ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 21/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 21/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/11 12h00 GMT
អាស៊ី

ក្រៅពីសង្រ្គាមពាណិជ្ជកម្ម និងបច្ចេកវិទ្យា តៃវ៉ាន់​កំពុង​បន្ត​ក្លាយ​ជា​សង្រ្គាមពាក្យសម្តី​យ៉ាង​ផុសផុល​រវាង​ចិន និង​អាមេរិក

media  
រដ្ឋមន្រ្តីការពារជាតិ​អាមេរិក​លោក Patrick Shanahan (រូបឆ្វេង) និង​សមភាគី​ឥណ្ឌូណេស៊ី​លោក Ryamizard Ryacudu ក្នុងទីក្រុងហ្សាការតា ថ្ងៃទី៣០ =សភា ២០១៩ Reuters

នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ឧសភា ចិន​បាន​ចោទ​អាមេរិក​ពី​បទ​លេង​ជាមួយ​ភ្លើង​​នៅ​ក្នុង​រឿង​តៃវ៉ាន់​ដោយ​បាន​បន្ត​បង្កើន​ទំនាក់ទំនង​កាន់​តែ​ស្អិតរមួត​ជាមួយ​កោះតៃវ៉ាន់ ពិសេស​ការ​បញ្ជូន​នាវាចម្បាំង​ទៅ​កាន់​ច្រកសមុទ្រ​តៃវ៉ាន់។ ការ​ចោទ​ប្រកាន់​នេះ​បាន​ធ្វើ​ឡើងតាម​រយៈ​អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​ដោយ​បន្ថែម​ថា​ជានិច្ចកាល អាមេរិក​តែង​ព្យាយាម​​ប្រើ​សន្លឹកបៀរ​តៃវ៉ាន់​ដើម្បី​វាយប្រហារ​លើ​ចិន។ ការ​បន្ត​ប៉ះទង្គិច​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ជុំវិញ​រឿង​តៃវ៉ាន់​បាន​កើត​មាន​ឡើង ក្នុង​ពេល​ដែល​ប្រមុខ​ការពារជាតិ​ស្តីទី​អាមេរិក​លោក​ប៉ាទ្រីក ស្ហាណាហាន​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​ក្នុង​ថ្ងៃ​ពុធ ទី២៩ ឧសភា។

ទោះ​បី​ជា​អាមេរិក​បាន​ព្យួរ​ទំនាក់ទំនង​ការទូត​ជាមួយ​ចិន​តៃវ៉ាន់​តាំង​ពី​ឆ្នាំ ១៩៧៩ ដើម្បី​ទទួល​ស្គាល់​ចិនដីគោក​ជា​អ្នកតំណាង​ចិន​តែ​មួយ​ក៏​ដោយ ក៏​ក្រុង​វ៉ាស៊ីតោន​នៅ​បន្ត​ជា​សម្ព័ន្ធមិត្ត​ដ៏​មាន​ឥទ្ធិពល និង​ជា​អ្នក​ផ្គត់ផ្គង់​គ្រឿងសព្វាវុធ​ដ៏​សំខាន់​របស់​ក្រុង​តៃប៉ិក។ គឺ​ជំហរ និង​ទង្វើ​របស់​អាមេរិក​របៀប​នេះ​ហើយ​ដែល​បាន​ធ្វើ​ឲ្យ​ចិន​ក្តៅក្រហាយ និង​បញ្ចេញ​ប្រតិកម្ម​ប្រឆាំង​គ្រប់​ពេល។ នៅ​ក្នុង​សន្និសីទកាសែត​ប្រចាំ​ថ្ងៃ អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​លោក​វូ ជាំង​បាន​ថ្លែង​ថា​នា​រយៈពេល​ចុង​ក្រោយ​នេះ អាមេរិក​បាន​ប្រើ​សន្លឹកបៀរ​តៃវ៉ាន់​ដើម្បី​វាយប្រហារ​ចិន។

តាម​លោក​វូ ជាំង អាមេរិក​កំពុង​លេង​ជាមួយ​ភ្លើង​ដោយ​បាន​ធ្វើ​សកម្មភាព​មួយ​ចំនួន​ដែល​អាច​ជះ​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ទំនាក់ទំនង​រវាង​ប្រទេស​អាមេរិក ចិន រវាង​កងទ័ព​ប្រទេស​ទាំង​ពីរ រួម​ទាំង​ការ​បំផ្លាញ​សន្តិភាព និង​ស្ថិរភាព​នៅ​ច្រកសមុទ្រ​តៃវ៉ាន់​ផង។ គួរ​រម្លឹក​ថា​នា​សប្តាហ៍​កន្លង​ទៅ នាវាសង្រ្គាម​របស់​អាមេរិក US Navy បាន​ធ្វើ​ដំណើរ​ចូល​ច្រក​សមុទ្រតៃវ៉ាន់ ហើយ​ទង្វើ​ដូច​គ្នា​នេះ​បាន​កើត​មាន​ញឹកញាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ។ បន្ទាប់​មក នៅ​មាន​ទង្វើ​ផ្សេង​ទៀត​ដែល​ចិន​មិន​អាច​ទប់​កំហឹង​នឹង​អាមេរិក​បាន​ដូច​យ៉ាង​ការ​អនុម័ត​ច្បាប់​មួយ​គាំទ្រ​តៃវ៉ាន់​ពី​សភាអាមេរិក និង​ជំនួប​រវាង​ប្រមុខ​សន្តិសុខតៃវ៉ាន់​លោក​ដាវីដ លី និង​ទីប្រឹក្សាសន្តិសុខជាតិ​អាមេរិក​លោក​ចន បុលតុន​ក្នុង​ខែ​ឧសភា​នេះ។

ការ​បន្ត​ប៉ះទង្គិច​រវាង​ក្រុង​វ៉ាស៊ីនតោន និង​ក្រុង​ប៉េកាំង​ជុំវិញ​រឿង​តៃវ៉ាន់​បាន​កើត​មាន​ឡើង ក្នុង​ពេល​ដែល​ប្រមុខ​ការពារជាតិ​ស្តីទី​អាមេរិក​លោក​ប៉ាទ្រីក ស្ហាណាហាន​បាន​ផ្តើម​ទស្សនកិច្ច​មួយ​ជុំ​តំបន់​អាស៊ី​នា​ថ្ងៃ​ពុធ ទី២៩ ឧសភា។ ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដែល​លោក​ស្ហាណាហាន​បាន​ទៅ​ដល់​ក្នុង​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ឧសភា និង​បាន​ទទួល​ជួប​ដោយ​ប្រធានាធិបតី ប្រមុខការទូត និង​ប្រមុខ​ការពារជាតិ​ឥណ្ឌូណេស៊ី។ បន្ទាប់​មក លោក​ស្ហាណាហាន​ទៅ​ចូលរួម​នៅ​ក្នុង​វេទិកា​សន្តិសុខតំបន់​រៀបចំ​ក្នុង​ប្រទេស​សិង្ហបុរី​ពី​ថ្ងៃទី៣១ ដល់​ថ្ងៃទី២ មិថុនា។ នា​ឱកាស​នោះ លោក​ស្ហាណាហាន​ត្រូវ​ជួប​ជាមួយ​សមភាគី​ចិន​ឧត្តមសេនីយ Wei Fenghe នៅ​ថ្ងៃ​សៅរ៍ ទី១ មិថុនា។

« ខ្ញុំ​ចង់​បង្ហាញ​សំណុំរឿង​មួយ​ចំនួន​ដែល​យើង​រួមសហការណ៍​ជាមួយ​ចិន។ តែ​ខ្ញុំ​ក៏​ចង់​មាន​កិច្ចសន្ទនា​ត្រង់​ទៅ ត្រង់​មក​ជាមួយ​ចិន​ស្តីពី​ការ​លួច​កម្មសិទ្ធិបញ្ញា ឬ​មួយ​យោធូបនីយកម្ម​នៅ​ក្នុង​សមុទ្រចិន​ខាងត្បូង » នេះ​ជា​ការ​ថ្លែង​របស់​លោក​ស្ហាណាហាន​នៅ​ចំពោះ​ហ្វូង​អ្នកកាសែត​ដែល​អមដំណើរ​ជាមួយ​លោក។ បន្ទាប់​ពី​សិង្ហបុរី ប្រមុខ​ការពារជាតិ​អាមេរិក​នឹង​បន្ត​ដំណើរ​ទៅ​កាន់​កូរ៉េខាងត្បូង និង​ប្រទេស​ជប៉ុន៕

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ