អានតួអត្ថបទ

ទៅជប៉ុនភ្លាម លោកត្រាំ រំលើក​​រឿង​​វិសមភាព​ពាណិជ្ជកម្ម​ភ្លាម

ទស្សនកិច្ច​ផ្លូវ​រដ្ឋ ដែលម្ចាស់​ផ្ទះ​រៀប​ចំ​​​ពិធីការ​ទទួល​យ៉ាង​ល្អ​ឥត​ខ្ចោះ​មិន​ទាន់​ចាប់​ផ្តើម​ស្រួល​ប្រួល​ផង លោកដូណាល់ ត្រាំ បាន​ស្រែក​អំពាវនាវ​ឱ្យ​អ្នក​វិនិយោគ​ជប៉ុនបង្កើន​វត្តមាន​និង​​ទៅ​ដាក់​ទុន​រក​ស៊ី​នៅ​អាមេរិក​ឱ្យ​បាន​ច្រើន។ លោក​ប្រធានាធិបតី​បាន​​ទាមទារ​ជា​ថ្មី​ឱ្យ​ជប៉ុន​ធ្វើ​យ៉ាង​ណា​កាត់​បន្ថយ​វិសមភាព​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ។

លោក​ដូណាល់ ត្រាំ នៅ​ចំពោះ​មុខ​មេដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំៗ ថ្ងៃទី ២៥ ឧសភា ២០១៩
លោក​ដូណាល់ ត្រាំ នៅ​ចំពោះ​មុខ​មេដឹកនាំ​ក្រុមហ៊ុន​ជប៉ុន​ធំៗ ថ្ងៃទី ២៥ ឧសភា ២០១៩ © Reuters
ផ្សាយពាណិជ្ជកម្ម

“​សេដ្ឋកិច្ច​អាមេរិក​កំពុង​មាន​សុខភាព​ល្អ និង​ជា​ឱកាស​ដ៏​ប្រពៃ​សម្រាប់​ធ្វើ​វិនិយោគ​នៅ​សហរដ្ឋ” ! នេះ​ជា​ប្រសាសន៍​របស់លោក​ប្រធានាធិបតី​អាមេរិក​ ដូណាល់ ត្រាំ ទៅ​កាន់​មេ​​​ដឹកនាំ​ក្រុមហ៊ុន​ធំៗ​របស់​ជប៉ុន​ជា​ច្រើន​រូប មាន​ជាអាទិ៍ ក្រុមហ៊ុន​តូយ៉ូតា នីសាន់ ហុងដា SoftBank និង​Rakuten ដែលបាន​​មក​ជួប​ជុំ​គ្នា​នៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​ទីក្រុង​តូក្យូ។

ជាមួយ​នឹង​សេចក្តី​អំពាវនាវ​ហៅ​អ្នក​វិនិយោគជប៉ុន​​​ទៅ​សហរដ្ឋ​អាមេរិក និង​ក្នុង​ពេល​ដែល​វ៉ាស៊ីនតោន​និង​តូក្យូ​កំពុង​ចាប់​ផ្តើមការ​ចរចាពាណិជ្ជកម្ម ​លោក​ដូណាល់ត្រាំ ​ បាន​ព្រលយ​ឱ្យ​ដឹង​ថា លោក​ចង់​ឃើញ​កិច្ចព្រមព្រៀងពាណិជ្ជកម្ម​​មួយ​ប្រសូត​ចេញ​ជា​រូប​រាង​ ដោយ​មាន​​កែសម្រួលវិសមភាព​​ជញ្ជីង​ពាណិជ្ជកម្ម​។ បើ​តាម​លោក​ត្រាំ ជា​មួយ​នឹង​កិច្ចព្រមព្រៀង​ថ្មី ដែល​កាត់​បន្ថយ​វិសមភាពពាណិជ្ជកម្ម រនាំង​ពន្ធ​គយ​នាំ​ចូល​អាមេរិក​នឹង​ត្រូវ​លុប​ចោល ភាព​ស្មើគ្នា​ក៏​ត្រូ​វបាន​ធានា​ និង​ ​ទំនាក់ទំនង​ល្អ​ទៅវិញ​ទៅមក​នឹង​ត្រូវ​បាន​រក្សាយ៉ាង​ផូរផង់។

សូម​បញ្ជាក់​ថា បច្ចុប្បន្ននេះ ជញ្ជីង​ពាណិជ្ជកម្ម​លម្អៀង​ខ្លាំង​មក​ខាង​ជប៉ុន ជាពិសេស​គឺ​ដោយ​សារ​តែ​ការនាំ​ចូល​រថយន្ត​តែ​ម្តង។ ជា​សរុប​អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​ជា​​មួយ​​​ជប៉ុន​ក្នុង​​កំរិត ​៦៨​ពាន់​លាន​ដុល្លារ។ សម្រាប់​តែ​ខែ​មេសា​ឆ្នាំ​២០១៩​មួយ គម្លាត​ឱនភាព​កាន់​រីក​ធំ​ បន្ថែម​៦៥៥០​លាន​ ព្រោះ​ទីផ្សារ​​រថយន្ត​ជប៉ុន​នៅអាមេរិក​បាន​ស្គាល់​កំណើន​ដល់​ទៅ​៨,៣%។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ កាលពី​សប្តាហ៍​មុន​លោកត្រាំ បាន​ប្រកាស​ចាត់​ទុក​ឧស្សាហកម្ម​រថយន្តបរទេស​នេះ ថា​ជាការ​គំរាម​កំហែង​សន្តិសុខជាតិ​អាមេរិក​នោះ​។​ ប៉ុន្តែ​ខាងភាគី​ជប៉ុន ​បាន​បញ្ជាក់​ជា​ស្រេច​ហើយ​ដែរ ថាប្រឆាំង​ដាច់ខាត​នូវ​រាល់​គំនិត​ផ្តួតផ្តើម​ចង់​កំរិត​ការ​នាំ​ចេញ ដែល​ជា​ទង្វើ​រំលោភ​ច្បាប់​ពាណិជ្ជកម្ម​​ពិភពលោក។

​បញ្ជា​ពាណិជ្ជកម្ម​នេះ នឹង​ត្រូវ​លើក​ទៅ​ពិភាក្សា ​ទល់​មុខ​គ្នា​ នៅ​ក្នុង​ជំនួប​រវាង​លោក​ត្រាំ​និង​លោក​អាបេ​នៅ​ថ្ងៃ​ចន្ទ​ ទន្ទឹម​នឹង​សំណុំ​រឿង​កូរ៉េខាង​ជើង​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ