អានតួអត្ថបទ
កូរ៉េខាងជើង

តើលោកគីម យ៉ុងចុលកំពុងស្ថិតក្នុងជំរំលត់ដំ ឬមួយនៅបន្តជាប្រេសិតកូរ៉េខាងជើងសម្រាប់ចរចាបញ្ហានុយក្លេអ៊ែរ?

នៅ​កូរ៉េខាងជើង ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​ឈ្មោះ KCNA បាន​ឲ្យ​ដឹង​ថា លោក​គីម យ៉ុងចុល មន្រ្តីការទូត​ជាន់ខ្ពស់ និង​ជា​ប្រេសិត​ទទួល​បន្ទុក​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ​បាន​មាន​វត្តមាន​ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុងអ៊ុន​នៅ​ក្នុង​ការ​សម្តែង​សិល្បៈ​មួយ។ ការ​ចុះ​ផ្សាយ​ព័ត៌មាន​មួយ​នេះ​របស់ KCNA បាន​កើត​មាន​ឡើង បន្ទាប់​ពី​កាសែត​កូរ៉េខាងត្បូង​មួយ​ឈ្មោះ « Chosun Ilbo » បាន​ផ្សព្វផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី៣១ ឧសភា​ថា នៅ​ក្រោយ​បរាជ័យ​ជំនួបកំពូល​រវាង​លោក​ដូណាល់ ត្រាំ និង​លោក​គីម ជុងអ៊ុន​ក្នុង​ប្រទេស​វៀតណាម លោក​គីម យ៉ុងចុល​ត្រូវ​បាន​គេ​បណ្តេញចេញ និង​កាត់ទោស រួច​បញ្ជូន​ទៅ​ដាក់​នៅ​ក្នុង​ជំរំលត់ដំ​ការងារ។

មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និង​ភរិយា​កំពុងទស្សនានៅក្នុងការសម្តែងសិល្បៈមួយ
មេដឹកនាំកូរ៉េខាងជើងលោកគីម ជុងអ៊ុន និង​ភរិយា​កំពុងទស្សនានៅក្នុងការសម្តែងសិល្បៈមួយ KCNA VIA KNS / AFP
ផ្សាយពាណិជ្ជកម្ម

បើ​តាម​ខ្លឹមសារ និង​រូបភាព​ចុះ​ផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​ផ្លូវការ​កូរ៉េខាងជើង​ឈ្មោះ KCNA លោក​គីម យ៉ុងចុល​មាន​វត្តមាន​ក្នុង​ចំណោម​អ្នកទទួលខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងជើង​ប្រមាណ​ជា ១២រូប​ផ្សេង​ទៀត​ដែល​បាន​ចូលរួម​ទស្សនា​ជាមួយ​លោក​គីម ជុងអ៊ុន និង​ភរិយា​នៅ​ក្នុង​ពិធី​សិល្បៈ​មួយ​សម្តែង​ដោយ​ភរិយា​នៃ​មន្រ្តី​កងទ័ព​នា​ថ្ងៃ​អាទិត្យ ទី២ មិថុនា។ ព័ត៌មាន​របស់ KCNA នេះ​បាន​ធ្លាក់​មក បន្ទាប់​ពី​កាសែត​កូរ៉េខាងត្បូង​ឈ្មោះ​« Chosun Ilbo » បាន​ចុះ​ផ្សាយ​ក្នុង​ថ្ងៃ​សុក្រ ទី៣១ ឧសភា​ថា លោក​គីម យ៉ុងចុល​ត្រូវ​បាន​របប​ក្រុង​ព្យុងយ៉ាង​ដក​តួនាទី និង​កាត់ទោស រួច​បញ្ចូន​ទៅ​ដាក់​នៅ​ក្នុង​ជំរំ​លត់ដំ​ការងារ។

កាល​ពី​ខែ​មេសា​កន្លង​ទៅ អ្នក​ទទួល​ខុសត្រូវ​ជាន់ខ្ពស់​កូរ៉េខាងត្បូង​ម្នាក់​បាន​លើក​ឡើង​ពី​ការ​កំចាត់​លោក​គីម យ៉ុងចុល​នៅ​ក្រោយ​បរាជ័យ​នៃ​ជំនួបកំពូល​រវាង​លោក​ត្រាំ និង​លោក​គីម​ក្នុង​ខែ​កុម្ភៈ​នៅ​ប្រទេស​វៀតណាម។ ដំណឹង​មួយ​នេះ​ក៏​ត្រូវ​បាន​បញ្ជាក់​បន្ថែម​ដោយ​អ្នកស្រាវជ្រាវ​ម្នាក់​នៃ​វិទ្យាស្ថាន​សិក្សា​នយោបាយ​អាស៊ី​ក្នុង​ទីក្រុង​សេអ៊ូល​ដែរ តែ​អ្នកស្រាវជ្រាវ​រូប​នេះ​មិន​អាច​បញ្ជាក់​ពី​កម្រិត​ទម្ងន់​ទណ្ឌកម្ម​ដែល​លោក​គីម យ៉ុងចុល​បាន​ទទួល​ទេ។ នៅ​ក្នុង​ជំនួបកំពូល​រវាង​លោក​គីម ជុងអ៊ុន និង​ប្រធានាធិបតី​រុស្ស៊ី​លោក​ពូទីន​កាល​ពី​ថ្ងៃទី២៥ មេសា​ក្នុង​ទីក្រុង Vladivostok ក៏​គេ​មិន​បាន​ឃើញ​វត្តមាន​លោក​គីម យ៉ុងចុល​ដែរ។

គួរ​រម្លឹក​ថា លោក​គីម យ៉ុងចុល​ជា​ប្រេសិត​ទទួល​បន្ទុក​ចរចា​សំណុំរឿង​នុយក្លេអ៊ែរ​ជាមួយ​ភាគី​អាមេរិក​ដែល​ដឹកនាំ​ដោយ​ប្រមុខ​ការទូត​លោក​ម៉ៃ ប៉ុមប៉េអូ។ ឆ្លើយ​នឹង​សំណួរ​នា​ថ្ងៃ​អាទិត្យ ទី២ មិថុនា​ដែល​ថា តើ​ទំនាក់ទំនង​ចុង​ក្រោយ​រវាង​លោក​គីម យ៉ុងចុល និង​លោក​ម៉ៃ ប៉ុមប៉េអូ​បាន​ធ្វើ​ឡើង​ក្នុង​ថ្ងៃ​ណា ខែ​ណា? លោក​ប៉ុមប៉េអូ​បាន​ឆ្លើយ​នា​ថ្ងៃ​អាទិត្យ ទី២ មិថុនា​ថា លោក​មិន​ចង់​ធ្វើ​អត្ថាធិប្បាយ​អ្វី​ទាំង​អស់។ តើ​លោក​គីម យ៉ុងចុល​កំពុង​ស្ថិត​ក្នុង​ជំរំលត់ដំ ឬ​មួយ​នៅ​បន្ត​ជា​ប្រេសិត​កូរ៉េខាងជើង​សម្រាប់​ចរចា​បញ្ហា​នុយក្លេអ៊ែរ?។ មាន​តែ​កូរ៉េខាងជើង​ម្នាក់​ឯង​គត់​ដែល​អាច​ផ្តល់​ចម្លើយ​ពិត​ចំពោះ​សំណួរ​នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ