ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/10 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/10 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/10 12h00 GMT
អាស៊ី

កំណែទម្រង់​ការយក​ពន្ធ​ឌីជីថល ជាគម្រោង​​អាទិភាព​របស់​G20

media  
ក្រុម​រដ្ឋមន្ត្រី​​ហិរញ្ញវត្ថុ​G20 កំពុង​ជួប​ប្រជុំ​គ្នា​នៅ​Fukuokaប្រទេស​ជប៉ុន Toshifumi KITAMURA / AFP

រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​នៃ​ក្រុម​ប្រទេស​មហាអំណាច​និ​ងមហា​ឧស្សាហកម្ម​២០ដំបូង​គេ​នៅ​លើ​ពិភពលោក ឬ​ហៅកាត់​ថា ហ្សេ២០ កំពុង​ជួប​ប្រជុំ​គ្នា​នៅ​ចុង​សប្តាហ៍​នេះ នៅ​ក្រុង​ ហ្វូគូអូកា ប្រទេស​ជប៉ុន។ ជា​លទ្ធផល​ ក្រុម​រដ្ឋមន្ត្រី​ទាំង​២០ យល់​ស្រប​គ្នា​អំពី​ភាព​ចាំបាច់​​និង​បន្ទាន់​ក្នុង​ការ​ធ្វើ​កំណែទម្រង់​ការ​យក​ពន្ធ​លើ​ក្រុមហ៊ុនអ៊ីនធ័រនែត​ធំៗ​​ ដូច​ជា​ Google Apple Facebook Amazone ​ឬ​ហៅ​ថា​ក្រុមហ៊ុនយក្ស​​ឌីជីថល​ Gafa។ ប៉ុន្តែ​ក្រុម​ហ្សេ២០​ នៅ​ប្រឆាំង​គ្នា​វិធីសាស្ត្រ​យក​ពន្ធ​នៅឡើយ។

យក​ពន្ធ​លើ​ក្រុមហ៊ុន​ហ្វេសប៊ុក ក្រុមហ៊ុន Google និង​ក្រុមហ៊ុន​ពហុជាតិ​ឌីជីថល​ផ្សេងៗ​ទៀត ដោយ​មិនផ្អែក​លើ​វត្តមាន​ និង​ទីតាំង​នៃ​ទី​ស្នាក់ការរបស់​​ក្រុមហ៊ុន​ទេ តែ​ដោយ​យោល​ទៅ​តាម​ប្រាក់​ចំណូល​​ដែល​ក្រុមហ៊ុន​រក​បាន ! នេះ​ហើយ​គំនិត​គោល​​ដែល​ក្រុម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ហ្សេ​២០ បាន​អនុម័ត​ព្រមព្រៀង​គ្នាថា​នឹង​ត្រូវ​តែ​មាន​ច្បាប់​យក​ពន្ធ​រួម ដើម្បី​កាត់​បន្ថយ​ការ​រត់​គេចគេង​ចំណេញ​​ពន្ធ​របស់​ក្រុមហ៊ុន​ធំៗ។

មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ឌីជីថល​ធំៗ​ដូច​ជា Google Facebook ...​ បាន​ជ្រើសរើស​ប្រកាស​ពន្ធ​និ​ងបង់​ពន្ធ​​នៅ​ក្នុង​ប្រទេស​ណា​ដែល​តម្លៃពន្ធ​ទាប​ប៉ុណ្ណោះ មិន​ថាដើម្បី​បំរើ​អតិថិជន​នៅ​ប្រទេស​ណា​ឡើយ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គ្រាន់​តែ​ឃើញ​គម្រោង​សេចក្តី​ថ្លែងការណ៍​រួម​នេះ​ភ្លាម អគ្គលេខា​ធិការ​អង្គការ​សហប្រតិបត្តិការ​អភិវឌ្ឍន៍និង​សេដ្ឋកិច្ច​OCDE បាន​ស្រែក​ស្វាគមន៍​និង​អប​អរ ជា​មួយ​ក្តីសង្ឃឹម​ថា​កិច្ចព្រមព្រៀង​នឹង​អាច​សម្រេច​បាន​យ៉ាង​យូរ​នៅ​ឆ្នាំ​២០២០។ អង្គការ​ក្រៅរដ្ឋាភិបាលOxfarm ក៏​បាន​ចេញសេចក្តី​ថ្លែងការណ៍​អបអរ​ដែរ​ថា​នេះ​ជា​សំណាង​​តែ​មួយគត់​ក្នុង​ការ​បិទ​បញ្ចប់​ការ​គេចពន្ធ​របស់​ក្រុមហ៊ុន​យក្ស​ពហុជាតិ។​ បើ​តាម​អង្គការ​នេះ ក្រុមហ៊ុន​ឌីជីថល​ខ្លះ​គេច​ពន្ធ​បាន​​ដល់​៤០%​នៃ​ប្រាក់​ចំណេញ​របស់​ពួកគេ។

ប៉ុន្តែ​ទាំងនេះ​គ្រាន់​ជា​គម្រោង​ប៉ុណ្ណោះ ក្រុមហ្សេ២០​នៅ​ខ្វែង​គំនិត​គ្នា​ខ្លាំង​នៅ​ឡើយ​ថា​តើ​ត្រូវ​អនុវត្ត​កា​រ​យក​ពន្ធ​យ៉ាង​ណា។ អាមេរិក​ខ្វែង​គំនិត​ខ្លាំង​ជាមួយ​បារាំង​និង​អង់គ្លេស ដែល​បាន​សម្រេច​ជា​ឯកតោភាគី​​យក​ពន្ធ​តែ​លើ​ក្រុមហ៊ុនឌីជីថល​ ​Gafa ទៅ​តាម​ប្រាក់​ចំណូល​។ អាមេរិក​ចង់​ពង្រីកច្បាប់​យក​ពន្ធ​ទៅ​លើ​ក្រុមហ៊ុន​ធំៗ​ផ្សេង​​ដែល​រក​ស៊ីឆ្លង​ប្រទេស​ មាន​ជា​​អាទិ៍​ក្រុមហ៊ុន​ផលិតផល​ប្រណិតៗ​បារាំង ឬ​ក្រុមហ៊ុន​អាមេរិក​រកស៊ី​នៅ​អឺរ៉ុប​។

ក្រៅ​អំពី​ការ​យក​ពន្ធ ក្រុម​រដ្ឋមន្ត្រី​ហ្សេ​២០​ក៏​បាន​គ្រោង​នឹង​ចេញ​សេចក្តីថ្លែងការណ៍​រួម​នៅ​ថ្ងៃ​ស្អែក ស្តី​អំពីហានិភ័យ​នៃ​សង្គ្រាម​ពាណិជ្ជកម្ម​ ដោយ​សន្និដ្ឋាន​ថា កំណើន​សេដ្ឋកិច្ច​ពិភពលោក​កំពុង​មានស្ថិរភាព​ តែ​ហានិភ័យ​ធ្លាក់​ចុះ​មាន​ខ្ពស់​ព្រោះ​ភាព​តាន​តឹង​ពាណិជ្ជកម្ម​និងភូមិសាស្ត្រ​នយោបាយ​ជញ្ជ្រុំ​ខ្លាំង​ពេក។ កំណើន​សេដ្ឋកិច្ច​អាច​ស្ទុះ​ងើប​ឡើង​បន្តិច​ចាប់​ពី​ឆ្នាំ​២០២០។

កិច្ច​ប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ហ្សេ២០​ថ្ងៃ​នេះ គឺ​ជា​ការ​ប្រជុំ​ត្រៀមបើក​វគ្គ​ការងារ​ផ្លូវការ​​របស់​ក្រុម​អ្នក​ចាត់​ចែង​ហិរញ្ញវត្ថុធំៗ​​នៅ​លើ​ពិភពលោក​។ គម្រោង​សេចក្តី​ថ្លែងការណ៍​រួម​ថ្ងៃ​នេះ អាច​នឹង​ត្រូវ​ប្តូរ​ផ្លាស់​នៅ​ស្អែក​បាន៕

 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ