អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ចិន​បង្ហាញ​សៀវភៅ ស ដើម្បី​បញ្ជាក់ជំហរ​មុតមាំ​របស់ខ្លួន ក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រទេស​ចិន នៅថ្ងៃ​អាទិត្យ​ទី ២​មិថុនា បាន​បង្ហាញ​សៀវភៅ ស ដើម្បី​បញ្ជាក់​ជំហរ​របស់ខ្លួន នៅក្នុង​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក។ នៅក្នុង​សៀវភៅ​ស​របស់ខ្លួន ទីក្រុង​ប៉េកាំង​បាន​ទម្លាក់​កំហុស​ទៅលើ​អាមេរិក ថា​ជាអ្នកទទួល​ខុសត្រូវ ធ្វើ​ឲ្យ​ផ្ទុះឡើង សង្រ្គាម​ពាណិជ្ជកម្ម។ ចិន​បាន​បញ្ចេញសៀវភៅ ស នៅ​មួយ​ថ្ងៃ​ក្រោយ ដែល​វិធានការ​របស់​ចិន ក្នុង​ការដំឡើងពន្ធ លើ​ទំនិញនាំចូល​ពី​អាមេរិក ក្នុង​តម្លៃ ៦០ពាន់​លាន​ដុល្លារ បាន​ចូល​ជា​ធរមាន។ 

លោក​Guo Weimin,អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន​បង្ហាញ​សៀវភៅ ស ដែល​បញ្ជាក់ពីជំហរ​របស់​ចិន នៅក្នុង​ជម្លោះពាណិជ្ជកម្ម​ជាមួយ​អាមេរិក នៅថ្ងៃទី ២ មិថុនា ២០១៩
លោក​Guo Weimin,អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​ចិន​បង្ហាញ​សៀវភៅ ស ដែល​បញ្ជាក់ពីជំហរ​របស់​ចិន នៅក្នុង​ជម្លោះពាណិជ្ជកម្ម​ជាមួយ​អាមេរិក នៅថ្ងៃទី ២ មិថុនា ២០១៩ © REUTERS/Stringer
ផ្សាយពាណិជ្ជកម្ម

សៀវភៅ​ស ដែល​បង្ហាញ​ដោយ លោក Guo Weimin ​អនុរដ្ឋមន្រ្តី ពាណិជ្ជកម្ម​នៅ​ក្នុង​សន្និសីទ​កាសែត នៅថ្ងៃ​អាទិត្យ បានទម្លាក់កំហុស​លើ​អាមេរិក​ថា ជាអ្នកធ្វើ​ឲ្យ​ការចរចា​ពាណិជ្ជកម្ម​ជាប់គាំង។

នៅក្នុង​សៀវភៅ ស ចិន​បាន​បកស្រាយ​ពី​ការយល់​ឃើញ​របស់ខ្លួន ទៅលើ​ការចរចា​ពាណិជ្ជកម្ម​កន្លង​មក​ជាមួយ អាមេរិក។ សម្រាប់​ចិន អាមេរិក​បាន​និយាយ​ក្រឡាស់​សំដី មិន​ព្រម​ធ្វើ​តាមការសន្យា​របស់ខ្លួន ដល់​ទៅ ៣ដង។ ការផ្លាស់ប្តូរ​ជំហរ និង​ការទាមទារ​ច្រើន​ហួសហេតុ របស់​ភាគី​អាមេរិក ជា​ដើមហេតុ​ធ្វើ​ឲ្យ​ការចរចា​ពាណិជ្ជកម្ម​ចិន-អាមេរិក ជាប់គាំង គ្មាន​ច្រកចេញ។ ដូច្នេះ​សម្រាប់​ចិន អាមេរិក​គឺ​ជាអ្នកទទួល​ខុសត្រូវ​ទាំងស្រុង ដែល​ធ្វើ​ឲ្យ​ការចរចា​ពាណិជ្ជកម្ម​ធ្លាក់ចូល​ក្នុង​ភាពទ័លច្រក។

តាមរយៈ​សៀវភៅ ស ចិន​បាន​អះអាង​ឡើង​វិញថា ខ្លួន​នឹង​មិន​ផ្លាស់ប្តូរ គោលការណ៍ មូលដ្ឋាន​គ្រឹះ​របស់ខ្លួន ជា​ដាច់ខាត។ សម្រាប់​ទីក្រុង​ប៉េកាំង ការដាក់សម្ពាធ​របស់​អាមេរិក តាមរយៈ​ការដំឡើងពន្ធ​លើ​ទំនិញ​ចិននាំចូល​ទៅ​អាមេរិក នឹង​មិនទៅ​ជួយ​ដោះស្រាយ​ជម្លោះ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំងពីរ​នោះទេ។

ចិន​បាន​និយាយ​ថា ខ្លួន​មិន​ប្រាថ្នា ចង់​ឲ្យ​កើតមាន​សង្រ្គាម​ពាណិជ្ជកម្ម​ទេ ប៉ុន្តែ បើសិន​វាកើត​ឡើង​មែន នោះ​ចិន​នឹង​តស៊ូ​ប្រយុទ្ធ​ដល់​ដំណាក់កាល​ចុងក្រោយ។ នៅក្នុង​សៀវភៅ​ស ចិន បានអះអាងថា ខ្លួន​មិន​រង្គោះរង្គើ ដោយសារ​សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​អាមេរិក​នោះទេ។ ចិន​មាន​សុទិដ្ឋិនិយម​ថា នឹង​អាច​រក្សា ការអភិវឌ្ឍន៍ សេដ្ឋកិច្ច​ចិន និង​ថា ចិន​បាន​មើលឃើញ​រួចហើយ ទស្សនៈវិស័យ ផ្លូវដើរ​តទៅមុខ​ទៀត​របស់​សេដ្ឋកិច្ច​ចិន។

ផ្ទុយទៅវិញ គឺ​អាមេរិក ទេ ដែល​រងខូចខាត ព្រោះថា សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយ​ចិន​កំពុង​ធ្វើ​ឲ្យ​ការនាំចេញ​របស់​អាមេរិក​ធ្លាក់ចុះ ចំណែក​កំណើនសេដ្ឋកិច្ច​ពិភពលោក ក៏ត្រូវ​រងគំរាមកំហែង ដោយសារ​សង្រ្គាមពាណិជ្ជកម្ម ដែល​អាមេរិក​ជាអ្នក​បង្កើតឡើង​ផងដែរ។ នេះបើតាម​សៀវភៅ​ស​របស់ចិន។ អនុរដ្ឋមន្រ្តី​ពាណិជ្ជកម្ម​វិញ​បាន​និយាយ​បែបចំអកថា សង្រ្គាម​ពាណិជ្ជកម្ម​ជាមួយចិន នឹង​មិនធ្វើ​អាមេរិក​ខ្លាំង​អស្ចារ្យ​នោះទេ។

ដើម្បី​សងសឹក​អាមេរិក ចិន​គំរាម​ដាក់ក្រុមហ៊ុន​បរទេស​ក្នុង​បញ្ជីរខ្មៅ និង​ឈប់​នាំចេញ​លោហៈ​កម្រ ទៅអាមេរិក

ក្រៅតែ​ពីដំឡើង​ពន្ធ​លើ​ទំនិញអាមេរិក នាំចូល​ទៅ​ប្រទេស​ចិន ចិន​នៅ​មាន​វិធីសាស្រ្ត​ផ្សេងទៀត​ដើម្បីវាយបក​សងសឹក​នឹង​វិធានការ​ដំឡើងពន្ធ​របស់​អាមេរិក។ ប៉ុន្មាន​ថ្ងៃ​កន្លងមក ចិន​បាន​គំរាម​ឈប់​ឲ្យ​មាន​ការនាំចេញ​លោហៈកម្រ ទៅ​អាមេរិក។ បើសិន​ចិន​ធ្វើ​ដូច្នេះមែន គឺ​វា​នឹង​ប៉ះពាល់ ខ្លាំងណាស់​ដល់​វិស័យ​បច្ចេកវិទ្យា និង​ការងារ​របស់​អាមេរិក ព្រោះថា លោហៈកម្រ​នេះ ជា​ធាតុ​សំខាន់​សម្រាប់ផលិត​ថ្ម និង​ទូរស័ព្ទ។ នៅ​ក្នុង​សៀវភៅ​ស ចិន​បាន​គំរាម​ផងដែរ ថា នឹង​ដាក់​ក្រុមហ៊ុន ហើយ​និង​បុគ្គល​អាមេរិក​មួយចំនួន ក្នុង​បញ្ជីខ្មៅ បើសិន​ជា​ក្រុមហ៊ុន​ទាំងនោះ ឈប់​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ចិន ដោយសារ​តែ​ខ្លាច​ការដាក់​ទណ្ឌកម្ម​របស់​អាមេរិកនោះ។

ចិនគំរាម​ដាក់​ក្រុមហ៊ុន​ក្នុង​បញ្ជីខ្មៅ ដើម្បី​សងសឹក​នឹង​អាមេរិក ដែល​បាន​ដាក់​ក្រុមហ៊ុន​ចិនHuawei ក្នុង​បញ្ជីខ្មៅរបស់ខ្លួន និង​បាន​ចេញក្រឹត្យ​ហាម​មិន​ឲ្យ​ក្រុមហ៊ុន​អាមេរិក ឬ​ប្រទេស​ដទៃ ធ្វើជំនួញ​ជាមួយ​Huawei តទៅទៀត បើសិន​មិនចង់​ជាប់ទណ្ឌកម្ម​អាមេរិក។

ហេតុអ្វី​ចិន បញ្ចេញ​សៀវភៅ ស​របស់ខ្លួន នៅ​ពេល​នេះ?

ចិន​បញ្ចេញ​សៀវភៅ​ស ដើម្បី​បញ្ជាក់​ជាផ្លូវការ ពី​ជំហរ​តែមួយ និង​ឯកភាពគ្នា​ទាំងស្រុង​របស់​ចិន ទៅលើ​បញ្ហា​សំខាន់​ណាមួយ។ លើកនេះ ក្រុង​ប៉េកាំង​បាន​បង្ហាញ សៀវភៅ​ស របស់​ខ្លួន ដើម្បី បញ្ជាក់​ជា​ផ្លូវការ ពី​ជំហរ​របស់​រដ្ឋាភិបាល​ចិន ក្នុង​ការប្រឈមមុខ​តទល់ នៅក្នុង​សង្រ្គាម​ពាណិជ្ជកម្ម​លើកនេះ។ សៀវភៅ​ស​របស់​ចិន ត្រូវ​បាន​បង្ហាញ​ជា​សាធារណៈ នៅក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​នេះ ពោល​គឺ​នៅ​តែ​ប៉ុន្មាន​ម៉ោង​ក្រោយ​ដែល ចិន​ចាប់​អនុវត្ត​វិធានការ​សងសឹក​នឹង​អាមេរិក ដោយសម្រេច​ដំឡើង​អត្រាពន្ធ ដល់​២៥ភាគរយ លើ​ទំនិញ​នាំចូល​មកពី​អាមេរិក ក្នុង​ទំហំ​ទឹកប្រាក់ ៦ម៉ឺន​លាន​ដុល្លារ។

នៅក្នុង​សៀវភៅ​ស ចិន​បាន​អះអាងថា ខ្លួន​នៅតែ​បើកចំហរ ឲ្យ​មានការចរចា និង​មិន​ចង់​ដាក់​គំនាប​លើ​ក្រុមហ៊ុន​បរទេស​នោះទេ ប៉ុន្តែ ចិន គ្មានជម្រើស​អ្វីទេ បើសិន​ជា​រដ្ឋបាល​លោកដូណាល់ ត្រាំ​នៅតែ​ បង្កភាព​តានតឹង​ពាណិជ្ជកម្ម​ជាមួយ​ចិន និង​មិនព្រម​ដកចោល​ទៅវិញ អត្រាពន្ធ​ខ្ពស់​ទៅលើ​ទំនិញ​ចិន​នោះ។

ចិន​និយាយ​ថា ខ្លួន​នៅតែបើកទ្វារ​ចំហរ សម្រាប់​ការចរចា ប៉ុន្តែ ដោយ​បញ្ចេញ​សៀវភៅ​ស ដែល​បញ្ជាក់​ពីជំហរ​ដាច់ខាត មិន​ចុះញ៉ម​នឹង​ការដាក់​សម្ពាធ​របស់​អាមេរិក យ៉ាងដូច្នេះ គេគ្មាន​សង្ឃឹម​ថា ភាគី​ចិន និងអាមេរិក នឹង​អាច​បន្ទន់ជំហរ ត្រលប់​ចូល​តុ​ចរចា ដើម្បី បន្ធូរបន្ថយ​ភាពតានតឹង​រវាង​គ្នាណាស់។ ការចរចា​ពាណិជ្ជកម្ម​ចិន អាមេរិក​បានជាប់គាំង​មួយខែ មកហើយ ចំណែក ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក និង​លោកស៊ី ជីនពីង នៅ​ប្រទេស​ជប៉ុន នៅក្នុង​ឱកាស​ជំនួបកំពូល G7 នៅ​ខែ​មិថុនានេះ ក៏ហាក់​ដូចជា​មិន​ច្បាស់លាស់។ នៅក្នុង​សន្និសីទ​កាសែត​នៅថ្ងៃ​អាទិត្យ​អនុរដ្ឋមន្រ្តី ពាណិជ្ជកម្ម​ចិន​បាន​អះអាងថា លោកគ្មាន​ព័ត៌មាន​ស្តីពីជំនួប​ទ្វេភាគី​រវាង​ប្រទេស​ប្រធានាធិបតី​អាមេរិក និង​ចិន នៅ​ប្រទេស​ជប៉ុន​នោះទេ។

សៀវភៅ​ស​របស់​ចិន លើកនេះ អាច​ស បញ្ជាក់ថា សង្រ្គាម​ពាណិជ្ជកម្ម​ចិន និងអាមេរិក​ត្រូវ​បាន​ប្រកាស​ដោយ ចំហរ ជាផ្លូវការ និងអាច​បន្ត ស្ថិតនៅ គំរាមកំហែង សេដ្ឋកិច្ច​ពិភពលោក តយូរខែឆ្នាំ​ទៅមុខទៀត។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ