាស់សំឡេងឆ្នោត។

នៅឥណ្ឌា ជ័យជំនះ​ជាប្រវត្តិសាស្រ្ត​របស់​ណារិនដ្រា​ម៉ូឌី​លើកនេះ ក៏ជា​លទ្ធផល​ផ្លែផ្កា នៃ​នយោបាយ​ឃោសនា​ផ្សព្វផ្សាយ ដ៏ផុសផុល​របស់​រដ្ឋាភិបាល ពីព្រោះថា នៅកន្លែង​ណា​ក៏គេ​ឃើញ​បិទផ្សព្វផ្សាយ​រូប​លោកម៉ូឌី។ លោកម៉ូឌី កម្រ​នឹង​ធ្វើ​សន្និសីទ​កាសែតណាស់ ប៉ុន្តែ នៅរាល់​សុន្ទរកថា តាមទូរទស្សន៍ វិទ្យុម្តងៗ លោកម៉ូឌី និយាយ​រាប់ម៉ោង ទៅកាន់​ប្រជាជន ចំណែក បក្ស​ប្រឆាំង​វិញ គឺ​គ្មាន​ឱកាស​បញ្ចេញ សំឡេង ផ្សព្វផ្សាយ​កម្មវិធី​នយោបាយ​របស់ខ្លួន​ដោយ​ទូលំទូលាយ​នោះទេ។

ជាមេដឹកនាំ​ចេញមកពី​ការបោះឆ្នោត លោកម៉ូឌី កំពុង​កសាង​កេរ្តិ៍ឈ្មោះ​បុគ្គល ដើម្បី ពង្រឹង​អំណាចផ្ទាល់ខ្លួន ជាជាង ដោះស្រាយ​បញ្ហា​ស៊ីជម្រៅ​របស់​ប្រជាជន

លោកណារិនដ្រា ម៉ូឌី​បានទទួល​ជ័យជំនះ​ភ្លូកទឹក ភ្លូកដីមែន ប៉ុន្តែ ជាមួយ​គ្នានេះ នៅមាន​កិច្ចការ​ជាច្រើន​ដែល​កំពុងរង់ចាំ​លោក​ឲ្យ​ដោះស្រាយ។ ដូចជា​បញ្ហា​អត់ការងារ​ធ្វើ​ដែល​បាន​កើនឡើង​ចំនួន ៣​ដង នៅ​ក្នុង​រយៈពេល ៦ឆ្នាំចុងក្រោយនេះ។ ភាពក្រីក្រ ទុក្ខវេទនា​របស់​ប្រជាកសិករ ដែល​មួយចំនួន កើតមាន​មកពី​កំណែទម្រង់​សេដ្ឋកិច្ច​របស់​លោកណារិនដ្រា ម៉ូឌី។ កិច្ចការ​ដ៏លំបាក​មួយទៀត ដែល​លោក​ម៉ូឌី ប្រឈម ពិបាក​នឹង​ដោះស្រាយ នោះ គឺ​កំណើន​សេដ្ឋកិច្ច​របស់​ឥណ្ឌា​ដែល​ហាក់​ថមថយ​ចុះ ខុសពីការព្យាករណ៍​ទុកមុន ដោយសារ​តែ​សង្រ្គាម​ពាណិជ្ជកម្ម​ចិន និងអាមេរិក ហើយ​និង​ដោយសារតែ​តម្លៃប្រេង​ឡើងថ្លៃ ដែល​កើតចេញមកពី​ភាពតានតឹង​រវាង​អាមេរិក និង​អ៊ីរ៉ង់។

នៅក្នុងផ្នែកដឹកនាំ​សង្គមវិញ គេ​វាយតម្លៃ​ថា ឥណ្ឌា​នៅក្រោម​ការដឹកនាំ​របស់​លោកណារិនដ្រា ម៉ូឌី នឹង​រឹត​តែ​បែកបាក់​ខ្លាំងឡើង ជាពិសេស​ខាងផ្នែក​សាសនា ព្រោះថា លោកម៉ូឌី មាន​នយោបាយ លើក​តម្កើង​ខ្លាំង ប្រជាជន​ឥណ្ឌា​កាន់​សាសនា​ហិណ្ឌូ និង​យក​បញ្ហា​សន្តិសុខ​មកធ្វើ​ជា​លេស​រឹតបន្តឹង​អ្នកដែល​ប្រឆាំង​រិះគន់​ខ្លួន។ គេជឿថា លោក​ម៉ូឌី​កំពុង​បង្កើត​បរិយាកាស​ឲ្យ​មាន​ការស្អប់ រើសអើង​ប្រកាន់​សាសនា ដែល​ជនរងគ្រោះ គ្មានអ្នកណា​ក្រៅតែពី​ក្រុម​សហគមន៍​សាសនា​អ៊ីស្លាម នោះទេ។

មួយវិញទៀត ខុសពី​មេដឹកនាំ​ដែល​ចេញមកពីការបោះឆ្នោត នៅក្នុង​ស្រុកប្រជាធិបតេយ្យ លោក​ណារិនដ្រា ម៉ូឌី​កំពុង​កសាង​មុខមាត់ បុគ្គល​លោកផ្ទាល់ រហូត​ធ្វើ​ឲ្យ​គេ​ជឿថា ឥណ្ឌា ដែល​មាន​នាយករដ្ឋមន្រ្តី កើតចេញមក​ពី​ការបោះឆ្នោត ប៉ុន្តែ តាមពិត គឺ​មាន​មេដឹកនាំ​ផ្តាច់ការ ដែល​គ្រប់គ្នា​ត្រូវ​ជឿ គោរព ថ្វាយ​ដូចជា​ព្រះ ដើម្បី​លន់តួ សុំ​សេចក្តីសុខ ជៀសរួចផុត​ពីការគំរាមកំហែង វាយប្រហារ​ភេរវកម្ម​របស់​ក្រុមអ៊ីស្លាមជ្រុលនិយម៕

នៅ​ថ្ងៃ​សុក្រ លោកណារិនដ្រា ម៉ូឌី​ត្រូវ​កោះប្រជុំ​គណៈរដ្ឋមន្រ្តី​របស់​លោក មុន​នឹង​ទៅ​ដាក់ពាក្យ​សុំ​លាលែង​មុខតំណែង នៅរដ្ឋសភា។ បន្ទាប់ពី​សភា​ចាស់​ត្រូវ​រំលាយ​ចោល សភា​ថ្មី​នឹង​បោះឆ្នោត​ជ្រើសរើស​លោកម៉ូឌី ជា​នាយករដ្ឋមន្រ្តី ដែលនឹង​មាន​នាទី បង្កើត​រដ្ឋាភិបាល ថ្មី។ គេ​វាយតម្លៃថា លោកម៉ូឌី នឹង​ជ្រើសរើស​ប្រធាន​គណបក្ស​ហិណ្ឌូនិយម​របស់លោក ឲ្យ​កាន់តំណែង​សំខាន់ គឺតំណែង​រដ្ឋមន្រ្តី​ក្រសួងមហាផ្ទៃ​ឥណ្ឌា ចំណែករដ្ឋមន្រ្តី​ក្រសួងថាមពលរ៉ែ និង​ផ្លូវដែក នឹង​អាច​ជ្រើសតាំង​ឲ្យ​ធ្វើ​ជា​រដ្ឋមន្រ្តី​កាន់កញ្ចប់​សេដ្ឋកិច្ច​របស់​មហាអំណាច​ធំទី ២ នៅ​អាស៊ី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ