ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 20/07 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/07 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/07 12h00 GMT
អាស៊ី

ទឹកស្ទឹង-ទន្លេ លើ​ពិភពលោក ភាគ​ច្រើន​​មាន​ផ្ទុក​ថ្នាំផ្សះ លើ​កំរិត​សុវត្ថិភាព

media ទឹក​ទន្លេ​ប្រទេស​បង់ក្លាដែស​មាន​កំហាប់​ជាតិ​ថ្នាំ​ផ្សះ​ដល់​ទៅ​៣០០​ដង​លើស​កំរិត​សុវត្តិភាព Pixabay/nachoipd

ពីអឺរ៉ុប​ដល់​អាស៊ី ដោយ​មិន​ភ្លេច​ទេអាហ្វ្រិក ពោល​គឺ​ គ្មាន​ទ្វីបមួយ​ណា​ ​បាន​រួច​ពីគ្រោះ​ប្រឈម​នឹងបរិស្ថានពុល​ដោយ​​​​ថ្នាំ​ផ្សះ​ទេ។ បើ​តាម​ការ​សិក្សា​ទើប​ចេញ​ផ្សាយ​នៅ​សប្តាហ៍​នេះ​បាន​បង្ហាញ​ថា ​​អង់ទីប៊ីយូទិក ​ឬ​ថ្នាំ​ផ្សះ​ មានឆ្លង​​សាយភាយទៅ​ក្នុង​ទឹក​ស្ទឹង​ទន្លេ នៅ​ទូទាំង​ពិភពលោក។ ហើយ​នៅ​​ក្នុងតំបន់​ខ្លះ ជាពិសេស​អាស៊ី​និ​ងអាហ្វ្រិក​ ​បរិមាណ​ជាតិ​ថ្នាំ​ផ្សះ​ក្នុង​ទឹក​ឡើង​ខ្ពស់ជាង​​​កំរិតសុវត្ថិភាព ដល់​ទៅ​បីរយ​ដង។

គ្មាន​ទ្វីប​មួយ​គេច​រួច​ពី​ការ​សាយភាយ​នៃ​ថ្នាំ​អង់ទីប៊ូយូទិក ក្នុង​បរិស្ថាន​ទេ។ របាយការណ៍​របស់​ក្រុមអ្នក​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​នៃ​សាកល​វិទ្យាល័យ​York ដាក់​ជូន​ទៅ​អង្គ​សន្និសីទ ស្តី​ពី​ការ​ជាតិពុល​និង​គីមី​នៅ​ក្នុង​បរិស្ថាន​ នៅ​ទីក្រុង​ហែលសិនគី បាន​បង្ហាញថា​ ថ្នាំ​ផ្សះ​បាន​ឆ្លង​ទៅ​បំពុល​​ប្រភព​ទឹកស្ទឹង​ទន្លេ​នៅ​ពិភពលោក​មួយ​ចំនួនធំ។ នៅក្នុង​ចំណោម​ទឹក​ស្ទឹង​ទន្លេ ចំនួន​៧១១​ ក្នុង​ប្រទេស​ចំនួន​៧២ នៃ​ទ្វីប​ទាំង​៦​របស់​ផែនដី ដែល​អ្នក​ស្រាវជ្រាវ​ បាន​ចុះ​ទៅ​សិក្សា​ ៦៥%​មានលាយ​ធាតុ​​​ថ្នាំ​ផ្សះ យ៉ាង​ហោច​ក៏​មួយ​ប្រភេទ​ដែរ លើ​ពពួក​ថ្នាំ​ផ្សះ​ចំនួន​១៤​មុខ។

ពី​មុន​មក​ការ​សិក្សា​ តាមដាន​មើល​ជាតិ​ថ្នាំ​អង់ទីប៊ីយូទិក​ក្នុង​ប្រភព​ទឹក​ធ្វើ​ឡើង​តែ​នៅ​អឺរ៉ុប អាមេរិក​ខាង​ជើង និង​ប្រទេស​ចិន ហើយ​ចំពោះ​តែ​ពពួក​ថ្នាំ​ផ្សះ​ពីរបី​ប្រភេទ​ប៉ុណ្ណោះ។ ឯ​ការ​សិក្សា​ថ្មី​នេះ បាន​មក​បំពេញ​និង​ផ្តល់​ដំណឹង​បន្ថែម​ នូវ​កង្វះ​ខាត​ពី​មុន។

ជា​លទ្ធផល ដ៏​គួរ​ឱ្យ​ព្រឺ​ខ្លាច​និងស្លុត​ចិត្ត ​​ធាតុ​ថ្នាំ​អង់ទីប៊ីយូទិក​​ប្រើ​សម្រាប់​ប្រឆាំង​នឹងការ​ចម្លង​រោគ​នៅ​លើ​ស្បែក និង​ក្នុង​មាត់ មាន​កំរិត​ដល់​ទៅ​៣០០​ដង​លើ​ស​កំរិត​សុវត្ថិភាព នៅ​ក្នុង​ទឹក​ទន្លេ​ប្រទេស​បង់ក្លាដែស និង​ ទន្លេTamise​របស់​អង់គ្លេស។ ​ថ្នាំ​អង់ទីប៊ីយូទិក​ប្រឆាំង​នឹង​ការ​រលាក​តម្រងនោម​ ត្រូវ​បាន​គេ​រក​ឃើញ​ជា​ញឹកញាប់​ក្នុង​ទឹកញឹកញាប់​ជាងគេ។ ចំណែកសារធាតុ​ផ្សំនៃ​ថ្នាំ​ផ្សះ​Ciprofloxacine​ សម្រាប់​ព្យាបាល​ប្រឆាំងនឹង​ការ​បង្ក​រោគ​ធ្ងន់ៗ​ ដូច​ជា​រលាក​សួត រលាកផ្លូវដណ្តើម​ ... មានឆ្លង​ដល់​ទឹក​ទន្លេ​ក្នុង​​បរិមាណហួស​កំរិត​សុវត្ថិភាព​ញយ​ជាង​គេ។​

កំរិតកំហាប់​ធាតុ​ផ្សំ​ថ្នាំផ្សះ​ក្នុង​ទឹកស្ទឹង​ទន្លេ ​ ហួស​បទ​ដ្ឋាន​សុវត្ថិភាព​ មាន​ច្រើ​ន​ជាង​គេ​នៅ​អាស៊ី​​និងអាហ្វ្រិក ដូច​ជា​នៅ​បង់ក្លាដែស កេនយ៉ា ហ្កាណា ប៉ាគីស្ថាន និង​នីហ្សេរីយ៉ា ជាដើម។ ប៉ុន្តែ​ទ្វីប​ផ្សេង​ទៀត​ក៏​មិន​ស្អាត​ជាង​នេះ​ប៉ុន្មាន​ដែរ ៗ ការសាយភាព​ធាតុ​ថ្នាំ​ផ្សះ​ក្នុង​ទឹក​ទន្លេ ជា​​បញ្ហាថ្នាក់​ពិភពលោក។

រក​ឃើញ​នៅ​ឆ្នាំ​១៩២០ ថ្នាំ​ផ្សះ​បាន​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​បាន​រាប់​សិប​លាន​នាក់​​ពី​ជំងឺ​បង្ក​ឡើង​ដោយ​បាត់តេរី (រលាក​សួត របេង និង​រលាក​ស្រោមខួរក្បាល)។ ប៉ុន្តែ​ពី​មួយ​ទសវត្សរ៍​ទៅ​មួយ​ទសវត្សរ៍​ បាក់តេរី​​កាន់តែ​ធន់​នឹង​ថ្នាំផ្សះ​ឡើង រហូត​ដល់​អង្គការ​សហប្រជាជាតិ​ទាញ​សញ្ញា​អាសន្ន កាលពី​ខែ​មុន​​អំពី​គ្រោះ​ខ្វះ​ថ្នាំ​ផ្សះ​ប្រកប​ដោយ​ប្រសិទ្ធភាព។

ការ​ស៊ាំ​នឹង​ថ្នាំ​ផ្សះ​បណ្តាលមក​ពី​ការ​ប្រើប្រាស់​ថ្នាំ​មិន​ត្រឹម​ត្រូវ​ និង​មិន​គ្រប់គ្រាន់ ឬ​ខុស​កាល។ តែ​វត្តមាន​នៃ​ធាតុ​ថ្នាំ​ក្នុង​បរិស្ថាន​ ក្នុង​ទឹក​ទន្លេ​ស្ទឹង ក៏​ជា​ចំណែក​មួយដ៏​សំខាន់​​ជំរុញ​ឱ្យ​បាក់តេរី​ស៊ាំនឹង​ថ្នាំ​ផ្សះ។ ដើម្បី​ដោះស្រាយ​​បញ្ហា​នេះ ពិភពលោក​ចាំ​បាច់​ត្រូវ​​ធ្វើ​វិនិយោគ​រថានា​សម្ព័ន្ធ​ចាត់​ចែង​សំរាម​និង​ទឹក​កខ្វក់​ កុំ​ឱ្យ​ហូរ​ជ្រាប​ទៅ​ដល់​ប្រភព​ទឹក​ទាន់៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ