ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/06 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/06 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/06 12h00 GMT
អាស៊ី

លោកដូណាល់ ត្រាំបន្តផ្តល់ទំនុកចិត្តលើលោកគីម ជុងអ៊ុនដោយមិនឲ្យតម្លៃលើការបាញ់គ្រាប់មីស៊ីលរបស់កូរ៉េខាងជើង

media  
ប្តី ប្រពន្ធ​លោកត្រាំ និង​លោក​អាបេ​ស្រស់ស្រូប​អាហារ​ពេល​ល្ងាច​រួម​គ្នា​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី២៦ ឧសភា ២០១៩ Reuters

ថ្ងៃ​អាទិត្យ ទី២៦ ឧសភា​ជា​ថ្ងៃ​ទី២ នៃ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​រយៈពេល ៤ថ្ងៃ​របស់​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​ក្នុង​ប្រទេស​ជប៉ុន។ កម្មវិធី​របស់​លោក​ត្រាំ​ក្នុង​ថ្ងៃ​ទី២ គឺ​ការ​ចូលរួម​វាយកូនគោល​ជាមួយ​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ និង​ការ​ចូលរួម​ទស្សនា​កីឡាច្របាប់​ស៊ូម៉ូ រួម​ទាំង​ការ​ទទួល​ទាន​អាហារពេល​ល្ងាច​​រួម​គ្នា​រវាង​មេដឹកនាំ​ទាំង​ពីរ​ជាមួយ​នឹង​ភរិយា។ តែ​ទន្ទឹម​នឹង​សំណុំរឿង​ទ្វេភាគី​អាមេរិក ជប៉ុន លោក​ត្រាំ​មិន​ភ្លេច​និយាយ​ពី​បញ្ហា​កូរ៉េខាងជើង​ដោយ​លោក​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ជា​ថ្មី​ដល់​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន។ សម្រាប់​លោក​ត្រាំ ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​កូរ៉េខាងជើង​ថ្មីៗ​កន្លង​ទៅ​ជា​រឿង​តូចតាច​មិន​រំខាន​ដល់​ទំនាក់ទំនង​រវាង​លោក និង​លោក​គីម​ទេ។

ក៏​ដូច​ជា​ទម្លាប់​សព្វ​មួយ​ដង លោក​ដូណាល់ ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​តាម​រយៈ​បណ្តាញ​សង្គម Tweeter របស់​លោក។ « កូរ៉េខាងជើង​បាន​បាញ់​សាកល្បង​អាវុធ​តូចតាច​មួយ​ចំនួន។ ទង្វើ​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រំខាន​ដល់​មនុស្ស​ខ្លះ​នៅ​ក្នុង​ប្រទេស​របស់​ខ្ញុំ និង​នៅ​ក្នុង​ប្រទេស​ដទៃ​ទៀត តែ​មិន​បាន​រំខាន​ដល់​ខ្ញុំ​ទេ » នេះ​ជា​ការ​បញ្ជាក់​របស់​លោក​ត្រាំ។ ទោះ​បី​ជា​លោក​ត្រាំ​មិន​បាន​និយាយ​ចំ​ឈ្មោះ​បុគ្គល​ណា​ម្នាក់​ក៏​ដោយ​ក៏​គេ​ដឹង​ថា លោក​ចង់​និយាយ​ដៀមដាម​ដាក់​ទីប្រឹក្សា​សន្តិសុខជាតិ​របស់​លោក គឺ​លោក​ចន បុលតុន។ លោក​បុលតុន​ដែល​បាន​និយាយ​ក្នុង​ថ្ងៃ​សៅរ៍ ទី២៥ ឧសភា​ថា ការ​បាញ់​សាកល្បង​គ្រាប់មីស៊ីល​ចម្ងាយ​មធ្យម​របស់​កូរ៉េខាងជើង​នា​ដើម​ខែ​ឧសភា​កន្លង​ទៅ​ជា​ការ​រំលោភ​លើ​សេចក្តីសម្រេចចិត្ត​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ។

ទន្ទឹម​នឹង​មិន​ឲ្យ​សារៈសំខាន់​លើ​ការ​បាញ់​គ្រាប់មីស៊ីល​កូរ៉េខាងជើង​ដែល​ជា​ការ​បាញ់​សាកល្បង​លើកទី១ ក្នុង​រយៈពេល ១ឆ្នាំ​កន្លះ លោក​ដូណាល់ ត្រាំ​ក៏​បាន​ផ្តល់​ជំនឿ​ទុកចិត្ត​ជា​ថ្មី​លើ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ដោយ​លោក​សង្ឃឹម​ថា លោក​គីម​មិន​ភ្លេច​ពាក្យ​សន្យា​របស់​ខ្លួន​ទេ។ គួរ​រំឮក​ថា លោក​ត្រាំ និង​លោក​គីម​ធ្លាប់​បាន​ជួប​គ្នា​ចំនួន ២ដង ម្តង​នៅ​ប្រទេស​សិង្ហបុរី​ក្នុង​ខែ​មិថុនា ឆ្នាំ ២០១៨ ដោយ​ទទួល​បាន​សេចក្តី​ថ្លែងការណ៍​រួម​មួយ​លើក​ឡើង​ពី​ការ​រំសាយ​នុយក្លេអ៊ែរ​ទាំង​ស្រុង​នៅ​ឧបទ្វីប​កូរ៉េ។ ជំនួបលើកទី២ បាន​រៀបចំ​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ខែ​កុម្ភៈ​កន្លង​ទៅ​ថ្មីៗ​ដោយ​គ្មាន​ទទួល​បាន​លទ្ធផល​អ្វី​ទាំង​អស់។

តែ​ឥស្សរជន​ទាំង​ពីរ​បាន​ប្តេជ្ញាចិត្ត​នឹង​ជួប​គ្នា​ជា​ថ្មី​ដោយ​នៅ​មិន​ទាន់​ដឹង​ខែ​ណា ឆ្នាំ​ណា​ទេ។ យ៉ាង​ណា​ក៏​ដោយ សំណុំរឿង​កូរ៉េខាងជើង​ដដែល​នេះ​ក៏​អាច​ជា​ប្រធានបទ​អន្តរជាតិ​មួយ​នៃ​ជំនួប​រវាង​លោក​ត្រាំ និង​នាយករដ្ឋមន្រ្តី​ជប៉ុន​លោក​ស្ហ៊ីនហ្សូ អាបេ​នា​ថ្ងៃ​ចន្ទ ទី២៧ ឧសភា​នេះ​ដែរ៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ