ទៅជប៉ុនភ្លាម លោកត្រាំ រំលើករឿងវិសមភាពពាណិជ្ជកម្មភ្លាម
ទស្សនកិច្ចផ្លូវរដ្ឋ ដែលម្ចាស់ផ្ទះរៀបចំពិធីការទទួលយ៉ាងល្អឥតខ្ចោះមិនទាន់ចាប់ផ្តើមស្រួលប្រួលផង លោកដូណាល់ ត្រាំ បានស្រែកអំពាវនាវឱ្យអ្នកវិនិយោគជប៉ុនបង្កើនវត្តមាននិងទៅដាក់ទុនរកស៊ីនៅអាមេរិកឱ្យបានច្រើន។ លោកប្រធានាធិបតីបានទាមទារជាថ្មីឱ្យជប៉ុនធ្វើយ៉ាងណាកាត់បន្ថយវិសមភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ចុះផ្សាយនៅថ្ងៃ៖
“សេដ្ឋកិច្ចអាមេរិកកំពុងមានសុខភាពល្អ និងជាឱកាសដ៏ប្រពៃសម្រាប់ធ្វើវិនិយោគនៅសហរដ្ឋ” ! នេះជាប្រសាសន៍របស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទៅកាន់មេដឹកនាំក្រុមហ៊ុនធំៗរបស់ជប៉ុនជាច្រើនរូប មានជាអាទិ៍ ក្រុមហ៊ុនតូយ៉ូតា នីសាន់ ហុងដា SoftBank និងRakuten ដែលបានមកជួបជុំគ្នានៅស្ថានទូតអាមេរិកប្រចាំទីក្រុងតូក្យូ។
ជាមួយនឹងសេចក្តីអំពាវនាវហៅអ្នកវិនិយោគជប៉ុនទៅសហរដ្ឋអាមេរិក និងក្នុងពេលដែលវ៉ាស៊ីនតោននិងតូក្យូកំពុងចាប់ផ្តើមការចរចាពាណិជ្ជកម្ម លោកដូណាល់ត្រាំ បានព្រលយឱ្យដឹងថា លោកចង់ឃើញកិច្ចព្រមព្រៀងពាណិជ្ជកម្មមួយប្រសូតចេញជារូបរាង ដោយមានកែសម្រួលវិសមភាពជញ្ជីងពាណិជ្ជកម្ម។ បើតាមលោកត្រាំ ជាមួយនឹងកិច្ចព្រមព្រៀងថ្មី ដែលកាត់បន្ថយវិសមភាពពាណិជ្ជកម្ម រនាំងពន្ធគយនាំចូលអាមេរិកនឹងត្រូវលុបចោល ភាពស្មើគ្នាក៏ត្រូវបានធានា និង ទំនាក់ទំនងល្អទៅវិញទៅមកនឹងត្រូវបានរក្សាយ៉ាងផូរផង់។
សូមបញ្ជាក់ថា បច្ចុប្បន្ននេះ ជញ្ជីងពាណិជ្ជកម្មលម្អៀងខ្លាំងមកខាងជប៉ុន ជាពិសេសគឺដោយសារតែការនាំចូលរថយន្តតែម្តង។ ជាសរុបអាមេរិកមានឱនភាពពាណិជ្ជកម្មជាមួយជប៉ុនក្នុងកំរិត ៦៨ពាន់លានដុល្លារ។ សម្រាប់តែខែមេសាឆ្នាំ២០១៩មួយ គម្លាតឱនភាពកាន់រីកធំ បន្ថែម៦៥៥០លាន ព្រោះទីផ្សាររថយន្តជប៉ុននៅអាមេរិកបានស្គាល់កំណើនដល់ទៅ៨,៣%។ ហេតុដូច្នេះហើយបានជា កាលពីសប្តាហ៍មុនលោកត្រាំ បានប្រកាសចាត់ទុកឧស្សាហកម្មរថយន្តបរទេសនេះ ថាជាការគំរាមកំហែងសន្តិសុខជាតិអាមេរិកនោះ។ ប៉ុន្តែខាងភាគីជប៉ុន បានបញ្ជាក់ជាស្រេចហើយដែរ ថាប្រឆាំងដាច់ខាតនូវរាល់គំនិតផ្តួតផ្តើមចង់កំរិតការនាំចេញ ដែលជាទង្វើរំលោភច្បាប់ពាណិជ្ជកម្មពិភពលោក។
បញ្ជាពាណិជ្ជកម្មនេះ នឹងត្រូវលើកទៅពិភាក្សា ទល់មុខគ្នា នៅក្នុងជំនួបរវាងលោកត្រាំនិងលោកអាបេនៅថ្ងៃចន្ទ ទន្ទឹមនឹងសំណុំរឿងកូរ៉េខាងជើង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ