អានតួអត្ថបទ
កូរ៉េខាងជើង

កាសែតកូរ៉េខាងត្បូង៖ក្រោយបរាជ័យជំនួបត្រាំ គីមនៅវៀតណាម ក្រុងព្យុងយ៉ាងប្រហារជីវិតថ្នាក់ដឹកនាំជាន់ខ្ពស់ចំនួន ៥រូប

កាសែត​កូរ៉េខាងត្បូង​ឈ្មោះ « Chosun Ilbo » ចេញ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី៣១ ឧសភា​ឲ្យ​ដឹង​ថា កូរ៉េខាងជើង​បាន​ប្រហារ​ជីវិត​ថ្នាក់ដឹកនាំ​ចំនួន ៥រូប​ដោយ​ចោទ​ពី​បទ​បាន​ធ្វើ​ឲ្យ​ជំនួបកំពូល​លើកទី២ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ និង​មេដឹកនាំកូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​ទទួល​បរាជ័យ។ ក្នុង​ចំណោម​ថ្នាក់ដឹកនាំ​ទាំង ៥រូប​នោះ មាន ៤នាក់​ជា​មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​ដែល​កាសែត​« Chosun Ilbo » មិន​ប្រាប់​ឈ្មោះ និង​លោក​គីម យ៉ុកចុល ប្រេសិតពិសេស​ដែល​បាន​រៀបចំ​ការងារ​សម្រាប់​ជំនួប​ត្រាំ គីម​នៅ​វៀតណាម ហើយ​រូប​គាត់​ក៏​បាន​រួម​ធ្វើ​ដំណើរ​នៅ​ក្នុង​រថភ្លើង​របស់​លោក​គីម ជុងអ៊ុន​ដែរ។ យ៉ាង​ណា​ក៏​ដោយ ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​កូរ៉េខាងត្បូង​មួយ​នេះ​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ប្រភព​ផ្សេង ឬ​ប្រតិកម្ម​ពី​កូរ៉េខាងជើង​នៅ​ឡើយ​ទេ។

លោក​គីម ជុងអ៊ុន និង​លោកគីម យ៉ុងចុល​ក្នុង​ឱកាស​ជំនួបកំពូលរវាង​លោក​ត្រាំ និង​លោក​គីម​នៅ​វៀតណាម
លោក​គីម ជុងអ៊ុន និង​លោកគីម យ៉ុងចុល​ក្នុង​ឱកាស​ជំនួបកំពូលរវាង​លោក​ត្រាំ និង​លោក​គីម​នៅ​វៀតណាម Reuters
ផ្សាយពាណិជ្ជកម្ម

ផ្អែក​តាម​កាសែត​កូរ៉េខាងត្បូង « Chosun Ilbo » ដែល​បាន​ដកស្រង់​ពី​ប្រភព​ការទូត​មួយ​មិន​ស្គាល់​អត្តសញ្ញាណ លោក​គីម យ៉ុកចុល រួម​ទាំង​មន្រ្តីជាន់ខ្ពស់​នៃ​ក្រសួងការបរទេស​កូរ៉េខាងជើង ៤រូប​ត្រូវ​បាន​គេ​ប្រហារ​ជីវិត​ចោល​នៅ​អាកាសយានដ្ឋាន Mirim ក្នុង​ខែ​មីនា។ តាម​កាសែត​ដដែល លោក​គីម យ៉ុកចុល និង​មន្រ្តីជាន់ខ្ពស់​ទាំង ៤រូប​បាន​ជាប់ចោទ​ពី​បទ​ក្បត់​នឹង​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន និង​បាន​ធ្វើ​ឲ្យ​ជំនួបកំពូល​លើកទី២ រវាង​ប្រធានាធិបតី​អាមេរិក​លោក​ត្រាំ និង​លោក​គីម​ក្នុង​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​កាល​ពី​ខែ​កុម្ភៈ​ទទួល​បរាជ័យ។ ចំណែក​ស្រ្តី​អ្នកបកប្រែ​ឲ្យ​លោក​គីម​ឈ្មោះ​ស្ហ៊ីន យីយ៉ុង​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ជំរំអ្នកទោស​ក្នុង​បទ​មាន​កំហុស។

កំហុស​នោះ គឺ​ការ​មិន​បាន​បកប្រែ​សំណើ​ថ្មី​របស់​លោក​គីម​ទៅ​កាន់​លោក​ត្រាំ​ក្នុង​ពេល​ដែល​លោក​ត្រាំ​បាន​ថ្លែង​ថា គ្មាន​កិច្ចព្រមព្រៀង និង​បាន​ក្រោក​ដើរ​ចេញ​ពី​តុ​ចរចា។ គួរ​រម្លឹក​ថា ជំនួបលើកទី២ ត្រាំ គីម​ក្នុង​ទីក្រុង​ហាណូយ​ត្រូវ​បាន​បង្រួញ​ពេល​ដោយ​គ្មាន​កិច្ចព្រមព្រៀង និង​គ្មាន​សេចក្តីថ្លែការណ៍​អ្វី​ទាំង​អស់។ ក្រៅ​ពី​ព័ត៌មាន​ស្តីពី​ការ​ប្រហារ​ជីវិត​មន្រ្តីជាន់ខ្ពស់​ទាំង ៤រូប និង​លោក​គីម យ៉ុកចុល​ដែល​ជា​ប្រេសិតពិសេស​បាន​រៀបចំ​ការងារ​ជំនួបកំពូល​ត្រាំ គីម​នៅ​វៀតណាម កាសែត​កូរ៉េខាងត្បូង « Chosun Ilbo » ក៏​បាន​ប្រាប់​ឲ្យ​ដឹង​ថា លោក​គីម យ៉ុងចុល​ដែល​ជា​អ្នក​រៀបចំ គ្រប់គ្រង​ជំនួប​ត្រាំ គីម​នៅ​វៀតណាម និង​ជា​អ្នកចរចា​កូរ៉េខាងជើង​ស្តីពី​នុយក្លេអ៊ែរ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​កាន់​ជំរំអប់រំ​ការងារ។

តើ​ព័ត៌មាន​ចុះ​ផ្សាយ​ដោយ​កាសែត​កូរ៉េខាងត្បូង « Chosun Ilbo » ជា​ព័ត៌មាន​ពិត​ដែរ​ឬ​ទេ?។ ក្រសួង​បង្រួបបង្រួម​កូរ៉េ​នៅ​កូរ៉េខាងត្បូង​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ ទន្ទឹម​គ្នា​នេះ ក៏​នៅ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​ប្រភព​ណា​ផ្សេង ហើយ​ក្រុង​ព្យុងយ៉ាង​ក៏​នៅ​មិន​ទាន់​បាន​បញ្ចេញ​ប្រតិកម្ម​អ្វី​ដែរ។ តែ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៣០ ឧសភា កាសែត​ផ្លូវការ​នៃ​គណបក្សកុម្មុយនិស្ត​កូរ៉េខាងជើង​បាន​ព្រមាន​ថា អ្នកទទួល​ខុសត្រូវ​ដែល​ប្រព្រឹត្ត​ទង្វើ​ប្រឆាំង​នឹង​គណបក្ស ឬ​ប្រឆាំង​នឹង​បដិវត្ត​នឹង​ត្រូវ​ប្រឈម​ការ​វិនិច្ឆ័យ​ទោស​ធ្ងន់ធ្ងរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ