តើនាយករដ្ឋមន្រ្តីជប៉ុនអាចជួយកាត់បន្ថយភាពតានតឹងរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកបានកម្រិតណាដែរ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៤:២១
នាយករដ្ឋមន្រ្តីជប៉ុនលោកស្ហ៊ីនហ្សូ អាបេផ្តើមទស្សនកិច្ចនៅក្នុងប្រទេសអ៊ីរ៉ង់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មិថុនា។ លោកអាបេគ្រោងជួបសន្ទនាជាមួយប្រធានាធិបតីអ៊ីរ៉ង់លោកហាសាន រ៉ូហានី និងប្រមុខសាសនាអ៊ីស្លាមអ៊ីរ៉ង់លោកអាលី ខាមេណី។ គេនៅមិនទាន់ដឹងពីគោលដៅនៃទស្សនកិច្ចរបស់លោកអាបេនៅអ៊ីរ៉ង់ទេ។ អ្វីដែលគេដឹង ទស្សនកិច្ចមួយនេះធ្វើឡើង ក្នុងពេលដែលភាពតានតឹងកំពុងឡើងដល់កំពូលរវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក។ អ៊ីចឹងហើយបានជាមានការលើកឡើងថា ជប៉ុនអាចដើរតួនាទីជាអាជ្ញាកណ្តាលនៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិក។ តែអ្វីដែលគ្រប់គ្នាកំពុងចោទសួរពេលនេះគឺថា តើប្រទេសមហាយក្សអាស៊ីមួយនេះមានទឹកមាត់ប្រៃត្រឹមណា និងមានឥទ្ធិពលកម្រិតណាដែរក្នុងការបង្រួបបង្រួមអ៊ីរ៉ង់ និងអាមេរិក?។
រឿងចាប់បង្ខំអាមេរិកឲ្យល្អូតល្អឺនជាមួយអ៊ីរ៉ង់ ឬមួយក៏ចាប់បង្ខំអ៊ីរ៉ង់ឲ្យទន់ភ្លន់ជាមួយអាមេរិកប្រហែលជាពិបាកបន្តិច ព្រោះវាមិនខុសអ្វីនឹងការព្យាយាមបញ្ចូលទឹក និងប្រេងឲ្យរលាយចូលគ្នាទេ។ តែបើនិយាយពីការបញ្ចុះបញ្ចូលសត្រូវទាំងពីរឲ្យបន្ថយការសង្កៀតធ្មេញដាក់គ្នាវិញប្រហែលជាអាចមានសង្ឃឹមខ្លះ។ នេះហើយជាបេសកកម្មការទូតមួយដ៏ពិបាកដែលប្រមុខរដ្ឋាភិបាលជប៉ុនលោកស្ហ៊ីនហ្សូ អាបេកំពុងសាកល្បងបំពេញតាមរយៈដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីរ៉ង់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ មិថុនា។ នេះជាលើកទី១ ក្នុងរយៈពេលជាង ៤០ឆ្នាំ ពោលតាំងពីការប្រសូត្របដិវត្តអ៊ីស្លាមអ៊ីរ៉ង់ក្នុងឆ្នាំ ១៩៧៩ ដែលមានប្រមុខរដ្ឋាភិបាលជប៉ុនម្នាក់ដាក់ជើងជាន់លើទឹកដីជង្រុកប្រេងកាតនៅដើមបូព៌ាមួយនេះ។
តាមពិតទៅ គឺប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំទេតើដែលបានស្នើចុងមាត់ ចុង ក ឲ្យលោកអាបេជួយធ្វើអាជ្ញាកណ្តាលនៅក្នុងជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិកពេលនេះ។ គួររម្លឹកថា តាំងពីលោកត្រាំបានដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ ២០១៥ និងតាំងពីរដ្ឋបាលរបស់លោកត្រាំបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចជាថ្មីលើអ៊ីរ៉ង់មក ក្រុងតេហេរ៉ង់ និងក្រុងវ៉ាស៊ីនតោនកំពុងស្ថិតលើផ្លូវនៃការផ្ទុះសង្រ្គាមដាក់គ្នាជាយថាហេតុ នោះបើទោះបីជាភាគីនីមួយៗបានប្រកាសពីការមិនចង់មានសង្រ្គាមក៏ដោយ។ ហេតុអ្វីបានជាអាមេរិកងាករកជប៉ុនឲ្យជួយអន្តរាគមន៍ និងថា ហេតុអ្វីបានជាជប៉ុនយល់ព្រមធ្វើអាជ្ញាកណ្តាល?។ ចូរកុំភ្លេចថា ជប៉ុនជាសម្ព័ន្ធមិត្តរបស់អាមេរិក និងក៏ជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ដែរ។
តែគេមិនត្រូវភ្លេចនិយាយទេថា ជប៉ុនមាននយោបាយការទូតផ្ទាល់ខ្លួនចំពោះតំបន់មជ្ឈិមបូព៌ាដោយមិនត្រូវការចម្លងមេរៀនពីប្រទេសមហាអំណាចណាមួយ ហើយក៏មិនត្រូវការឲ្យប្រទេសមហាអំណាចណាមួយផ្តល់មេរៀនឲ្យខ្លួនដែរ។ គឺជំហរអព្យាក្រឹតមួយនេះហើយដែលបានធ្វើឲ្យលោកអាបេស្ថិតនៅទីតាំងកណ្តាលមួយល្អណាស់ដើម្បីអាចនិយាយជាមួយអ៊ីរ៉ង់ផង និងអាមេរិកផង។ ថ្នាក់ដឹកនាំក្នុងរដ្ឋាភិបាលជប៉ុនបានបញ្ជាក់ច្បាស់ៗរួចហើយថា ដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់របស់លោកអាបេពេលនេះ មិនមែនធ្វើឡើងក្នុងនាមជាអ្នកនាំពាក្យរបស់លោកត្រាំទេ ហើយក៏មិនបាននាំទៅជាមួយនូវបញ្ជីទាមទារ ឬអនុសាសន៍អ្វីពីរដ្ឋបាលរបស់លោកត្រាំដែរ។
ក៏ប៉ុន្តែ គេក៏ត្រូវហ៊ានទទួលស្គាល់ថា ទោះបីជាក្រុងតូក្យូបានអួតអាង តាំងខ្លួនជាអ្នកមានទំនាក់ទំនងល្អ និងយូរលង់ជាមួយក្រុងតេហេរ៉ង់ ហើយជាសម្ព័ន្ធមិត្តចាក់ទឹកមិនលេច និងរឹងមាំជាមួយក្រុងវ៉ាស៊ីនតោនក៏ដោយ ក៏មិនប្រាកដថាជប៉ុនអាចមានទឹកមាត់ប្រៃ និងមានឥទ្ធិពលក្នុងការរំងាប់ភាពតានតឹងរវាងអ៊ីរ៉ង់ និងអាមេរិកបានទេ។ ទន្ទឹមគ្នានេះ ជប៉ុនក៏មិនអាចទុកប្រយោជន៍ផ្ទាល់ខ្លួនមួយកន្លែងដែរ ព្រោះក្នុងនាមជាប្រទេសក្សត់ធនធានធម្មជាតិ ជប៉ុនត្រូវការប្រេងពីបណ្តាប្រទេសនៅតំបន់មជ្ឈិមបូព៌ាដែលមានអ៊ីរ៉ង់មួយដែរ។ ជប៉ុនយល់មិនច្រឡំទេថា ក្នុងពេលដែលជម្លោះនៅទីប្រជុំកោះគូរីលរវាងខ្លួន និងប្រទេសរុស្ស៊ីកំពុងបន្តជាប់គាំងគ្មានច្រកចេញ ខ្លួនត្រូវការចាំបាច់នូវសន្ទុះការទូតអន្តរជាតិមួយ។ អ៊ីចឹងហើយបានជាគេមើលឃើញថា
ដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់របស់ប្រមុខរដ្ឋាភិបាលជប៉ុនលោកអាបេជាឱកាសដ៏កម្រមួយដើម្បីដើរតួនាទីជារដ្ឋបុរសនៅលើឆាកអន្តរជាតិ។ ជប៉ុនដែលមិនធ្លាប់បានដើរតួនាទីសកម្មនៅក្នុងបញ្ហានៅមជ្ឈិមបូព៌ាបានដឹងជាមុនថា ជម្លោះនៅក្នុងតំបន់មួយនេះច្រើនជាជម្លោះអូសបន្លាយ ស្មុគស្មាញ រ៉ាំរ៉ៃ និងមិនងាយដោះស្រាយ ដូចករណីជម្លោះរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន។ តែអ្វីដែលជាបន្ទាន់នៅចំពោះជម្លោះរវាងអ៊ីរ៉ង់ និងអាមេរិកពេលនេះ ប្រមុខរដ្ឋាភិបាលជប៉ុនលោកអាបេចង់សាកល្បងប្រើកាណាល់ការទូតរបស់ខ្លួនដើម្បីជួយកាត់បន្ថយភាពប្រឈមមុខផ្លូវសង្រ្គាម។ លោកអាបេសង្ឃឹមថាយ៉ាងហោចណាស់ ក៏អាចជួយឲ្យអ៊ីរ៉ង់ និងអាមេរិកបន្តរក្សាទំនាក់ទំនងរវាងគ្នាជាជាងអង្គុយបែរខ្នងផ្លោងសម្តីដាក់គ្នាដែរ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ