អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ថៃ៖​នាយករដ្ឋមន្រ្តី​ថ្មីប្រហែល​ជាចៀសមិនផុត​ពី​កណ្តាប់​កងទ័ព​ដែលដឹកនាំ​ដោយលោក​ប្រាយុទ្ធ ចាន់អូចា

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​ថៃ ក្រុម​សមាជិកសភា និង​សមាជិក​ព្រឹទ្ធសភា​បាន​រួម​ប្រជុំ​គ្នា​ក្នុង​ថ្ងៃ​ពុធ ទី៥ មិថុនា​ដើម្បី​បោះឆ្នោត​តែងតាំង​នាយករដ្ឋមន្រ្តី​ថ្មី។ មាន​ឥស្សរជន​ពីរ​រូប​ដែល​កំពុង​ប្រជែង​គ្នា​ដើម្បី​តំណែង​ប្រមុខ​រដ្ឋាភិបាល។ តែ​បើ​តាម​មើល​ទៅ កៅអី​នាយករដ្ឋមន្រ្តី​មួយ​នេះ​នឹង​បន្ត​អង្គុយ​ដោយ​មេដឹកនាំ​របបសឹក​លោក​ប្រាយុទ្ធ ចាន់អូចា។ គួរ​រម្លឹក​ថា កិច្ចប្រជុំ​សភា និង​ព្រឹទ្ធសភា​ពេល​នេះ​បាន​រៀបចំ​ឡើង បន្ទាប់​ពី​ថៃ​បាន​រៀប​ចំ​ការ​បោះឆ្នោត​សភា​កាល​ពី​ថ្ងៃទី២៤ មីនា​ដែល​គណបក្ស​ចំនួន ៣ ទទួល​បាន​លទ្ធផល​នាំ​មុខ គឺ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​របបសឹក គណបក្ស​​ភឿថៃ​ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន និង​គណបក្ស​ទើប​បង្កើត​ថ្មីថ្មោង​ឈ្មោះ​អណាខុតម៉ៃ​របស់​មហាសេដ្ឋី​វ័យ ៤០​ឆ្នាំ​លោក​ថាណាថន។

le général Prayut Chan-O-Cha, chef de la junte au pouvoir en Thaïlande depuis un coup d'Etat en 2014
le général Prayut Chan-O-Cha, chef de la junte au pouvoir en Thaïlande depuis un coup d'Etat en 2014 AFP
ផ្សាយពាណិជ្ជកម្ម

បើ​ផ្អែក​តាម​លទ្ធផល​បោះឆ្នោត​ផ្លូវការ​ផ្សព្វផ្សាយ​កាល​ពី​ថ្ងៃទី៨ ឧសភា មាន​គណបក្ស​ចំនួន ៣ ទទួល​បាន​អាសនៈ​នាំ​មុខ​គេ គឺ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​របបសឹក​ដែល​ទទួល​បាន ១១៥អាសនៈ គណបក្ស​​ភឿថៃ​ដែល​ស្និទ្ធ​នឹង​អតីត​នាយករដ្ឋមន្រ្តី​លោក​ថាក់ស៊ីន​ទទួល​បាន ១៣៦អាសនៈ និង​គណបក្ស​ទើប​បង្កើត​ថ្មី​ឈ្មោះ​អណាខុតម៉ៃ​របស់​លោក​ថាណាថន​ដែល​ជា​មហាសេដ្ឋី​វ័យ ៤០​ឆ្នាំ​ទទួល​បាន ៨០អាសនៈ។ នៅ​ក្នុង​សភា​ថៃ​សព្វថ្ងៃ មាន​អាសនៈ​សរុប​ចំនួន ៥០០អាសនៈ និង​នៅ​ក្នុង​ព្រឹទ្ធសភា​មាន​អាសនៈ​សរុប​ចំនួន ២៥០អាសនៈ។

តែ​តំណែង​សមាជិកសភា​ទាំង ៥០០នាក់​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​ដូច​ដែល​បាន​រៀបចំ​កាល​ពី​ថ្ងៃទី២៤ មីនា។ ចំណែក​តំណែង​សមាជិក​ព្រឹទ្ធសភា​ទាំង ២៥០នាក់​ត្រូវ​ជ្រើសរើស​តាម​រយៈ​ការ​តែងតាំង​ដោយ​របបសឹក​ដោយ​មិន​ឆ្លង​កាត់​បោះឆ្នោត។ នីតិវិធី​មួយ​នេះ​ត្រូវ​បាន​មេដឹកនាំ​របបសឹក​លោក​ប្រាយុទ្ធ ចាន់អូចា​រៀបចំ​តាក់តែង​នៅ​ក្នុង​ច្បាប់រដ្ឋធម្មនុញ្ញ​ឆ្នាំ ២០១៧។ ទាក់ទង​នឹង​នីតិវិធី​តែងតាំង​នាយករដ្ឋមន្រ្តី​ថ្មី គឺ​ជា​ការ​បោះឆ្នោត​ផ្ទៃក្នុង​រួម​គ្នា​ពី​សមាជិកសភា និង​សមាជិកព្រឹទ្ធសភា​សរុប​ទាំង ៧៥០រូប ហើយ​ដើម្បី​អាច​ឡើង​អង្គុយ​កៅអី​នាយករដ្ឋមន្រ្តី​បាន ទាល់​តែ​បេក្ខជន​នាយករដ្ឋមន្រ្តី​រូប​នោះ​ទទួល​បាន​សម្លេង​គាំទ្រ​យ៉ាង​តិច​ចំនួន ៣៧៦សម្លេង ឬ​ស្មើ​នឹង​៥០បូក១។

តែ​ដោយ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​របបសឹក​ទទួល​បាន ១១៥អាសនៈ​នៅ​សភា​នា​ពេល​បោះឆ្នោត និង​មាន ២៥០អាសនៈ​ស្រាប់​នៅ​ក្នុង​ព្រឹទ្ធសភា លោក​ប្រាយុទ្ធ ចាន់អូចា​មាន​សម្លេង​គាំទ្រ ៣៦៥ រួច​ស្រេច និង​ត្រូវ​ការ​តែ ១១សម្លេង​ទៀត​ប៉ុណ្ណោះ។ ១១សម្លេង​ដែល​ខ្វះ គណបក្ស​ផាឡាំងប្រាឆារ៉ាត់​គ្មាន​ជម្រើស​ផ្សេង​ក្រៅ​ពី​ងាក​ទៅ​ចាប់ដៃ​ជាមួយ​គណបក្សដៃគូ ឬ​គណបក្ស​ដែល​មាន​ទំនោរ​រក​របបសឹក។

លោក​អាប់ភីសីត​លា​ចេញ​ពី​តំណាងរាស្រ្ត​ដោយ​មិន​ចង់​បោះឆ្នោត​គាំទ្រ​លោក​ប្រាយុទ្ធ ចាន់អូចា

ខណៈ​នេះ និង​អ្វី​ដែល​ច្បាស់​សម្រាប់​ក្រុម​គណបក្ស​ដែល​ប្រឆាំង​នឹង​របបសឹក គឺ​ពួក​គេ​មិន​អាច​ប្រមូល​បាន​សម្លេង​គ្រប់គ្រាន់​ដល់​ទៅ ៣៧៦សម្លេង​ដើម្បី​បោះឆ្នោត​គាំទ្រ​ឥស្សរជន​របស់​ខ្លួន​ឲ្យ​ធ្វើ​ជា​នាយករដ្ឋមន្រ្តី​បាន​ឡើយ។ ចំនួន​អាសនៈ​របស់​ក្រុម​គណបក្ស​ដែល​​ប្រឆាំង​នឹង​របបសឹក​បូក​បញ្ចូល​គ្នា​ទាំង​អស់​មាន ត្រឹម​តែ ២៤៥អាសនៈ ពោល​នៅ​ខ្វះ​ដល់​ទៅ ១៣១អាសនៈ​ដើម្បី​អាច​មាន​សម្លេង​ភាគ​ច្រើន ៥០បូក១ បាន។ កង្វះ ១៣១អាសនៈ​ពិបាក​នឹង​រក ព្រោះ​ពួក​គេ​គ្មាន​សង្ឃឹម​នឹង​យក​សម្លេង​គាំទ្រ​ពី​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​របស់​របបសឹក ពី​ក្រុម​គណបក្សដៃគូ​របស់​របបសឹក ឬ​មួយ​ពី​ក្រុម​គណបក្ស​ដែល​មាន​ទំនោរ​រក​របបសឹក​បាន​ឡើយ។ ផ្ទុយ​ទៅ​វិញ ១១អាសនៈ​ដែល​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​ត្រូវ​ការ​បង្រ្គប់​ងាយ​នឹង​ទាញ​យក​ពី​គណបក្ស​ដៃគូ ឬ​គណបក្ស​ដែល​មាន​ទំនោរ​រក​ខ្លួន។

គួរ​បញ្ជាក់​ថា​នៅ​មុន​ការ​បោះឆ្នោត និង​ក្រៅ​ពី​គណបក្ស​ប្រពៃណី​មាន​វ័យចំណាស់ ដូច​យ៉ាង​គណបក្ស​ប្រជាធិបតេយ្យ និង​គណបក្ស​ភឿថៃ គេ​ឃើញ​មាន​លេច​ឈ្មោះ​គណបក្ស​ថ្មីៗ​ជា​ច្រើន​ទៀត មាន​ទាំង​ក្រុម​គណបក្ស​ស្និទ្ធ​នឹង​របបសឹក និង​ក្រុម​គណបក្ស​ដែល​ប្រឆាំង​នឹង​របបសឹក ដូច​យ៉ាង​គណបក្ស​អណាខុតម៉ៃ​របស់​មហាសេដ្ឋី​វ័យ ៤០​ឆ្នាំ​លោក​ថាណាថន។ លោក​ប្រាយុទ្ធ ចាន់អូចា​អាច​ពឹង​លើ​សម្លេង​គាំទ្រ​ពី​ក្រុម​គណបក្ស​ស្និទ្ធ​នឹង​របបសឹក តែ​ដោយ​គណបក្ស​ទាំង​នេះ​មាន ១ ឬ​២អសនៈ លោក​ប្រាយុទ្ធ​អាច​ងាក​ទៅ​រក​គណបក្ស​ប្រជាធិបតេយ្យ​ដែល​មាន ៥២អាសនៈ និង​គណបក្ស​ភូមចៃថៃ​ដែល​មាន ៥១អាសនៈ។

គេ​នៅ​មិន​ទាន់​ដឹង​ថា តើ​នៅ​ផ្ទៃក្នុង​គណបក្ស​ប្រជាធិបតេយ្យ​ក្តី ឬ​គណបក្ស​ភូមចៃថៃ​ក្តី មាន​សមាជិក​សភា​ប៉ុន្មាន​នាក់​យល់ព្រម​ផ្តល់​ការ​គាំទ្រ​ឲ្យ​លោក​ប្រាយុទ្ធ ចាន់អូចា​ឲ្យ​បន្ត​កាន់​តំណែង​នាយករដ្ឋមន្រ្តី​ទេ។ អ្វី​ដែល​គួរ​ឲ្យ​ភ្ញាក់ផ្អើល អតីត​ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​លោក​អាប់ភីសីត​បាន​ប្រកាស​លា​ឈប់​ពី​តំណាងរាស្រ្ត​ក្នុង​ថ្ងៃទី៥ មិថុនា​ដោយ​បញ្ជាក់​ថា លោក​មិន​អាច​បោះឆ្នោត​គាំទ្រ​លោក​ប្រាយុទ្ធ ចាន់អូចា​បាន​ឡើយ។ ចំណែក​ប្រធាន​គណបក្ស​អណាខុតម៉ៃ​លោក​ថាណាថន​បាន​ថ្លែង​ថា អ្វី​ដែល​សំខាន់​ខ្លាំង គឺ​ការ​កសាង​លទ្ធិប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ថៃ​ឡើង​វិញ និង​រារាំង​កុំ​ឲ្យ​លោក​ប្រាយុទ្ធ​បន្ត​កាន់​អំណាច​ម្តង​ទៀត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ