អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ហុងកុង ៖ មហាបាតុកម្ម​ប្រឆាំង​នឹង​ច្បាប់​ធ្វើ​បត្យាប័ន​ជនសង្ស័យ​ទៅ​ចិន

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអាទិត្យទី ៩ មិថុនា​២០១៩​នេះ មាន​មហាបាតុកម្ម​មួយ​បាន​រៀប​ចំ​ឡើង នៅ​ក្នុង​ហុងកុង ដើម្បី​ប្រឆាំង​នឹង​គម្រោង​ច្បាប់​ធ្វើ​បត្យាប័នជន​ជាប់​សង្ស័យ ទៅ​កាន់​ចិន​ដីគោក ដើម្បី​កាត់​ទោស។ សម្រាប់​អ្នក​ច្បាប់​ និង​សកម្មជន​ប្រជាធិបតេយ្យ​ គម្រោង​ច្បាប់​នេះ​គឺ​ជា​តំណាង​គ្រោះ​ថ្នាក់ និងជា​ច្បាប់​​ស​ម្លាប់​សេរីភាព។ សម្រាប់ជនហុងកុង​​ភាគ​ច្រើន​ ច្បាប់​នេះ​គឺ​ ការ​រិះគន់​ប្រឆាំង​ កាន់​តែ​រីក​ធំធាត់​ខ្លាំង​ទៀត ដោយ​ហេតុ​តែ​រដ្ឋាភិបាល​បាន​បង្ហាញ​ចេតនា​​ចង់ធ្វើ​វិសោធនកម្ម​និង​​អនុម័ត​​ច្បាប់​ធ្វើ​ឱ្យ​បានលឿន​​រហ័ស។

បាតុកម្ម​​នៅ​ហុងកុង​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន
បាតុកម្ម​​នៅ​ហុងកុង​ប្រឆាំងនឹង​ច្បាប់​ធ្វើ​បត្យាប័ន​ទៅ​ចិន © Reuters
ផ្សាយពាណិជ្ជកម្ម

បាតុករ​ចូល​រួម​ដល់​ទៅ​ជាង​កន្លះ​លាន​នាក់ ! ប៉ូលិស​វិញ ​បាន​ត្រៀម​​​កម្លាំង​រក្សា​សន្តិសុខ ជាង​២០០០​នាក់​ ពោល​គឺ​ជាទម្រង់​បាតុកម្ម​ដ៏​ធំ​ ដែល​ពុំ​ធ្លាប់​កើត​មាន​ឡើយ​តាំង​ពី​​១៥​ឆ្នាំមក។ ចំណែក​ សមាសភាព​បាតុករ​លើក​នេះ មិនមែន​មាន​ត្រឹម​តែ​ជា​ក្រុម​សិស្ស​និស្សិត​ និង​សកម្មជន​ប្រជាធិបតេយ្យ​ទេ តែ​ជា​បណ្តា​ជន​ហុងកុង​គ្រប់​ស្រទាប់​វណ្ណៈ មាន​តាំង​ពី​ក្រុម​អ្នក​ជំនួញ​ មេធាវី អ្នក​ច្បាប់ អ្នក​ស្រលាញ់​លទ្ធិ​ប្រជាធិបតេយ្យ អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​សហគមន៍​សាសនា​ទៀត។

ក្រៅ​អំពី​ស្រែក​បរិហារ​គម្រោង​ច្បាប់ថា​ការ​សម្លាប់​សេរីភាពហុងកុង​ និង​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ហុងកុង​ដក​សំណើធ្វើ​វិសោនធនកម្ម​ច្បាប់​នេះ​វិញ បាតុករ​មួយ​ចំនួន​ក៏​បាន​ស្រែក​ទាមទារ​ប្រមុខ​ដឹកនាំ​ហុង​កុង ស្និទ្ធ​នឹង​ប៉េកាំង ចុះ​ចេញ​ពី​តំណែង​តែ​ម្តង។

ក្បួន​បាតុកម្ម​របស់ក្រុម​អ្នក​ច្បាប់ មេធាវី ហុងកុង ថ្ងៃទី ៦ មិថុនា ២០១៩
ក្បួន​បាតុកម្ម​របស់ក្រុម​អ្នក​ច្បាប់ មេធាវី ហុងកុង ថ្ងៃទី ៦ មិថុនា ២០១៩ REUTERS/Tyrone Siu

មុន​នឹង​ឈាន​ដល់មាន​ការ​ប្រមូល​ផ្តុំ​ធ្វើ​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នេះ ​បក្ស​ប្រឆាំង​និង​សង្គម​ស៊ីវីល​បាន​ចាប់​ស្រែក​ប្រឆាំង​នឹង​រដ្ឋាភិបាល​តាំង​ពី​ប៉ុន្មាន​ខែ​មក​ហើយ។ កាលពី​ចុង​ខែ​មេសាមាន​បាតុករ​​ប្រមូល​គ្នា​បាន​ប្រមាណ​ជាង​ពីរ​ម៉ឺន​នាក់​ចុះ​ថ្នល់។ នៅ​​ថ្ងៃ​ព្រហស្បតិ៍​ ទី ៦ មិថុនា អ្នក​ច្បាប់​និង​មេធាវី ប្រមាណ​ពី​២៥០០​នាក់​ទៅ​បីពាន់​នាក់ ក្នុង​សម្លៀក​បំពាក់​សខ្មៅ បាន​នាំ​គ្នា​ដើរ​ដង្ហែក្បួន​យ៉ាង​ស្ងៀម​ស្ងាត់ គ្មាន​បដា គ្មាន​ជ័យ​ឃោស​អ្វី​ទាំង​អស់​ ពី​តុលាការ​ទៅ​ដល់​វិមាន​រដ្ឋាភិបាល ដោយ​ឈរ​សម្រួម​គារវកិច្ច​បីនាទីផង។

សម្រាប់​​​ក្រុម​អ្នក​ប្រឆាំង ​គម្រោង​ច្បាប់​ ដែល​​ស្នើ​ឡើង​ដោយ​រដ្ឋាភិបាល​ហុងកុង​​ស្និទ្ធ​នឹង​ក្រុង​ប៉េកាំង​នេះ គឺ​ជា​ការគំរាម​កំហែង​សិទ្ធិសេរីភាព​​ និង​ឯករាជភាព​នៃ​ប្រព័ន្ធ​តុលាការ​ហុងកុង​។ ច្បាប់​នេះ​កំពុង​ធ្វើ​ឱ្យ​ពិភពពាណិជ្ជកម្ម​និង​អ្នក​ជំនួញ អាមេរិក ហុងកុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង។ ជា​សរុប​ច្បាប់​នេះមិនមែន​​ជា​រូប​ភាព​ល្អ​ទេ​សម្រាប់​ហុងកុង​ដែលល្បី​ឈ្មោះ​​ជា​ក្រុង​ហិរញ្ញវត្ថុ​អន្តរជាតិឡើយ។

រដ្ឋាភិបាល​ហុងកុង​ ចង់​ធ្វើ​​វិសោធនកម្ម​ច្បាប់ ដើម្បី​សម្រួល​ដំណើរការ​​ធ្វើ​បត្យាប័ន​​ជន​សង្ស័យ ទៅ​​ប្រទេស​ និង​ដែនដី​ផ្សេង​​ទៀតរបស់​​ចិន ដូច​ជា​ចិន​ដីគោក ​ម៉ាកាវ និង​ទៅ​តៃវ៉ាន់ បន្ថែម​ពី​លើ​ប្រទេស​ជាង​​២០ ដែល​ហុងកុង​មាន​ច្បាប់​ធ្វើ​បត្យាប័ន​ រួម​គ្នាស្រាប់​​រួច​ទៅ​ហើយ។

​​គឺ​ទស្សនៈ​វិស័យ​​បញ្ជូន​ជន​សង្ស័យ​ទៅ​កាត់​ទោស​នៅ​សាធារណរដ្ឋ​ប្រជាមានិត​ចិននេះ​​ ដែល​អ្នក​ហុងកុង​ព្រួយ​បារម្ភ​និ​ងយល់​ថា​ជា​បញ្ហា​អាសន្ន​បំផុត​នោះ ព្រោះ​ពួក​គេ​គិតថា​ តាម​រយៈ​ច្បាប់​ថ្មី​នេះ ចិន​អាច​ទាមទារ​ធ្វើ​បត្យាប័ន នូវ​រាល់​គ្រប់​ជនសង្ស័យ​ណា​ក៏​បាន រាប់​ទាំង​សកម្មជន​ប្រជាធិបតេយ្យផង យក​​ទៅកាត់​ទោស​នៅ​ប៉េកាំង ឬ​ចិន​ដី​គោក ដែល​មាន​ប្រព័ន្ធ​តុលាការបែប​កុម្មុនិស្ត គ្មាន​តម្លាភាព​។

បាតុករ​ហុងកុង នៅ​បែរឡាំង​ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ៩ មិថុនា ២០១៩
បាតុករ​ហុងកុង នៅ​បែរឡាំង​ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ៩ មិថុនា ២០១៩ © Reuters

ហុងកុង​អតីត​ដែន​ដី​ក្រោម​អាណានិគម​អង់គ្លេស​ ត្រូវ​បាន​​បង្វិល​មក​ឱ្យ​ចិន​ពេញ​កាលពី​ឆ្នាំ​១៩៩៧ ដោយ​ផ្អែក​លើ​គោលការណ៍​ “ប្រទេស​មួយ​ ប្រព័ន្ធ​ពីរ” ពោល​គឺ​ហុងកុង​ ត្រូវ​ស្ថិត​នៅ​ជា​តំបន់​មាន​ស្វ័យភាព​ពេញ​លេញ សិទ្ធិ​សេរីភាពជា​មូលដ្ឋាន​គ្រឹះ​របស់​មនុស្ស​ជាតិ​​ និង​មានប្រព័ន្ធ​តុលាការ​ដាច់​ដោយ​ឡែក​ពី​ប្រទេស​ចិន ​រហូត​ដល់​ឆ្នាំ ២០៤៧។ ប៉ុន្តែ បើ​តាម​អ្នក​ឯករាជ្យ​និយម​ ​ប្រព័ន្ធ​តុលាការ​ឯករាជ្យ និង​ជា​ទីគោរព​របស់​ហុងកុង​នេះ កំពុង​ត្រូវ​ចិន​ជាន់​ពន្លិច និង​សង្គ្រប់​ជីវិត​នយោបាយ​កោះ ​តាម​រយៈ​ច្បាប់​ធ្វើ​បត្យាប័ន​នេះ​ឯង។

ក្រោយ​ពី មាន​ការ​តវ៉ានិ​ងប្រឆាំង​ខ្លាំង រដ្ឋាភិបាល​បាន​ចេញ​មុខ​ធានា​រ៉ាប់រង​ ​ព្រម​ធ្វើ​ការ​កែប្រែ​គម្រោង​ច្បាប់​​ត្រង់​ចំណុច​ខ្លះ ដោយបញ្ជាក់​ថា ការស្នើ​សុំ​​ធ្វើ​បត្យាប័ន​ អាច​អនុវត្ត​តែ​លើ​ករណី​បទ​ឧក្រិដ្ឋ​ ដែល​អាច​មាន​ទោសជាប់​ពន្ធនាគារ​ដល់​​​៧​ឆ្នាំ មិនមែន​ត្រឹម​បី​ឆ្នាំ​ដូច​គកម្រោង​ច្បាប់​ស្នើ​ដំបូង​ទេ។ រដ្ឋាភិបាល​ហុងកុង​ ក៏​បាន​ព្រមព្រៀង​ ​លុប​ប្រភេទ​ទោស​ឧក្រិដ្ឋ ចំនួន​៩ ចេញ​ពី​បញ្ជីទោស​ដែល​អាច​ធ្វើ​បត្យាប័ន។ ច្បាប់​​ដើម​មានរាប់​ឃើញ​បទ​ឧក្រិដ្ឋ​​ជាង​៤០​​​​ឯណោះ​ដែល​អាច​ធ្វើ​បត្យាប័ន។

ប៉ុន្តែ​សម្ពាធ​បាតុករ ប្រហែល​ជា​មិន​​អាច​ធ្ងន់​​លើ​ស​​សម្ពាធ​នយោបាយ​របស់​ប៉េកាំងឡើយ។ ជា​លើក​ទីមួយ ការិយាល័យ​ទំនាក់ទំនង​ចិន​នៅ​ហុងកុង បាន​កោះ​ហៅ​សមាជិក​សភា​ហុងកុង​ទៅ​ព្រមាន​ប្រាប់​អំពី​កាតព្វកិច្ច​របស់​តំណាងរាស្ត្រ​ក្នុង​ការ​​គាំទ្រ​គម្រោង​ច្បាប់​​នេះ។ ​

មាន​ន័យ​ ចិន​បាន​លូក​ដៃ​កាន់​តែ​ជ្រៅ​ខ្លាំង! គោលការណ៍​ « ប្រទេស​មួយ​ប្រព័ន្ធ​នយោបាយ​ពីរ » កំពុង​ចាប់​សាប​រលាប ដូច​អ្វី​ដែល​ រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន​ធ្លាប់​ព្រលយកាលពី​ខែ​មិថុនា ឆ្នាំ​២០១៧ថា ​ សេចក្តី​ថ្លែងការណ៍​ចិន-អង់គ្លេស កំណត់​យកគោលការណ៍ “​ប្រទេស​មួយប្រព័ន្ធ​ពីរ” នៅហុងកុង លែង​សម​នឹង​កាលៈទេសៈហើយ។ ស្វ័យភាព​ហុងកុង​ ហូរ​ជ្រុះបន្តិច​ម្តងៗ។ ពលរដ្ឋ​ហុងកុងដែល​ឥលូវ​មាន​ទម្លាប់​និយាយ​ថា ប្រទេស​មួយ​ប្រព័ន្ធ​មួយកន្លះ ​កំពុង​ភ័យ​ថា យូរនិង​ឆាប់​ នឹង​មាន​តែ “ប្រទេសមួយ ប្រព័ន្ធ​មួយ”៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ