អានតួអត្ថបទ
ចិន-អាមេរិក

អាមេរិកជំរុញចិនឲ្យចរចាជាមួយសម្តេចសង្ឃទីបេដាឡៃ ឡាម៉ាដើម្បីបញ្ចប់ភាពខុសគ្នា

នៅ​ថ្ងៃ​សៅរ៍ ទី២៥ ឧសភា ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​លោក Terry Branstad បាន​អំពាវនាវ​ក្រុង​ប៉េកាំង​ឲ្យ​ផ្តើម​កិច្ចសន្ទនា​ស៊ីជម្រៅ​មួយ​ជាមួយ​សម្តេចសង្ឃ​ទីបេ​ដាឡៃ ឡាម៉ា។ ការ​អំពាវនាវ​របស់​លោក Terry បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ខេត្ត Qinghai ស្ថិត​ប៉ែក​ពាយ័ព្យ​ប្រទេស​ដែល​សម្បូរ​ដោយ​ប្រជាជន​ទីបេ​រស់នៅ និង​ទៅ​កាន់​តំបន់​ស្វយ័ត​ទីបេ​ស្ថិត​ប៉ែក​ខាង​លិច​ពី​ថ្ងៃទី១៩ ដល់​ថ្ងៃទី២៥ ឧសភា។ គួរ​បញ្ជាក់​ថា ដំណើរ​ទៅ​កាន់​តំបន់​ស្វ័យ័ត​ទីបេ​ត្រូវ​បាន​រដ្ឋអំណាច​ចិន​រឹតបន្តឹង​សម្រាប់​ក្រុមអ្នកការទូត និង​ក្រុម​អ្នកកាសែត។

អាមេរិកជំរុញចិនឲ្យចរចាជាមួយសម្តេចសង្ឃទីបេដាឡៃ ឡាម៉ាដើម្បីបញ្ចប់ភាពខុសគ្នា
អាមេរិកជំរុញចិនឲ្យចរចាជាមួយសម្តេចសង្ឃទីបេដាឡៃ ឡាម៉ាដើម្បីបញ្ចប់ភាពខុសគ្នា Reuters/路透社
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ការ​បញ្ជាក់​របស់​ស្រ្តី​អ្នកនាំពាក្យ​ស្ថានទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន ឯកអគ្គរដ្ឋទូត​លោក Terry បាន​ជំរុញ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ឲ្យ​ផ្តើម​កិច្ចសន្ទនា​ស៊ីជម្រៅ​ជាមួយ​សម្តេចសង្ឃ​ទីបេ​ដាឡៃ ឡាម៉ា ឬ​ក្រុម​អ្នកតំណាង​របស់​ព្រះអង្គ​ដោយ​គ្មាន​លក្ខខណ្ឌ​ដើម្បី​ឈាន​ទៅ​រក​ដំណោះស្រាយ​លើ​ភាព​មិន​ចុះ​សម្រុង​គ្នា។ ទន្ទឹម​នឹង​អំពាវនាវ​ឲ្យ​មាន​កិច្ចសន្ទនា​ឡើង​វិញ លោក Terry ក៏​បាន​សម្តែង​ក្តីព្រួយបារម្ភ​ពី​ការ​ជ្រៀតជ្រែក​របស់​រដ្ឋាភិបាល​ចិន​លើ​សេរីភាព​នៃ​ការ​រៀបចំ និង​ការប្រតិបត្តិ​លើ​ព្រះពុទ្ធ​សាសនា​ទីបេ​របស់​ប្រជាជន​ទីបេ។ បន្ទាប់​មក ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ចិន​រូប​នេះ​ដដែល​មិន​ភ្លេច​លើក​ឡើង​ពី​ការ​រារាំង និង​ការ​រឹតបន្តឹង​ដំណើរ​ចេញ ចូល​តំបន់​ទីបេ​ពី​សំណាក់​រដ្ឋអំណាច​ចិន។ ដើម្បី​អាច​ចូល​តំបន់​ទីបេ​បាន ជនបរទេស​ត្រូវ​សុំ​ការ​អនុញ្ញាត​ពិសេស​មួយ។ បើ​ជា​អ្នកទេសចរ​មិន​សូវ​ចំណោត​ប៉ុន្មាន​ទេ តែ​ចំណោត​ខ្លាំង​ចំពោះ​ក្រុមអ្នកការទូត និង​កាន់​តែ​ខ្លាំង​ជាង​នេះ​ចំពោះ​ក្រុមអ្នកកាសែត។

គួរ​រម្លឹក​ថា តាំង​ពី​បាន​ភៀសខ្លួន​ទៅ​គង់នៅ​ប្រទេស​ឥណ្ឌា​ក្នុង​ឆ្នាំ ១៩៥៩ សម្តេចសង្ឃ​ទីបេ​ដាឡៃ ឡាម៉ា​ដែល​បច្ចុប្បន្ន​មាន​ព្រះជន្ម ៨៣ព្រះវស្សា​បាន​ព្យាយាម​ស្វែង​រក​កិច្ចសម្របសម្រួល​មួយ​ជាមួយ​រដ្ឋអំណាច​ក្រុង​ប៉េកាំង​ស្តីពី​អនាគត​របស់​ប្រជាជន​ទីបេ។ តែ​ចាប់​ពី​ពេល​នេះ​ត​ទៅ និង​បន្ទាប់​ពី​បាន​ទាមទារ​ឲ្យ​មាន​ឯករាជ្យ​នៅ​តំបន់​ទីបេ​មិន​បាន​សម្រេច​មក សម្តេចសង្ឃ​ដាឡៃ ឡាម៉ា​បាន​ទាមទារ​ត្រឹម​ស្វ័យភាព​ប៉ុណ្ណោះ។ ទោះ​ជា​យ៉ាង​នេះ​ក្តី កិច្ចចរចា​រវាង​ក្រុម​ប្រេសិត​របស់​ព្រះអង្គ និង​រដ្ឋាភិបាល​ចិន​បាន​ជាប់គាំង​តាំង​ពី​ឆ្នាំ ២០១០។ ករណី​នេះ​ត្រូវ​បាន​ក្រុម​អ្នកសង្កេតការណ៍​ថ្លែង​រិះគន់​ថា ចិន​បាន​អូសបន្លាយ​ពេល​ដោយ​រងចាំ​ថ្ងៃ​សោយទិវង្គត​របស់​ព្រះអង្គ​ដែល​នឹង​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​គំនាប​ពី​សហគមន៍​អន្តរជាតិ​លើ​ខ្លួន។

ចំណែក​ក្រុម​អង្គការ​សិទ្ធិមនុស្ស​ធ្លាប់​បាន​ចោទ​ចិន​ពី​បំពាន​លើ​សាសនា វប្បធម៌ និង​ធ្វើ​ទុក្ខបុកម្នេញ​លើ​ក្រុម​អ្នក​ទាមទារ​ផ្តាច់ទឹកដី​និយម​ទីបេ។ តែ​ចិន​បាន​ចេញ​មុខ​អះអាង​ថា ខ្លួន​បាន​ការពារ​សេរីភាព​នៃ​ជំនឿ​សាសនា និង​បាន​ចាយ​លុយ​យ៉ាង​ច្រើន​ដើម្បី​ធ្វើ​ទំនើបកម្ម​តំបន់ ព្រម​ទាំង​បង្កើន​កម្រិត​ជីវិត​រស់នៅ​របស់​ប្រជាជន​ទីបេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ