អានតួអត្ថបទ

តៃវ៉ាន់​នឹង​បញ្ជា​ទិញគ្រឿង​សព្វាវុធ​ជាច្រើន​ពី​អាមេរិក

តៃវ៉ាន់​បាន​បញ្ជាក់​ព័ត៌មាន​នៅ​ថ្ងៃព្រហស្បតិ៍​ទី ០៦ មិថុនា​នេះ ថា​ពិត​ជា​កំពុង​រៀប​ចំ​​បញ្ជា​ទិញគ្រឿង​សព្វាវុធ​ ក្នុង​បរិមាណ​ដ៏​ច្រើន​ ​ពី​អាមេរិក ដើម្បី​យក​មក​ជំនួស​គ្រឿង​សព្វាវុធ​ចាស់ទ្រុឌទ្រោម​ផង និង​ដើម្បី​ការពារ​ខ្លួន​ទល់​នឹង​ការ​គំរាម​កំហែង​ពី​ចិន​ផង។ នៅ​ក្នុង​គម្រោង​បញ្ជា​ទិញ​ដ៏​សំខាន់​នេះ គេ​រាប់​ឃើញ​មាន​ជាអាទិ៍​​រថពាសដែក និង​ប្រព័ន្ធ​មីស៊ីល​។ គ្រាន់​តែ​ទទួល​ដំណឹង​នេះ​ភ្លាម ចិន​បាន​បញ្ចេញ​ប្រតិកម្ម​ខឹង​សម្បារ​យ៉ាង​ខ្លាំង។

រថក្រោះ​ M1A2 "Abrams" ដែល​តៃវ៉ាន់​ចង់​បញ្ជាទិញ​ពី​អាមេរិក​ចំនួន​១០៨​គ្រឿង​
រថក្រោះ​ M1A2 "Abrams" ដែល​តៃវ៉ាន់​ចង់​បញ្ជាទិញ​ពី​អាមេរិក​ចំនួន​១០៨​គ្រឿង​ © Reuters
ផ្សាយពាណិជ្ជកម្ម

ក្រសួង​ការពារជាតិ​តៃវ៉ាន់ បាន​បញ្ជាក់​ជា​ផ្លូវការ​ ការ​បញ្ជា​ទិញ រថក្រោះ​ ប្រភេទ​M១A២ Abrams ចំនួន​១០៨​គ្រឿង​ មីស៊ីល​ប្រឆាំង​រថពាសដែក​ Javelin និង Tow ចំនួន​ជាង​១៥០០​គ្រឿង ព្រមទាំង​កាំភ្លើង​បាញ់​មីស៊ីល​ពី​ដី​ទៅ​អាកាស​រយៈ​ខ្លី​ ចំនួន​២៥០​គ្រឿង។ ការ​បញ្ជា​ទិញ​កំពុង​ចាប់​ដំណើរការ​តាម​សំណុំ​បែប​បទ​ហើយ។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការពារជាតិ​តៃវ៉ាន់​ដដែល។

គ្រាន់​តែ​បាន​ឮ​សេចក្តីប្រកាស​របស់​តៃ​វ៉ាន់​នេះ​ភ្លាម ចិន​បានបញ្ចេញ​ប្រតិកម្ម​​ តាម​រយៈ​សេចក្តី​ថ្លែងការណ៍​របស់​ក្រសួងការបរទេស​​ភ្លាមដែរ។ “យើង​បាន​ប្រាប់​អាមេរិក​ជា​ច្រើន​ដង​មក​ហើយឱ្យ​គោរព​គោលការណ៍​ចិន​តែ​មួយ​ និង​ថា​​ការ​លក់​អាវុធ​ឱ្យ​តៃវ៉ាន់​ជា​ប្រធានបទ​ដ៏​រសើប​និង​ជា​សេចក្តី​សម្រេច​ដ៏​គ្រោះ​ថ្នាក់​បំផុត​”។ នេះ​ជា​សំដី​តើន​រំលឹក​របស់​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន។

ថ្វីបើតាំង​ពី​ឆ្នាំ​១៩៤៩ ឆ្នាំ​ដែល​បក្ស​កុម្មុយនិស្ត​ឡើង​កាន់​អំណាច​នៅ​ប៉េកាំងមក​ និង​ក្រោយ​សង្គ្រាម​ស៊ីវិល​បង្ហូរ​ឈាម​មក ​តៃវ៉ាន់ ស្ថិត​ក្រោម​ការ​ដឹកនាំ​ដាច់​ដោយ​ឡែក និង​មាន​របប​ដឹកនាំ​ផ្ទុយ​ពី​ចិន​ដី​គោកក្តី ​ក៏​ប៉េកាំង​តែង​​ចាត់​ទុក​តៃវ៉ាន់​ជា​ចំណែក​មួយ​នៃ​ដែនដីទាំង​មូល​រ​បស់​ចិនដដែល។ ហើយ​ចិន​មិនដែល​បោះបង់​គំនិត​ ប្រើ​កម្លាំង​បាយ​​ទៅ​ក្រសោប​យក​តៃវ៉ាន់​មក​ច្របាច់​បញ្ចូល​ជា​ចិន​តែ​មួយ​ឡើង​វិញ​ឡើយ​។ គំនិត​បែប​នេះ ទើប​ត្រូវ​បាន​​ប៉េកាំង​អះអាង​ជា​ថ្មី​​ទៀត ​កាលពីប៉ុន្មាន​ថ្ងៃ​មុន។

ចំណែក​ខាង​វ៉ាស៊ីនតោន ដែល​បានកាត់​ផ្តាច់​ទំនាក់ទំនង​ជាមួយ​កោះ​តៃវ៉ាន់ តាំង​ពី​​១៩៧៩ ដើម្បី​​ភ្ជាប់​ទំនាក់ទំនង​ការទូត​និង​ទទួល​ស្គាល់​ប៉េកាំង​ជា​តំណាង​ចិន​តែ​មួយ​ នៅ​តែរក្សា​ខ្លួន​ជា​សម្ព័ន្ធ​មិត្ត​ដ៏មាន​អំណាច​ និង​ជា​អ្នក​ផ្គត់ផ្គង់​អាវុធ​ដ៏​ចំបង​របស់​តៃវ៉ាន់​ដដែល។ ទំនាក់ទំនង​អាមេរិក​តៃវ៉ាន់ កាន់​តែ​ត្រូវ​បាន​លាត​ត្រដាង និង​ពង្រឹង​​បន្ថែម​ទៀត ដោយ​ប្រធានាធិបតី​ ដូណាល់ ត្រាំ តាម​រយៈ​ចេតនា ចង់​លក់​សព្វាវុធ​ទំនើបទៅ​ឱ្យ​តៃប៉ិ។ បើ​តាម​ភ្នាក់​Bloomberg News រដ្ឋបាល​អាមេរិក​បាន​ដាក់​សំណើ​ទៅ​សភា​រួច​ហើយ​អំពី​គម្រោង​ចង់​លក់​សម្ភារៈ​បរិក្ខា​យោធា​ទៅ​តៃវ៉ាន់​ ក្នុង​តម្លៃ​ប្រមាណ​ពីរ​ពាន់​លាន​ដុល្លារ​សហរដ្ឋ​អាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ